“អ្នកដែលអាចញញឹមពេលមានវិបត្តិតែងសម្លឹងឃើញអ្នកផ្សេងសម្រាប់ដាក់កំហុស”
ខ្ញុំសើចហួសចិត្តពេលបានឃើញសម្រង់សំដីខាងលើនេះពីដំបូង
ពីព្រោះមិនខុសពីរឿងកំប្លែងទាំងឡាយដែលធ្វើឲ្យយើងសើចក្អាកក្អាយ
វាមានបង្កប់ការពិតមួយចំណែកនៅក្នុងនោះ។ ពេលវិបត្តិកើតឡើង
អ្នកដែលអាចគិតវិជ្ជមានអំពីវិបត្តិដោយសារតែគេគិតក្នុងចិត្តថា
វាមិនមែនជាកំហុសរបស់គេទេ។
វាមានហេតុផលល្អច្រើនក្នុងការគិតវិជ្ជមានពេលវិបត្តិកើតឡើង។
រឿងសំខាន់មួយគឺថា អ្នកអាចស្វែងរកឱកាសពេលវិបត្តិមួយកើតឡើង។ វាអាចជាឱកាសតូចតាច
បើធៀបទៅនឹងវិបត្តិដ៏ធំធេង ក៏ប៉ុន្តែចូរចងចាំថាឱកាសតែងបង្កប់មកជាមួយវិបត្តិជានិច្ច។
ខ្ញុំជឿជាក់ថា
អ្នកដឹកនាំល្អប្រពៃអាចដោះស្រាយវិបត្តិបានជាមួយភាពជឿជាក់ និងដោយសមរម្យ។ យើងអាចមិនមានអារម្មណ៍រីករាយត្រេកអរ
ក៏ប៉ុន្តែបោះជំហានទៅមុខជាមួយការយល់ដឹងថា ដំណោះស្រាយសម្រាប់វិបត្តិពិតជាមាន
ហើយអាចធ្វើបាន។ គន្លឹះនៃការគ្រប់គ្រងវិបត្តិជាមួយភាពជឿជាក់គឺការត្រៀមរៀបចំឲ្យបានត្រឹមត្រូវ
និងធ្វើការសម្រេចចិត្តជាមួយភាពឈ្លាសវៃ និងភាពពិតជាក់ស្តែង។
បើអ្នកជាអ្នកដឹកនាំ
អ្នកនឹងដឹងថាវិបត្តិនៅមិនឆ្ងាយពីយើងទេ។ ចូរប្រើប្រាស់គន្លឹះរៀបរាប់ខាងក្រោមដើម្បីប្រឈមនឹងវិបត្តិប្រកបដោយភាពជឿជាក់
៖
១-ត្រៀមរៀបចំទុកជាមុនចំពោះរឿងទាំងឡាយ
(Prepare for every possibility)
គ្រូបង្វឹកដ៏ល្បីល្បាញនៃក្រុមកីឡាករបាល់បោះ
University of California-Los Angeles លោក John
Wooden បាននិយាយថា ចំណុចខ្លាំងពិសេសរបស់លោកគឺការហ្វឹកហាត់។
នៅពេលដែលការហ្វឹកហាត់ធ្វើបានល្អប្រសើរ ពេលលេងជាក់ស្តែងមកដល់ ភាពល្អប្រសើរនឹងដំណើរការទៅដោយស្វ័យប្រវត្តិ។
ផ្ទុយមកវិញ ពេលប្រកួតមកដល់ ហើយអ្នកមិនបានហ្វឹកហាត់ល្អ
វាយឺតពេលហើយសម្រាប់ការត្រៀមរៀបចំ។ នៅពេលអ្នករង់ចាំរហូតដល់ពេលវិបត្តិមកដល់
ទើបអ្នកស្វែងរកដំណោះស្រាយ គឺវាហួសពេលទៅហើយ។
“នៅពេលអ្នករង់ចាំរហូតដល់ពេលវិបត្តិមកដល់ ទើបអ្នកស្វែងរកដំណោះស្រាយ គឺវាហួសពេលទៅហើយ។”
ចូរត្រៀមរៀបចំទប់ទល់វិបត្តិដោយបង្កើតសេណារីយ៉ូផ្សេងៗ
ហើយកំណត់ការឆ្លើយតបទៅនឹងសេណារីយ៉ូនីមួយៗ។ សូមចំណាយពេលរៀនសូត្រពីអ្នកជំនាញក្នុងវិស័យរបស់អ្នក។
សូមសួរសំណួរអំពីវិបត្តិកន្លងមកដែលគេជួបប្រទះ។
វានឹងជួយអ្នកឲ្យដឹងអំពីបញ្ហាប្រឈមដែលគេធ្លាប់ជួបប្រទះ ហើយវាអាចនឹងកើតឡើងចំពោះអ្នក។
គេនឹងផ្តល់ឲ្យអ្នកនូវយោបល់ល្អៗ បទពិសោធន៍ទប់ទល់ និងយុទ្ធសាស្រ្តដោះស្រាយសមស្រប
បើវិបត្តិកើតឡើង។
ពិតហើយ គ្មាននរណាម្នាក់អាចដឹង
និងបង្ការវិបត្តិគ្រប់រឿងបានទេ ប៉ុន្តែយ៉ាងហោចណាស់
