“បុគ្គលិកលក្ខណៈទាំង ៧ប្រការរបស់អ្នកដឹកនាំដ៏ល្អប្រពៃ”

9,368

ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដែលស្រូបទាញមនុស្សដែលមានគុណភាព ចំណុចគន្លឹះគឺថា អ្នកត្រូវធ្វើឲ្យខ្លួនអ្នកជាមនុស្សដែលមានគុណភាពសិន។ ភាពជាអ្នកដឹកនាំគឺជាសមត្ថភាពស្រូបទាញនរណាម្នាក់ដោយទេពកោសល្យ ជំនាញ ឬ ឱកាសដែលអ្នកផ្តល់ជូនក្នុងនាមជាម្ចាស់ក្រុមហ៊ុន ជាអ្នកគ្រប់គ្រង ឬ ជាឪពុកម្តាយ។ លោក យីម រ៉ូន (Jim Rohn) បានចាត់ទុកភាពជាអ្នកដឹកនាំថាជាបញ្ហាប្រឈមដ៏ធំបំផុតនៃជីវិត។

អ្វីដែលសំខាន់ក្នុងភាពជាអ្នកដឹកនាំគឺការសំលៀងជំនាញរបស់អ្នក។ គ្រប់អ្នកដឹកនាំល្អប្រពៃទាំងឡាយតែងអភិវឌ្ឍខ្លួនគេឈានទៅរកប្រសិទ្ធភាពខ្ពស់។ ខាងក្រោមនេះនឹងរៀបរាប់អំពីរបៀបដែលត្រូវប្រព្រឹត្ត ៖

១) រៀនឲ្យក្លាយខ្លួនជាមនុស្សខ្លាំងតែមិនឈ្លើយ (Learn to be strong but not impolite)

វាជាជំហានបន្ថែមដែលអ្នកត្រូវធ្វើដើម្បីក្លាយជាអ្នកដឹកនាំដែលខ្លាំង និង មានសមត្ថភាពច្រើន។ មនុស្សមួយចំនួនយល់ខុសថា ភាពទ្រគោះបោះបោក ភាពគ្រោតគ្រាត ភាពឈ្លើយ ថាជាភាពខ្លាំង។ វាជាការយល់ច្រឡំដ៏ធំមួយ។ ភាពខ្លាំងគឺសំដៅលើភាពធន់នឹងបញ្ហាប្រឈមដែលកើតឡើង។

២) រៀនឲ្យទន់ភ្លន់តែមិនទន់ជ្រាយ (Learn to be kind but not weak)

យើងមិនត្រូវច្រឡំគ្នារវាងភាពទន់ភ្លន់ និង ទន់ជ្រាយទេ។ ភាពទន់ភ្លន់គឺជាប្រភេទម្យ៉ាងនៃភាពខ្លាំង។ យើងត្រូវមានភាពទន់ភ្លន់ក្នុងការនិយាយប្រាប់ការពិតដល់នរណាម្នាក់។ យើងត្រូវមានភាពទន់ភ្លន់គ្រប់គ្រាន់ក្នុងការនិយាយអំពីស្ថានការណ៍ជាក់ស្តែង មិនមែនស្ថានការណ៍លំអៀងទេ។

៣) រៀនឲ្យមោះមុតតែកុំព្រហើន (Learn to be bold but not a bully)

វាត្រូវការភាពមោះមុតដើម្បីយកឈ្នះការងារប្រចាំថ្ងៃ។ ដើម្បីបង្កើនឥទ្ថិពលរបស់អ្នក អ្នកត្រូវហ៊ានឈរជួរមុខក្នុងក្រុមរបស់អ្នក ហ៊ានទទួលយកគ្រាប់ព្រួញទីមួយដែលបាញ់មកលើក្រុម ហ៊ានប្រឈមនឹងបញ្ហាដំបូង ហ៊ានរិះរកដំណោះស្រាយនៃបញ្ហា។ វាដូចទៅនឹងកសិករដែរ ប្រសិនបើអ្នកចង់បានផលល្អច្រូតកាត់នៅពេលណាមួយ អ្នកត្រូវតែមោះមុត ហ៊ានប្រឈមនឹងដំណក់ភ្លៀង កំដៅថ្ងៃ និង បោចស្មៅជាប្រចាំ។ អ្នកត្រូវតែហ៊ានចាប់យកឱកាសមកដល់។

៤) រៀនឲ្យសុភាពរាបសារតែកុំកំសាក (Learn to be humble but not timid)

