អត្តចរិតជារឿងធំចំបងរបស់អ្នក

1,128

ការបណ្តុះអត្តចរិតរបស់អ្នកវាប្រៀបដូចជាជាងចម្លាក់ម្នាក់ឆ្លាក់រូបអញ្ចឹង។ អត្តចរិតល្អវាមិនមែនកើតឡើងដោយឯកឯងទេ។ វាទាមទារនូវការច្នៃប្រឌិតឡើង ដូចជារូបចម្លាក់មួយដែលត្រូវបានច្នៃឡើងតាមរយៈការដាប់ដោយពន្លាក ដុសខាត់សម្អាត ដើម្បីឲ្យបានជារូបអ្វីមួយដ៏ស្រស់បវរ។ ដូច្នេះហើយវាត្រូវការការសម្រេចចិត្តប្រកប​ដោយសតិដឹងថាយើងចង់បានរូបចម្លាក់បែបណា។ វាជាកិច្ចការមួយដែលប្រព្រឹត្តឡើងជា​ជំហានៗ តាមលំនាំនៃការសម្រេចចិត្តរបស់ជាងចម្លាក់។ ដូចគ្នាដែរ អត្តចរិតជាលទ្ធផល​នៃការសម្រេចចិត្តរាប់រយរាប់ពាន់ដងជាប្រចាំថ្ងៃរបស់យើងដែលធ្វើឲ្យយើងក្លាយខ្លួនជា​មនុស្សបែបណា(មានអត្តចរិតបែបណា) រហូតដល់ពេលនេះ ហើយយើងចង់ប្រែក្លាយ​ជាមនុស្សប្រសើរយ៉ាងណា ក្នុងពេលកំណត់មួយខាងមុខ។ បើអ្នកមិនយកចិត្តទុកដាក់​កសាងអត្តចរិតល្អឡើង អ្នកនឹងបន្តរស់នៅជាមួយឥរិយាបថអន់ខ្សោយ ទន់ជ្រាយ មិនជោគជ័យ មិនរីករាយ ប្រៀបដូចជាដុំថ្មមួយដុំ មិនទាន់ឆ្លាក់ ដែលគ្មានតម្លៃអ្វីទេ ឬមានតម្លៃតិចតួចប៉ុណ្ណោះ។

អត្តចរិតមិនមែនមកជាមួយកំណើតរបស់អ្នកទេ។ ខុសពីមុខមាត់ កម្ពស់ ឬពណ៌សម្បុរដែលមកជាមួយកំណើតរបស់អ្នក ​អត្តចរិតរបស់អ្នក គឺអ្នកជាអ្នកបង្កើត និងអាចផ្លាស់ប្តូរបាន។ ក៏ប៉ុន្តែ អត្តចរិតល្អមិនកើតឡើងដោយស្វ័យប្រវត្តិ ដោយសារ​ជីវិត​អ្នក​ជួប​នឹងបញ្ហា​ប្រឈម ឬវិបត្តិ​ ឬទទួល​ជោគជ័យ​ធំធេង​អ្វី​ទេ។ អត្តចរិត​កើតឡើង​តាមរយៈការឆ្លើយតបទៅនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើងក្នុងជីវិតអ្នក​ ពេលអ្នក​ទទួលបានផ្លែផ្កា ពេលអ្នកបរាជ័យ ពេលអ្នកខាតបង់ ពេលអ្នកក្លាយជាអ្នកមាន ពេលអ្នក​ធ្លាក់ខ្លួនក្រ តើអ្នកឆ្លើយតបទៅរឿងទាំងនេះបែបណា។ អ្នកបង្កើតអត្តចរិតល្អឡើង​ជាមួយនឹងគុណសម្បត្តិ​ត្រឹមត្រូវ​ រួចហើយថែទាំបណ្តុះគុណសម្បត្តិទាំងនោះឲ្យជាប់​នឹងខ្លួនអ្នក។ វាដូចជាអ្នកបណ្តុះគ្រាប់ពូជ និងថែទាំដំណាំក្នុងសួន​ វាទាមទារការបំពេញ​ការងារ​ ភាពឧស្សាហ៍​ព្យាយាម និងមានវិន័យ។ អ្នកត្រូវការស្រោចទឹកជាប្រចាំ ដាក់ជី និងដកស្មៅចង្រៃចេញ ដើម្បីឲ្យរុក្ខជាតិមានប្រយោជន៍អាចដុះលូតលាស់បានល្អ។ មិនខុសគ្នាពីការច្នៃពេជ្រដែរ មុននឹងបានគ្រាប់ពេជ្រដ៏ស្រស់ស្អាតមានតម្លៃ ជាងច្នៃត្រូវ ដាប់យកចេញនូវថ្មគ្មានតម្លៃដែលនៅរុំព័ទ្ធជាមួយដុំពេជ្រ តាមរយៈការងារដ៏​ហ្មត់ចត់ ផ្ចិតផ្ចង់ និងបន្តបន្ទាប់ ទម្រាំនឹងផលិតបានដុំពេជ្រដ៏មានតម្លៃមួយ។