អ្នកអាចត្រៀមសម្រាប់រឿងទាំងឡាយដែលអ្នកដឹងថាអាចនឹងកើតឡើង។ ចូរគិតទុកជាមុន
ត្រៀមរៀបចំ និងហ្វឹកហាត់ផែនការដោះស្រាយវិបត្តិ នៅពេលដែលវិបត្តិមិនទាន់មកដល់។ នៅពេលវិបត្តិកើតឡើង
ការឆ្លើយតបរបស់អ្នកនឹងទៅជាស្វ័យប្រវត្តិ។
នៅពេលដែលអ្នកយល់ដឹងច្បាស់ពីសេណារីយ៉ូណាមួយ
អ្នកនឹងមានភាពជឿជាក់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់អ្នក។
អ្នកជំនាញអំពីការគ្រប់គ្រងដ៏ល្បីរន្ទឺ
លោក Peter Drucker ធ្លាប់សរសេរថា “ពេលវេលាព្យុះសង្ឃរាជាពេលវេលាគ្រោះថ្នាក់
ក៏ប៉ុន្តែភាពគ្រោះថ្នាក់ដ៏ធំរបស់វា គឺការមិនព្រមទទួលស្គាល់ភាពពិតជាក់ស្តែង”។ ជំនួសឲ្យការមិនព្រមទទួលស្គាល់ភាពជាក់ស្តែងពេលវិបត្តិកើតឡើង
អ្នកដឹកនាំឆ្នើមចេះកំណត់បញ្ហា និងទទួលយកការពិត។ នេះមានន័យថា មើលបញ្ហាជាមួយភាពពិតជាក់ស្តែង។
ពេលវិបត្តិមកដល់
ចូរចំណាយពេលនៅកន្លែងស្ងាត់ល្អតែម្នាក់ឯង ដោយកំណត់បញ្ហាឲ្យបានច្បាស់ល្អ ដោយលើកសំណួរថា
តើវាជាអ្វីឲ្យពិតប្រាកដ? ហេតុអ្វីបានវាកើតឡើង? តើខ្ញុំអាចដោះស្រាយវាបានដោយរបៀបណា?
រួចហើយសួរយោបល់សហការីរបស់អ្នកអំពីការវាយតម្លៃរបស់គេ។ ចូរញែកបញ្ហាជាបំណែកតូចៗ
ដោយបែងចែករឿងដែលអាចដោះស្រាយបាន និងដោះស្រាយមិនបាន។
ការធ្វើបែបនេះវាមានសារសំខាន់ខ្លាំង។ អ្នកត្រូវទទួលស្គាល់ថា
រឿងណាខ្លះដែលស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក ដែលអ្នកអាចដោះស្រាយបាន
រួចហើយយកចិត្តទុកដាក់លើរឿងទាំងនេះ។ ចុងក្រោយ
បង្កើតផែនការដោះស្រាយលើរឿងដែលអាចធ្វើបានពីទីតាំងរបស់អ្នក នឹងប្តេជ្ញាចិត្តខ្ពស់ធ្វើរឿងទាំងនេះ។
ផែនការដែលមានវិធានការណ៍ច្បាស់លាស់នឹងជួយអ្នកឲ្យដោះស្រាយទៅមុខជាមួយភាពជឿជាក់។
“ពេលវេលាព្យុះសង្ឃរាជាពេលវេលាគ្រោះថ្នាក់ ក៏ប៉ុន្តែភាពគ្រោះថ្នាក់ដ៏ធំរបស់វា គឺការមិនព្រមទទួលស្គាល់ភាពពិតជាក់ស្តែង។” - Peter Drucker
៣-ធ្វើការទាក់ទងឲ្យជាប់លាប់
(Communicate often)
អ្នកត្រូវធ្វើការទាក់ទងឲ្យបានច្រើនជាមួយមនុស្សដែលអ្នកដឹកនាំ
ក៏ដូចជាជាមួយខ្លួនឯង ជាពិសេសក្នុងការកំណត់បញ្ហា
និងទទួលស្គាល់ការពិតជាក់ស្តែងពេលវិបត្តិកើតឡើង។ ពេលប្រឈមនឹងវិបត្តិ
ស្ថានការណ៍នឹងជំរុញអ្នកឲ្យវិលវល់ និងផ្តោតអារម្មណ៍តែលើបញ្ហា។ ប៉ុន្តែ ឥរិយាបទបែបនេះមិនជួយជំរុញចិត្តអ្នកដទៃនៅជុំវិញខ្លួនអ្នកទេ។
ចូរបើកចំហរ និងពិគ្រោះជាមួយក្រុមការងាររបស់អ្នក។ លើកបញ្ហាដាក់លើតុ ហើយស្វែងរកដំណោះស្រាយរួមគ្នានឹងជួយបង្កើតស្មារតីរួបរួមក្នុងក្រុម។
ចូរធ្វើការទាក់ទងក្នុងក្រុមឲ្យបានជាប់លាប់អំពីផែនការដោះស្រាយពីមួយជំហានទៅមួយជំហាន។
ចូរបន្តធ្វើការទាក់ទងបែបនេះរាល់ពេលវិបត្តិមកដល់។
