អំពីខ្ញុំ

១. កុមារភាព និងការរៀនសូត្រ [1972 – 1989]

​      ខ្ញុំកើតនៅឆ្នាំ ១៩៧២ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ក្នុងគ្រួសារមួយដែល​ឪពុកមានឈាមជ័រមកពី​ត្រកូល​ជាអ្នក​ជំនួញ និងម្តាយមានឈាមជ័រមកពីត្រកូលជាកសិករ។ នាពេលនោះ សង្គ្រាមសុីវិល​បាន​ចាប់ផ្តើម​​ឆាបឆេះ​ក្នុងប្រទេស​កម្ពុជា​។
ខ្ញុំចាប់បាន​បទពិសោធន៍​ខ្លះៗ​នៃជីវិត​កុមារភាព​ក្នុងរបបខ្មែរក្រហម (១៩៧៥ ដល់ ១៩៧៩) ដែលពេលនោះ​ខ្ញុំ​ត្រូវធ្វើការ​​ខ្លះៗក្នុងក្រុមកុមារ ដូចជាកើបលាមកគោ ក្របី សម្រាប់ធ្វើជី។
ក្រោយការដួលរលំនៃរបបខ្មែរក្រហម គ្រួសារខ្ញុំបានមករស់នៅភ្នំពេញ។ ខ្ញុំបានចូលសិក្សា​នៅ​សាលាសន្ធរម៉ុក (១៩៨០ ដល់ ១៩៨៦) និងក្រោយមកទៀត​រៀននៅសាលា​​បាក់ទូក (១៩៨៧ ដល់ ១៩៨៩) ​ដោយសារ​បានជាប់​ជា​សិស្សពូកែ​គណិតវិទ្យាប្រចាំរដ្ឋធានីភ្នំពេញ។

  • ចាប់តាំងពីវ័យកុមារ រហូតដល់យុវជន ខ្ញុំភ័យខ្លាច និងស្អប់ខើ្ពមសង្គ្រាម ហើយមិនចូលចិត្តរបបកុម្មុយនិស្ត។

 ២. ការសិក្សានៅប្រទេសអាល្លឺម៉ង់ [1990 – 2002]

ដោយសារតែបានជាប់ជាពិសេស​ពូកែទូទាំងប្រទេស​ផ្នែកគណិតវិទ្យា ខ្ញុំបានជាប់​អាហា​រូបករណ៍ទៅរៀន​នៅប្រទេស​អាល្លឺម៉ង់​ផ្នែករុក្ខកម្ម (វិទ្យាសាស្រ្តព្រៃឈើ) នៅឆ្នាំ ១៩៩០។ នៅឆ្នាំ ១៩៩៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ដ្រេសដិន [University of Technology Dresden] ខ្ញុំបានត្រលប់មកស្រុកខ្មែរ និងធ្វើការ​ជាមួយ​អង្គការអភិវឌ្ឍន៍​អាល្លឺម៉ង់ GTZ ចំនួន ១ ឆ្នាំកន្លះ ហើយក៏ត្រលប់ទៅបន្តការសិក្សាចប់​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ​ព្រៃឈើនៅអាល្លឺម៉ង់វិញរហូតដល់ឆ្នាំ ២០០២។ ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត មានការ​គាំទ្រអាហារូបករណ៍ពីអង្គការរដ្ឋអាល្លឺម៉ង់ (Deutscher Akademischer Austausch Dienst, DAAD)។

  • នៅប្រទេសអាល្លឺម៉ង់ ក្រៅពីមុខវិជ្ជាជំនាញ ខ្ញុំបានរៀនសូត្រតាមរយៈការសង្កេត អំពីប្រព័ន្ធ​ប្រជាធិបតេយ្យសេរីពហុបក្សមួយដ៏ល្អ​ ការផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធិភាព និង​វប្បធម៏ធ្វើការងារដោយម៉ត់ចត់ មុឹងម៉ាត់ និងការគោរពពេលវេលាដ៏ខ្ជាប់ខ្ជួនរបស់ជនជាតិ​អាល្លឺម៉ង់។
  • ខ្ញុំក៏សង្កេតឃើញផងដែរ អំពីការរើសអើងជាតិសាសន៍ និងម៉ាក់ងាយ​ជនបរទេស​របស់​ពលរដ្ឋអាល្លឺម៉ង់មួយចំនួនផងដែរ។ 

