១) ជារឿងធម្មតាដែលប្រទេសធំ ហើយខ្លាំងមានចេតនាឈ្លានពានប្រទេសតូច ហើយខ្សោយ
បើយើងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត យើងនឹងដឹងថា នគរដែលខ្លាំងតែងព្យាយាមឈ្លានពាននិងចង់គ្រប់គ្រងនគរដែលខ្សោយជាងខ្លួន។ ព្រះបាទ សូរ្យវរ្ម័ន ទី២ (១១១៣ - ១១៤៥) ជាព្រះមហាក្សត្រខ្មែរដ៏ល្បីល្បាញមួយអង្គ ដែលបានសាងសង់ប្រាសាទអង្គរវត្ត ធ្លាប់បានឈ្លានពាននគរចម្ប៉ា និងនគរដៃវៀត (វៀតណាមបច្ចុប្បន្ន) ពេលដែលអាណាចក្រខ្មែរកំពុងមានអានុភាពខ្លាំងនិងរឹងមាំ។ ព្រះបាទ ជ័យវរ្ម័ន ទី៧ (១១៨១ - ១២១៨) ដែលបានរំដោះនគរខ្មែរពីការឈ្លានពានរបស់នគរចម្ប៉ា ហើយចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មានដូចជាផ្លូវថ្នល់ និងមន្ទីរពេទ្យ ព្រមទាំងប្រាសាទជាច្រើនមានដូចជា បាយ័ន តាព្រហ្ម ព្រះខន្ធ ជាដើម បានចាប់ផ្តើមឈ្លានពាន និងត្រួតត្រានគរចម្ប៉ាវិញនៅឆ្នាំ ១១៩០[1]។ ក្រោយភាពរុងរឿងថ្កុំថ្កើនប្រមាណ ៦០០ឆ្នាំ អាណាចក្រខ្មែរបានធ្លាក់ចុះខ្សោយ ហើយសម័យ ព្រះបាទ បរមរាជា ទី២ បានសម្រេចបោះបង់ចាកចោលក្រុងអង្គរជារាជធានីនៅឆ្នាំ ១៤៣១ មកកសាងរាជធានីថ្មីនៅឧត្ដុង្គនិងលង្វែក ព្រោះពិបាកទប់ទល់នឹងការឈ្លានពានរបស់នគរសៀម។ ចាប់តាំងពីសតវត្សរ៍ទី ១៥ មកដល់សម័យស្ថិតក្រោមអាណានិគមបារាំង (១៨៦៣-១៩៥៣) ប្រទេសកម្ពុជារងការឈ្លានពាន និងត្រួតត្រាជាបន្តបន្ទាប់ពីប្រទេសសៀមនិងប្រទេសយួនដែលខ្លាំងនិងរឹងមាំជាងខ្មែរ។ ទោះជាយ៉ាងណា ក៏មានការតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីនគរសៀមនិងយួនរបស់អ្នកដឹកនាំនិងរាស្រ្តខ្មែរមួយចំនួន ដែលអាចរក្សាជាតិខ្មែរ និងប្រទេសកម្ពុជាមកដល់បច្ចុប្បន្ន ដោយមិនបាត់បង់ទាំងស្រុងចេញពីផែនទីពិភពលោកដូចនគរចម្ប៉ា។ប្រវត្តិសាស្រ្តថ្មីៗក៏បានបង្រៀនយើងផងដែរថា ប្រទេសដែលតូច មានប្រជាជនតិច តែខ្លាំង និងជឿនលឿនអាចការពារទឹកដី ជាតិសាសន៍ និងការត្រួតត្រាឈ្លានពានពីប្រទេសជិតខាងដែលធំ ហើយខ្លាំងបាន។ ឧទាហរណ៍មានដូចជាប្រទេសសិង្ហបុរី ដែលជាប្រទេសតូច និងមានប្រជាជនតិច (ចំនួនប្រជាជន ៥លាននាក់) តែអាចទប់ទល់នឹងប្រទេសជិតខាងម៉ាឡេស៊ី (ចំនួនប្រជាជន ៣២លាននាក់) និងឥណ្ឌូនេស៊ី (ចំនួនប្រជាជន ២៥៨លាននាក់) ដែលធំ ហើយខ្លាំង និងមានចេតនាចង់ឈ្លានពាន និងគ្រប់គ្រងប្រទេសសិង្ហបុរី។ ប្រទេសអ៊ីស្រាអែល ដែលមានប្រជាជនសរុបតែប្រមាណ ៨លាននាក់ អាចទប់ទល់ជាមួយប្រទេសអារ៉ាប់ចំនួន ២២ប្រទេស ដែលមានចំនួនប្រជាជនសរុបប្រមាណ ៣៤០លាននាក់ ហើយមានចេតនាចង់កម្ទេចអ៊ីស្រាអែលចេញពីផែនទីពិភពលោក។
២) ហេតុអ្វីបានជាសិង្ហបុរី និងអ៊ីស្រាអែលធ្វើបាន?
