Ticker

6/recent/ticker-posts

អាថ៌កំបាំង ៣យ៉ាងសម្រាប់ពង្រឹងចិត្តរបស់អ្នក


យើងភាគច្រើនយល់ដឹងអំពីរបៀបធ្វើឲ្យកាយយើងរឹងមាំ ប៉ុន្តែ​មានមនុស្សជាច្រើន​មានការភាន់ច្រឡំអំពីរបៀបធ្វើឲ្យចិត្តយើងរឹងមាំ។ ក្នុងចំណោមវិធីសាស្រ្តជាច្រើនក្នុងការពង្រឹងផ្លូវចិត្ត មានអាថ៌កំបាំង៣យ៉ាងដែលអ្នកត្រូវយល់ដឹង។

១) និយាយជាមួយខ្លួនឯងដូចជាមិត្តជិតស្និទ្ធម្នាក់ (Talk to yourself like a trusted friend) 

អ្នកវិទ្យាសាស្រ្តបានរកឃើញថា​មនុស្សយើងមានការគិត ៧ម៉ឺនដងក្នុង ១ថ្ងៃ។ វាមានន័យថា អ្នកមាន ៧ម៉ឺនឱកាសសម្រាប់ ១ថ្ងៃក្នុងការធ្វើឲ្យចិត្តអ្នកខ្លាំង ឬចុះខ្សោយ។

ការគិតរបស់អ្នកមានឥទ្ធិពលធំធេងខ្លាំងណាស់ទៅលើអារម្មណ៍​និង​អាកប្បកិរិយារបស់អ្នក។ អ្វីៗក្នុងខ្លួនអ្នកនឹងមានដំណើរការឆ្ពោះទៅរកការគិតរបស់អ្នក។ ឧទាហរណ៍ ការគិតថា “ខ្ញុំនឹងមិនអាចប្រលងជាប់ការងារនេះទេ” ឬ “គ្មាននរណាមួយនឹងស្តាប់ខ្ញុំទេ” នឹងមានឥទ្ធិពលលើ​អកប្បកិរិយារបស់អ្នកនៅក្នុងផ្លូវមួយ​ដែលអ្នកនឹង​ទទួលបានផលបែបនេះ។

ចូរចាប់ផ្តើមអនុវត្តដោយផ្លាស់ប្តូរ​ការគិតបែបអវិជ្ជមាន​ចេញ ដោយជំនួសមកវិញ​នូវការគិត​បែបវិជ្ជមាន​ជាមួយភាព​ជាក់ស្តែង។ នៅពេលដែលអ្នកដឹងខ្លួនថា អ្នកកំពុងគិត “ខ្ញុំនឹងចាញ់ ឬខ្ញុំគ្មានតម្លៃទេ” ចូរប្រាប់ខ្លួន​អ្នកថា ការគិតនេះ​មិនត្រឹមត្រូវ​ទេ។

ចូរអនុវត្តដោយសួរខ្លួន​ឯងថា “ខ្ញុំនឹងជម្រាបមិត្តខ្ញុំថាម៉េច ប្រសិនបើគាត់គិត​និង​និយាយ​បែបអវិជ្ជមាន​ចំពោះខ្លួនគាត់”។ បន្ទាប់មក ចូរនិយាយពាក្យពីរោះ​លួងលោម លើកទឹកចិត្ត​បែបនេះចំពោះខ្លួនឯង។ ធ្វើបែបនេះ​អ្នកនឹងអាចផ្លាស់​ប្តូរការគិត​បែបអវិជ្ជមាន​របស់អ្នកបាន។

២) គ្រប់គ្រងអារម្មណ៍របស់អ្នក (Take charge of your emotions)

ការបណ្តោយ​ឲ្យអារម្មណ៍​របស់យើងជា​អ្នកគ្រប់គ្រង​ជីវិតយើង វានឹងបំផ្លាញភាពខ្លាំង​នៃចិត្តរបស់យើង។ វាជារឿងធម្មតាទេ​ដែលយើងមានអារម្មណ៍មិនល្អ​ម្តងម្កាល ប៉ុន្តែ ការស្ថិតនៅជាមួយគំនិត​អវិជ្ជមាន​វាដូចជាយើងកំពុង​ចុះចំណោតមួយ​ដែលរអិលខ្លាំង​អញ្ចឹង។ ក្តីទុក្ខព្រួយ​នាំទៅរកការសោកសង្រេង​ក្នុងខ្លួន កំហឹងនាំទៅរក​ការឈឺចាប់ និងការថប់អារម្មណ៍​នឹងនាំទៅរក​ភាពភ័យខ្លាច។

បញ្ហាមួយចំនួនធំ​កើតចេញពីសេចក្តីប្រាថ្នា​បញ្ចៀសការលំបាក។ ជាឧទាហរណ៍ មនុស្សដែល​ខ្លាច​បរាជ័យ តែងតែបោះបង់ការ​ប្រឈមថ្មីៗ​ ក្នុងក្តីបំណងបញ្ចៀស​ក្តីកង្វល់។ ការបញ្ចៀសការលំបាក​ផ្លូវអារម្មណ៍វាជាដំណោះស្រាយ​រយៈពេលខ្លី តែនឹងនាំអ្នកទៅជួបបញ្ហា​ក្នុងរយៈពេលវែង។

