“លី ក្វាន់យ៉ូៈ ការដឹកនាំសឹង្ហបុរី ពីក្រ ទៅមាន”

23,468
 ប្រជាពលរដ្ឋឈរតជួរគ្នារង់ចាំរាប់ម៉ោង ដើម្បីបានចូលសម្តែងការគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងវិមានរដ្ឋ។ ពួកគេឈរ ហាលភ្លៀងរង់ចាំរថយន្តដឹកសាកសពមកដល់ ដើម្បីសម្តែងការដឹងគុណដ៏ជ្រាលជ្រៅ។ មេដឹកនាំល្បីៗ ក្នុងពិភពលោកបានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ទី កន្លែង។ ពួកគេបានផ្តល់ការគោរព និង ដឹងគុណដល់បុគ្គលមួយរូបដែលទើបនឹងលាចាកលោកនេះទៅ។ បុគ្គលម្នាក់នេះបានបន្សល់ទុកនូវស្នាដៃអភិវឌ្ឍប្រទេសដ៏គួរឲ្យស្ញប់ស្ញែង និង កេរ្តិ៍មរតកនៃភាពជាអ្នកដឹកនាំជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ។ ប្រជាពលរដ្ឋសឹង្ហបុរី និង ពិភពលោកធ្វើគារវកិច្ចគោរពដល់លោក លី ក្វាន់យ៉ូ ដែលជាបិតាស្ថាបនិកសឹង្ហបុរី។  
ក្នុងកំឡុងឆ្នាំ ១៩៥៩ នៅពេលលោក លី ក្វាន់យ៉ូ ក្លាយជានាយករដ្ឋមន្រ្តី សឹង្ហបុរីនៅជាប្រទេសក្រីក្របំផុត មួយក្នុងលោក ដែលទើបនឹងទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស។ សង្គមសឹង្ហបុរីគ្របដណ្តប់ដោយអំពើពុករលួយ ភាពអត់ការងារធ្វើ និង ខ្វះខាតទីជម្រករស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋក្រីក្រ។    សឹង្ហបុរីជាកូនកោះតូចមួយដែលគ្មានធនធានធម្មជាតិ និងមានហានិភ័យខ្ពស់នៃជម្លោះជាតិសាសន៍ផ្សេងៗដែលរស់នៅជាមួយគ្នា។ ក្នុងរយៈពេលតែ ៣០ឆ្នាំប៉ុណ្ណោះ លោក លី ក្វាន់យ៉ូ បានធ្វើឲ្យសឹង្ហបុរីប្រែខ្លួនពីប្រទេសក្រីក្រមួយ ទៅជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ក្នុងលំដាប់ប្រទេសអភិវឌ្ឍចំបងនៅលើពិភពលោក។ ចំណូលប្រចាំឆ្នាំជាមធ្យមក្នុងមួយនាក់ បានកើនពី ៤០០ដុល្លារ នាឆ្នាំ ១៩៥៩​ មកដល់ ៥៦.០០០ដុល្លារ នាពេលបច្ចុប្បន្ន ដែលខ្ពស់ជាងសហរដ្ឋអាមេរិក។ ទីក្រុងសឹង្ហបុរីបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដ៏រស់រវើកនៅក្នុងពិភពសេដ្ឋកិច្ចសកលលោក។ ប្រទេសសឹង្ហបុរីស្ថិតក្នុងចំណោមប្រទេសល្អប្រសើរបំផុតទាំងប្រាំក្នុងពិភពលោកទាក់ទងនឹងការបំបាត់អំពើពុករលួយ។ សឹង្ហបុរីជាទីក្រុងមួយដែលស្អាត មានរបៀប មានសុវត្ថិភាព និងខ្យល់អាកាសល្អបរិសុទ្ធ។ នេះហើយជាស្នាដៃដឹកនាំរបស់ លោក លី ក្វាន់យ៉ូ ដែលធ្វើឲ្យប្រជាពលរដ្ឋសឹង្ហបុរីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ហើយពិភពលោកកោតសរសើរ និង គោរព។ 