មានកត្តាធំពីរដែលអាចឲ្យសិង្ហបុរីនិងអ៊ីស្រាអែលទប់ទល់នឹងការចង់ឈ្លានពាននិងគ្រប់គ្រងពីប្រទេសជិតខាងបាន ទី១ គឺ “កត្តាអ្នកដឹកនាំ” និងទី២ គឺ “កត្តាប្រជាជន”។ សិង្ហបុរី ជាប្រទេសតូច មានប្រជាជនតិច ហើយជាប្រទេសក្រីក្រមួយនៅអាស៊ីអាគ្នេយ៍កាលពីសតវត្សរ៍ ១៩៥០ និង ១៩៦០។ ជាភ័ព្វសំណាងរបស់សិង្ហបុរី ដែលមានអ្នកដឹកនាំដ៏ខ្លាំងពូកែម្នាក់ គឺលោក លី ក្វាន់យ៉ូ ដែលមានទស្សនវិស័យវែងឆ្ងាយក្នុងការកសាងជាតិ បានបង្កើតក្រុមអ្នកដឹកនាំមួយដែលខ្លាំងនិងឈ្លាសវៃ ធ្វើការអភិវឌ្ឃន៍សិង្ហបុរីជាមួយគតិបណ្ឌិត សេចក្តីក្លាហាន និងទឹកចិត្តប្រយុទ្ធស្វិតស្វាញ[2]។ លោក លី ក្វាន់យ៉ូ បានអប់រំប្រជាពលរដ្ឋសិង្ហបុរីឲ្យគោរពវិន័យ ប្រឹងប្រែងរៀនសូត្រ មានទឹកចិត្តឧស្សាហ៍ព្យាយាម និងមានគំនិតច្នៃប្រឌិត។ ប្រជាពលរដ្ឋសិង្ហបុរីមានជាតិសាសន៍ចម្រុះ (ម៉ាឡេ ចិន និងឥណ្ឌា) ប៉ុន្តែគេមានទឹកចិត្តជាពលរដ្ឋសិង្ហបុរី ខំប្រឹងរៀនសូត្រនិងធ្វើការដើម្បីសិង្ហបុរី ដោយមិនចាត់ទុកខ្លួនគេជាចិន ម៉ាឡេ ឬឥណ្ឌាទេ ហើយថែមទាំងមិនរើសអើងពូជសាសន៍ផ្សេងគ្នាផង ដែលជាហេតុធ្វើឲ្យសិង្ហបុរីជាប្រជាជាតិមួយចេះរួបរួមគ្នា មានវិន័យ ឧស្សាហ៍ព្យាយាម មានការសិក្សាខ្ពស់ និងមានគំនិតច្នៃប្រឌិត។ គេមានបុព្វហេតុរួមមួយគឺធ្វើឲ្យសិង្ហបុរីខ្លាំង និងរឹងមាំ។ គេមានមោទនភាពក្នុងនាមជាពលរដ្ឋសិង្ហបុរី និងមានកាតព្វកិច្ចក្នុងការអភិវឌ្ឍ និងការពារសិង្ហបុរី។ កត្តាទាំងពីរនេះហើយដែលធ្វើឲ្យសិង្ហបុរីអាចអភិវឌ្ឍសេដ្ឋកិច្ចបានរីកចម្រើនលូតលាស់ថ្កុំថ្កើន មានវិស័យយោធាខ្លាំង និងទំនើប និងមាននយោបាយការបរទេសឈ្លាសវៃ ដែលអាចការពារសិង្ហបុរីបានគង់វង្សរួចផុតពីការចង់ឈ្លានពានរបស់ប្រទេសជិតខាង។
អ៊ីស្រាអែល ជាប្រទេសមួយដែលធ្លាប់បាត់បង់ចេញពីផែនទីពិភពលោកប្រមាណ ២ពាន់ឆ្នាំមុន តែអាចកសាងរដ្ឋអ៊ីស្រាអែលឡើងវិញបាន ក្រោយសង្រ្គាមលោកលើកទី២។ បើទោះបីជាមានការជួយជ្រោមជ្រែងខ្លះពីលោកខាងលិច ក៏តក្តាចម្បងដែលអាចឲ្យអ៊ីស្រាអែលអាចបង្កើតរដ្ឋ និងការពាររដ្ឋបានគឺបណ្តាលមកពី “កត្តាអ្នកដឹកនាំ” និង “កត្តាប្រជាជន”។ នៅដើមសតវត្សរ៍ទី២០ ដោយមានការធ្វើទុក្ខបុកម្នេញពីសំណាក់ជនជាតិម្ចាស់ប្រទេសនៅអឺរ៉ុបកាន់តែខ្លាំងឡើង អ្នកដឹកនាំសហគមន៍ជនជាតិជ្វីស(ជនជាតិដើមអ៊ីស្រាអែល) ដែលរស់នៅប្រទេសរុស្ស៊ី