៣. បទពិសោធន៍ការងារសង្គម [2003 – 2014]

ដោយដឹងច្បាស់ក្នុងខ្លួនថា ខ្ញុំស្រឡាញ់ស្រុកកំណើតខ្លាំង និងមិនអាចរស់នៅស្រុក​គេដោយរីករាយ និងមាន​មោទនភាព​បាន ខ្ញុំបានសម្រេចចិត្តវិលមករស់នៅ និងធ្វើការនៅ​ស្រុកខ្មែរវិញនៅដើមឆ្នាំ ២០០៣។ ដោយមានការ​គាំទ្រពី​អង្គការ​សាសនាអាល្លឺម៉ង់​ (Evangelischer Entwicklungsdient, EED) ​ខ្ញុំបានចូលបម្រើការងារ នៅអង្គការលូថេរ៉ាន​បម្រើ​ពិភពលោក​ (Lutheran World Federation, LWF) ប្រចាំនៅកម្ពុជា។ អង្គការ LWF បានបំពេញបេសកកម្មជួយប្រជាពលរដ្ឋ​កម្ពុជាចាប់តាំងពីឆ្នាំ ១៩៨០ ជាពិសេសធ្វើការ លើជំនួយមនុស្សធម៌ និងលើកកំពស់ជីវភាព​រស់នៅប្រជាពលរដ្ឋក្រីក្រនៅជនបទ ព្រមទាំងលើកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស។
ខ្ញុំពេញចិត្តនឹងការងារនៅទីនេះ ដោយមើលឃើញពីផលប៉ះពាល់ជាវិជ្ជមានដល់ជីវភាព​របស់ប្រជាពលរដ្ឋនៅជនបទ និងបរិយាកាសការងារល្អប្រសើរដោយសារតែមានអ្នកដឹកនាំល្អ។ ខ្ញុំទទួលបានការចូលចិត្តពីសហការីដទៃទៀត និងការពេញចិត្តពីអ្នកដឹកនាំជាន់ខ្ពស់ជាពិសេស លោក David Mueller ជាប្រធានអង្គការ។ ការងាររបស់ខ្ញុំចេះតែបន្តទៅមុខដោយរីករាយ និងជោគជ័យ ព្រមទាំងទទួលបានតួនាទីទទួលខុសត្រូវកាន់តែខ្ពស់ជាបន្តបន្ទាប់ ជាអនុប្រធាន​កម្មវិធី ប្រធានកម្មវិធី និងអនុប្រធានប្រចាំប្រទេសរហូតដល់ឆ្នាំ ២០១០
ពេលដែលអង្គការ LWF ធ្វើជាតូបនីយកម្មជាផ្លូវការចាប់ពីដើមឆ្នាំ ២០១១ ដោយក្លាយជា​អង្គការ​ក្នុងស្រុកមានឈ្មោះថា ជីវិតថ្លៃថ្នូរ (Life With Dignity, LWD) ក្រុមប្រឹក្សាភិបាលបាន​ជ្រើសរើសខ្ញុំជានាយកប្រតិបត្តិ ដែលដឹកនាំក្រុមការងារមួយមានគ្នាសរុបប្រមាណជាង ២០០ នាក់ ក្នុងការបន្តបេសកកម្មជួយប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងខេត្តចំនួនបួន គឺ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងពោធិ៍សាត់។ ថវិកាប្រចាំឆ្នាំរបស់អង្គការ LWD មានប្រមាណ ៤ ទៅ ៥ លានដុល្លារ​អាមេរិកក្នុង ១ ឆ្នាំ។ ខ្ញុំបំពេញការងារជានាយកប្រតិបត្តិដែលមានអណត្តិ ៤ ឆ្នាំរហូតដល់ចុងឆ្នាំ ២០១៤។ ក្នុងពេលនោះ ខ្ញុំក៏បានបម្រើជាប្រធាន អនុប្រធាន និងសមាជិករបស់ក្រុមប្រឹក្សាភិបាល​អង្គការមួយចំនួនផងដែរ ដូចជា MLUP BAITONG, CCC, DPA និង CCBEN។ ខ្ញុំបានទទួល​ពានរង្វាន់​ភាពជាអ្នកដឹកនាំអាស៊ានលើវិស័យអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ផ្តល់ជូនដោយអគ្គលេខាធិការដ្ឋានអាស៊ាន ខែកក្កដា ឆ្នាំ២០១៣។