តើលោក លី ក្វាន់យ៉ូ ជានរណា? លី ក្វាន់យ៉ូ កើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩២៣ នៅទីក្រុងសឹង្ហបុរី នៅក្នុងគ្រួសារចិនមួយដែលមានកំរិតជីវភាពធូរធារមធ្យម។ ជីតារបស់គាត់បានចាកចោលស្រុកកំណើតនៅក្នុងខេត្តដ៏ក្រីក្រមួយនៅភូមិភាគខាងត្បូងនៃប្រទេសចិននៅសតវត្សទី​១៩។ គាត់ជាកូនសិស្សម្នាក់ដែលរៀនពូកែនៅក្នុងសាលា ហើយលោកគ្រូរបស់គាត់បានទស្សន៍ទាយថា គាត់នឹងក្លាយជាបុគ្គលដ៏អស្ចារ្យម្នាក់នៅពេលអនាគត ។ នៅពេលដែលជប៉ុនឈ្លានពានដែនកោះសឹង្ហបុរី យុវជន លី មានអាយុ ១៩ឆ្នាំ។ ការឈ្លានពានរបស់ជប៉ុនមានឥទ្ធិពលខ្លាំងលើជីវិតរបស់គាត់។ ទីមួយ គឺធ្វើឲ្យគាត់ភ្ញាក់ខ្លួនថា ជនជាតិអាស៊ីអាចមាន សមត្ថភាពយកឈ្នះជនជាតិស្បែកសបាន។ ទីពីរ ដោយសារតែភាពព្រៃផ្សៃរបស់ទាហានជប៉ុន ធ្វើឲ្យគាត់តាំងចិត្តថា គាត់ត្រូវតែតស៊ូដើម្បីសេរីភាព សេរីភាពសម្រាប់ជនជាតិសឹង្ហបុរីចេញពីភាពជាខ្ញុំកញ្ជះ និង ការគ្រប់គ្រងរបស់បរទេស។ គាត់បាននិយាយថា “វាសនារបស់ពួកយើងត្រូវស្ថិតក្នុងកណ្តាប់ដៃពួកយើងជាអ្នកសម្រេច។ សឹង្ហបុរីមិនត្រូវក្លាយជាឧបករណ៍នៃល្បែងនយោបាយរបស់មហាអំណាចបរទេសឡើយ។  បរទេសគ្មានសិទ្ធិមកគ្រប់គ្រងប្រជាពលរដ្ឋយើងឡើយ។” គាត់បានតំាងចិត្តថានឹងធ្វើឲ្យសឹង្ហបុរីទទួលបានឯករាជ្យ និង សេរីភាពពីអំណាចបរទេស។ ក្រោយមកគាត់បានទៅសិក្សានៅប្រទេសអង់គ្លេសផ្នែកសេដ្ឋកិច្ចនិងច្បាប់។ ក្រោយការសិក្សាគាត់បានត្រលប់មកមាតុប្រទេសវិញ ហើយចាប់ផ្តើមចូលរួមក្នុងចលនានយោបាយតាំងពីឆ្នាំ ១៩៥២ ដោយធ្វើការរួមគ្នាជាមួយមិត្តភក្តិមួយចំនួន បង្កើតគណបក្សនយោបាយមួយដែលមានឈ្មោះថា “គណបក្សសកម្មភាពប្រជាជន” ដែលជាបក្សគ្រប់គ្រងអំណាចនៅសឹង្ហបុរីតាំងពីឆ្នាំ ១៩៥៩ រហូតមកដល់បច្ចុប្បន្ន។
តើលោក លី ក្វាន់យ៉ូ រៀបចំអភិវឌ្ឍប្រទេសសឹង្ហបុរី ដូចម្តេចទើបបានជោគជ័យ ?
លោក លី ក្វាន់យ៉ូ មានទស្សនវិស័យវែងឆ្ងាយមួយថា “ដើម្បីរីកលូតលាស់បាន សឹង្ហបុរីត្រូវតែមានសារៈ ប្រយោជន៍សម្រាប់ពិភពលោក” ។ ​ទស្សនវែងឆ្ងាយនេះតម្រូវឲ្យលោក ត្រូវរៀបចំប្រទេសជាមួយប្រព័ន្ធគ្រប់គ្រងមួយដ៏ល្អ ដើម្បីភ្ជាប់ខ្លួនជាមួយពិភពលោក។ គាត់ចាប់ផ្តើមរៀបចំប្រព័ន្ធច្បាប់មួយដ៏ច្បាស់លាស់ល្អ តាមរយៈនៃការកសាងប្រព័ន្ធយុត្តិធម៌មួយដែលសាធារណជនជឿជាក់ ដើម្បីធានាកម្មសិទ្ធិឯកជន និង ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច។ គាត់យកចិត្តទុកដាក់ជាចម្បង