បុគ្គលិកលក្ខណៈអវិជ្ជមានទាំង ៥ ប្រភេទដែលបុគ្គលជោគជ័យចៀសឆ្ងាយ

640

សុភាសិតមួយរបស់លោក Jim Rohn ដែលខ្ញុំពេញចិត្តបំផុតគឺ “អត្តចរិត និង សមត្ថភាពរបស់អ្នកនឹងស្ថិតនៅចន្លោះកណ្តាលនៃមនុស្ស៥នាក់ដែលអ្នកចំណាយពេលជាមួយច្រើនជាងគេ”។ សុភាសិតនេះបានដាស់សតិខ្ញុំឲ្យនឹកឃើញដល់មនុស្សដែលខ្ញុចំណាយពេលជាមួយ ដូចជាមិត្តភ័ក្តិ អ្នកធ្វើការជាមួយ ដៃគូជីវិត និងសាច់ញាតិ ដែលពួកគាត់សុទ្ធតែមានឥទ្ធិពលដល់ការសម្រេចចិត្តក្នុងជីវិតរបស់ខ្ញុំ ដែលជាកត្តាជួយកំណត់ជោគជ័យ ឬ បរាជ័យក្នុងជីវិត។

គួរឲ្យសោកស្តាយ មិនមានមនុស្សច្រើនទេដែលជំរុញយើងឲ្យប្រសើរឡើង។ មនុសុ្សមួយចំនួនហាមឃាត់យើងកុំឲ្យដើរតាមក្តីស្រមៃ ឬក៏កុំឲ្យហ៊ានប្រថុយធ្វើអ្វីមួយថ្មី ដែលភាគច្រើនយើងមិនបានចាប់ភ្លឹកពីឥទ្ធិពលអវិជ្ជមានរបស់ពួកគេទេ។ ដូច្នេះហើយ វាមានសារៈសំខាន់ខ្លាំងដែលអ្នកត្រូវដឹងថា តើអ្នកត្រូវចំណាយពេលវេលាជាមួយមនុស្សប្រភេទណា ហើយចៀសវាងបុគ្គលប្រភេទណា។

ខាងក្រោមនេះជាបុគ្គលិកលក្ខណៈ ៥ ប្រភេទដែលអ្នកត្រូវចៀសឆ្ងាយ បើអ្នកចង់សម្រេចក្តីស្រមៃក្នុងជីវិតរបស់អ្នក ៖

១. មនុស្សរអ៊ូរទាំច្រើន (The Complainers)

មនុស្សរអ៊ូរទាំច្រើន គឺជាប្រភេទមនុស្សដែលតែងតែរត្អូញត្អែរជានិច្ចថាតើជីវិតគេ អភ័ព្វបែបណា ការងារគេអាក្រក់យ៉ាងណា ឬ អំពីអ្វីផ្សេងទៀតជាច្រើនដែលគេមិនចូលចិត្ត។ គេចូលចិត្តរអ៊ូអំពីរឿងគ្រប់យ៉ាង តែគេមិនធ្វើអ្វីសោះចំពោះរឿងទាំងនោះ។

បើអ្នកចំណាយពេលច្រើនជាមួយមនុស្សប្រភេទនេះ ឥរិយាបថរបស់គេនឹងឆ្លងមកដល់អ្នក។ អ្នកនឹងចាប់ផ្តើមចូលរួមរអ៊ូជាមួយគេដោយមិនដឹងខ្លួន។ អ្នកនឹងដើរលើផ្លូវនៃការគិតអវិជ្ជមាននេះជាបណ្តើរៗ។ ទុទិដ្ឋិនិយមជាជំងឺឆ្លងដ៏ឆាប់រហ័សមួយ។ ហេតុដូច្នេះហើយ អ្នកត្រូវគិតឲ្យបានពីរដងមុននឹងសម្រេចចិត្តដាក់គូទអង្គុយជជែកជាមួយមនុស្សរអ៊ូរទាំច្រើន។

២. មនុស្សគិតរឿងបុព្វសិទ្ធិ (The entitled)