  • ពេលបម្រើការងារនៅអង្គការមិនមែនរដ្ឋាភិបាល ខ្ញុំបានរៀនសូត្រអំពីស្មារតីបម្រើ​ប្រជាពលរដ្ឋ ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំល្អ។
  • ប្រជាពលរដ្ឋក្រីក្រអាចជួយឲ្យងើបផុតពីភាពក្រីក្របាន បើយើងមានវិធីសាស្រ្តជួយត្រឹមត្រូវ​ដោយជំរុញទឹកចិត្តឲ្យគាត់ចេះអភិវឌ្ឍគំនិតឧស្សាហ៍ព្យាយាម ចេះសន្សំលុយ ចេះវិនិយោគ និងចេះ​ធ្វើការជាក្រុមដើម្បីជួយគ្នាទៅវិញទៅមក។
  • ខ្ញុំក៏បានរៀនសូត្រផងដែរពីបញ្ហាប្រឈមរបស់អង្គការមិនមែនរដ្ឋាភិបាល ដោយត្រូវរស់ពឹង​អាស្រ័យលើលុយជំនួយពីបរទេស ហើយមិនមានសេរីភាពច្រើនធ្វើអ្វីដែលយើងយល់ថា​ត្រឹមត្រូវ ព្រោះលុយជំនួយសុទ្ធតែមានលក្ខខណ្ឌ និងមានតម្រូវការអាទិភាពរបស់​ម្ចាស់​ជំនួយ។ 

៤. ការចូលរួមការងារនយោបាយ [2014 – បច្ចុប្បន្ន]

