Ticker

6/recent/ticker-posts

អ្វីទៅជាការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាន?



        ប្រវត្តិសាស្រ្តប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរច្រើនគួរសម ក្នុងរយៈពេលកន្លះ​សតវត្ស​កន្លង​មក​នេះ។ យើងបានផ្លាស់ប្តូរពីរបបរាជានិយមដឹកនាំដោយ សម្តេច នរោត្តម សីហនុ មក​របប​សាធារណរដ្ឋ​និយម ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ នៅឆ្នាំ ១៩៧០។ បន្ទាប់មក ប្រជា​ពលរដ្ឋយើង​ក៏បានភ្លក់រសជាតិកុម្មុយនិស្តខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៨ និងការត្រួតត្រាពី​បរទេស​​​​​វៀត​ណាម ចាប់ពីឆ្នាំ ១៩៧៩ រហូតដល់កិច្ចព្រមព្រៀង​សន្តិភាពក្រុងប៉ារីស ១៩៩១។ សេចក្តីប្រាថ្នានៃការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋខ្មែរបានសំដែងចេញ​ផង​ដែរ​នៅក្នុងការបោះឆ្នោត​សាកលបែបប្រជាធិបតេយ្យ​នៅឆ្នាំ ១៩៩៣ និងការបន្លឺសំឡេង​ទាមទារ​ដ៏ខ្លាំងមួយសម្រាប់ភាព​ប្រសើរ​ឡើងនៅពេលបោះឆ្នោតជាតិ​នាឆ្នាំ ២០១៣។
        ការផ្លាស់ប្តូរជាច្បាប់ធម្មជាតិ ដែលមិនអាចបដិសេធបាន ហើយសេចក្តីប្រាថ្នាចង់បាន​ការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋខ្មែរ​មិនមែន​ជារឿងចម្លែក បើធៀបនឹងប្រជាពលរដ្ឋនៃប្រទេស​ផ្សេងទៀត។ អ្វីជារឿងសំខាន់សម្រាប់​យើង គឺថា តើយើងបានរៀនសូត្រអ្វីខ្លះពីការផ្លាស់ប្តូរ​កន្លងមក និងអ្វីទៅជាសេចក្តីប្រាថ្នាពិតប្រាកដនៃ​ការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាន?