អ្នកមិនអាចទៅដល់ទីខ្ពស់ ប្រសិនបើអ្នកជាមនុស្សកំសាក។ មនុស្សមួយចំនួនយល់ច្រឡំរវាងភាពកំសាក និង សុភាពរាបសារ។ សុភាពរាបសារជាគុណធម៌ រីឯភាពកំសាកជាជំងឺ។ ភាពកំសាកជាបញ្ហាដ៏ធំសម្រាប់ការរីកលូតលាស់នៃចិត្តរឹងមាំ ប៉ុន្តែវាអាចព្យាបាលបាន។ សុភាពរាបសារគឺជាពាក្យដ៏ប្រសើរក្រៃលែង វាជាវិញ្ញាណនៃការដឹងអំពីជីវិត ទុក្ខលំបាក មានក្តីមេត្តា ករុណា និងទឹកចិត្តចង់ជួយអ្នកដទៃ។

៥) រៀនឲ្យមានមោទនភាពតែកុំក្រអឺតក្រទម (Learn to be proud but not arrogant)

មោទនភាពជួយអ្នកឲ្យសម្រេចគោលដៅជីវិតរបស់អ្នក។ សហគមន៍ ឬជាតិមួយត្រូវការមោទនភាពដើម្បីបំពេញបុព្វហេតុការពារ និង អភិវឌ្ឍ។ ប៉ុន្តែ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អមួយ អ្នកត្រូវបង្កើតមោទនភាពសម្រាប់ខ្លួនអ្នក ប៉ុន្តែមិនត្រូវមានចរិយាក្រអឺតក្រទម។ តើអ្នកដឹងទេថា ភាពក្រអឺតក្រទមដ៏អាក្រក់បំផុតជាអ្វី? គឺភាពក្រអឺតក្រទមដោយសេចក្តីល្ងង់ខ្លៅ។ ប្រសិនបើនរណាម្នាក់ល្ងង់ខ្លៅ ហើយក្រអឺតក្រទម វាពិបាកនឹងទទួលយកណាស់នូវអត្តចរិតបែបនេះ។

៦) រៀនបង្កើតភាពរីករាយតែកុំឡេះឡោះ (Learn to develop humor without folly)

នៅក្នុងការងារដឹកនាំ វាជាការល្អក្នុងការបង្កើតបរិយាកាសរីករាយ តែកុំឲ្យជ្រុលហួសបែបឡេះឡោះ បង្កើតបរិយាកាសធូរស្រាល តែកុំបង្កើតការលេងសើចជ្រុល។

៧) រៀនក្នុងការដោះស្រាយជាមួយភាពជាក់ស្តែង (Learn to deal in realities)

ចូរទទួលយកសេចក្តីពិត។ ចូរការពារខ្លួនអ្នកចេញពីការរស់នៅក្នុងភាពថប់អារម្មណ៍ដោយមិនទទួលស្គាល់ការពិតនៃជីវិត។ ចូរទទួលស្គាល់ជីវិតជាមួយនឹងសេចក្តីពិត ទាំងផ្នែកសប្បាយនិងផ្នែកលំបាក។ វានឹងធ្វើឲ្យអ្នកស្គាល់ភាពរីករាយអស្ចារ្យ បើអ្នកទទួលស្គាល់ការពិត។

លើលោកនេះជីវិតរបស់អ្នកគឺវាមានតែមួយ ការដឹកនាំរបស់អ្នកគឺវាមានតែមួយ។ បច្ចេកទេសមួយដែលល្អប្រពៃសម្រាប់អ្នកដឹកនាំម្នាក់ អាចមិនសមស្របសម្រាប់អ្នកដឹកនាំដទៃទៀត។ តែទោះជាយ៉ាងណាក៏ដោយ គោលការណ៍ដឹកនាំដ៏ត្រឹមត្រូវអាចយកទៅប្រើប្រាស់បានគ្រប់រឿង បើយើងចេះសម្របតាមស្ថានការណ៍ជាក់ស្តែង មិនថានៅក្នុងគ្រួសារ សហគមន៍ សហគ្រាស ឬ សង្គមជាតិទេ។

— ដកស្រង់ពីអត្ថបទរបស់ Jim Rohn, in the Success Magazine, “7 Personality Traits of a Great Leader”

— ប្រែសម្រួលដោយ សាម អ៊ីន, ឧសភា ២០១៦

1 Comment
  1. ratha touch says

    អរគុណពូសំរាប់អត្ថបទនេះ

Comments are closed.