នៅឆ្នាំ ២០១៣ ខ្ញុំចាប់ផ្តើមមានចំណាប់អារម្មណ៍រឿងនយោបាយកាន់តែខ្លាំង ជាពិសេស ការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងព្រឹត្តិការណ៍តវ៉ា និងទាមទារក្រោយការបោះឆ្នោត។ ខ្ញុំបាន​ចូលរួមប្រជុំជាមួយអង្គការដែលធ្វើការលើរឿងបោះឆ្នោត និងឃ្លាំមើលសិទ្ធិមនុស្ស។ ខ្ញុំចាប់ផ្តើម​មានទំនាក់ទំនងការងារខ្លះៗជាមួយ បង យ៉េង វីរៈ ដែលកាលនោះគាត់ជានាយកអង្គការ​អប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោក គុល បញ្ញា នាយកអង្គការខុមហ្វែល។ល។ ក្រោយមកទៀត ខ្ញុំក៏បានជួប និងចូលរួមខ្លះជាមួយក្រុម បង យ៉ង សាំងកុមារ បង កែម ឡី បង ប៉ា ងួនទៀង ដែលក្រុមគាត់មានច្រក​ផ្តល់យោបល់ ផ្តល់គំនិតដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំង។ ក្រុមនេះបាន​ផ្តល់គំនិតឲ្យថ្នាក់ដឹកនាំ​គណបក្សសង្រ្គោះជាតិរៀបយុទ្ធសាស្រ្តដើម្បីការផ្លាស់ប្តូរ​ដោយសន្តិភាព ដោយប្រើសារ​នយោបាយវិជ្ជមាន កុំញុះញង់ កុំប្រមាថ កុំសងសឹក កុំគុំគួន និងស្នើសុំឲ្យគណបក្ស​ប្រឆាំងកែទម្រង់ផ្ទៃក្នុងផ្តល់គម្រូល្អជាគណបក្សដែលមានប្រជាធិបតេយ្យ​ផ្ទៃក្នុង។ ដោយមានការ​ខកចិត្តចំពោះការធ្វើមិនដឹងមិនឮរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំពោះ​គំនិតយោបល់ ក្រុមការងារយើងក៏ចាប់ផ្តើមមានគំនិតបង្កើតជាបណ្តាញសង្គមដើម្បីផ្សព្វផ្សាយ​អំពីគោលការណ៍​ប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋ និងតស៊ូមតិឲ្យអ្នកនយោបាយកែទម្រង់​គណបក្ស​​ឲ្យមាន​​​លក្ខណៈ​ប្រជាធិបតេយ្យផ្ទៃក្នុង។ បណ្តាញសង្គម ខ្មែរដើម្បីខ្មែរ ក៏ចាប់កំណើតឡើងពីចុងឆ្នាំ ២០១៤ ដោយមានការចូលរួមដឹកនាំពីលោក បណ្ឌិត កែម ឡី បណ្ឌិត យ៉ង សាំងកុមារ លោក យ៉េង វីរៈ លោក ប៉ា ងួនទៀង ខ្ញុំ (សាម អុីន) និងបញ្ញវន្តមួយចំនួនទៀត។ យើងបានធ្វើការជួប​ប្រជុំជាមួយប្រជាពលរដ្ឋនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជជែកពិភាក្សាអំពី​គោលការណ៍​​ប្រជាធិបតេយ្យ និងប្រជាធិបតេយ្យ​ផ្ទៃក្នុងបក្ស។
ដោយយល់ឃើញថា មិនអាចជំរុញឲ្យមានការកែទម្រង់ផ្ទៃក្នុងគណបក្សនយោបាយបាន តាមរយៈចលនាបណ្តាញសង្គម ខ្មែរដើម្បីខ្មែរ យើងក៏បានសម្រេចចិត្ត ដោយមានការយល់ព្រម​ពីអ្នកដឹកនាំមូលដ្ឋានមួយចំនួន បង្កើតជាគណបក្សនយោបាយដែលផ្តល់គំរូឈានមុខ ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានកើតជារូបរាងឡើង​ជាផ្លូវការ​នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៥
ចាប់តាំងពីឆ្នាំ ២០១៣ មក ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាការងារជាមួយអង្គការមិនមែន​រដ្ឋាភិបាលអាចជួយមនុស្សបានមួយចំនួន តែមិនអាចបង្ករឲ្យមានការផ្លាស់ប្តូរជាដុំកំភួនសម្រាប់​ប្រព័ន្ធគ្រប់គ្រងប្រទេសទេ។ ដោយចង់ឃើញប្រទេសកម្ពុជាមានប្រព័ន្ធប្រជាធិបតេយ្យ​ជឿនលឿនដូចគេ មានអភិបាលកិច្ចល្អ និងប្រទេសជាតិមានភាពថ្លៃថ្នូរ ខ្ញុំគិតថា មានតែចូលរួម ក្នុងវិស័យនយោបាយទេ ទើបអាចជួយបង្កើតរឿងទាំងនេះបាន។ ដោយមានការចាប់អារម្មណ៍​រឿង​នយោបាយផង ខ្ញុំក៏សម្រេចចិត្តឈប់បន្តបេសកកម្មជាមួយអង្គការមិនមែនរដ្ឋាភិបាល ក្រោយចប់អណត្តិជានាយកប្រតិបត្តិរបស់ LWD នាចុងឆ្នាំ ២០១៤។​ ខ្ញុំចាប់ផ្តើមចូលរួម​សកម្មជាមួយបណ្តាញសង្គម ខ្មែរដើម្បីខ្មែរ និងក្រោយមកជាប់ឆ្នោតជា អគ្គលេខាធិការ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចាប់តាំងពីថ្ងៃបង្កើតមកដល់បច្ចុប្បន្ន។

  • ក្រោយពីចូលរួមក្នុងវិស័យនយោបាយ ខ្ញុំបានរៀនសូត្រពីស្មារតីលះបង់ខ្ពស់ ដោយបំពេញ​ការងារបែបស្ម័គ្រចិត្តដោយគ្មានប្រាក់ខែ។
  • ខ្ញុំបានរៀនសូត្រពីវិធីសាស្រ្តទំនាក់ទំនងសាធារណៈតាមវិទ្យុ ពី បង កែម ឡី ស្មារតី​ស្វិតស្វាញធ្វើសកម្មភាពទៅមុខបើទោះបីជួបការលំបាកខ្លាំង ពី បង យ៉ង សាំងកុមារ និង ភាពជាអ្នកដឹកនាំប្រកបដោយភាពទន់ភ្លន់ ពី បង យ៉េង វីរៈ។
  • ពីដំបូង ខ្ញុំមានការភ្ញាក់ផ្អើល និងខកចិត្តខ្លះចំពោះអ្នកនយោបាយប្រឆាំង ដែលលាបពណ៌​ក្រុមយើង ពេលយើងចាប់ផ្តើមធ្វើសកម្មភាពនយោបាយតាមរយៈបណ្តាញ​សង្គមខ្មែរដើម្បីខ្មែរ និងបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។