ក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការរីកលូតលាស់នៃវិស័យឯកជន។ ក្នុងការជួបប្រជុំជាមួយអ្នកដឹកនាំក្នុងវិស័យឯកជននៅទីក្រុងញូវយ៉ក នាកំឡុងដើមឆ្នាំ ១៩៦០ គាត់បាននិយាយថា “យើងមិនត្រូវការជំនួយពីអ្នកទេ តែយើងចង់បានការវិនិយោគពីអ្នក។ ចូរអ្នកប្រាប់យើងមកតើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យអ្នកបោះទុនវិនិយោគនៅសឹង្ហបុរី ?” ។ អ្នកដឹកនាំធុរកិច្ចទាំងនោះមានការភ្ញាក់ផ្អើល ដោយសារតែ ពួកគេតែងតែឮពាក្យសុំជំនួយនៅពេលជួបជាមួយអ្នកដឹកនាំមកពីប្រទេសក្រីក្រ។ ក្រៅពីការរៀបចំប្រព័ន្ធច្បាប់ លោក លី ក្វាន់យ៉ូ បានកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់ផែ និង អាកាសយានដ្ឋាន ដើម្បីសម្រួលដល់ ការដឹកជញ្ជូនដោះដូរទំនិញ និង អភិវឌ្ឍធនធានមនុស្ស ឲ្យស្របនឹងតម្រូវការនៃការរីកលូតលាស់របស់វិស័យឯកជន។ គាត់ចង់បានការវិនិយោគរបស់ក្រុមហ៊ុនបរទេស ព្រោះគាត់ដឹងច្បាស់ថា ការវិនិយោគរបស់ក្រុមហ៊ុនមកពី លោកខាងលិចមិនត្រឹមតែនាំមកនូវទុនវិនិយោគប៉ុណ្ណោះទេ តែគឺនឹងពាំនាំមកជាមួយនូវបច្ចេកវិទ្យា និង ជំនាញ គ្រប់គ្រង សម្រាប់ជនជាតិសឹង្ហបុរីក្នុងការរៀនសូត្រអភិវឌ្ឍ ខ្លួនឯង។ ក្រៅពីការរៀបចំប្រព័ន្ធច្បាប់ដ៏មានប្រសិទ្ធភាព គាត់បានរៀបចំរដ្ឋាភិបាល និង រដ្ឋបាលសាធារណៈមួយ ដែលមានរបៀប ស្មោះត្រង់ មិនពុករលួយ ដែលអាចរៀប ចំចាត់ចែងការងារគ្រប់គ្រងរដ្ឋប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល ហើយផ្តល់សេវាសាធារណៈដែលមាន គុណភាព និង គួរឲ្យទុកចិត្ត។ ដើម្បីទាក់ទាញធនធានមនុស្សល្អៗមកបំរើការងារនៅក្នុងរដ្ឋាភិបាល និង ស្ថាប័នរដ្ឋ ប្រកបដោយប្រសិទ្ធភាព ហើយមិនពុករលួយ គាត់បានផ្តល់ប្រាក់បៀវត្សខ្ពស់ដល់ មន្រ្តីរដ្ឋាភិបាល និង ស្ថាប័នរដ្ឋ ព្រមទាំងបង្កើតស្ថាប័ន ប្រឆំាងអំពើពុករលួយដ៏មានប្រសិទ្ធភាពមួយ។ នៅក្នុងការងារប្រឆាំងអំពើពុករលួយ គាត់បានប្រកាន់យកគតិបណ្ឌិតថា “វាជាការខាតបង់ពេលវេលា និងថាមពលក្នុងការប្រយុទ្ធ ប្រឆំាងអំពើពុករលួយ បើយើងរៀបសំណាញ់ចាប់បាន តែត្រីចង្វារ។