        យើងសង្កេតឃើញថា ការផ្លាស់ប្តូរកន្លងមកច្រើនកើតចេញពីការភ័យខ្លាច ការមិនពេញចិត្ត​នឹងមេដឹកនាំ​ណាមួយ អំពើអយុត្តិធម៌ក្នុងសង្គមធ្ងន់ធ្ងរ អំពើពុករលួយរាលដាល និងការដឹកនាំ​ប្រទេស​​បែបគ្រួសារ​និយម បក្សពួក​និយម ដោយមិនសូវខ្វល់ខ្វាយអំពីតម្រូវការ និងការលំបាក​របស់ប្រជាពលរដ្ឋ​ទូទៅ។ ប្រវត្តិសាស្រ្តកន្លងមកបានបង្រៀនយើងថា ដោយសារភ័យខ្លាចនឹងការ​ជ្រៀតចូលពីពួកវៀតកុង ក៏កើតមានចលនាបះបោរទម្លាក់ សម្តេច នរោត្តម សីហនុ នៅឆ្នាំ ១៩៧០។ ដោយមិនពេញចិត្តនឹងការដឹកនាំបែបយោធានិយម និងពុករលួយហួសហេតុ ធ្វើឲ្យចលនា​ខ្មែរក្រហមទទួលការគាំទ្រពីមហាជនកាន់តែច្រើន អាចវាយផ្តួលរំលំរបប​សាធារណរដ្ឋ របស់លោក សេនាប្រមុខ លន់ នល់ បានសម្រេច នៅឆ្នាំ ១៩៧៥។ សេចក្តី​ភ័យខ្លាច​ពីយួនស៊ីរ៉ូងផ្ទៃក្នុង និងការសង្ស័យខ្មែរគ្នាឯងក្នុងរបប​ខ្មែរ​ក្រហម ឈានទៅបង្កើត​ការធ្វើទារុណកម្ម និងការកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង​ ដែលផ្តល់លេស​ដ៏ល្អមួយសម្រាប់​ការឈ្លានពាន និងការត្រួតត្រារបស់ប្រទេសវៀតណាមមកលើកម្ពុជា នៅឆ្នាំ ១៩៧៩។ ដោយមានកំហឹង និងការស្អប់ខ្ពើមលើអំពើអយុត្តិធម៌ក្នុងសង្គម ​អំពើពុករលួយ និងបក្សពួកនិយម គ្រួសារនិយម ដែលមិនថមថយ ប្រជាពលរដ្ឋបានបន្លឺសំឡេងកាន់តែឮឡើងៗ ដង្ហើយរកការផ្លាស់ប្តូរមួយថ្មីទៀត។
        អ្វីដែលយើងបានរៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរ គឺការផ្លាស់ប្តូរមួយដែលកើតចេញពីសេចក្តី​ភ័យខ្លាច កំហឹងគុំគួន​ ការស្អប់ខ្ពើម និងពុំមានទស្សនវិស័យច្បាស់លាស់សម្រាប់​អនាគត​មួយដ៏ល្អប្រសើរ បង្កឲ្យមានការផ្លាស់ប្តូរបែបហិង្សា បង្ហូរឈាម ចលាចល និងដើរថយក្រោយ។
       បើយើងចង់បានការផ្លាស់ប្តូរមួយដោយសន្តិភាព និងភាពប្រសើរឡើង ការផ្លាស់ប្តូរនោះត្រូវកើតចេញ​ពី “សេចក្តី​សង្ឃឹម” ​សម្រាប់​អនាគត “សេចក្តីស្រឡាញ់” រវាងខ្មែរ និងខ្មែរ និង “ការអត់ឱន” ចំពោះកំហុសឆ្គង​អតីតកាល ព្រមទាំងមាន ”ក្តីស្រមៃច្បាស់លាស់” ចំពោះអនាគតដ៏ប្រសើរមួយដែលយើងចង់​​បាន។

