Ticker

6/recent/ticker-posts

ហេតុអ្វីចាំបាច់បង្កើតទម្លាប់ជោគជ័យ?





ហេតុអ្វីចាំបាច់បង្កើតទម្លាប់ជោគជ័យ?
មនុស្សយើងស្ទើរគ្រប់រូបសុទ្ធតែមានក្តីប្រាថ្នាចង់ទទួលជោគជ័យ។ ប៉ុន្តែយើងអាចនឹងឆ្ងល់ថាហេតុអ្វីបុគ្គលមួយចំនួនជោគជ័យ ហើយមួយចំនួនទៀតមិនជោគជ័យ។ រឿងមួយដែលអ្នកត្រូវដឹងគឺថា ភាពជោគជ័យមិនមែនកើតឡើងដោយភាពចៃដន្យទេ។ ការកកើតនៃភាពជោគជ័យ ឬ បរាជ័យទាក់ទងផ្ទាល់ទៅនឹងទម្លាប់(ឧបនិស្ស័យ)របស់មនុស្ស។ បុគ្គលដែលមានទម្លាប់ជោគជ័យតែងដឹកនាំការគិត ការនិយាយ និង ទង្វើរបស់គេឈានឆ្ពោះទៅរកគោលដៅជោគជ័យ។ បុគ្គលដែលមានទម្លាប់មិនល្អតែងដឹកនាំការគិត ការនិយាយ និង ទង្វើរបស់គេចាកឆ្ងាយពីទិសដៅជោគជ័យ បើទោះបីគេមានក្តីប្រាថ្នាចង់បានជោគជ័យក៏ដោយ។

ចង់ជោគជ័យត្រូវផ្តល់ចំណីល្អដល់ចិត្ត
មុននឹងស្វែងយល់អំពីទម្លាប់ល្អទាំង៧របស់បុគ្គលជោគជ័យ យើងគួរយល់អំពីមូលដ្ឋានគ្រឹះនៃចិត្តគំនិតមួយចំនួន។ មានរឿងនិទានមួយដំណាលអំពីរបៀបចិញ្ចឹមឆ្កែប្រជល់របស់ជនជាតិអេស្គីម៉ូ។ “តាចាស់ម្នាក់រស់នៅក្នុងសហគមន៍មួយនៃជនជាតិអេស្គីម៉ូជាអ្នកចិញ្ចឹមឆ្កែពូជជល់២ក្បាល។ ល្បែងប្រពៃណីរបស់សហគមន៍គឺការភ្នាល់ល្បែងប្រជល់ឆ្កែជាប្រចាំ ១ដងក្នុង១សប្តាហ៍។ ឆ្កែទាំងពីររបស់តាចាស់តែងតែឈ្នះគេដល់វគ្គផ្តាច់ព្រាត់។ អ្វីដែលគួរឲ្យអ្នកផងចាប់អារម្មណ៍គឺថា សប្តាហ៍ខ្លះឆ្កែទី១ឈ្នះ សប្តាហ៍ខ្លះឆ្កែទី២ឈ្នះ តែលោកតាតែងតែភ្នាល់ត្រូវជានិច្ច។ នាថ្ងៃមួយយុវកម្លោះម្នាក់បានមកលេងផ្ទះលោកតា ហើយក៏ឆ្ងល់សួរថា ហេតុអ្វីលោកតាតែងដឹងថា ឆ្កែមួយណានឹងឈ្នះនូវរាល់ពេលភ្នាល់នាវគ្គផ្តាច់ព្រាត់? លោកតាញាក់ចិញ្ចើមដាក់អ្នកកម្លោះ រួចឆ្លើយថា គាត់ជាអ្នកដាក់ចំណីឲ្យវាទាំង២ស៊ី បើគាត់ចង់ឲ្យមួយណាឈ្នះ គាត់បានដាក់ចំណីឈ្នះឲ្យមួយនោះ។” រឿងនេះចង់ឆ្លុះបញ្ចាំងប្រាប់ថា ចិត្តរបស់មនុស្សក៏ដូចគ្នាដែរ បើយើងចង់ឈ្នះ ឬ ជោគជ័យ យើងត្រូងផ្តល់ចំណីជោគជ័យដល់ចិត្តរបស់យើង។ ចំណីជោគជ័យសម្រាប់ចិត្តមនុស្សគឺទម្លាប់ល្អៗនេះឯង។ ដំបូន្មានរបស់ព្រះពុទ្ធអំពីកម្មផលក៏ដូចគ្នាដែរ “អ្នកសាបព្រោះពូជណា អ្នកនឹងច្រូតកាត់ផលនោះ”។ ទម្លាប់វាមានដំណើរការតាមគោលការណ៍ច្បាប់ធម្មជាតិ។ តាមរយៈទម្លាប់ យើងអាចគ្រប់គ្រងទង្វើរបស់យើង ហើយធម្មជាតិនឹងគ្រប់គ្រងផលវិបាករបស់ទង្វើដោយស្វ័យប្រវត្តិ។ រឿងដែលល្អគឺថា អ្នកអាចផ្លាស់ប្តូរទម្លាប់អាក្រក់របស់អ្នកបានបើអ្នកពិតជាចង់ខ្លាំង។ អ្នកវិទ្យាសាស្ត្របានពិសោធន៍ឃើញថា ដើម្បីផ្លាស់ប្តូរទម្លាប់មួយ មនុស្សត្រូវធ្វើវាឲ្យបាន២១ថ្ងៃជាប់ៗគ្នា ហើយបើចង់ឲ្យទម្លាប់ល្អមួយប្រព្រឹត្តទៅជាស្វ័យប្រវត្តិ អ្នកត្រូវការធ្វើវាឲ្យបាន៦៦ថ្ងៃជាប់ៗគ្នា។
--- * ---
-- រៀបរៀងដោយ សាម អ៊ីន, កញ្ញា ២០១៦
-- អត្ថបទទាក់ទង៖

១) ទម្លាប់៧ប្រការរបស់បុគ្គលឆ្នើម "សេចក្តីសង្ខេប"

Post a Comment

0 Comments

Ad Code