ក្នុងកិច្ចការគ្រប់គ្រងប្រទេស នយោបាយការបរទេស គឺជាកិច្ចការសំខាន់មួយ​ដែលអាចជួយអភិវឌ្ឍ ប្រទេសឲ្យជឿនលឿន ឬអាចធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ និង បង្កអស្ថិរភាពនយោបាយ ជាពិសេសសម្រាប់ប្រទេសតូចតាច។ ក្នុងនយោបាយការបរទេស លោក លី ក្វាន់យ៉ូ ដឹងច្បាស់រឿងធំពីរថា ១) សឹង្ហបុរីត្រូវតែផ្សារភា្ជប់ ជាមួយ និង ផ្តល់សារៈសំខាន់ដល់ពិភពលោក បើសឹង្ហបុរីចង់រីកលូតលាស់, ២) សឹង្ហបុរីត្រូវយល់ និង ទទួលស្គាល់សេចក្តីពិតនៃនយោបាយពិភពលោក​ បើសឹង្ហបុរីចង់បានសុខ។ នៅក្នុងគោលនយោបាយការបរទេស គាត់មានគតិ បណ្ឌិតថា “អ្នកមិនអាចផ្លាស់ប្តូរដើមឈើដំៗបានទេ (សហរដ្ឋអាមេរិក សហភាពសូវៀត ចិនប្រជាមានិត) តែអ្នកអាចកាច់ចង្កូតបត់បែននៅពីក្រោមម្លប់ឈើធំៗទាំងនោះបាន។” គាត់បានចងសម្ព័ន្ធភាពយុទ្ធសាស្រ្តជាមួយអាមេរិក ដើម្បីការពារបូរណភាពដែនដីសឹង្ហបុរី ពីការគំរាម កំហែងពីបរទេសជិតខាង និង កុម្មុយនីស្ត តែគាត់មិនដើរនយោបាយដោយយកចិន និង សូវៀត ជាសត្រូវទេ។ គាត់អនុញាតឲ្យកប៉ាល់យោធាអាមេរិកបោះទីតាំងនៅក្នុងដែនទឹកសឹង្ហបុរី តែគាត់មិនជំទាស់នឹងការស្នើសុំរបស់ចិន ឬសូវៀតក្នុងការចតកប៉ាល់ចំបាំងសម្រាប់ជួសជុល ឬចាក់សាំងទេ។ នយោបាយការបរទេសរបស់គាត់ធ្វើឲ្យសឹង្ហបុរីគេចផុតពីឥទ្ធិពលនៃសង្គា្រមត្រជាក់ ហើយអាចរីកលូតលាស់ ដោយភ្ជាប់ខ្លួនទៅនឹងសេដ្ឋកិច្ចពិភពលោក។
គតិបណ្ឌិតជួយណែនាំតម្រង់ទិស និង សកម្មភាពរបស់ មនុស្សក្នុងការគ្រប់គ្រងជីវិត ស្ថាប័ន និង ប្រទេសជាតិ។ ខាងក្រោមនេះជាការដកស្រង់ គតិបណ្ឌិតមួយចំនួន ដែលលោក លី ក្វាន់យ៉ូ យកមកប្រើប្រាស់ក្នុងការ គ្រប់គ្រងនិងអភិវឌ្ឍសឹង្ហបុរី។ ទាក់ទងនឹងរឿងអភិបាលកិច្ច លោក លី ក្វាន់យ៉ូ យល់ឃើញថា សង្គមមួយចំនួន ជោគជ័យ ហើយមួយចំនួនបរាជ័យ ដោយសារតែ របៀបរៀបចំចាត់ចែងប្រព័ន្ធអភិបាលកិច្ចនៅក្នុងសង្គមទាំងនោះ។ នៅក្នុងសង្គមនីមួយៗវាតែងមានកម្លាំងទាញជាច្រើនដែលមិនអាចឲ្យទទួលបានជោគជ័យជាស្វ័យប្រវត្តិទេ ដូច្នេះហើយគាត់មានជំនឿជាក់យ៉ាងខ្លាំងលើការរៀបចំឲ្យមាននីតិរដ្ឋ និងការកសាងស្ថាប័នរដ្ឋឲ្យរឹងមាំ ដើម្បីអភិវឌ្ឍ សង្គមមួយឲ្យរីកចម្រើនបាន។ មនុស្សម្នាក់ៗតែងមានធាតុពីរដែលធម្មជាតិផ្តល់ឲ្យ  មួយគឺភាពអាត្មានិយម ដែលចូលចិត្តប្រជែង ដណ្តើមយកប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ និងបក្សពួកខ្លួន​ – មួយទៀតគឺការគិតប្រយោជន៍រួម ចូលចិត្តសហការ ជួយអ្នកដទៃ​ និង រួមចំណែក ក្នុងសង្គមជាតិ។ ស្ថាប័នមួយដែលល្អមិនទាន់គ្រប់គ្រាន់ទេ វាត្រូវការមនុស្សល្អៗដើម្បីដឹកនាំស្ថាប័ននោះទៀត, អភិបាលកិច្ចល្អត្រូវការអ្នកដឹកនាំដែលមានគុណតម្លៃខ្ពស់ មានស្មារតីទទួលខុសត្រូវ និង មានសមត្ថភាព។  ទាក់ទងនឹងការដោះស្រាយបញ្ហា លោក លី ក្វាន់យ៉ូ ជាអ្នកជាក់ស្តែងនិយម