អ៊ំស្រីចំណាស់ម្នាក់ឈ្មោះណយរស់នៅក្នុងទីក្រុងភ្នំពេញ មានកូនប្រុសកំលោះពីរនាក់រស់នៅក្រោមបន្ទុករបស់គាត់។ គាត់មានជីវភាពសមរម្យមិនខ្វះព្រឹកខ្វះល្ងាចទេ។ ថ្ងៃមួយកូនប្រុសពៅរបស់គាត់បានយកម៉ូតូជូនគាត់ទៅផ្សារដើម្បីទិញម្ហូបទុកចម្អិនអាហារបរិភោគសម្រាប់បាយថ្ងៃត្រង់ និងពេលល្ងាច។ ពេលកំពុងជិះម៉ូតូជាមួយកូនប្រុសខាងក្រោយ ស្រាប់តែប៉ូលីសបានឃាត់ម៉ូតូឲ្យឈប់ ដោយសារកូនប្រុសពៅរបស់គាត់មិនបានពាក់មួកសុវត្ថិភាព។ ប៉ូលីសបានសម្លុតទាលុយពីកូនគាត់ចំនួន ៤០,០០០រៀល ទើបអាចទៅបាន បើមិនដូច្នេះទេ គេនឹងរឹបអូសម៉ូតូទៅដាក់នៅស្នងការ។ ដោយភ័យផង និង ខឹងផង គាត់ក៏ដកលុយ ១០ដុល្លារ ហុចឲ្យទៅប៉ូលីសដោយទឹកមុខមួរម៉ៅ។ មកដល់ផ្ទះវិញគាត់និយាយប្រាប់អ្នកជិតខាងថាពួកប៉ូលីសចរាចរណ៍អាក្រក់ណាស់ អយុត្តិធម៌ណាស់សម្លុតទាលុយគាត់ទាំងព្រឹក មិនទាន់ទាំងបានទិញអង្ករសម្រាប់ច្រកឆ្នាំងផង។ អ្នកជិតខាងចូលរួមខឹង និង មានអារម្មណ៍រំលែកទុក្ខអ៊ំណយ តែពួកគេមិនមានការភ្ញាក់ផ្អើលទេ ព្រោះរឿងបែបនេះក្លាយជារឿងធម្មតាទៅហើយនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។
កន្លះឆ្នាំក្រោយមកកូនប្រុសបងរបស់អ៊ំណយ បានចូលបំរើការងារជាប៉ូលីសចរាចរណ៍។ ក្នុងមួយខែៗ កូនប្រុសបងរបស់គាត់បានជូនប្រាក់គាត់ ១០០ដុល្លារ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។ គាត់សរសើរកូនប្រុសបងរបស់គាត់ប្រាប់អ្នកជិតខាងថា ជាកូនមានចិត្តល្អ ចេះជួយម្តាយ ហើយពូកែរកលុយក្រៅបន្ថែមណាស់ បើទោះបីប្រាក់ខែរដ្ឋចាយស្ទើរមិនគ្រប់ក៏ដោយ។ គាត់បន្ថែមថា បានកូនធ្វើប៉ូលីសចរាចរណ៍ ធ្វើឲ្យជីវភាពរបស់គាត់ធូរធារជាងមុន។
រឿងនេះគ្រាន់តែជាឧទាហរណ៍មួយដែលឆ្លុះបញ្ចាំងអំពីកម្រិតនៃការស្អប់ខ្ពើមអំពើអយុត្តិធម៌ ឬ អំពើពុករលួយនៅក្នុងសង្គមខ្មែរយើង។ យើងស្អប់ខ្ពើមអំពើអយុត្តិធម៌ ឬ អំពើពុករលួយតែនៅពេលដែលយើងក្លាយខ្លួនជាជនរងគ្រោះផ្ទាល់នៃអំពើទាំងនោះតែប៉ុណ្ណោះ។ នៅពេលដែលយើងបានទទួលផលប្រយោជន៍ចេញពីទង្វើទាំងនោះ យើងលែងមើលឃើញទង្វើទាំងនោះជារឿងអាក្រក់ហើយ។
ប្រសិនបើប្រជាពលរដ្ឋយើងភាគច្រើននៅមានកម្រិតតស្អប់ខ្ពើមអំពើអយុត្តិធម៌ និង អំពើពុករលួយប្រហែលអ៊ំស្រីណយ ប្រាកដណាស់ ការប្រយុទ្ធប្រឆាំងនឹងរឿងអយុត្តិធម៌ និង អំពើពុករលួយនឹងស្ថិតនៅលើផ្លូវដ៏សែនឆ្ងាយមួយ។
-- រៀបរៀងដោយ
សាម អ៊ីន (ខែឆ្នូ ឆ្នាំ២០១៦)
-- អត្ថបទទាក់ទង៖
ប្រសិនបើប្រជាពលរដ្ឋយើងភាគច្រើននៅមានកម្រិតតស្អប់ខ្ពើមអំពើអយុត្តិធម៌ និង អំពើពុករលួយប្រហែលអ៊ំស្រីណយ ប្រាកដណាស់ ការប្រយុទ្ធប្រឆាំងនឹងរឿងអយុត្តិធម៌ និង អំពើពុករលួយនឹងស្ថិតនៅលើផ្លូវដ៏សែនឆ្ងាយមួយ។
--- ^^^ ---
-- អត្ថបទទាក់ទង៖
0 Comments