យល់ដឹងអំពីចិត្តគំនិត (វគ្គ២) ៖ យើងសំឡឹងឃើញអ្វីៗមិនតាមសេចក្តីពិតរបស់វាទេ

523

 

បុគ្គលត្រាស់ដឹង និង ទស្សនវិទូទាំងឡាយបានផ្តល់ដំបូន្មានថា យើងសំឡឹងឃើញពិភពលោកខាងក្រៅមិនមែនតាមសេចក្តីពិតរបស់វាទេ តែតាមអ្វីដែលយើងមាននៅខាងក្នុងខ្លួនយើង។ មានរឿងនិទានមួយដំណាលថា ៖

“មានអ្នកជិតខាងពីរនាក់ដែលមានផ្ទះនៅជាប់របងគ្នា ម្នាក់ជាកម្លោះសង្ហា និង ម្នាក់ទៀតជាមីងចំណាស់ម្នាក់។ អ្នកទាំងពីររាប់អានរស់រាយរាក់ទាក់គ្នាយ៉ាងល្អ។ ថ្ងៃមួយមីងចំណាស់បានបាត់អំបោសដ៏ល្អ និង ងាយស្រួលប្រើមួយដែលគាត់ទើបនឹងទិញមកពីផ្សារ។ ដោយរកអំបោសនោះមិនឃើញសោះ គាត់ចាប់ផ្តើមសង្ស័យលើអ្នកកម្លោះថាជាអ្នកលួចយកអំបោសរបស់គាត់។ នាពេលព្រឹកព្រលឹម អ្នកកម្លោះបានចេញដំណើរទៅធ្វើការដូចធម្មតា ហើយបានញញឹមរួសរាយសួស្តីដាក់អ្នកមីងជាអ្នកជិតខាង។ អ្នកមីងចំណាស់មិនបានញញឹមរស់រាយតបវិញទេ គ្រាន់តែបានឆ្លើយតបដោយសោះអង្គើយ ហើយគិតក្នុងចិត្តថា វាពិតជាបានលួចអំបោសរបស់អញហើយបានជាវាខំញញឹមយកចិត្តអញបែបនេះ។ ព្រឹកស្អែកបន្ទាប់ អ្នកកម្លោះបាននិយាយរួសរាយបែបស្ទាក់ស្ទើរនៅពេលគេចេញទៅធ្វើការ ហើយឃើញអ្នកមីងចំណាស់នៅមុខផ្ទះគាត់ដែលមានទឹកមុខមិនសូវស្វាគមន៍គេ។ ក្នុងចិត្តរបស់អ្នកមីងបានគិតថា ដោយសារវាលួចយកអំបោសរបស់អញហើយបានជាវាខ្លាចចិត្តអញលែងរួសរាយរាក់ទាក់ដូចរាល់ដង។ រាល់គ្រប់កាយវិការរបស់អ្នកកម្លោះ អ្នកមីងចំណាស់មើលទៅឃើញប្លែកទាំងអស់ដែលបង្កប់នូវការសង្ស័យថាគេពិតជាបានលួចអំបោសរបស់គាត់។ មួយសប្តាហ៍ក្រោយមក មីងចំណាស់បានរកឃើញអំបោសរបស់គាត់ ដែលបានភ្លេចនៅបន្ទប់ទឹកជាន់លើបង្អស់។ គាត់នឹងហួសចិត្តនឹងខ្លួនគាត់ដែលបានមើលឃើញអ្នកជិតខាងគាត់ក្នុងផ្លូវអាក្រក់ទាំងអស់នូវគ្រប់កាយវិការរបស់គេ”។

តើរឿងនេះចង់បង្រៀនយើងថាម៉េច? រឿងនេះចង់ប្រាប់យើងថា យើងមើលឃើញ អ្វីៗនៅខាងក្រៅ តាមអ្វីដែលយើងគិតនៅខាងក្នុងចិត្តរបស់យើង។ នៅក្នុងគំនិតរបស់យើងវាដូចជាមានផែនទីមួយសម្រាប់ជួយស្វែងយល់ ឬ ស្វែងរកអ្វីៗ។ ដូច្នេះហើយយើងត្រូវបញ្ចូល និង ប្រើប្រាស់ផែនទីដ៏ត្រឹមត្រូវនៅក្នុងគំនិតរបស់យើង បើយើងចង់ធ្វើដំណើរឲ្យដល់គោលដៅដែលយើងចង់ទៅ។ អ្នកមិនអាចទៅដល់អាសយដ្ឋានសណ្ឋាគារមួយនៅក្រុងសៀមរាបទេ បើអ្នកប្រើប្រាស់ផែនទីរបស់ទីក្រុងបាត់ដំបង។ អ្នកមិនអាចទៅដល់គោលដៅជីវិតរបស់អ្នកទេ បើអ្នកមានផែនទីខុសនៅក្នុងគំនិតរបស់អ្នក។ ផែនទីដ៏ត្រឹមត្រូវសម្រាប់អ្នកគឺការបង្កើតទម្លាប់ល្អៗនេះឯង។     

រៀបរៀងដោយ សាម អ៊ីន, កញ្ញា ២០១៦  

1 Comment
  1. បុត្រ says

    ល្អណាស់ ចូលលចិត្តអាន

Comments are closed.