យើងត្រូវស្វែងរកចម្លើយទៅលើសំណួរថា ហេតុអ្វីយើងបរាជ័យ? ហើយយើងដោះស្រាយរឿងនេះយ៉ាងម៉េច?
បើតាមលោក Shiv Khera អ្នកនិពន្ធសៀវភៅ “អ្នកអាចឈ្នះ” ភាពបរាជ័យច្រើនកើតឡើងដោយហេតុផលយ៉ាងតិច១ ក្នុងចំណោម៧។ ហើយលោក Harvey Mackay អ្នកនិពន្ធដ៏ល្បី និងជាអ្នកបណ្តុះបណ្តាលផ្នែកធុរកិច្ច បាននិយាយថា រាល់ហេតុផលនៃភាពបរាជ័យអាចផ្តល់មេរៀនដ៏មានតម្លៃសម្រាប់យើង ដើម្បីកុំឲ្យយើងធ្លាក់ក្នុងរណ្តៅដដែលម្តងទៀត។
ខាងក្រោមនេះជាហេតុផលចម្បងបង្កភាពបរាជ័យ និងវិធីទប់ទល់ដើម្បីបញ្ចៀសបញ្ហាម្តងទៀត៖
១. កង្វះខាតភាពស្វិតស្វាញ (Lack of persistence)
មនុស្សជាច្រើនបរាជ័យមិនមែនដោយសារគេខ្វះចំណេះដឹង ឬជំនាញទេ ក៏ប៉ុន្តែ ដោយសារតែគេឆាប់បោះបង់។ មានពាក្យសំខាន់២ដែលយើងគួរចងចាំៈ ភាពស្វិតស្វាញ (persistence) និង ភាពទប់ទល់ (resistance)។ ស្វិតស្វាញនឹងអ្វីដែលត្រូវធ្វើ និងទប់ទល់នឹងចំណង់ដែលមិនគួរធ្វើ។
ចូរសាកល្បងវិធីសាស្រ្តថ្មី នៅពេលវិធីចាស់លែងដំណើរការ ។ ភាពសិ្វតស្វាញជារឿងសំខាន់ ប៉ុន្តែមិនមែនមានន័យថា ត្រូវធ្វើវិធីដដែលៗ ហើយទន្ទឹងរង់ចាំលទ្ធផលផ្សេងទេ។ ការប្រើវិធីដដែលដែលមិនបានផលនឹងមិនធ្វើឲ្យយើងខិតទៅជិតគោលដៅរបស់យើងទេ។ ចូរត្រលប់មើលលើការប្រឹងប្រែងរបស់អ្នកពីមុនដែលមិនជោគជ័យ រូចហើយសម្រេចចិត្តផ្លាស់ប្តូរវិធីសាស្រ្តទៅ តែកុំបោះបង់គោលដៅរបស់អ្នក។ ចូរធ្វើការកែច្នៃនិងកែតម្រូវវិធីរបស់អ្នក ដោយប្រើប្រាស់បទពិសោធន៍របស់អ្នក និងរៀនសូត្រពីអ្នកដទៃ ដើម្បីធ្វើដំណើរបន្ត ហើយកុំបណ្តោយឲ្យចំណង់ផ្សេងៗដែលខុសគោលដៅអ្នកអូសទាញអ្នក។
ចូរសាកល្បងវិធីសាស្រ្តថ្មី នៅពេលវិធីចាស់លែងដំណើរការ ។ ភាពសិ្វតស្វាញជារឿងសំខាន់ ប៉ុន្តែមិនមែនមានន័យថា ត្រូវធ្វើវិធីដដែលៗ ហើយទន្ទឹងរង់ចាំលទ្ធផលផ្សេងទេ។ ការប្រើវិធីដដែលដែលមិនបានផលនឹងមិនធ្វើឲ្យយើងខិតទៅជិតគោលដៅរបស់យើងទេ។ ចូរត្រលប់មើលលើការប្រឹងប្រែងរបស់អ្នកពីមុនដែលមិនជោគជ័យ រូចហើយសម្រេចចិត្តផ្លាស់ប្តូរវិធីសាស្រ្តទៅ តែកុំបោះបង់គោលដៅរបស់អ្នក។ ចូរធ្វើការកែច្នៃនិងកែតម្រូវវិធីរបស់អ្នក ដោយប្រើប្រាស់បទពិសោធន៍របស់អ្នក និងរៀនសូត្រពីអ្នកដទៃ ដើម្បីធ្វើដំណើរបន្ត ហើយកុំបណ្តោយឲ្យចំណង់ផ្សេងៗដែលខុសគោលដៅអ្នកអូសទាញអ្នក។