ដោយលោកយល់ថា យើងត្រូវមើលពិភពលោក (បញ្ហា) ជាមួយភាព ជាក់ស្តែងរបស់វា មិនមែនជាមួយពិភពលោក (បញ្ហា) មួយដែលយើងស្រមៃចង់បានទេ។ នៅពេលដែលអ្វីៗដំណើរការទៅខុស យើងមិនត្រូវបោះ វាក្រវាត់ចោលទេ តែត្រូវប្រឈមដោះស្រាយ ដល់ឫសគល់នៃបញ្ហា ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុត។ នៅពេលដែលមានបញ្ហាកើតឡើង វាតែងមានឱកាស សម្រាប់ភាពប្រសើរឡើងលាក់ទុកក្នុងនោះ។ ក្នុងការចាត់ចែងកិច្ចការផ្សេងៗ វាសំខាន់ខ្លាំងណាស់ ដែលយើងចេះផ្តល់អាទិភាពថា រឿងណាជារឿង យុទ្ធសាស្រ្ត រឿងណាជារឿងបន្ទាប់បន្សំ។ ទាក់ទងនឹងរឿងសមភាពសង្គម  លោក លី ក្វាន់យ៉ូ តែងមានទឹកចិត្តជួយអ្នកក្រីក្រទន់ខ្សោយ តែលោក មិនចូលចិត្តជួយបែបឲ្យអ្នកក្រពឹងពាក់លើគេកាន់តែខ្លាំង ហើយអសកម្មទេ។ អ្នកក្រត្រូវតែប្រឹងប្រែងលើចំណែកការងាររបស់ខ្លួនដែលអាចធ្វើបាន។ លោកយល់ថា សង្គមមួយដែលជោគជ័យគឺត្រូវ ធានានូវការផ្តល់ឱកាសស្មើៗគ្នាសម្រាប់បុគ្គលទាំងអស់ក្នុងសង្គម តែត្រូវមានការយល់ដឹងថា នឹងមានភាពមិនស្មើគ្នា នៃលទ្ធផលដែលកើតឡើង ដោយសារតែសមត្ថភាព របស់មនុស្សខុសៗគ្នា។ ទាក់ទងនឹងការអភិវឌ្ឃន៍ខ្លួនឯង និង អ្នកដទៃ គាត់យល់ថាមនុស្សគ្រប់រូបមិនអាចល្អឥត ខ្ចោះបានទេ តែគេអាចអភិវឌ្ឍខ្លួនគេឲ្យកាន់តែ ប្រសើរឡើង។ ក្នុងការចាត់ចែងការងារប្រទេសជាតិ គាត់ស្គាល់ និង ចេះប្រើប្រាស់មនុស្សមានសមត្ថភាព ដោយជ្រើសរើស អ្នកមានសមត្ថភាពពិតប្រាកដមកដាក់ នៅជុំវិញខ្លួនគាត់។ គាត់ជាអ្នកដឹកនាំដែលចេះសម្លឹងមើលវែងឆ្ងាយ ជាពិសេស ចេះគិតពីផែនការបន្តវេនដឹកនាំពេលគាត់ចាកចេញ ដោយបង្រៀន និង ផ្តល់ឱកាសឲ្យអ្នកដឹកនាំបន្ត។
លោក លី ក្វាន់យ៉ូ ជាពន្លឺដ៏ចែងចាំងមួយសម្រាប់បំភ្លឺ ផ្លូវអ្នកជំនាន់ក្រោយក្នុងការបំពេញបេសកកម្មអភិវឌ្ឍប្រទេសជាតិចេញពីភាពក្រីក្រ ឲ្យក្លាយជាប្រទេសរីក ចម្រើនជឿនលឿន។ គួរឲ្យសោកស្តាយ ពន្លឺដ៏ចែងចាំង នេះបានលាចាកពិភពលោកយើងទៅនៅថ្ងៃទី ២២ មីនា ឆ្នាំ ២០១៥ ​ដោយបន្សល់ទុកនូវមរតកនៃភាពជាអ្នកដឹកនាំ និង គតិបណ្ឌិតល្អៗជាច្រើនសម្រាប់អ្នកជំនាន់ក្រោយរៀនសូត្រនិង យកតម្រាប់តាម។ វាជារឿងដ៏ល្អប្រពៃ បើប្រទេសកម្ពុជាអាចបណ្តុះបានអ្នកដឹកនាំល្អៗដូចលោក លី ក្វាន់យ៉ូ ដែលអាចដឹកនាំប្រជាជាតិមួយដែលធ្លាប់ស្គាល់ ភាពរុងរឿងកាលពី ១.០០០ឆ្នាំមុន ឲ្យមានភាពរុងរឿង​ជាថ្មីឡើងវិញនៅក្នុងយុគសម័យថ្មីនេះ។    

រៀបរៀងដោយ បណ្ឌិត សាម អ៊ីន, 2015

Comments are closed.