Ticker

6/recent/ticker-posts

តើត្រូវធ្វើយ៉ាងណាពេលជួបបរាជ័យ?

  

“ជោគជ័យកើតចេញពីភាពបរាជ័យមួយហើយ មួយទៀត ដោយពុំបាត់បង់ក្តីសង្ឃឹម និងភាពពេញចិត្ត”  -- Winston Churchill

      ខ្ញុំដឹងថាការនិយាយវាងាយស្រួលជាងធ្វើ ក៏ប៉ុន្តែចូរអ្នកពិនិត្យមើលការពិតជាក់​ស្តែង​ទាំងឡាយ នៅពេលអ្នកសម្រេចចិត្តសាកល្បងធ្វើអ្វីមួយ វាប្រាកដជាមានឱកាស​ទទួលបរាជ័យ​ច្រើន​​ក្នុង​​នោះ។ អ្នកអាចសម្រេចចិត្តសាកល្បងធ្វើជំនួញ អ្នកនឹងអាចខាតបង់ ឬមិនដំណើរ​ការល្អ។ អ្នកអាច​សាក​ល្បងសរសេរ និងបោះពុម្ភផ្សាយសៀវភៅ ហើយគ្មាននរណា​ម្នាក់យកចិត្ត​ទុកដាក់អានសៀវភៅ​របស់​អ្នក។​
           គួរឲ្យសោកស្តាយ មនុស្សភាគច្រើនបានសាកល្បងធ្វើអ្វីមួយហើយបរាជ័យ វាធ្វើឲ្យ​គេមានអារម្មណ៍សោកស្តាយ ដោយគិតថា គេមិនគួរធ្វើវាទេ។ ហេតុអីក៏ខ្ញុំនៅជំនះ​សាកល្បងធ្វើវា? ខ្ញុំជាមនុស្សល្ងង់ណាស់មែនទេ? វាជំរុញឲ្យគេមានអារម្មណ៍មិនជឿជាក់ និងភ័យខ្លាច។ គេក៏ចាប់​ផ្តើម​ចូលសំងំក្នុងរូងវិញទៅ។ គេមានការគិតបែប “អវិជ្ជមាន”។ គេលែងហ៊ានសាកល្បងម្តងទៀត។
           ខ្ញុំយល់ថា ឧបសគ្គដ៏ធំបំផុតទៅរកភាពជោគជ័យសម្រាប់មនុស្សភាគច្រើន គឺគេមិនហ៊ាន​សាក​ល្បងធ្វើអ្វីទាំងអស់។ គេរស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនហ៊ានធ្វើអ្វីមួយទេ ពីព្រោះគេ​ធ្លាប់​​បរាជ័យ​ពីអតីតកាល ហើយមិនហ៊ានសាកល្បងជាថ្មី ឬមួយគេមានការ​ភ័យខ្លាច​ខ្លាំង​ក្នុងការ​សាកល្បងធ្វើអ្វីមួយ​ជាលើក​ដំ​បូង។
           បុគ្គលជោគជ័យទាំងឡាយលើលោកនេះសុទ្ធតែធ្លាប់ជួបប្រទះភាពបរាជ័យជាច្រើនដង តែ​ពួកគេមិនបោះបង់​សោះឡើយ ដោយក្រោកឈរឡើង ហើយដើរទៅមុខទៀតរាល់ពេល​ដែល​​គេ​ជំពប់ជើង​ដួល​ម្តងៗ។ នៅពេលអ្នកដឹងអំពីភាពបរាជ័យរបស់ពួកគាត់ អ្នកនឹង​ស្ងើច​សរសើរ​ថា ហេតុអ្វីបានជាគេអាចបន្តដំណើរទៅមុខទៀតបាន។
           បើអ្នកក្រឡេកមើលប្រវត្តិរបស់លោក Abraham Lincoln ទម្រាំដល់ពេលគាត់ក្លាយ​ជាប្រធានាធិបតីសហរដ្ឋអាមេរិក ភាពបរាជ័យរបស់គាត់រាប់មិនអស់ទេ។ ប្រាកដហើយ វាមានភាព​ជោគជ័យខ្លះក្នុងនោះ តែចំណែកនៃភាពបរាជ័យមានច្រើនលើសលុបនៅ​ក្នុង​ប្រវត្តិជីវិតរបស់គាត់។ ក៏ប៉ុន្តែ ភាពបរាជ័យទាំងនោះហើយដែលបានលត់ដុំខ្លួន​គាត់ឲ្យក្លាយ​ជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់​របស់​សហរដ្ឋ​អាមេរិក។
           លោក Ulysses S. Grant ដែលបានឈ្នះសង្រ្គាមស៊ីវិលនៅអាមេរិក បានជួបប្រទះ​នូវ​ភាពបរាជ័យជា​ច្រើន​ដងមុននឹងគាត់ក្លាយជាឧត្ដមសេនីយ៍ដែលច្បាំងឈ្នះ និងបញ្ចប់សង្រ្គាម។ គាត់ធ្លាប់​បរាជ័យនៅពេលបំពេញការងារជាភ្នាក់ងារក្រុមហ៊ុនអចលនទ្រព្យ ជាកសិករ និងជាទាហាន។ គាត់ធ្លាប់​ធ្វើការ​ជាបុគ្គលិកជាន់ទាបនៅហាងផលិតស្បែកជើង​របស់​ឪពុកគាត់។ បើអ្នកមើលប្រវត្តិទាំងនេះ គាត់មិនសមក្លាយជាវីរបុរសជាតិដ៏ល្បីល្បាយទេ។ ប៉ុន្តែ នៅពេលគាត់​ឈ្នះសង្គ្រាម មនុស្ស​ទាំង​ឡាយចាប់​ផ្តើម​មើលឃើញ​គាត់ជាតំណាង​ឲ្យភាព​ជោគជ័យ។​ អ្នកអាចនឹងស្រមៃមើល បើគាត់បោះបង់ ហើយធ្វើការបន្ត​នៅហាង​ផលិត​ស្បែកជើង​របស់ឪពុកគាត់ ជឿលើពាក្យអ្នកជិតខាង និងមិត្តភក្តិថាគាត់ជាមនុស្សមិនខ្មេះ តើគាត់នឹង​ក្លាយ​ជា​មនុស្ស​បែបណា។
           មានវីរបុរស វីរនារីរាប់មិនអស់ ដែលជីវិតពួកគាត់ជួបប្រទះ​នូវ​ភាពបរាជ័យ​ក្នុងបញ្ជី​ដ៏វែងអន្លាយ រហូតដល់ពេលដែលសម្រេចជោគជ័យណាមួយដែលធ្វើឲ្យខ្លួនគាត់ក្លាយជាវីរជន​គួរ​ឲ្យ​​សរសើរ គួរឲ្យគោរព។ សៀវភៅ និងទស្សនាវត្តីច្រើនសរសេរអំពីភាពជោគជ័យរបស់​បុគ្គល​អ​ស្ចារ្យ ប៉ុន្តែបើអ្នកសិក្សាប្រវត្តិគាត់ណាមួយ អ្នកនឹងដឹងថា ជីវិតគាត់ពោរពេញ​ដោយ​ភាពបរាជ័យ។
ផ្នែកដ៏លំបាកបំផុតនៃការប្រយុទ្ធគឺ ការ​បន្ត​ដំណើរ​ទៅ​មុខក្រោយពីជួបភាព​បរាជ័យ​​ធ្ងន់​ធ្ងរ។ ក៏ប៉ុន្តែ វាជាសមត្ថភាពពិសេសរបស់បុគ្គលជោគជ័យ ដែលបន្តដំណើរទៅមុខទៀត​ក្រោយ​ពី​​ជួប​ភាព​បរាជ័យ ហើយភាពជោគជ័យច្រើនស្ថិតនៅរង់ចាំខាង​ក្រោយភាពបរាជ័យ។
           ផ្លូវដ៏ល្អបំផុតក្នុងការប្រឈមនឹងភាពបរាជ័យគឺ ការធ្វើអ្វីមួយបន្តទៀតក្រោយពីនេះ។ ឧបករណ៍​ដ៏​ប្រសើរ​បំផុត​សម្រាប់ដំណើរ​ជីវិតដ៏ជោគជ័យគឺ​ អត្តចរិត”ធ្វើអ្វីបន្ទាប់ទៀត” (What’s next attitude)។
     · តើដំណើរបន្តទៀតជាអ្វី?
     · តើយើងត្រូវរៀបចំធ្វើអ្វីបន្ថែមទៀត?
     · តើដំណើរបន្ទាប់ទៀតទៅណា?
     · តើអ្វីទៅជាធុរកិច្ចទៅមុខទៀត?
     · តើគម្រោងអ្វីទៀតដែលត្រូវបង្កើតឡើង?