នេះជាប្រភេទមនុស្សដែលគិតថា គេមានបុព្វសិទ្ធិត្រូវទទួលបានអ្វីៗទាំងឡាយក្នុងជីវិត ដោយមិនចាំបាច់ខំប្រឹងប្រែងអ្វីទេ ដោយមានគំនិតថា មនុស្សទាំងឡាយនៅជុំវិញខ្លួនគេ ជំពាក់គេ ហើយត្រូវសងគេនូវអ្វីដែលគេចង់បាន។ ពួកគេក៏ជាប្រភេទមនុស្សដែលនឹងនិយាយបន្ទច់បង្អាក់អ្នកកុំឲ្យធ្វើដំណើរទៅរកក្តីស្រមៃរបស់អ្នកដែរ។

គោលគំនិត មនុស្សមានបុព្វសិទ្ធិ វាជាគ្រោះថ្នាក់សម្រាប់បុគ្គលដែលចង់អភិវឌ្ឍខ្លួនឲ្យជោគជ័យ។ វានឹងបំផ្លាញការប្តេជ្ញាចិត្តរបស់អ្នក និង សម្លាប់ការជំរុញចិត្តរបស់អ្នកក្នុងការចេញដំណើរទៅស្វែងរកក្តីស្រមៃរបស់អ្នក។ អ្នកត្រូវដឹងឲ្យច្បាស់ថា ខ្លួនអ្នក ឬ អ្នកផ្សេង ពុំមានបុព្វសិទ្ធិពិសេសទៅលើរឿងអ្វីមួយក្នុងជីវិតទេ។ បើអ្នកចង់បានជីវិតមួយដែលល្អ អ្នកចាំបាច់ត្រូវប្រឹងប្រែងបង្កើតវាឡើងដោយខ្លួនឯង។

៣. មនុស្សអនុលោមតាមគេឯង (The Conformers)

នេះជាប្រភេទឥរិយាបថដែលមនុស្សភាគច្រើនមានក្នុងខ្លួន។ គេជាមនុស្សដែលស្របទៅនឹងព្រំដែនកំណត់ដោយកត្តាខាងក្រៅ ដោយក្រុមគ្រួសារ មិត្តភ័ក្តិ ឬ សង្គម។ គេពុំមានក្តីស្រមៃសម្រាប់ជីវិត ហើយមិនធ្វើអ្វីមួយដើម្បីផ្លាស់ប្តូរស្ថានការណ៍ដែលគេមិនពេញចិត្តទេ។ ពួកគេរស់នៅដូចជាមនុស្សយន្ត ភ្ញាក់ពីព្រលឹម ខំប្រឹងធ្វើការងារដែលគេមិនចូលចិត្ត ត្រលប់មកផ្ទះវិញ ចូលដេក ហើយបន្តធ្វើរឿងដដែលៗ ជាមួយការរអ៊ូរទាំ។

មានមនុស្សមួយចំនួនពេញចិត្តនឹងស្ថានការណ៍បច្ចុប្បន្ន នឹងអ្វីដែលខ្លួនកំពុងធ្វើ នោះជារឿងល្អហើយ។ ក៏ប៉ុន្តែ បុគ្គលដែលមានក្តីស្រមៃធំធេង គេមិនព្រមស្របទៅនឹងស្ថានការណ៍ដដែលៗគួរឲ្យធុញទ្រាន់ទេ។ ក្នុងពេលដែលគេកំពុងបំពេញការងារធម្មតា ៤០ម៉ោងក្នុង១សប្តាហ៍ គេចាប់ផ្តើមបំពេញការងារបន្ថែមផ្សេងទៀតដែលស្របនឹងក្តីស្រមៃរបស់គេ។ ក្រោយមក គេអាចលះបង់ការងារធម្មតារបស់គេ មកបំពេញការងារដែលគេចូលចិត្តបំផុតពេញម៉ោងតែម្តង។

៤. មនុស្សវក់នឹងជប់លៀង (The Party Animals)

គេជាប្រភេទមនុស្សដែលមានផែនការសម្រាប់ការជប់លៀងសប្បាយ យ៉ាងតិច៥ថ្ងៃក្នុង១សប្តាហ៍ គេតែងដើរចេញក្រៅផ្ទះរៀងរាល់យប់ស្វែងរកការសប្បាយ។ ប្រាកដហើយ មនុស្សប្រភេទនេះអាចមានក្តីសប្បាយច្រើនកើតចេញពីកត្តាខាងក្រៅ ប៉ុន្តែអ្នកត្រូវដឹងថា ពួកគេនឹងព្យាយាមទាញបង្វែរអ្នកចេញឆ្ងាយពីក្តីស្រមៃរបស់អ្នក។

