គួរឲ្យសោកស្តាយ អ្នកនយោបាយខ្មែរមួយចំនួនដែលគ្មានគោលការណ៍ បានយករឿងព្រួយបារម្ភរបស់ជាតិខ្មែរជាឧបករណ៍នយោបាយ ដោយបណ្តុះឲ្យមានការភ័យខ្លាច និងញុះញុងប្រជាពលរដ្ឋខ្មែរឲ្យមានការស្អប់ខ្ពើម ខឹងសម្បា និងរើសអើងជាតិសាសន៍យួននិងសៀម ដើម្បីជាប្រយោជន៍នយោបាយរបស់ខ្លួន។ ភាពភ័យខ្លាច ការស្អប់ខ្ពើម និងកំហឹងគុំគួនជាផ្នែកអន់ខ្សោយ និងអវិជ្ជមាននៃចិត្តគំនិតរបស់មនុស្ស។ បើផ្នែកអន់ខ្សោយនៃចិត្តមនុស្សត្រូវបានគេធ្វើឲ្យរីកសាយភាយ វាធ្វើឲ្យការគិតរបស់សមាជិកក្នុងសង្គមសំឡឹងមើលទៅរកផ្លូវអវិជ្ជមាន ខ្មៅងងឹត អស់សង្ឃឹម និងខឹងសម្បា។ ជាលទ្ធផល វាបង្កឲ្យមានការសង្ស័យ ចោទប្រកាន់ និងឈ្លោះប្រកែករវាងខ្មែរនិងខ្មែរ រួចហើយរងើកភ្លើងនៃអំពើហិង្សាត្រូវបានបង្កាត់ឡើង ដែលអាចឈានទៅដល់ការបែកបាក់ជាតិ។
អ្នកនយោបាយដែលដឹកនាំ ប្រជាពលរដ្ឋឲ្យគិតអវិជ្ជមានបែបនេះ ក្នុងភាពពិតជាក់ស្តែង មិនបានជួយស្រោចស្រង់ប្រទេសជាតិទេ តែភាគច្រើន បង្កើតបញ្ហា និងវិបត្តិដល់សង្គមជាតិទៅវិញ។
ប្រវត្តិសាស្រ្តថ្មីៗនាសម័យខ្មែរក្រហមបានបង្រៀនយើងហើយ។ ដោយសារតែការភ័យខ្លាចយួនខ្លាំងពេក របបខ្មែរក្រហមបង្កើតមន្ទិលសង្ស័យលើខ្មែរគ្នាឯងថាសុទ្ធតែជាខ្មាំងស៊ីរូងផ្ទៃក្នុង បង្កើតប្រព័ន្ធតាមដានភ្នែកម្នាស់ ធ្វើទារុណកម្ម និងសម្លាប់ពលរដ្ឋខ្លួនឯងជាង ២លាននាក់។
“ការស្អប់យួន ខឹងសៀម និងសង្ស័យខ្មែរគ្នាឯងបង្កការបែកបាក់ជាតិខ្មែរ”។
ព្រះពុទ្ធបានទូន្មានយើងឲ្យចេះគិតត្រូវ និយាយត្រូវ និងធ្វើត្រូវ ទើបយើងរស់នៅបានសុខ និងជាតិយើងរីកចំរើនជឿនលឿន។ យើងជាកូនខ្មែរត្រូវបំប្លែងការព្រួយបារម្ភរបស់យើងអំពីបូរណភាពដែនដីនិងអធិបតេយ្យភាពជាតិ ទៅជាការគិតបែបវិជ្ជមាន ប្រឹងប្រែងអភិវឌ្ឍខ្លួន ចូលរួមក្នុងកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីឲ្យខ្លួនឯងរីករាយ ជោគជ័យ និងសង្គមជាតិរុងរឿងថ្កុំថ្កើង។ យើងត្រូវយល់ឲ្យច្បាស់ថា ជាតិខ្មែរអាចមានអធិបតេយ្យពេញលេញ ទាល់តែជាតិយើងមានសេដ្ឋកិច្ចខ្លាំង មានយោធាមួយដែលមានវិន័យ និងសាស្រ្តាវុធទំនើប និងមាននយោបាយការបរទេសដែលឈ្លាសវៃ។ ភាពខ្លាំងទាំងបីនេះអាចកើតឡើងបានវាទាល់តែជាតិមួយនេះមានប្រជាពលរដ្ឋដែលឧស្សាហ៍ព្យាយាម មានវិន័យ មានគំនិតច្នៃប្រឌិត និងមានអ្នកដឹកនាំល្អ មានទស្សនវិស័យវែងឆ្ងាយក្នុងការកសាង និងការពារជាតិ។ដូច្នេះតើអ្នកត្រូវធ្វើអ្វីខ្លះបើអ្នកមិនចង់ឲ្យសង្គមខ្មែរបែកបាក់ ដីខ្មែរត្រូវគេឈ្លានពាន អ្នកដឹកនាំខ្មែរត្រូវគេត្រួតត្រា និងជាតិខ្មែរត្រូវបាត់បង់?