រូម៉ានី ហុងគ្រី ប៉ូឡូញ អាល្លឺម៉ង់ និងផ្សេងទៀតចាប់ផ្តើមមានទស្សនវិស័យកសាងរដ្ឋអ៊ីស្រាអែលឡើងវិញ។ ពួកគេចាប់ផ្តើមបង្កើតសមាគម និងអង្គការផ្សេងៗនៅក្នុងប្រទេសដែលគេកំពុងរស់នៅដើម្បីទំនាក់ទំនងគ្នា ចលនាធនធាន និងសម្របសម្រួលសហគមន៍ជនជាតិជ្វីស ក្នុងគោលបំណងសម្រេចក្តីស្រមៃដ៏ធំរបស់គេ គឺការកសាងឲ្យមានប្រទេសអ៊ីស្រាអែលឡើងវិញនៅក្នុងផែនទីពិភពលោក។ អំពើព្រៃផ្សៃ និងប្រល័យពូជសាសន៍របស់ពួកណាស៊ីហ៊ីត្លែរ៍នៅអឺរ៉ុបមកលើជនជាតិជ្វីសកំលុងសង្រ្គាមលោកលើកទី២ និងការឈ្នះសង្រ្គាមរបស់លោកខាងលិចលើរបបណាស៊ី ជាឱកាសដ៏ល្អប្រពៃសម្រាប់ជនជាតិជ្វីសក្នុងការបង្កើតរដ្ឋអ៊ីស្រាអែលឡើងវិញនៅលើដែនដីប៉ាឡេស្ទីន។ ដោយមានការជួយជ្រោមជ្រែងពីលោកខាងលិចនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៤៨ រដ្ឋអ៊ីស្រាអែលត្រូវបានចាប់កំណើតជាផ្លូវការក្រោមការដឹកនាំរបស់លោក David Ben-Gurion [3]។ មួយថ្ងៃបន្ទាប់មក សង្គ្រាមរវាងអ៊ីស្រាអែល-អារ៉ាប់ចាប់ផ្ទុះឡើង ហើយជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់ក៏បន្តកើតមានរហូតដល់បច្ចុប្បន្ន។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺជនជាតិជ្វីសរស់នៅប្រទេសផ្សេងៗបានត្រលប់ទៅរស់នៅប្រទេសអ៊ីស្រាអែលវិញ បើទោះបីរដ្ឋអ៊ីស្រាអែលស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាប់ជាប្រចាំ។ សហគមន៍ជ្វីសដែលរស់នៅក្រៅប្រទេសបានបញ្ជូនធនធានហិរញ្ញវត្ថុទៅជួយកសាងនិងការពាររដ្ឋអ៊ីស្រាអែលទើបបង្កើតថ្មី។ គ្រួសារខ្លះដែលរស់នៅក្រៅប្រទេសក្នុងស្ថានភាពសុខដុម សុខចិត្តបញ្ជូនកូនពេញវ័យរបស់ខ្លួនឲ្យទៅធ្វើទាហាននៅអ៊ីស្រាអែល។ នេះហើយជាទឹកចិត្តពលរដ្ឋអ៊ីស្រាអែលដែលអាចការពារប្រទេសដ៏តូចនិងរដ្ឋថ្មីមួយបាន បើទោះបីត្រូវប្រឈមនឹងការចង់វាយកម្ទេចពីប្រទេសអារ៉ាប់ចំនួន ២២ប្រទេសរួមគ្នាក៏ដោយ។ ក្រៅពីទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ជនជាតិជ្វីស អ៊ីស្រាអែលក៏មានអ្នកដឹកនាំប្រទេសដែលមានទស្សនវិស័យភ្លឺស្វាង និងទឹកចិត្តប្រយុទ្ធស្វិតស្វាញផងដែរ ដូចជា លោកស្រី Golda Meir លោក Levi Eshkol លោក Menachem Begin លោក Yitzhak Rabin ជាដើម។