អ្វីទៅជាការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាន?

       ខ្ញុំធ្លាប់បានសាកសួរមីងម្នាក់ពេលគាត់កំពុងជិះរថយន្តក្រុងទៅព្យាបាលនៅស្រុកយួន ថាតើមីងចង់បានការផ្លាស់ប្តូរបែបណានៅស្រុកខ្មែរ។ គាត់ឆ្លើយថា គាត់ចង់ឃើញស្រុកខ្មែរ​មានមន្ទីរពេទ្យល្អ មានគ្រូពេទ្យល្អ សម្រាប់ព្យាបាល និងពិគ្រោះយោបល់ប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យ ដោយមិនចាំបាច់រត់ទៅរកពេទ្យស្រុកគេ ពេលឈឺម្តងៗ ពិបាកណាស់ក្មួយអើយ!។
       ពេលជួបសម្ភាសន៍ជាមួយ​កសិករមួយក្រុមនៅក្រោមផ្ទះ នាភូមិដាច់ស្រយាលមួយក្នុងខេត្ត​ឧត្ដរមានជ័យ ពួកគាត់បាននិយាយថា សម្រាប់កសិករដូចគាត់ អ្វីដែលគាត់ចង់ឃើញសម្រាប់​ការផ្លាស់ប្តូរនៅកម្ពុជា គឺមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ អាចខ្ចីទុនមានការប្រាក់ទាបសមរម្យ​សម្រាប់ទិញជី និងគ្រាប់ពូជ ហើយអាចលក់ស្រូវ និងកសិផលផ្សេងៗបានថ្លៃល្អពេលរដូវ​ច្រូតកាត់។ ពូម្នាក់បន្តថា រាល់ថ្ងៃលំបាកណាស់ក្មួយ ធ្វើស្រែពឹងមេឃ ទិញជី ទិញប្រេងថ្លៃ ដល់ពេលប្រមូលផលលក់ស្រូវបានថោក។ មិនដឹងថា ពេលណាទើបជីវភាពកសិករដូចខ្ញុំបាន​ធូរធារនឹងគេ រាល់ថ្ងៃកុំតែបានកូនធ្វើការរោងចក្រជួយខ្លះ មិនដឹងជាយ៉ាងណាទេ។ បើ​រាជរដ្ឋាភិបាល​​ចង់ជួយកសិករពិតមែន ដោះស្រាយតែបញ្ហា ទឹក ទុន ទីផ្សារ និងបង្រៀន​បច្ចេកទេស​កសិកម្ម ទៅបានហើយ។
       ពេលសួរទៅប្អូនស្រីម្នាក់ដែលកំពុងពរកូនស្រីតូចមួយនៅក្នុងដៃ ថាតើប្អូនស្រីចង់ឃើញ​អនាគតសម្រាប់កូនស្រីប្អូនបែបណា? គាត់ឆ្លើយថា ខ្ញុំចង់ឲ្យកូនស្រីខ្ញុំរៀនចេះដឹងនឹងគេ ចង់បានភូមិយើងមាន សាលាមត្តេយ្យល្អ ដើម្បីខ្ញុំអាចយកកូនទៅផ្ញើរបាន។ បើបានកូនខ្ញុំរៀន​ចប់ថ្នាក់ទី ១២ និងក្លាយជាពេទ្យមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ! ខ្ញុំ។ ប៉ុន្តែ មិនដឹងថា​កូនស្រីខ្ញុំមានវាសនា ឬអត់ បើសាលារៀននៅឆ្ងាយពីផ្ទះ ហើយឬគេថា គ្រូមិនសូវមកបង្រៀន​ទៀងទាត់ទៀត។
        ពេលបានជួបជាមួយអ្នកដឹកនាំសហជីពមួយចំនួន គាត់និយាយថាធ្វីដែលកម្មករ កម្មការិនីចង់បាន គឺកន្លែងការងារមានបរិស្ថានល្អ មានប្រាក់ខែសមរម្យ និងមានសិទ្ធិសេរីភាព​គ្រប់គ្រាន់ក្នុងការជួបជុំ និងជជែកតវ៉ាជាមួយម្ខាស់រោងចក្រ ដើម្បីកែលម្អលក្ខខណ្ឌការងារ។
