“ជីវិតមួយដ៏ល្អប្រពៃត្រូវការគ្រឿងផ្សំ៦មុខ”

1,261
ជីវិតមួយដែលចាត់ទុកថារស់នៅក្នុងភាពល្អប្រពៃមិនមែនអាស្រ័យលើចំនួនទឹកលុយរាប់លានដែលអ្នកមាននៅក្នុងគណនីធនាគារ ឬឡានលែនរ៉ូវ័រដែលអ្នកជិះ ឬក៏ភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលអ្នករស់នៅទេ។ ជីវិតមួយដែលល្អគឺជាជីវិតមួយដែលរស់នៅមានអត្ថន័យ។ ជីវិតដែលមានអត្ថន័យអាចមានគ្រឿងផ្សំច្រើនយ៉ាងដែលអ្នកអាចរាប់បញ្ចូលក្នុងបញ្ជីមានដូចជា ស្មារតីស្ងប់ស្ងាត់ សេរីភាពហិរញ្ញវត្ថុ សុខភាពល្អ ទំនាក់ទំនងល្អ ឬមានពេលលំហែកំសាន្តច្រើន។ល។ លោក យីម រ៉ូន (Jim Rohn) បានផ្តល់គ្រឿងផ្សំ៦មុខដើម្បីអ្នកអាចយកទៅរៀបចំចាត់ចែងជីវិតមួយឲ្យល្អប្រពៃបាន។
១) ផលិតភាព (Productivity) ៖ អ្នកមិនអាចរីករាយបានទេ បើអ្នកមិនផលិត[1]អ្វីមួយបាន។ ជីវិតរបស់យើងកើតមកមិនមែនសម្រាប់សម្រាកលំហែកាយទេ ប៉ុន្តែសម្រាប់បំពេញកិច្ចការអ្វីមួយ។ ពិតមែនហើយ យើងត្រូវការសំរាកដើម្បីមានថាមពលគ្រប់គ្រាន់សម្រាប់ផលិតអ្វីមួយជាប្រយោជន៍សម្រាប់ខ្លួនយើង និងអ្នកដទៃ។
ហេតុផលនៃការមានរដូវកាល គ្រាប់ពូជ ពន្លឺព្រះអាទិត្យ ទឹកភ្លៀង និងដី គឺសម្រាប់ឲ្យយើងអាចបំពេញការងារផលិតជា ដំណាំ ស្រូវ ពោត សណ្តែក ដំឡូង ។ល។
សកម្មភាពផលិតភាពនឹងបង្កើតអត្ថន័យឲ្យជីវិតមនុស្ស។
២) មិត្តល្អ (Good friends) ៖ មិត្តភាពជាប្រព័ន្ធគាំទ្រគ្នាដ៏ល្អប្រពៃមួយនៅក្នុងពិភពលោក។ ចូរយកចិត្តទុកដាក់ប្រើប្រាស់ពេលវេលាសម្រាប់ការកសាងមិត្តភាព។ មិត្តភាពពិតប្រាកដមិនអាចកាត់ថ្លៃបាន។ មិត្តភ័ក្ភសម្រាប់តែពេលកំសាន្តសប្បាយងាយរកបានណាស់ ប៉ន្តែអ្នកនឹងស្គាល់មិត្តពិតប្រាកដពេលអ្នកជួបប្រទះនឹងវិបត្តិ ឬបញ្ហាប្រឈមធំណាមួយ។​ មិត្តល្អចេះជួយគ្នាពេលបញ្ហាកើតឡើង មិត្តមិនល្អនឹងរត់ចោលអ្នកពេលវិបត្តិមកដល់។
៣) វប្បធម៌របស់អ្នក (Your culture) ៖ ភាសា តន្រ្តី ពិធីបុណ្យ ប្រពៃណី ទំលៀមទម្លាប់ ឬសំលៀកបំពាក់របស់អ្នកមានសារប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក ដែលអ្នកត្រូវយល់ដឹង និងសម្របខ្លួនជាមួយ។ លក្ខណៈពិសេសដោយឡែកនៃយើងម្នាក់ៗ ពេលរស់នៅជាមួយគ្នា ធ្វើឲ្យសង្គមយើងរស់រវើក មានថាមពល និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក។
៤) ស្មារតី (Spirituality) ៖ ស្មារតីបង្កើតមូលដ្ឋានគ្រឹះសម្រាប់គ្រួសារ សហគមន៍ និង ជាតិមួយ។ ស្មារតីធ្វើឲ្យយើងចេះសិក្សារៀនសូត្រ ប្រតិបត្តិល្អ និងបង្រៀនដល់អ្នកដទៃ។ ចូរយកចិត្តទុកដាក់ថែទាំ និង ពង្រឹងស្មារតីរបស់អ្នក ព្រោះស្មារតីជាចំណែកដ៏សំខាន់នៃ ធម្មជាតិរបស់អ្នក ហើយគឺជាអ្វីដែលធ្វើឲ្យអ្នកមានលក្ខណៈ ជាមនុស្ស ខុសប្លែកពីសត្វទំាងឡាយ។
៥) កុំភ្លេចអ្វីៗទំាងឡាយ (Don’t miss anything) ៖ ឪពុកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំថា ចូរកុំភ្លេចអ្វីៗទាំងឡាយដូចជា ទស្សនាកីឡា សិល្បះសំដែង ស្តាប់ចម្រៀង អានសៀវភៅ ។ល។ ចូរប្រើប្រាស់ពេលទំនេររបស់អ្នកធ្វើអ្វីមួយដើម្បីទទួលបានបទពិសោធន៍ជីវិត។ នៅពេលអ្នករស់នៅល្អ មានជីវិតរស់រវើក អ្នកនឹងទទួលបានជីវិតរីករាយ ហើយភាពជោគជ័យនឹងរត់រកអ្នកជាមិនខាន។
៦) គ្រួសាររបស់អ្នក និង អ្នកជិតដិត (Your family and inner circle) ៖ ចូរវិនិយោគពេលវេលាជាមួយពួកគេ ពួកគេនឹងផ្តល់ពេលវេលាសម្រាប់អ្នក។ ចូរជំរុញចិត្តពួកគេ ពួកគេនឹងផ្តល់ការជំរុញចិត្តដល់អ្នក។ ចូរយកចិត្តទុកដាក់ជាមួយអ្នកជិតដិតរបស់អ្នក ទោះជារឿងតិចតួចក៏ដោយ។ ចូរចំណាយពេលទូរស័ព្ទមកសួរសុខទុក្ខឪពុកម្តាយ ភរិយា/ស្វាមី និង កូនៗរបស់អ្នក ពេលអ្នកធ្វើដំណើរទៅឆ្ងាយ។
នៅពេលដែលឪពុកចាកចេញពីផ្ទះ ហើយគាត់នៅចងចាំស្នាមថើបរបស់កូនស្រីគាត់ គាត់នឹងក្លាយជាបុរសដែលមានថាមពលពេលធ្វើដំណើរ។ នៅពេលដែលស្វាមីចាកចេញពីផ្ទះ ហើយគាត់នៅចងចាំរង្វង់ដៃថ្នាក់ថ្នមដ៏កក់ក្តៅរបស់ភរិយាគាត់ គាត់ជាបុរសដែលមិនអាចចុះចាញ់បាន។ រឿងទាំងនេះជួយឲ្យអ្នកមានថាមពល ភាពរស់រវើក និង មានឥទ្ធិពល។ ចូរកុំភ្លេចបង្កើតកាសអស់ទាំងនេះ។
បុគ្គលត្រាស់ដឹងទាំងឡាយបាននិយាយថា “មានគុណធម៌ និង គុណតម្លៃជាច្រើន ហើយអ្វីដែលប្រពៃបំផុតក្នុងចំណោមនោះគឺ ការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ គ្មានអ្វីដែលល្អប្រសើរជាងសេចក្តីស្រឡាញ់ទេ។
ដកស្រង់ពីអត្ថបទរបស់  Jim Rohn in the Success Magazine A good life contains these 6 essentials