សូមកុំច្រឡំអ្វីដែលខ្ញុំនិយាយជាមួយនឹងការលំហែកំសាន្តបន្ធូរអារម្មណ៍។ អ្នកត្រូវចេះចំណាយពេលសម្រាប់ការបន្ធូរអារម្មណ៍ សម្រាកលំហែកាយដើម្បីប្រមូលថាមពលថ្មី។ ក៏ប៉ុន្តែ បើអ្នកដាក់ការស្វែងរកការសប្បាយបែបជប់លៀង ជាអាទិភាពចម្បង អ្នកកំពុងបន្ទច់បង្អាក់ខ្លួនអ្នក និង ការយកចិត្តទុកដាក់របស់អ្នកចេញពីគោលដៅជីវិតរបស់អ្នកហើយ – គឺគោលដៅជីវិតមួយដែលនៅខ្ពស់ជាងកែវស្រា បទភ្លេង និង ការជជែកសប្បាយ។ ដើម្បីទទួលបានជោគជ័យ អ្នកចាំបាច់ត្រូវអភិវឌ្ឍខ្លួនអ្នកជាមុនសិន។

៥. មនុស្សសង្ស័យច្រើន (The Doubters)

មនុស្សសង្ស័យច្រើនអាចជាមនុស្សដែលចូលចិត្តស្តាប់ដែរ តែក្រោយពីស្តាប់ឮអំពីក្តីស្រមៃដ៏ធំរបស់អ្នកហើយ គេគឺជាមនុស្សទីមួយដែលនឹងនិយាយថា វាមិនអាចទៅរួចទេ វាគ្មានសង្ឃឹមទេ។ គេជាប្រភេទមនុស្សដែលជឿថា ទាល់តែអ្នកជាមនុស្សពិសេសអស្ចារ្យ ទើបអាចធ្វើកិច្ចការធំបាន។ គេមិនលើកទឹកចិត្តអ្នកទេ គេថែមទាំងធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តទៀតផង។

ដោយសារតែគេជាប្រភេទមនុស្សតែងបំបាក់ទឹកចិត្តអ្នកមានក្តីស្រមៃ វានឹងមានសារៈប្រយោជន៍សម្រាប់អ្នក បើអ្នកចេះសម្គាល់ថានរណាជាមនុស្សប្រភេទនេះនៅក្នុងក្រុម ហើយចេះអំពីរបៀបទាក់ទងជាមួយគាត់ ដើម្បីខាខាំងគំនិតសង្ស័យរបស់គាត់កុំឲ្យមានឥទ្ធិពលមកលើអ្នក។ ដូចគ្នាដែរ វាមានសារៈសំខាន់ខ្លាំង ដែលអ្នកត្រូវចេះសម្គាល់ និង ស្វែងរកមនុស្សដែលចេះលើកទឹកចិត្តឲ្យមកនៅក្បែរខ្លួនអ្នកឲ្យបានច្រើន ដើម្បីជួយលើកទឹកចិត្តអ្នក ជាពិសេសនៅពេលអ្នកជួបប្រទះនឹងបញ្ហាប្រឈមចម្បងៗ​ ក្នុងពេលធ្វើដំណើរសំដៅឆ្ពោះទៅរកក្តីស្រមៃរបស់អ្នក។

អ្នកត្រូវយល់ដឹងថា មនុស្សដែលនៅជិតអ្នក មនុស្សដែលអ្នកចំណាយពេលជាមួយច្រើននឹងមានឥទ្ធិពលខ្លាំងមកលើភាពជោគជ័យ ឬ បរាជ័យក្នុងជីវិតរបស់អ្នក។ ដូច្នេះចូរប្រយ័ត្នប្រយែងក្នុងការចងសម្ព័ន្ធភាព និងចំណាយពេលជាមួយនរណាម្នាក់។

— ដកស្រង់ពីអត្ថបទរបស់ Tyler Leslie, in the Success Magazine (April 2016), 5 Toxic Personalities Successful People Avoid
— ប្រែសម្រួលដោយ សាម អ៊ីន, ខែមករា ឆ្នាំ២០១៧

Comments are closed.