          បុគ្គលភាគច្រើនចូលចិត្តជាប់ជំពាក់នឹងជោគជ័យពីអតីតកាល ឬបរាជ័យពីអតីតកាល ហើយពួកគេក៏បន្តរស់នៅជាមួយ​អតីតកាលទៅ។ អ្នកត្រូវតែសំឡឹងមើលអនាគត សំឡឹង​ទៅមុខ បើអ្នកចង់ធ្វើដំណើរទៅរកជោគជ័យ។ អ្នកត្រូវគិតថា ថ្ងៃនេះជាថ្ងៃថ្មី ហើយខ្ញុំមាន​រឿងថ្មីដែលត្រូវធ្វើ។
          ផ្លូវដែលល្អប្រសើរក្នុងការប្រឈមនឹងភាពបរាជ័យគឺ ការយកចិត្តទុកដាក់លើរឿង​ដែលត្រូវ​​​ធ្វើ​​​បន្ត។ ចូរធ្វើដំណើរទៅមុខទៀត ចាប់ផ្តើមស្វែងរកមាគ៌ាថ្មី និងបន្តរីករាយ​ជាមួយការងារ​តទៅទៀត។
          រឿងធំចំបងពីរនៅក្នុងជីវិតមនុស្សគឺភាពសប្បាយរីករាយ និងការពេញចិត្ត។ វាងាយស្រួល​ណាស់ដែលចិត្តយើងរអិលធ្លាក់ក្នុងផ្លូវសំយ៉ុងចុះក្រោម ដែលមើលឃើញ​អ្វីៗមិនដំណើរការ ហើយឃើញជីវិតគួរឲ្យ​ធុញទ្រាន់។ ដូច្នេះ ចូរបញ្ជៀសខ្លួនអ្នកចេញពីផ្លូវនេះ ហើយចាប់យក​ផ្លូវរីករាយ និងផ្លូវពេញចិត្ត​សម្រាប់​អនាគត​អ្នក និងត្រូវធ្វើដំណើរ​ទៅមុខតទៀត។
          តើត្រូវធ្វើដូចម្តេច? ចូរចាប់ផ្តើមនិយាយអំពីរឿងត្រូវធ្វើបន្ត ចូរសរសេរវាទុក ចូរចែក​រំលែក​ជា​មួយមនុស្សដែលជួយអ្នកក្នុងការធ្វើដំណើរបន្ត។ ចូរសរសេរគោលដៅ​របស់​អ្នក​នៅមុខកញ្ចក់ ដែលអ្នកអាចមើលឃើញរាល់ថ្ងៃ ហើយធ្វើឲ្យប្រាកដថា អ្នកផ្តោតការ​គិត​របស់អ្នកទៅលើ​គោលដៅបន្ទាប់ គោលដៅថ្មី ហើយកុំបណ្តោយឲ្យ​ភាពបរាជ័យ​មកលង​ចិត្តរបស់អ្នក។
ចូរចងចាំថា អ្នកជាអ្នកគ្រប់គ្រងទាំងស្រុងលើការគិតរបស់អ្នក។ ឬមួយអ្នកធ្លាប់ទទួល​ជោគជ័យធំធេង ឬមួយបរាជ័យធ្ងន់ធ្ងរ អ្វីដែលសំខាន់ចំបងសម្រាប់អ្នក គឺការគិតលើរឿងត្រូវ​ធ្វើ​បន្ទាប់ អនាគតដែលកំពុងរង់ចាំអ្នក​ ជាជាងការចំណាយពេលខកចិត្ត តូចចិត្តនឹង​រឿងរ៉ាវ​កន្លងមក។
          នៅពេលអ្នកផ្តោតការយកចិត្តទុកដាក់លើរឿងបន្ទាប់ សកម្មភាពរបស់​អ្នកនឹង​ប្រព្រឹត្ត​ទៅ​ស្រប​នឹង​គោលដៅ​បន្ទាប់ គោលដៅថ្មីរបស់អ្នក។ បន្ទាប់មក អ្នកនឹងដឹងថា ភាពបរាជ័យ​នឹងស្ថិតនៅក្រោយឆ្ងាយពីអ្នក ហើយអ្នកកំពុងធ្វើដំណើរទៅរកជោគជ័យមួយ។

-- ប្រែសម្រួលដោយ សាម អ៊ីន (មិថុនា ២០១៧)

-- យោងតាមអត្ថបទរបស់ John Addison (April 2017) in the Success Magazine, “What to do when you fail”

-- អត្ថបទទាក់ទង ៖

១) មូលហេតុ៥យ៉ាងដែលរារាំងអ្នកមិនឲ្យជោគជ័យ 

២) ទម្លាប់ប្រចាំថ្ងៃ ៥ ប្រការរបស់បុគ្គលជោគជ័យ

Post a Comment

0 Comments

Ad Code