ខាងក្រោមនេះជាការគិត និងសកម្មភាពបែបវិជ្ជមានដែលអ្នកត្រូវត្រិះរិះពិចារណា បើអ្នកពិតជាស្រឡាញ់ជាតិ និងចង់ជួយមាតុភូមិកំណើតរបស់អ្នក ៖
ទីតាំងដែលអ្នកកំពុងឈរ |
ការគិត និងសកម្មភាពវិជ្ជមាន |
បើអ្នកជាសិស្សនិស្សិត
|
សូមជាសិស្សនិស្សិតដែលប្រឹងប្រែងសិក្សារៀនសូត្រ បង្វឹកខ្លួនឲ្យមានវិន័យ ឧស្សាហ៍ព្យាយាម ចំណាយពេលអាន ស្តាប់ និងរៀនពិភាក្សាឲ្យបានច្រើន។ អភិវឌ្ឍខ្លួនក្លាយជាបុគ្គលល្អ បុគ្គលមានគុណតម្លៃ បុគ្គលមានប្រយោជន៍សម្រាប់គ្រួសារ មិត្តភ័ក្តិ និងអ្នកដទៃ។ |
សូមជាកសិករដែលឧស្សាហ៍ព្យាយាម យល់ដឹងអំពីបច្ចេកទេសកសិកម្ម ទុន និងទីផ្សារ។ | |
បើអ្នកជាកម្មករ និងនិយោជិក
|
ជាកម្មករ និយោជិក ដែលគោរពម៉ោងពេលធ្វើការ គោរពវិន័យការងារ ចេះជួយគ្នាក្នុងក្រុម បំពេញតាមផែនការការងារឲ្យម៉ត់ចត់។ |
បើអ្នកជាគ្រូបង្រៀន
|
សូមជាគ្រូបង្រៀនផ្តល់គំរូល្អ គោរពម៉ោងពេលបង្រៀន សិក្សារៀនសូត្របន្ថែម ជំរុញ និងលើកទឹកចិត្តកូនសិស្ស។ |
បើអ្នកជាគ្រូពេទ្យ
|
សូមជាគ្រូពេទ្យដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ធ្វើការព្យាបាល និងផ្តល់ប្រឹក្សាជំងឺដោយសំដីទន់ភ្លន់។ |
បើអ្នកជាមន្រ្តីរាជការ
|
សូមជាមន្រ្តីរាជការដែលមានឥរិយាបទជាអ្នកបម្រើពលរដ្ឋ គោរពក្រមប្រតិបត្តិ គោរពគោលការណ៍ មិនពុករលួយ ។ |
បើអ្នកជាទាហាន ប៉ូលីស
|
សូមជាទាហាន ប៉ូលីសដែលមានទឹកចិត្តបម្រើជាតិ បម្រើប្រជាជន ដោយស្មោះត្រង់ និងគោរពរដ្ឋធម្មនុញ្ញ។ |
បើអ្នកជាសហគ្រិន
|
សូមជាសហគ្រិនដែលមានគំនិតច្នៃប្រឌិត គំនិតផ្តួចផ្តើម មានភាពឈានមុខ មានភាពមោះមុត មានទឹកចិត្តបម្រើ និងដោះស្រាយបញ្ហាអតិថិជន។ |
បើអ្នកជាពលរដ្ឋទូទៅ
|
សូមធ្វើជាពលរដ្ឋល្អដោយចាប់ផ្តើម គោរពច្បាប់ចរាចរណ៍ កុំចោលសំរាមផ្តេសផ្តាស និងចេះឈរតម្រង់ជួរ។ ចេះជួយឈឺឆ្អាលបញ្ហាសង្គម ចេះតាមដានបញ្ហានយោបាយ ទៅបោះឆ្នោតរើសគណបក្សនយោបាយនិងតំណាងរាស្រ្តល្អ និងចូលរួមចំណែកកសាងសង្គមជាតិ។ |
បើអ្នកជាអ្នកដឹកនាំ | សូមជាអ្នកដឹកនាំដែលមានទស្សនវិស័យ មានការទទួលខុសត្រូវ ផ្តល់គំរូល្អ លើកទឹកចិត្តសហការី ស្មោះត្រង់នឹងប្រជាពលរដ្ឋ បណ្តុះអ្នកបន្តវេន និងបន្សល់មរតកល្អប្រពៃសម្រាប់អ្នកជំនាន់ក្រោយ។ |