អ៊ីស្រាអែល ជាប្រទេសមួយដែលធ្លាប់បាត់បង់ចេញពីផែនទីពិភពលោកប្រមាណ ២ពាន់ឆ្នាំមុន តែអាចកសាងរដ្ឋអ៊ីស្រាអែលឡើងវិញបាន ក្រោយសង្រ្គាមលោកលើកទី២។ បើទោះបីជាមានការជួយជ្រោមជ្រែងខ្លះពីលោកខាងលិច ក៏តក្តាចម្បងដែលអាចឲ្យអ៊ីស្រាអែលអាចបង្កើតរដ្ឋ និងការពាររដ្ឋបានគឺបណ្តាលមកពី “កត្តាអ្នកដឹកនាំ” និង “កត្តាប្រជាជន”។ នៅដើមសតវត្សរ៍ទី២០ ដោយមានការធ្វើទុក្ខបុកម្នេញពីសំណាក់ជនជាតិម្ចាស់ប្រទេសនៅអឺរ៉ុបកាន់តែខ្លាំងឡើង អ្នកដឹកនាំសហគមន៍ជនជាតិជ្វីស(ជនជាតិដើមអ៊ីស្រាអែល) ដែលរស់នៅប្រទេសរុស្ស៊ី រូម៉ានី ហុងគ្រី ប៉ូឡូញ អាល្លឺម៉ង់ និងផ្សេងទៀតចាប់ផ្តើមមានទស្សនវិស័យកសាងរដ្ឋអ៊ីស្រាអែលឡើងវិញ។ ពួកគេចាប់ផ្តើមបង្កើតសមាគម និងអង្គការផ្សេងៗនៅក្នុងប្រទេសដែលគេកំពុងរស់នៅដើម្បីទំនាក់ទំនងគ្នា ចលនាធនធាន និងសម្របសម្រួលសហគមន៍ជនជាតិជ្វីស ក្នុងគោលបំណងសម្រេចក្តីស្រមៃដ៏ធំរបស់គេ គឺការកសាងឲ្យមានប្រទេសអ៊ីស្រាអែលឡើងវិញនៅក្នុងផែនទីពិភពលោក។ អំពើព្រៃផ្សៃ និងប្រល័យពូជសាសន៍របស់ពួកណាស៊ីហ៊ីត្លែរ៍នៅអឺរ៉ុបមកលើជនជាតិជ្វីសកំលុងសង្រ្គាមលោកលើកទី២ និងការឈ្នះសង្រ្គាមរបស់លោកខាងលិចលើរបបណាស៊ី ជាឱកាសដ៏ល្អប្រពៃសម្រាប់ជនជាតិជ្វីសក្នុងការបង្កើតរដ្ឋអ៊ីស្រាអែលឡើងវិញនៅលើដែនដីប៉ាឡេស្ទីន។ ដោយមានការជួយជ្រោមជ្រែងពីលោកខាងលិចនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៤៨ រដ្ឋអ៊ីស្រាអែលត្រូវបានចាប់កំណើតជាផ្លូវការក្រោមការដឹកនាំរបស់លោក David Ben-Gurion [3]។ មួយថ្ងៃបន្ទាប់មក សង្គ្រាមរវាងអ៊ីស្រាអែល-អារ៉ាប់ចាប់ផ្ទុះឡើង ហើយជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់ក៏បន្តកើតមានរហូតដល់បច្ចុប្បន្ន។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺជនជាតិជ្វីសរស់នៅប្រទេសផ្សេងៗបានត្រលប់ទៅរស់នៅប្រទេសអ៊ីស្រាអែលវិញ បើទោះបីរដ្ឋអ៊ីស្រាអែលស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាប់ជាប្រចាំ។ សហគមន៍ជ្វីសដែលរស់នៅក្រៅប្រទេសបានបញ្ជូនធនធានហិរញ្ញវត្ថុទៅជួយកសាងនិងការពាររដ្ឋអ៊ីស្រាអែលទើបបង្កើតថ្មី។ គ្រួសារខ្លះដែលរស់នៅក្រៅប្រទេសក្នុងស្ថានភាពសុខដុម សុខចិត្តបញ្ជូនកូនពេញវ័យរបស់ខ្លួនឲ្យទៅធ្វើទាហាននៅអ៊ីស្រាអែល។ នេះហើយជាទឹកចិត្តពលរដ្ឋអ៊ីស្រាអែលដែលអាចការពារប្រទេសដ៏តូចនិងរដ្ឋថ្មីមួយបាន បើទោះបីត្រូវប្រឈមនឹងការចង់វាយកម្ទេចពីប្រទេសអារ៉ាប់ចំនួន ២២ប្រទេសរួមគ្នាក៏ដោយ។ ក្រៅពីទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ជនជាតិជ្វីស អ៊ីស្រាអែលក៏មានអ្នកដឹកនាំប្រទេសដែលមានទស្សនវិស័យភ្លឺស្វាង និងទឹកចិត្តប្រយុទ្ធស្វិតស្វាញផងដែរ ដូចជា លោកស្រី Golda Meir លោក Levi Eshkol លោក Menachem Begin លោក Yitzhak Rabin ជាដើម។
៣) ស្វែងយល់អំពីអត្តចរិតអ្នកដឹកនាំ និងប្រជាពលរដ្ឋខ្មែរ
អ្នកជំនាញអំពីភាពជាអ្នកដឹកនាំបានផ្តល់ដំបូន្មានឲ្យយើងស្គាល់ពីខ្លួនឯងឲ្យច្បាស់ ជាពិសេសអំពីចំណុចខ្លាំងនិងខ្សោយ ដើម្បីយើងអាចអភិវឌ្ឍខ្លួនយើងបានខ្លាំងនិងរឹងមាំបាន។ ចូរយើងនាំគ្នាវិភាគ និងស្វែងយល់អំពីអត្តចរិតរបស់ជនជាតិខ្មែរយើង ពីអតីតកាលដល់បច្ចុប្បន្ន តើយើងអាចរៀនសូត្របានអ្វីខ្លះ និងត្រូវកែតម្រូវអ្វីខ្លះ ដើម្បីឲ្យជាតិយើងអាចបន្តរស់រាន និងរីកលូតលាស់ជាជាតិមួយដែលខ្លាំងនិងរឹងមាំ អាចស្ថិតស្ថេរគង់វង្សបាន ដោយមិនស្ថិតក្រោមចំណុះបរទេស និងមានអធិបតេយ្យភាពពេញលេញ។
៣.១) អត្តចរិតវិជ្ជមានៈ មានទស្សនវិស័យ ប្រយុទ្ធសិ្វតស្វាញ ឧស្សាហ៍ព្យាយាម និងច្នៃប្រឌិត
ក) អ្នកដឹកនាំ
ជាតិសាសន៍ខ្មែរធ្លាប់មានអ្នកដឹកនាំមួយចំនួនដែលមានអត្តចរិតផ្តល់គំរូល្អសម្រាប់ អ្នកជំនាន់ក្រោយ។ ព្រះបាទ ជ័យវរ្ម័ន ទី៧ ជាអង្គមហាក្សត្រដែលមានទឹកចិត្តប្រយុទ្ធមោះមុត ដើម្បីកសាង ការពារ និងពង្រីកអាណាចក្រខ្មែរ។ ព្រះអង្គមានទស្សនវិស័យក្នុងការកសាងនគរឲ្យថ្កុំថ្កើន ហើយយកចិត្តទុកដាក់ដល់ការកសាងធនធានមនុស្ស និងសុខុមាលភាពរបស់រាស្រ្ត ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាមន្ទីរពេទ្យ សាកលវិទ្យាល័យ និងស្ពានថ្នល់។ អ្នកតាឃ្លាំងមឿង ហ៊ានបូជាជីវិតដើម្បីរំដោះនគរខ្មែរពីការឈ្លានពានរបស់សៀម។ ឧកញ៉ា សឺន គុយ ហ៊ានលះបង់ជីវិតដើម្បីថែរក្សាប្រពៃណីវប្បធម៌ខ្មែរក្រោមឲ្យគង់វង្ស។ ក្នុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម (១៩៧៩-១៩៨៩) មានចលនាតស៊ូនៅតាមជាយដែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់វៀតណាម ដែលដឹកនាំដោយសម្តេច នរោត្ដម សីហនុ និង សម្តេច សឺន សាន។ សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយអំពីការកសាងសន្តិភាពនៅកម្ពុជា ក្នុងពេលសង្គ្រាមកំពុងឆាបឆេះ និងមានទឹកចិត្តប្រយុទ្ធលះបង់ខ្ពស់ក្នុងការពន្លត់សង្គ្រាមរុាំរ៉ៃនៅកម្ពុជា។ បណ្ឌិត កែម ឡី ហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុសេរីភាពបញ្ចេញមតិ និងការកសាងលទ្ធិប្រជាធិបតេយ្យ។