តើអ្នកចង់ដឹងអំពីរឿងរ៉ាវដ៏ប្រពៃនៃអត្តចរិតដែរឬទេ? ប្រសិនបើអ្នកពិតជា​មានការប្តេជ្ញាចិត្តខ្ពស់ចង់កសាងខ្លួនអ្នកឲ្យក្លាយជាបុគ្គលគំរូដែលអ្នកចង់ឃើញ អ្នកមិនគ្រាន់តែបង្កើតគុណសម្បត្តិនៃអត្តចរិតល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចថែទាំ និងពង្រឹងគុណសម្បត្តិទាំងនោះជាបន្តបន្ទាប់ រហូតដល់ផ្លែផ្កានៃភាពសម្បូរណ៍បែប​ និងភាពរីករាយកើតឡើងក្នុងជីវិតអ្នក។ អត្តចរិតល្អកើតឡើង និង​ថែទាំបានល្អហើយ វានឹងស្ថិតនៅជារៀងរហូតជាមួយជីវិតអ្នក វានឹងផ្តល់អត្ថប្រយោជន៍សម្រាប់​អ្នកក្នុងការ​បំពេញ​ការងារផ្សេងៗដោយជោគជ័យ ដូចជាក្នុងទំនាក់ទំនងសេ្នហា និងក្នុងគ្រួសារ និងក្នុងការប្រឈមជាមួយនឹងវិបត្តិផ្សេងៗនៃជីវិត។ អត្តចរិតល្អប្រៀបដូចជាគ្រឹះដ៏រឹងមាំ​ដែលទ្រជីវិតអ្នកឲ្យមានសុវត្ថិភាព ឲ្យរីករាយ ឲ្យជោគជ័យ បើទោះបីជីវិតអ្នកជួបប្រទះ​ស្ថានការណ៍ប្រែប្រួលបែបណាក៏ដោយ។

ចូរយកចិត្តទុកដាក់បណ្តុះអត្តចរិតល្អរបស់អ្នក ព្រោះវានឹងកំណត់ជោគវាសនាជីវិត​របស់អ្នក”។

@ សូមអានអត្ថបទទាក់ទងខាងក្រោម ដើម្បីយល់ដឹងអំពីអត្តចរិតល្អៗដែលអ្នកត្រូវយកចិត្ត​ទុកដាក់ដាំបណ្តុះ និងថែទាំឡើង។

— ដកស្រង់ពីអត្តបទរបស់ Jim Rohn, in the Success Magazine (March 2017): “Character is your masterpiece to build”.

— ប្រែសម្រួលដោយ សាម អ៊ីន, មេសា ២០១៧

— អត្ថបទទាក់ទង ៖

Comments are closed.