មិត្តរបស់ខ្ញុំ លោក Andy
Stanley ជាគ្រូគង្វាលដ៏ល្បីម្នាក់ ធ្លាប់និយាយថា
“ទស្សនវិស័យអាចលិចបាត់”។ គាត់ចង់និយាយថា អ្នកដឹកនាំត្រូវចែករំលែកទស្សនវិស័យ
ឬដំណោះស្រាយ ឲ្យបានច្រើនដងទៅសហការី ដើម្បីឲ្យក្រុមការងារអាចចងចាំ ចាប់យក និងជឿជាក់បាន។
ការធ្វើទំនាក់ទំនងជាប់លាប់ជួយកសាងទំនុកចិត្តរបស់ក្រុមការងារលើភាពជាអ្នកដឹកនាំរបស់អ្នក
និងមានភាពជឿជាក់លើសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយវិបត្តិ។
៤-រៀនដើម្បីលូតលាស់ (Learn
to grow)
លោក Rick
Warren ធ្លាប់និយាយថា “ដល់ពេលណាដែលអ្នកឈប់រៀន គឺអ្នកឈប់ដឹកនាំហើយ”។
អ្នកប្រហែលជាធ្លាប់ឮសុភាសិតមួយនិយាយថា “ភាពភ្លីភ្លើរបស់មនុស្ស គឺធ្វើរឿងដដែលៗ
ហើយចង់បានលទ្ធផលផ្សេង”។ ចូរបញ្ចប់ទម្លាប់នេះទៅ។ ជំនួសឲ្យការធ្វើរឿងដដែលៗ
ចូរស្វែងយល់ថាហេតុអ្វីបានជារបៀបដែលយើងធ្លាប់ធ្វើមិនដំណើរការល្អ ហើយអ្នកអាចសាកល្បងរបៀបថ្មីនៅពេលក្រោយ។
ចូរធ្វើការឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកដោយយកចិត្តទុកដាក់
ព្រោះថាបទពិសោធន៍តែមួយមុខមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវចេះវាយតម្លៃលើបទពិសោធន៍នោះ។ ចូររំលឹកដល់ពេលវេលាតានតឹង
និងលំបាកៗទាំងឡាយក្នុងជីវិតអ្នក ដែលបទពិសោធន៍ទាំងនោះអាចបង្រៀនអ្នកបានច្រើន
បើអ្នកចេះវាយតម្លៃ និងដកស្រង់យកបទពិសោធន៍ ទាំងរឿងល្អ ទាំងរឿងមិនល្អ។
ភាពខុសគ្នាដ៏ចំបងមួយរវាងបុគ្គលជោគជ័យ
និងមិនជោគជ័យគឺការទទួលយក និងការឆ្លើយតបទៅនឹងភាពបរាជ័យ។ វាដូចគ្នាដែរ ពេលដែលវិបត្តិមកដល់។
ពេលដែលវិបត្តិកន្លងផុតទៅ ចូរឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់អ្នកនៅពេលវិបត្តិកំពុងកើតឡើង។
តើអ្នកអាចរៀនសូត្រអ្វីខ្លះអំពីភាពជាអ្នកដឹកនាំ របៀបធ្វើការទាក់ទង ដោះស្រាយបញ្ហា
និងការកសាងក្រុម? ពិគ្រោះយោបល់ជាមួយក្រុម ដោយឲ្យក្រុមការងារផ្តល់យោបល់ដល់អ្នកសម្រាប់កែលម្អ
និងឲ្យពួកគេឆ្លុះបញ្ចាំងសម្រាប់ការរៀនសូត្រ និងដកស្រង់បទពិសោធន៍។
វិបត្តិធ្វើឲ្យយើងថប់អារម្មណ៍ និងបង្កើតសំពាធដែលយើងមិនចូលចិត្ត។
ក៏ប៉ុន្តែ រឿងពិតមួយគឺថា ពេលវេលាតានតឹង
និងការសម្រេចចិត្តដ៏លំបាកវាកើតឡើងដើម្បីសាកល្បង និងពង្រឹងភាពជាអ្នកដឹកនាំរបស់អ្នក។
ប៉ុន្តែបើអ្នកបានដឹង និងត្រៀមរៀបចំជាមុន អ្នកនឹងមានដំណោះស្រាយសមស្របដើម្បីប្រឈមនឹងវិបត្តិជាមួយភាពជឿជាក់។
-- ដកស្រង់ពីអត្ថបទរបស់ John
Maxwell, February 22, 2017, in the Success Magazine, “How to be confident in a
crisis”
-- ប្រែសម្រួលដោយ សាម អ៊ីន,
ខែមិនា ឆ្នាំ២០១៧
-- អត្ថបទទាក់ទង ៖
0 Comments