Ticker

6/recent/ticker-posts

សារៈសំខាន់នៃការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា


កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ បានបើកផ្លូវឲ្យគូបដិបក្សខ្មែរគ្រប់ភាគីសម្រេចចិត្តបញ្ឈប់ជម្លោះដោយប្រដាប់អាវុធ ងាកមកប្រជែងគ្នា ដោយយកប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សជាគោល។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ បានតម្រូវឲ្យមានការរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសសមាជិករដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលក្នុងរយៈពេល ៥ ឆ្នាំម្តង។ ក្រៅពីការបោះឆ្នោតជាតិ ប្រទេសកម្ពុជាក៏មានគោលនយោបាយអនុវត្តរបបប្រជាធិបតេយ្យបែបវិមជ្ឈការ ដែលតម្រូវឲ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល ៥ ឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០០២។ តើការបោះឆ្នោតឃុំ-សង្កាត់មានសារសំខាន់យ៉ាងណាសម្រាប់ប្រជាពលរដ្ឋ និងដំណើរការកសាងប្រជាធិបតេយ្យនៅកម្ពុជា?
          រដ្ឋបាលឃុំ-សង្កាត់គឺជារចនាសម្ព័ន្ធដឹកនាំរដ្ឋដែលស្ថិតនៅជិតបំផុតជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស ម្ចាស់ឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ។ ដូច្នេះហើយ ការដឹកនាំឃុំ-សង្កាត់មានផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅពេលដែលប្រជាពលរដ្ឋត្រូវការសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត លិខិតកាន់កាប់ ឬផ្ទេរកម្មសិទ្ធិដីធ្លី។ល។ ប្រជាពលរដ្ឋត្រូវទៅស្នើសុំនៅរដ្ឋបាលឃុំ-សង្កាត់ដែលគាត់រស់នៅ។ នៅពេលដែលមានទំនាស់ព្រំដី ឬដីស្រែចម្ការត្រូវបានគេរំលោភបំពាន ទីកន្លែងពឹងពាក់ជិតបំផុត ដើម្បីស្វែងរកការជួយដោះស្រាយគឺរដ្ឋបាលឃុំ-សង្កាត់។ នៅពេលដែលផ្លូវក្នុងភូមិឃុំពិបាកធ្វើដំណើរ នៅពេលដែលធ្វើស្រែខ្វះទឹកស្រោចស្រព្វ កន្លែងដែលប្រជាពលរដ្ឋសំដែងកង្វល់ និងទាមទារតម្រូវការដំបូងគឺក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្រុមប្រឹក្សាឃុំ-សង្កាត់មានតួនាទីធានាសន្តិសុខសុវត្ថិភាពក្នុងឃុំ-សង្កាត់ ផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ និងដឹកនាំការងារអភិវឌ្ឍមូលដ្ឋាន។ បន្ថែមពីនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ក៏មានតួនាទីជួយសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន និងអប់រំផ្សព្វផ្សាយអំពីសិទ្ធិពលរដ្ឋ និងចំណេះដឹងផ្សេងៗទាក់ទងនឹងការចិញ្ចឹមជីវិតនៅមូលដ្ឋានផងដែរ។  
ក្រៅពីតួនាទីសំខាន់ៗរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ដូចរៀបរាប់ខាងលើ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មានសិទ្ធិពិសេសក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុក-ខណ្ឌ-ក្រុង ខេត្ត-រាជធានី និងសមាជិកព្រឹទ្ធសភាសម្រាប់អណត្តិ ៥ ឆ្នាំម្តង។ ក្រុមប្រឹក្សាស្រុក-ខណ្ឌ-ក្រុង ខេត្ត-រាជធានីមានសិទ្ធិអំណាចសម្រេចលើគោលនយោបាយអភិវឌ្ឍ និងផែនការថវិការបស់ស្រុក-ខណ្ឌ-ក្រុង ខេត្ត-រាជធានី ដែលស្នើឡើងដោយគណៈអភិបាលសាមី។ រីឯព្រឹទ្ធសភា ក៏មានតួនាទីសំខាន់ផងដែរក្នុងការសម្រេចលើច្បាប់ថ្នាក់ជាតិ ហើយប្រធានព្រឹទ្ធសភាដើរតួនាទីជាប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រនៅក្នុងប្រទេស។ បន្ថែមពីនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ក៏មានសិទ្ធិអំណាចជ្រើសរើសមេភូមិ អនុភូមិ និងជំនួយការភូមិ ក្នុងចំណោមភូមិសរុបចំនួន ជាង ១ម៉ឺន ៤ពាន់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ដូច្នេះហើយក្រុមប្រឹក្សាឃុំ-សង្កាត់មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាទាំងមូល។ ក្នុងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា គណបក្សណាដែលទទួលបានការគ្រប់គ្រងឃុំ-សង្កាត់ច្រើនជាងគេ វាហាក់បីដូចជាអាចគ្រប់គ្រងសរីរាង្គមនុស្សមួយចំហៀងខ្លួន ដោយសារតែគណបក្សនោះនឹងគ្រប់គ្រងភាគច្រើនលើក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាស្រុក-ខណ្ឌ-ក្រុង ក្រុមប្រឹក្សាខេត្ត-រាជធានី និងព្រឹទ្ធសភា។ រីឯមួយចំហៀងខ្លួនទៀតគឺពឹងអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា បង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល។ ការបោះឆ្នោតឃុំ-សង្កាត់ផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការពង្រឹងអភិបាលកិច្ចល្អនៅមូលដ្ឋាន និងអនុវត្តលទ្ធិប្រជាធិបតេយ្យពីក្រោមទៅលើ។
ច្បាប់ស្តីអំពីការបោះឆ្នោតឃុំ-សង្កាត់ និងច្បាប់ស្តីអំពីការគ្រប់គ្រងឃុំ-សង្កាត់ ដែលអនុម័តនៅឆ្នាំ ២០០១ បានចែងថា ឃុំ-សង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាឃុំ-សង្កាត់មួយដែលមានសមាជិកចំនួនពី ៥ ទៅ​ ១១ អាស្រ័យតាមចំនួនប្រជាពលរដ្ឋរស់នៅក្នុងឃុំ-សង្កាត់នោះ។ បេក្ខជននៃគណបក្សនយោបាយណាដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋច្រើនជាងគេនឹងត្រូវដឹកនាំក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ក្នុងនាមជាមេឃុំ ឬចៅសង្កាត់ ហើយនឹងមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ភាគច្រើន សម្រាប់ធ្វើសេចក្តីសម្រេចចិត្ត​ផ្សេងៗ។
យោងតាមលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២ ក្នុងចំណោមឃុំ-សង្កាត់ចំនួន ១៦៣៣ គណបក្សប្រជាជនគ្រប់គ្រងឃុំ-សង្កាត់ចំនួន ១៥៩២ គណបក្សសង្រ្គោះជាតិ (គណបក្សសម រង្ស៊ី បូកនិងគណបក្សសិទ្ធមនុស្ស) ចំនួន ៤០​ និងគណបក្សហ៊្វុនស៊ិន​​​​​​​​​​​​​​​​​​​​​​​​​​បិច ចំនួន​ ១។ ប៉ុន្តែរហូតមកដល់ពេលនេះ យើងមិនទាន់ឃើញមានឃុំ-សង្កាត់ណាមួយដែលផ្តល់ជាគម្រូល្អសម្រាប់អភិបាលកិច្ចនៅមូលដ្ឋានទេ ជាពិសេសទាក់ទងនឹងការផ្តល់សេវាសាធារណៈដោយមិនយកកម្រៃថែម និងដឹកនាំការងារអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាទូទៅ ក្រុមប្រឹក្សាឃុំ-សង្កាត់តែងជួបប្រទះបញ្ហាប្រឈមបីសំខាន់ៗ ៖        
១) កង្វះធនធានមនុស្សដែលមានសមត្ថភាព
២) ពុំមានសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និង​
៣) ធនធានទម្លាក់ពីរាជរដ្ឋាភិបាលកណ្តាលមានចំនួនតិចតួចពេក
បញ្ហាប្រឈម ទី ១ និង ទី ២ គឺទាក់ទងផ្ទាល់ទៅនឹងប្រព័ន្ធគ្រប់គ្រងគណបក្សនយោបាយនៅស្រុកខ្មែរ។ តាមពិត នៅតាមមូលដ្ឋាន មិនខ្វះមនុស្សដែលមានសមត្ថភាព និងអត្តចរិតល្អសម្រាប់ដឹកនាំក្រុមប្រឹក្សាឃុំ-សង្កាត់ប្រកបដោយប្រសិទ្ធិភាពទេ ប៉ុន្តែមនុស្សមានសមត្ថភាពទាំងនោះមិនបានក្លាយជាបេក្ខជនរបស់គណបក្សនយោបាយទេ ពីព្រោះគណបក្សនយោបាយនៅស្រុកខ្មែរនៅប្រើប្រព័ន្ធចាត់តាំងពីលើមកក្រោម ហើយគណបក្សនីមួយៗឲ្យតម្លៃលើភាពស្មោះត្រង់របស់បេក្ខជនចំពោះគណបក្ស និងមេបក្ស ធំជាងសមត្ថភាព និងអត្តចរិតជាអ្នកដឹកនាំល្អ។ បន្ថែមពីនេះ អំពើពុករលួយ និងបក្សពួកនិយមក្នុងការតែងតាំងបេក្ខជនឈរនៅលេខរៀងល្អៗនៅក្នុងគណបក្សនយោបាយក៏ជាបញ្ហាប្រឈមមិនឲ្យមនុស្សល្អមានសមត្ថភាពក្លាយជាមេឃុំចៅសង្កាត់ ឬក្រុមប្រឹក្សាឃុំ-សង្កាត់ដែរ។ ប្រព័ន្ធចាត់តាំងពីលើមកក្រោមក្នុងគណបក្សនយោបាយបានបង្ខំឲ្យបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវស្តាប់បង្គាប់ និងធ្វើការបម្រើមេខាងលើ ជាជាងស្តាប់ និងធ្វើការតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រសិនបើមានការកែទម្រង់ផ្ទៃក្នុងគណបក្សនយោបាយ ដោយបោះបង់ចោលប្រព័ន្ធចាត់តាំងពីលើមកក្រោម ដោយជំនួសមកវិញនូវប្រព័ន្ធប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ដោយអនុញ្ញាតិឲ្យសមាជិកគណបក្សតាមមូលដ្ឋានជាអ្នកបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជន ពេលនោះមនុស្សល្អ មានសមត្ថភាព មានអត្តចរិតជាអ្នកដឹកនាំនឹងចូលរួមប្រកួតប្រជែងដើម្បីក្លាយជាមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ នៅពេលនោះ ក្រុមប្រឹក្សាឃុំ-សង្កាត់នឹងមានមនុស្សល្អៗ មានសមត្ថភាពដឹកនាំការងារ ធ្វើការបម្រើសេចក្តីត្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយស្វ័យប្រវត្តិ។ នៅឆ្នាំ ២០១៥ បណ្ឌិត កែម ឡី ធ្លាប់បានផ្តល់អនុសាសន៍ថា ដើម្បីឲ្យឃុំ-សង្កាត់មានការអភិវឌ្ឍន៍ជឿនលឿនល្អ ឃុំ-សង្កាត់នីមួយៗត្រូវទទួលថវិកា ១ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ។ រហូតមកដល់ពេលនេះ ឃុំ-សង្កាត់នីមួយៗទទួលបានថវិកាប្រមាណ ១ ទៅ ២ ម៉ឺនប៉ុណ្ណោះ ក្នុង ១ ឆ្នាំ។ ថវិកានេះតិចតួចស្តួចស្តើងណាស់សម្រាប់ការងារអភិវឌ្ឍឃុំ-សង្កាត់ឲ្យរីកលូតលាស់។
ដូច្នេះ ដើម្បីឲ្យការបោះឆ្នោតឃុំ-សង្កាត់ផ្តល់សារប្រយោជន៍ពិតប្រាកដដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដំណើរការកសាងប្រជាធិបតេយ្យនៅកម្ពុជា ប្រជាពលរដ្ឋត្រូវទាមទារ និងគាំទ្រឲ្យគណបក្សនយោបាយនៅកម្ពុជាទាំងអស់ធ្វើការកែទម្រង់ឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ផ្តល់សិទ្ធិអំណាចឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានបោះឆ្នោតជ្រើសរើសលេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ដោយខ្លួនឯង ព្រមទាំងអាចបោះទម្លាក់បាននៅក្នុងអណត្តិ ពេលដែលមេឃុំ ចៅសង្កាត់ជាប់ឆ្នោតប្រព្រឹត្តខុសឆ្គងធ្ងន់ធ្ងរ ដូចជាប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នាយកដីរដ្ឋលក់ ឬរំលោភបំពានដីរាស្រ្ត ។ ក្រៅពីនេះប្រជាពលរដ្ឋត្រូវចេះសម្គាល់មើលបុគ្គលិកលក្ខណៈអ្នកដឹកនាំល្អនៅមូលដ្ឋាន ដែលមានសីលធម៌ល្អ ចូលចិត្តជួយអ្នកដទៃ មានបទពិសោធន៍ និងស្នាដៃល្អក្នុងការងារសង្គម និងការងារអភិវឌ្ឍន៍ ចេះដោះស្រាយទំនាស់ ព្រមទាំងជួយលើកទឹកចិត្តពួកគាត់ឲ្យឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតគាំទ្រគណបក្សណាដែលមានបេក្ខជនដែលមានសីលធម៌ល្អ មានសមត្ថភាពដឹកនាំ ដើម្បីទទួលបានមេឃុំ ចៅសង្កាត់គំរូក្នុងការបម្រើប្រជាពលរដ្ឋ។
សូមបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ដើម្បីកំណត់ជោគវាសនា ១៦៤៦ ឃុំ-សង្កាត់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។  សូមបងប្អូនបោះឆ្នោតឲ្យគណបក្សដែលមានបេក្ខជនល្អៗ និងមានគោលនយោបាយអភិវឌ្ឍមូលដ្ឋានច្បាស់លាស់ ដើម្បីទទួលបានមេឃុំល្អ មេឃុំអភិវឌ្ឍ  មេឃុំមិនរើសអើង ដែលជាប្រយោជន៍សម្រាប់ខ្លួនឯង និងប្រទេសជាតិ។
“ជោគវាសនាភូមិឃុំយើងអាស្រ័យនឹងការសម្រេចចិត្តរបស់យើង”៕

===^^^===

---
រៀបរៀងដោយ បណ្ឌិត យ៉ង សាំងកុមារ និង បណ្ឌិត សាម អ៊ីន -- មិនា ឆ្នាំ​២០១៧

Post a Comment

0 Comments

Ad Code