       ខ្ញុំធ្លាប់បានជួបជជែក និយាយលេងជាមួយយុវជនមួយចំនួនដែលចង់ក្លាយជាសហគ្រិន និងខ្លះបានចាប់ផ្តើមធុរកិច្ចខ្នាតតូច។ យុវជនឆ្នើមយើងចង់ឃើញ រាជរដ្ឋាភិបាលខ្មែរមួយ​ដែលយល់អំពីសារសំខាន់នៃការបង្កើត​បរិយាកាស​អំណោយផលសម្រាប់​ការលូតលាស់​វិស័យឯកជន ជាពិសេសជួយជ្រោមជ្រែងសហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុក តាមរយៈ​គោលនយោបាយពន្ធដារ ដូចជាកុំយកពន្ធសម្រាប់ការផ្តួចផ្តើមបង្កើតធុរកិច្ចរយៈពេល ៥ ឆ្នាំដំបូង។ ក្រៅពីនេះ យើងជាយុវសហគ្រិនចង់បានឱកាសទទួលបានទុនកម្ចីដែលមានការ​ប្រាក់ទាប​សម្រាប់ការចាប់ផ្តើមអាជីវកម្ម និងលុបបំបាត់ការិយាល័យធិបតេយ្យច្រើនហួសហេតុ ហើយជាពិសេសអំពើពុករលួយ។ យើងមិនសប្បាយចិត្តដែលឃើញកូនអ្នកធំ រកស៊ីស្រួល រូចពន្ធ ទទួលបានគម្រោងដេញថ្លៃពីរដ្ឋងាយៗ រីឯកូនអ្នកតូច តែមានគំនិតច្នៃប្រឌិត មិនអាចប្រកួត​ប្រជែងបាន ដោយសារតែការលំបាករឿងសុំសំបុត្រស្នាមផ្សេងៗ ដោយបង់ថ្លៃរត់ការខ្ពស់ និងត្រូវបង់ពន្ធថ្លៃទៀត។
       ពេលបានជួបជាមួយក្រុមបញ្ញវន្តជាអ្នកវិភាគសង្គម និងអ្នកជំនាញខាងអភិបាលកិច្ចល្អ ខ្ញុំបានលើកសំណួរទៅគាត់ថា តើស្រុកខ្មែរត្រូវរៀបចំយ៉ាងណាដើម្បីឲ្យបានរីកចម្រើនលូតលាស់ ដូចប្រទេសជឿនលឿនដទៃទៀត? តើអ្វីទៅជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា? ចំលើយពី​ក្រុមបញ្ញវន្ត គឺឲ្យអ្នកដឹកនាំប្រទេសត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតលើការកសាង ប្រព័ន្ធ​អភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យមាន តុលាការឯករាជ្យ និងអាចជឿជាក់បាន រដ្ឋសភា​ដែលមានអំណាច និងសមត្ថភាព ត្រួតពិនិត្យកិច្ចការរបស់រាជរដ្ឋាភិបាល ស្ថាប័នជាតិសំខាន់ៗ​ មានដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ យោធា ប៉ូលីស អាចបំពេញការងារតាមក្រមវិជ្ជាជីវៈ ដោយមិនស្ថិតក្រោមឥទ្ធិពលអ្នកដឹកនាំនយោបាយ។ បន្ថែមពីនេះ ដើម្បីរុញឲ្យការផ្តល់សេវារដ្ឋបាលសាធារណៈល្អរហ័សទាន់ចិត្តជូនប្រជាពលរដ្ឋ គេត្រូវផ្តល់អំណាច និងធនធាន (វិមជ្ឈការ) ដល់ថ្នាក់ក្រោមជាតិ។ ខ្ញុំក៏សួរបន្តថា ហេតុអ្វីក៏អ្នកដឹកនាំបច្ចុប្បន្នមិននាំគ្នាធ្វើរឿងទាំងនេះ បើស្តាប់ទៅដូចជាមិនពិបាកធ្វើទេ ហើយថែមទាំងមានគំរូប្រទេសដទៃទៀតផង រីឯពេលវេលា និងស្ថានការណ៍ស្រុកទេស​ដូចជាសមល្មមធ្វើហើយ ព្រោះចប់សង្គ្រាមយូរដែរហើយ? ខ្ញុំបានទទួលចំលើយថា គេមិនចង់ធ្វើរឿងទាំងនេះទេ ព្រោះធ្វើទៅគេនឹងបាត់បង់អំណាចសម្រេចស្រេចនឹងចិត្ត ព្រមទាំងផលប្រយោជន៍ទាំងឡាយដែលនៅជាប់ជាមួយអំណាចសម្រេចទាំងនេះផង។ ម្យ៉ាងវិញទៀត បើគិតតាមផ្លូវធម៌ សេចក្តីលោភៈ និងមោហៈ បានរារាំងអ្នកដឹកនាំយើងមិនឲ្យ​មើលឃើញទស្សនវិស័យកសាងជាតិដ៏ល្អនេះផងមើលទៅ។