ការយល់ដឹងថាតើអារម្មណ៍​របស់អ្នកនឹងមាន​ឥទ្ធិពលលើជីវិត​របស់អ្នកយ៉ាងណា នឹងជួយអ្នក​ឲ្យចេះគ្រប់គ្រងអារម្មណ៍​របស់អ្នក ជាជាងការបណ្តោយ​ឲ្យអារម្មណ៍របស់អ្នក​គ្រប់គ្រងជីវិតអ្នក។ ចូរប្រឈមនឹង​អារម្មណ៍លំបាក​ទំាងឡាយ និងចាប់ផ្តើមគ្រប់គ្រងជីវិត​របស់អ្នក។ នៅពេលដែលអ្នកអាច​ប្រឈមនឹងភាពលំបាកផ្លូវអារម្មណ៍​បានកាន់តែច្រើន អ្នកនឹងពង្រឹងជំនឿជឿជាក់ក្នុងការទទួលយកបញ្ហា ប្រឈមថ្មីៗ​បានកាន់តែច្រើនផងដែរ។

៣) ចូរធ្វើការជ្រើសរើសរឿងមានប្រយោជន៍ (Make productive choices)

វាមិនអាចទៅរួចទេ​ក្នុងការពង្រឹងចិត្តរបស់អ្នក នៅពេល​ដែលអ្នកប្រព្រឹត្តអាកប្បកិរិយា​ដែលបំផ្លាញខ្លួនឯង។ មនុស្សមួយចំនួន​មានទម្លាប់មិនល្អ ហើយបញ្ចេញមកតាមរយៈ​អាកប្បកិរិយាអវិជ្ជមានជាទៀងទាត់​ ក្នុងការនិយាយស្តីនិងទង្វើ​របស់ខ្លួន។ ទង្វើទាំងនោះមើលទៅ​តូចតាច ដូចជាការរអ៊ូរទាំ​អំពីប្រធានរបស់អ្នក ចូលចិត្តនិយាយអំពី​ទុក្ខព្រួយ និយាយដើមអ្នកដទៃ ឬការខំប្រឹងបំពេញ​ចិត្តអ្នកដទៃ​គ្រប់គ្នា ក៏ប៉ុន្តែ វាកំពុងតែបំផ្លាញ​ស្ថានភាពចិត្តអ្នក​ឲ្យចុះខ្សោយ។ នៅពេលអ្នកបន្តប្រតិបត្តិ​ទម្លាប់មិនល្អទាំងនេះ វានឹងមិនជួយឲ្យ​ចិត្តរបស់អ្នករឹងមាំទេ​ តែធ្វើឲ្យចិត្តអ្នកទន់ខ្សោយទៅវិញ។

នៅក្នុងមួយជីវិតអ្នក អ្នកមានពេលវេលានិងថាមពល​មិនច្រើនទេ។ បើអ្នកប្រើប្រាស់វាខុស វានឹងធ្វើឲ្យ​ចិត្តអ្នកកាន់តែខ្សោយ ហើយអ្នកកាន់តែធ្វើដំណើរ​ចេញឆ្ងាយពីគោលដៅ​របស់អ្នក។

ការពង្រឹងចិត្តរបស់អ្នក

យើងគ្រប់គ្នាសុទ្ធតែមានសមត្ថភាព​ក្នុងការពង្រឹងចិត្ត​របស់យើង ក៏ប៉ុន្តែ វាមិនខុសគ្នាពីការហាត់​សាច់ដុំរបស់យើងទេ ការពង្រឹងចិត្តរបស់យើង​ត្រូវការការប្តេជ្ញាចិត្តនិង​ការតស៊ូស្វិតស្វាញ។ ជាមួយការ​អនុវត្តជាប្រចាំ អ្នកនឹងបង្កើនសមត្ថភាព​របស់អ្នក ក្នុងការគ្រប់គ្រងការគិត គ្រប់គ្រងអារម្មណ៍ និង​មានអាកប្បកិរិយាល្អ ទោះស្ថិតក្នុងស្ថានការណ៍​ណាក៏ដោយ។ ការធ្វើសមាធិ ការប្រឈមនឹង​បញ្ហាលំបាកដោយការអត់ធ្មត់ នឹងជួយពង្រឹង​ចិត្តរបស់អ្នក។ ឬមួយអ្នកចង់ក្លាយជាកីឡាករ​ដ៏ខ្លាំងពូកែ ឬក្លាយជាឪពុកម្តាយ​ដែលមានភាពសណ្តោសប្រណីខ្លាំង ឬសហគ្រិនដ៏ជោគជ័យ ទឹកចិត្តដ៏ខ្លាំងនិងរឹងមាំ នឹងជួយ​អ្នកក្នុងការសម្រេចគោលដៅ​ជីវិត៕

--- ^^^ ---

---
ប្រែសម្រួលដោយ សាម អ៊ីន -- មិថុនា ២០១៦
--- 
-- ដកស្រង់ពីអត្ថបទរបស់ Amy Morin, in the Success Magazine, “3 Secrets to Build Your Mental Strength”

-- អត្ថបទទាក់ទង ៖ 

១) ចិត្តគំនិតទាំង៥ប្រការរបស់បុគ្គលជោគជ័យធំធេង

២) លក្ខណ:ពិសេស៧ប្រការរបស់បុគ្គលដែលមានធន់

Post a Comment

3 Comments

អរគុណ​សម្រាប់​ការ​ចែក​រំលែក​អត្ថបទ​នេះ​ លោក​ពូ.
BK-cutegirl said…
សូមអរគុណ សម្រាប់ការចែករម្លឌែក របស់លោក!
Sam Inn said…
អរគុណចំពោះការផ្តល់មតិយោបល់ BK-cutegirl and ពូ ផ្លយ។

Ad Code