ប្រែសម្រួលដោយ សាម អ៊ីន, 2016  


[1] ការផលិតអាចសំដៅលើរបស់របរ ទំនាក់ទំនង សំណេរ ការបង្រៀន ដំណាំ ។ល។
4 Comments
  1. Anonymous says

    សូមអរគុណចំពោះលោកអគ្គដែលបានចំណាយពេលដ៏មានតម្លៃដើម្បីផ្សព្វផ្សាយគំនិតនិងឧត្តមគតិដ៏មានតម្លៃឥតកាត់ថ្លៃបានដល់កូនខ្មែរ។ ជាញឹកញាប់ខ្ញំបានផ្អែកលើ គំនិតទាំងនេះដើម្បីដាស់តឿនខ្លួននិងអ្នកដ៏ទៃ ។កិច្ចការរបស់លោកអគ្គបង្ហាញពីការ លះបង់ប្រយោជន៍ផ្ទាល់ខ្លួនដ៏ខ្ពង់ខ្ពស់ដម្បីជួយអ្នកដ៏ទៃ។ ខ្ញុំសូមជូនពរលោកអគ្គសូម ឲបានជោគជ័យ ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ៕(សាម ស៊ុនឌឿន)

  2. Sam Inn says

    អរគុណបងអនុប្រធាន ចំពោះការផ្តល់កម្លាំងចិត្ត។ ការសិក្សាអំពីការអភិវឌ្ឍន៍ខ្លួួន និងភាពជាអ្នកដឹកនាំ ព្រមទាំងការចែករំលែក គឺជាការចូលចិត្តរបស់ខ្ញុំ។ ខ្ញុំយល់ថាការយល់ដឹងអំពីការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអ្នកដឹកនាំវាមានសារប្រយោជន៍ខ្លាំងសម្រាប់យុវជនខ្មែរ។

  3. Ratana Chhim says

    Thank you for very useful article.

  4. Sam Inn says

    It is great that you read the article.

Comments are closed.