ខ) ប្រជាពលរដ្ឋ
បើយើងវិភាគលើស្នាដៃកសាងប្រាង្គប្រាសាទរាប់ពាន់ដែលមានក្បូរក្បាច់រចនាដ៏ល្អឥតខ្ចោះ និងបារាយណ៍ទឹកដ៏ធំមហិមាសម្រាប់ស្រោចស្រពនៅតំបន់អង្គរ ក្នុងរយៈពេល ៦០០ឆ្នាំ ដែលនគរខ្មែរមានភាពថ្កុំថ្កើន យើងអាចសន្និដ្ឋានបានថា ជនជាតិខ្មែរធ្លាប់ជាជនជាតិមួយដែល មានទឹកចិត្តអំណត់ខ្ពស់ មានការយល់ដឹងជ្រៅជ្រះ មានគំនិតច្នៃប្រឌិត ឧស្សាហ៍ព្យាយាម និងមានស្មារតីប្រយុទ្ធស្វិតស្វាញ។ ពេលបច្ចុប្បន្ន ក៏យើងមានសហគ្រិនចំណានៗ និងវ័យក្មេងមួយចំនួនដែលហ៊ានបោះទុនវិនិយោគក្នុងស្រុក មានគំនិតច្នៃប្រឌិត ប្រយុទ្ធសិ្វតស្វាញនឹងមុខរបរជំនួញរបស់ខ្លួន បើទោះបីជាបរិយាកាសសម្រាប់ការរីកលូតលាស់ វិស័យឯកជនមិនសូវអំណោយផលក៏ដោយ។ តំណាងប្រជាពលរដ្ឋដែលរងគ្រោះនឹង រឿងរំលោភសិទ្ធិដីធ្លី និងសិទ្ធិមនុស្ស ហ៊ានចេញមុខប្រយុទ្ធ តស៊ូ ទាមទារសិទ្ធិស្របច្បាប់ របស់ខ្លួន។ បញ្ញវន្តមួយចំនួនហ៊ានចេញមុខវិភាគ និងនិយាយទិតៀនអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ច បើទោះបីត្រូវប្រឈមនឹងការប្តឹងជាប់គុក ឬបាត់បង់ជីវិតក៏ដោយ។ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានរួមគ្នាបរិច្ចាគធនធានជួយដល់ចលនា នយោបាយនិងសង្គម ដែលធ្វើការតស៊ូប្រយុទ្ធដើម្បីសេរីភាព លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងការកសាងប្រព័ន្ធអភិបាលកិច្ចល្អ។
៣.២) អត្តចរិតអវិជ្ជមានៈ អាត្មានិយម គំរាម លាបពណ៌ រអ៊ូរទាំច្រើន ចុះចាញ់
ក) អ្នកដឹកនាំ
ប្រវត្តិសាស្រ្តខ្មែរពីអតីតកាល រហូតដល់បច្ចុប្បន្ន ក៏បានបង្កើតអ្នកដឹកនាំផ្តល់គំរូអាក្រក់ដល់អ្នកជំនាន់ក្រោយផងដែរ។ អ្នកដឹកនាំមួយចំនួន ដោយមានចិត្តអាត្មានិយម ចង់ដណ្តើមរាជបល្ល័ង្គ បានទៅពឹងនគរសៀម ឬនគរយួនឲ្យមកឈ្លានពាននគរខ្មែរខ្លួនឯង ព្រោះតែអំណាច និងលាភសក្ការៈ។ អ្នកដឹកនាំខ្លះ ដោយសារតែភាពល្ងង់ខ្លៅនឹងមនោគមវិជ្ជាជ្រុលនិយម បានដឹកនាំសម្លាប់ជាតិសាសន៍ឯងយ៉ាងរង្គាល និងបំផ្លាញវប្បធម៌ជាតិយ៉ាងធ្ងន់ធ្ងរ។ អ្នកដឹកនាំនយោបាយបែបជ្រុលនិយម ចូលចិត្តលាបពណ៌គ្នា បង្កើតជាវប្បធម៌នយោបាយខុសឆ្គងមួយ ធ្វើឲ្យយុវជនមួយចំនួនដែលគាំទ្រគាត់ គិតថាធ្វើបែបនេះជារឿងត្រឹមត្រូវ និងគួរយកគំរូតាម។ អ្នកដឹកនាំមួយចំនួនឆ្លៀតឱកាសកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ បើទោះបីដឹងថា ទង្វើនេះអាចធ្វើឲ្យជាតិត្រូវអន្តរាយក៏ដោយ។