“បើអ្នកចង់ឲ្យជាតិខ្មែរថ្លៃថ្នូរ អ្នកត្រូវដឹងថាខ្លួនត្រូវធ្វើអ្វីនៅទីតាំងដែលខ្លួនកំពុងឈរ។”
បើអ្នកអាចអភិវឌ្ឍខ្លួនអ្នកឲ្យក្លាយជាបុគ្គលមានគុណតម្លៃ មានវិន័យ មានភាពឧស្សាហ៍ព្យាយាម មានគំនិតច្នៃប្រឌិត មានភាពក្លាហាន អ្នកនឹងរួមចំណែកបង្កើតជាតិខ្មែរមួយដែលមានពលរដ្ឋចេះដឹង និងសកម្ម មានសេដ្ឋកិច្ចជឿនលឿន មាននយោបាយការបរទេសឈ្លាសវៃ និងមានយោធាដែលខ្លាំង។ នៅពេលនោះតើមានបរទេសណាអាចមកឈ្លានពានប្រទេសខ្មែរ ត្រួតត្រាជាតិខ្មែរ លេបត្របាក់ទឹកដីខ្មែរបាន។ វានឹងមានតែបរទេសដែលចង់រៀនពីខ្មែរ សហការជាមួយខ្មែរ ធ្វើពាណិជ្ជកម្មជាមួយខ្មែរ និងគោរពខ្មែរប៉ុណ្ណោះ។ការខឹងយួន ស្អប់សៀម ប្រៀបបាននឹងការសុំអង្វរកុំឲ្យគេមកឈ្លានពានខ្មែរ កុំឲ្យគេមាក់ងាយខ្មែរ។ ជាតិខ្មែរមិនអាចរស់រានបានដោយសារតែការសុំអង្វរគេទុកឲ្យយើងរស់ទេ។ ជាតិខ្មែរអាចរស់បានទាល់តែកូនខ្មែរមានស្មារតីប្រយុទ្ធ។ ជាតិខ្មែរអាចរុងរឿងបាន ទាល់តែកូនខ្មែរមានស្មារតីទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន និងជាតិរបស់ខ្លួន។ ជាតិខ្មែរអាចថ្កុំថ្កើងបានទាល់តែកូនខ្មែរមានវិន័យ ឧស្សាហ៍ព្យាយាមនិងប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួន។ ជាតិខ្មែរអាចលូតលាស់បានទាល់តែកូនខ្មែរអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំល្អ ជាអ្នកដឹកនាំផ្តល់គំរូដល់សមាជិកសហគមន៍ សហការីក្នុងស្ថាប័ន អង្គការ សមាគម និងសហជីព។ ជាតិខ្មែរអាចមានអធិបតេយ្យភាពពេញលេញទាល់តែកូនខ្មែរអាចអភិវឌ្ឍខ្លួនឲ្យមានស្មារតីមោះមុត អង់អាច ស្វិតស្វាញ មិនព្រមបោះបង់ ហើយមានទឹកចិត្តជួយអ្នកដទៃ និងជួយជាតិ។ ជាតិខ្មែរមិនអាចថ្លៃថ្នូរបានទេ បើអ្នកដឹកនាំខ្មែរមានមោទនភាពក្នុងការទទួលជំនួយ និងការគាំទ្រពីប្រទេសដទៃ និងប្រជាពលរដ្ឋខ្មែរបន្តរស់នៅជាមួយស្មារតីពឹងអាស្រ័យលើបរទេស។
“ជាតិខ្មែរនឹងមិនអាចថ្លៃថ្នូរទេ បើយើងបន្តរស់នៅដោយមានស្មារតីជាអ្នកសុំទាន។”
=== ^^^ ===
រៀបរៀងដោយ សាម អ៊ីន -- មេសា ២០១៧
---
-- អត្ថបទទាក់ទង ៖
0 Comments