       ដោយមានការចាប់អារម្មណ៍នឹងចំឡើយរបស់ក្រុមបញ្ញវន្តយើង ខ្ញុំក៏សួរបន្តទៀតថា បើអញ្ចឹងត្រូវធ្វើយ៉ាងម៉េចទៅដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរដូចដែលប្រជាពលរដ្ឋ និងក្រុមបញ្ញវន្ត​ប្រាថ្នាចង់បាន? ក្រុមបញ្ញវន្តយើងឆ្លើយថា មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែក៏មិនមែនជារឿង​ដែលមិនអាចធ្វើបានដែរ។ វាត្រូវមានចលនានយោបាយមួយដែលមានសមត្ថភាពពន្យល់អប់រំ​ប្រជាពលរដ្ឋខ្មែរឲ្យចេះពិចារណា និងយល់ដឹងអំពីការផ្លាស់ប្តូរដែលខ្លួនចង់បាន ស្រឡាញ់គាំទ្រ​ផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា។ កិច្ចការនេះវាមិនងាយស្រួលទេ ពីព្រោះចលនានយោបាយនេះ​ត្រូវប្រឈមនឹងសមរភូមិធំពីរ ៖ សមរភូមិទី ១) គឺនយោបាយលាបពណ៌ និងប្រជាភិថុត របស់ចលនានយោបាយមួយដែលតាំងខ្លួនជាក្រុមប្រឆាំង និងស្នេហាជាតិផ្តាច់មុខ និងបន្ទាប់មក សមរភូមិទី ២) គឺ នយោបាយគំរាម ទិញ និងបំបែក របស់ចលនានយោបាយសំខាន់មួយទៀត​នៅកម្ពុជា។ ក្រុមបញ្ញវន្តយើងបន្តថា មុននឹងឈានទៅកសាងប្រព័ន្ធអភិបាលកិច្ចល្អបាន ជំហានទី ១ គឺត្រូវបង្កើតឲ្យមានការផ្លាស់ប្តូរមួយដោយសន្តិភាព ដែលទាមទារនូវភាពជាអ្នកដឹកនាំដែល​ត្រូវមាន ស្មារតីប្រយុទ្ធស្វិតស្វាញ ចំពោះឧបសគ្គគ្រប់យ៉ាង ស្មារតីអហិង្សា នៅគ្រប់ស្ថានការណ៍ទាំងអស់ និង ការអត់ឱនខ្ពស់ ចំពោះអតីតកាល។
       បន្ទាប់ពីសួរដេញដោលមួយសន្ទុះមក​ បញ្ញវន្តម្នាក់បានសួរត្រលប់មកខ្ញុំវិញថា តើបងសួរ​ដេញដោលរឿងទាំងនេះដើម្បីអ្វីដែរ ក្រែងបងយល់ដឹងរឿងទាំងនេះដែរតើអ្ហី? ខ្ញុំញញឹមរួចតបថា ខ្ញុំចង់ដឹងស៊ីជម្រៅបន្ថែមទៀត ហើយជាពិសេសខ្ញុំចង់ឲ្យក្រុមបញ្ញវន្តឆ្លុះបញ្ចាំងខ្លួនឯងថា បើដឹងរឿងទាំងនេះថាសំខាន់សម្រាប់អនាគតកម្ពុជាហើយ តើបញ្ញវន្តត្រូវធ្វើអ្វី? ក្រុមគាត់រាងទ្រឹងបន្តិច រួចងាកមើលមុខគ្នា! ខ្ញុំក៏ជំរាបលាក្រុមគាត់ចេញទៅ។

--- ^^^ --- 

-- រៀបរៀងដោយ សាម អ៊ីន   -- មិថុនា ២០១៧
-- អត្ថបទទាក់ទង ៖

១) ហេតុអ្វីកសិករនៅតែក្រ?

២) ស្អប់យួន ខឹងសៀម ឈាមខ្មែរមិនថ្លៃថ្នូរទេ

៣) តើធ្វើយ៉ាងណាឲ្យមានរាជរដ្ឋាភិបាលល្អបម្រើពលរដ្ឋ?

៤) កម្ពុជាដែលខ្ញុំចង់ឃើញ

Post a Comment

0 Comments

Ad Code