ខ) ប្រជាពលរដ្ឋ
ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរមួយចំនួនចូលចិត្តរអ៊ូរទាំច្រើន ខ្វល់ខ្វាយច្រើន អស់សង្ឃឹម និងឆាប់ជឿលើអ្នកនយោបាយបោកប្រាស់។ ពួកគាត់មិនជឿជាក់លើខ្លួនឯង ចូលចិត្តតែឲ្យគេអាណិត និងពឹងពាក់សុំជំនួយពីគេ។ ពលរដ្ឋមួយចំនួនមានលទ្ធភាពល្អ រកស៊ីមានបាននៅស្រុកខ្មែរ មិនគិតអំពីការជួយជាតិវិញទេ បែរជាជ្រើសរើសផ្លូវចុះចាញ់ជាជាតិសាសន៍មួយ ដោយត្រៀមខ្លួនចាកចេញទៅរស់នៅបរទេសពេលស្រុកខ្មែរមានវិបត្តិ មានចលាចល ឬត្រូវបរទេសលេបត្របាក់នាពេលអនាគត។ ពលរដ្ឋ និងបញ្ញវន្តមួយចំនួនដឹងអំពីហានិភ័យនៃការបាត់បង់ជាតិរបស់ខ្លួនដែរ តែជ្រើសរើសផ្លូវសុខស្រួលដោយមិនខ្វល់អំពីបញ្ហាសង្គម និងនយោបាយ គិតត្រឹមតែរង្វង់ផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះ។ អត្តចរិតទាំងនេះជាអត្តចរិតអន់ថយ និងចុះចាញ់នៃជាតិសាសន៍មួយ។
៤) ចំនួនជាកត្តាកំណត់ជោគវាសនាជាតិខ្មែរ
អត្តចរិតទាំងពីរប្រភេទ(វិជ្ជមាន និងអវិជ្ជមាន) របស់អ្នកដឹកនាំ និងប្រជាពលរដ្ឋខ្មែរជាកត្តាកំណត់វាសនាជាតិខ្មែរទៅអនាគត។ ប្រសិនបើជាតិសាសន៍ខ្មែរមានចំនួនអ្នកដឹកនាំនិងប្រជាពលរដ្ឋដែលមាន “អត្តចរិតវិជ្ជមាន” ច្រើនជាង ៥០% នៃចំនួនសរុបក្នុងប្រទេស វាសនារបស់ជាតិខ្មែរនឹងរុងរឿង ថ្កុំថ្កើន និងថ្លៃថ្នូរ។ ក៏ប៉ុន្តែ ប្រសិនបើជាតិសាសន៍យើងសម្បូរណ៍អ្នកដឹកនាំនិងប្រជាពលរដ្ឋដែលមាន “អត្តចរិតអវិជ្ជមាន” ច្រើនលើសលប់ យើងមិនចាំបាច់មានគ្រូទាយដ៏ពូកែទេ យើងអាចទាយដឹងដោយខ្លួនឯងថា វាសនាជាតិខ្មែរបើមិនត្រូវគេឈ្លានពានដូចកាលពីរាប់រយឆ្នាំមុន ក៏រស់នៅក្រោមចំណុះគេដែរ មិនថាជាចំណុះនយោបាយ ឬសេដ្ឋកិច្ចទេ។
