សេចក្តីភ័យខ្លាចបំផ្លាញជីវិតស្រស់ថ្លារបស់អ្នក ច្រើនជាងអ្វីដែលអ្នកអាចគិតដល់។
ក្នុងគុណសម្បត្តិជាមនុស្ស
យើងគ្រប់គ្នាមានសក្តានុពល ក្លាយជាអ្នកដឹកនាំដោយមិនចាំបាច់មានឋានៈតួនាទី
ហើយអាចសម្រេចកិច្ចការធំៗ ដែលជួយជំរុញទឹកចិត្តអ្នកនៅជុំវិញយើង
តាមរយៈភាពជាគំរូឈានមុខរបស់យើង។ ក៏ប៉ុន្តែ សំឡេងភ័យខ្លាច
ដែលបន្លឺតិចៗ ចេញពីគំនិតរបស់អ្នក រារាំងអ្នកមិនឲ្យហ៊ានធ្វើកិច្ចការធំៗទាំងឡាយដែលអ្នកចង់សាកល្បង។
កាលពីឆ្នាំមុន
ខ្ញុំមានឱកាសបានទៅកំសាន្តនៅប្រទេសនូវែលសេឡង់រយៈពេល ៣សប្តាហ៍។ ពេលនោះ
ខ្ញុំមានលទ្ធភាពបានទៅលេងកីឡាជិះស្គីនៅលើភ្នំ។
ឧទ្ធម្ភាគចក្របានយកអ្នកទៅទម្លាក់នៅលើកំពូលភ្នំ រួចអ្នកត្រូវជិះស្គីចុះមកក្រោម។ វាជាបទពិសោធន៍មួយនៃការប្រឈម
ការរំភើប និងពោរពេញដោយមេរៀនសម្រាប់ការរីកលូតលាស់។ ខាងក្រោមនេះ ជាមេរៀនខ្លះៗដែលយើងអាចយកមកអនុវត្តសម្រាប់ការដឹកនាំធុរកិច្ច
និងជីវិត។
១. អ្នកមិនរីកលូតលាស់ទេនៅក្នុងស្ថានភាពងាយស្រួល
អ្វីដែលខ្ញុំចង់និយាយគឺថា
បើអ្នកស្ថិតក្នុងស្ថានភាពដែលសុខស្រួល អ្នកនឹងមិនលូតលាស់ទៅមុខទេ។ ក៏ប៉ុន្តែ
បើអ្នកហ៊ានប្រឈមតទល់នឹងអ្វីដែលអ្នកខ្លាច ដើរទៅដល់ដែនកំណត់របស់អ្នក អ្នកនឹងដឹងថា ដែនកំណត់របស់អ្នកនឹងលូតទៅមុខតទៀត។
២. អ្នកមិនដឹងទេ រហូតទាល់តែអ្នកសាកល្បង
វាងាយស្រួលណាស់ដែលខ្ញុំអាចបដិសេធឱកាសក្នុងការជិះស្គីពីលើភ្នំខ្ពស់ដែលគួរឲ្យខ្លាច។
ខ្ញុំអាចស្វែងរកលេសរាប់ពាន់ក្នុងការបដិសេធធ្វើរឿងនេះ។ ក៏ប៉ុន្តែ
អ្នកដឹកនាំដែលមិនចាំបាច់មានឋានៈតួនាទី មិនឲ្យឱកាសដ៏ល្អនេះរំលងបានទេ។ ដូច្នេះ
ខ្ញុំក៏ចាប់យកឱកាសដ៏កម្រនេះ ដើម្បីទទួលបានបទពិសោធន៍ថ្មី។
ដោយសារតែខ្ញុំបានសាកល្បងជិះស្គីពីកំពូលភ្នំ ខ្ញុំមិនគ្រាន់តែក្លាយជាអ្នកជិះស្គីដ៏ពូកែជាងមុនទេ
គឺខ្ញុំទទួលបានបទពិសោធន៍និងភាពខ្លាំងក្នុងជីវិត ដែលមានអត្ថប្រយោជន៍សម្រាប់កិច្ចការធំៗផ្សេងទៀត។
៣. នៅជ្រុងម្ខាងទៀតនៃសេចក្តីភ័យខ្លាចរបស់អ្នក អ្នកនឹងរកឃើញភាពជឿជាក់របស់អ្នក
នៅពេលដែលយើងហ៊ានធ្វើរឿងដែលយើងភ័យខ្លាច
ដែលវានៅខ្ពស់ហួសពីភាពងាយស្រួលរបស់យើង ភាពជឿជាក់របស់យើងនឹងលូតខ្ពស់ជាងមុន។
នៅពេលដែលភាពជឿជាក់របស់ខ្ញុំកើនខ្ពស់ជាងមុន ក្នុងការជិះស្គីពីកំពូលភ្នំ
វាក៏បង្កើនភាពជឿជាក់របស់ខ្ញុំក្នុងការធ្វើធុរកិច្ច និងក្នុងការរស់នៅផងដែរ។
៤. ជីវិតរបស់អ្នកខ្លីណាស់ ចូរចាប់ផ្តើមប្រយុទ្ធជាមួយនឹងភាពភ័យខ្លាចរបស់អ្នក
ជីវិតមួយដែលសម្បូរបែបគឺជាជីវិតមួយដែលឆ្លងកាត់ការផ្សងព្រេងជាច្រើន។
ចូរកុំបោះបង់ឱកាសសម្រាប់ការរីកលូតលាស់នៃជីវិតអ្នក ហើយចូររីករាយជាមួយការសាកល្បងអ្វីដែលថ្មី
ដែលនៅខ្ពស់ហួសពីភាពសុខស្រួលរបស់អ្នក។
-- ដកស្រង់ពីអត្ថបទរបស់ Robin Sharma, “You can’t lead in fear” in the robinsharma.com/blog.
-- ប្រែសម្រួលដោយ សាម អ៊ីន, សីហា ២០១៧
0 Comments