បុព្វហេតុនៃការកកើតគេហទំព័រនេះ

នៅពាក់កណ្តាលឆ្នាំ ២០០៤ ខ្ញុំបានជូបគ្រូសម្របសម្រួលម្នាក់មកពីប្រទេសឥណ្ឌា។ គាត់បាន​ណែនាំខ្ញុំអំពីសៀវភៅពីរក្បាលដែលសរសេរដោយលោក John Maxwell អំពីភាពជាអ្នកដឹកនាំ ទីមួយ “បទបញ្ញត្តិទាំង ២១ ​ប្រការនៃភាពជាអ្នកដឹកនាំ” និងទីពីរ “បទបញ្ញត្តិទាំង ១៧ ប្រការនៃការធ្វើការជាក្រុម”។ ខ្ញុំបានអានសៀវភៅទាំង ២ ក្បាលនេះដោយជក់ចិត្ត និងយល់ដឹង​បានសុីជម្រៅអំពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍខ្លួន។ ក្រោយមកទៀត ខ្ញុំក៏ចូលចិត្តអាន​សៀវភៅច្រើនថែមទៀតអំពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍខ្លួន​ ដោយខ្ញុំពិសោធផ្ទាល់ខ្លួន​ឃើញថា គោលការណ៍ទាំងនោះយកទៅប្រើប្រាស់សម្រាប់ការងារនិងដឹកនាំជីវិតផ្តល់​ភាពជោគជ័យនិងរីករាយច្រើន។ សៀវភៅដែលខ្ញុំអានមានដូចជា “ទម្លាប់(ឧបនិស្ស័យ)ទាំង ៧ របស់បុគ្គលឆ្នើម” របស់ លោក Steven Covey “បទបញ្ញត្តិស្មារតី ៧ ប្រការសម្រាប់ភាពជោគជ័យ” របស់ លោក Deepak Chopra “ព្រះសង្ឃដែលបានលក់ឡានហ្វែរ៉ារ៉ី” របស់ លោក Robin Sharma ​”ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ” របស់ លោក Robert Kiyosaki។ល។
ខ្ញុំបានយកគោលការណ៍នៃភាពជាអ្នកដឹកនាំដែលបានរៀនក្នុងសៀវភៅទៅអនុវត្ត ហើយ​សង្កេត​ឃើញថាផ្តល់ផលប្រយោជន៍និងជោគជ័យបានច្រើនសម្រាប់ជីវិតការងារនិងជីវិត​គ្រួសារ។ ខ្ញុំក៏បានរៀនសូត្រអំពីភាព​ជាអ្នកដឹកនាំល្អដែលអនុវត្តផ្ទាល់ផ្តល់ជាគំរូពីអ្នកដឹកនាំ​ក្នុងអង្គការ LWF ជាពិសេសលោក David Mueller។
ដោយបានយល់ដឹងអំពីសារៈសំខាន់នៃគោលការណ៍ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍខ្លួន ខ្ញុំមានគំនិតថា គោលការណ៍ទាំងនេះគួរត្រូវបានចែករំលែកដល់យុវជនខ្មែរ ដើម្បីឲ្យគាត់បាន​យល់ដឹងត្រូវក្នុងការកសាងខ្លួនឈានឆ្ពោះទៅរកជីវិតរីករាយនិងជោគជ័យ។ ដូច្នេះហើយ​ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៥ មក ខ្ញុំក៏ចាប់ផ្តើមបង្កើតប្លុកនេះឡើងក្នុងគោលបំណង ចែកចាយចំណេះដឹងអំពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍខ្លួន។ ជាមួយនេះ ខ្ញុំក៏បញ្ចូល​ចំណេះដឹង​ខ្លះៗអំពីប្រជាធិបតេយ្យដើម្បីរួមចំណែកកសាងឥទ្ធិពលវិជ្ជមានក្នុងវិស័យនយោបាយ​នៅកម្ពុជា។


“ជីវិតមនុស្សខ្លីណាស់។ សូមរស់នៅជាមួយក្តីស្រឡាញ់ ការរៀនសូត្រ និងភាពជាអ្នកដឹកនាំ”