ដូច្នេះ ការអប់រំដល់យុវជនខ្មែរឲ្យមានអត្តចរិតវិជ្ជមានមានសារៈសំខាន់ខ្លាំងសម្រាប់កំណត់ ជោគវាសនាប្រទេសជាតិទៅអនាគត។ ការផ្តល់តម្លៃខ្ពស់ដល់វីរជនគំរូ ដូចជា ព្រះបាទ ជ័យវរ្ម័ន ទី៧ អ្នកតាឃ្លាំងមឿង ឧកញ៉ា សឺន គុយ បណ្ឌិត កែម ឡី ។ល។ តាមរយៈការសាងសង់រូបសំណាក សម្រាប់គោរពបូជានៅទីសាធារណៈ ចងក្រងជីវប្រវត្តិនិងផ្សព្វផ្សាយឲ្យទូលំទូលាយ ដាក់ឈ្មោះវីរជនលើវិថីនិងសំណង់អាគារសំខាន់ៗ កសាងសារមន្ទីរជាតិវីរជនខ្មែរ ជាកិច្ចការដែលសង្គមខ្មែរត្រូវធ្វើចាំបាច់ ដើម្បីបណ្តុះ "អត្តចរិតវិជ្ជមាន" ដល់ជនជាតិខ្មែរ ជាពិសេសឲ្យយុវជនខ្មែរមានស្មារតីប្រយុទ្ធ កុំចុះចាញ់ មានចិត្តអំណត់ ឧស្សាហ៏ព្យាយាម និងមានគំនិតច្នៃប្រឌិត តាមរយៈការបណ្តុះមោទនភាពជាតិ និងដើរតាមគំរូល្អៗនៃវីរជនរបស់ជាតិខ្លួន។ ការនេះនឹងជួយជំរុញឲ្យជាតិសាសន៍ខ្មែរខ្លាំងនិងរឹងមាំ ដែលអាចការពារទឹកដី និងរក្សាអធិបតេយ្យភាពជាតិបានគង់វង្សនិងស្ថិតស្ថេរ។ ជាតិខ្មែរមិនអាចរស់រាន រុងរឿង និងមានឯករាជ្យភាពដោយសារការសុំក្តីអាណិតអាសូរ ពីប្រទេសជិតខាងយើងទេ។ យើងត្រូវប្រយុទ្ធ យើងត្រូវរឹងមាំ យើងត្រូវឈ្លាសវៃ យើងត្រូវចេះអត់ឱនឲ្យគ្នា យើងត្រូវចេះសហការគ្នា ទើបយើងអាចកសាង និងការពារជាតិយើងបាន៕
រៀបរៀងដោយ សាម អ៊ីន -- កក្កដា ២០១៧
---
-- អត្ថបទទាក់ទង ៖
=== ^^^ ===
---រៀបរៀងដោយ សាម អ៊ីន -- កក្កដា ២០១៧
---
-- ឯកសារយោង៖
- [1] Wikipedia – Khmer Empire
- [1] Wikipedia – Khmer Empire
- [2] សូមអានអត្ថបទ “លី ក្វាន់យ៉ូៈ ការដឹកនាំសឹង្ហបុរី ពីក្រ ទៅមាន”
- [3] Wikipedia – History of Israel
-- អត្ថបទទាក់ទង ៖
4 Comments
ជនជាតិអ៊ីស្រាអែល បានបែកខ្ចាត់ខ្ចាយពីប្រទេសដើមនិងរស់នៅរប៉ាត់រប៉ាយជាជាតិភាគតិចនៅប្រទេសនានា ត្រូវបានទទួលរងការរើសអើងរាប់ពាន់ឆ្នាំ ហើយចុងក្រោយត្រូវបានអាល្លឺម៉ង់សម្លាប់រង្គាលនៅសង្គ្រាមលោកលើកទី2 ។ មេដឹកនាំសហគមជនជាតិអ៊ីស្រាអែល បានសម្រេចចិត្តវិលទៅរស់នៅស្រុកកំណើតដូនតាដើម2000ឆ្នាំកន្លងទៅ ហើយធ្វីជាម្ចាស់ស្រុកនោះវិញ ។ ដោយមានការជួយឧបត្ថមពីប្រទេសអង្លេសនិងអាមេរីកជាអាទ៍ និងពលីកម្មរបស់ខ្លួនផ្ទាល់ ជនជាតិអ៊ីស្រាអែលក៏បានប្រែក្លាយប្រទេសដែលខ្លួនបាត់បង់2000ឆ្នាំឲ្យទៅជាប្រទេសឯករាជ្យមួយរបស់ខ្លួន ។ សេចក្តីមានះ មហិច្ចត្តា រស់ជាប្រជាជាតិឯករាជ្យ រស់សឿងដោយខ្លួនឯងជាកត្តាចម្បងមុនគេ ។ មានកត្តាសំខាន់ៗ ជាច្រើនទៀត ។ តើខ្មែរមានសេចក្តីមានះនិងមហិច្ចត្តាបែបនេះឬទេ ? គេមិនទាន់ជឿបានថាមាន ។ មេដឹកនាំគួរមាននិងបង្ហាញសេចក្តីមានះនិងមហិច្ច្តតានេះក្រោយអ៊ុនតាក់បានបញ្ចប់បេសម្មរបស់គេ ។ តែមិនហួសពេលទេ ។