២. កង្វះខាតភាពជឿជាក់ (Lack of Conviction)
មនុស្សដែលខ្វះខាតភាពជឿជាក់ចូលចិត្តដើរផ្លូវកណ្តាល ដោយភាពស្ទាក់ស្ទើរ។ ប៉ុន្តែគេភ្លេចគិតថា នៅកណ្តាលផ្លូវ អ្នកនឹងត្រូវគេបរកិនពីលើហើយ។ មនុស្សដែលខ្វះភាពជឿជាក់ចូលចិត្តសម្របខ្លួនទៅអ្វីគ្រប់យ៉ាង ពីព្រោះគេមិនជឿលើខ្លួនគេ និងគ្មានភាពក្លាហាន។ គេសម្របខ្លួនដើម្បីទទួលបានការចុះសម្រុង បើទោះបីគេដឹងថា ទង្វើរបស់អ្នកទាំងនោះខុសក៏ដោយ។
ចូរសម្រេចចិត្តថាអ្វីទៅវាសំខាន់សម្រាប់អ្នក។ ប្រសិនបើមានរឿងដែលមានតម្លៃសម្រាប់ធ្វើហើយ ចូរធ្វើវាឲ្យត្រឹមត្រូវនិងអស់ពីចិត្ត។ ទុកឲ្យអារម្មណ៍ពេញចិត្តរបស់អ្នកគ្រប់គ្រងការងារនោះទៅ។ វាមិនជាបញ្ហាអ្វីទេក្នុងការសហការជាមួយអ្នកដទៃដើម្បីជោគជ័យ ដរាបណាវាមិនប៉ះពាល់ដល់ការលះបង់គុណតម្លៃរបស់អ្នក។
៣. ស្របតាមហេតុការណ៍ (Rationalization)
អ្នកជោគជ័យតែងវិភាគស្ថានការណ៍ តែគេមិនចុះចាញ់តាមហេតុការណ៍ទេ។ អ្នកមិនជោគជ័យចូលចិត្តសម្របតាមហេតុ ហើយព្យាយាមស្វែងរកហេតុផលផ្សេងៗចេញពីហេតុការណ៍ ដើម្បីបញ្ជាក់ប្រាប់គេឯងថា វាមានហេតុផលផ្សេងៗដែលរារាំងគេមិនឲ្យជោគជ័យ។
ចូរផ្លាស់ប្តូរការគិតរបស់អ្នក។ ចូរកុំគិតថា ការសាកល្បងធ្វើអ្វីមួយមិនជោគជ័យជាភាពបរាជ័យ។ កម្រមានអ្នកទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូងណាស់។ ភាគច្រើន យើងទទួលផលជោគជ័យតាមរយៈការប្រឹងប្រែងម្តងហើយម្តងទៀត។ ចូរប្រឹងប្រែងរៀនសូត្រពីអ្វីដែលកើតឡើង និងយល់ដឹងពីហេតុផលរបស់វា ដើម្បីរិះរកវិធីយកឈ្នះ។
៤. មិនរៀនពីកំហុសឆ្គងអតីតកាល (Dismissal of Past Mistakes)
មនុស្សមួយចំនួនចេះរស់នៅនិងរៀនសូត្រ អ្នកខ្លះបានត្រឹមតែរស់ប៉ុណ្ណោះ ដោយមិនខ្វល់ពីការដកស្រង់រៀនពីជីវិតទេ។ គេបានត្រឹមតែសោកស្តាយពីកំហុសអតីតកាលប៉ុណ្ណោះ។ ភាពបរាជ័យជាគ្រូបង្រៀនដ៏ល្អ បើយើងមានឥរិយាបថត្រឹមត្រូវ។ បុគ្គលឈ្លាសវៃរៀនពីកំហុសឆ្គងរបស់គេ តែមិនសោកស្តាយពីកំហុសអតីតកាលទេ។ បទពិសោធន៍គឺជាអ្វីដែលបានកើតឡើងក្នុងជីវិត ហើយគេចាប់យកជាមេរៀន។ ការសោកស្តាយកំហុសអតីតកាល ធ្វើឲ្យអ្នកមិនបានយកចិត្តទុកដាក់នៅជាមួយបច្ចុប្បន្ន និងមិនបានត្រៀមរៀបចំផែនការសម្រាប់អនាគត។ ចូរចាប់យកបទពិសោធន៍ពីកំហុសឆ្គងរបស់អ្នក តែកុំជាប់ជំពាក់នឹងកំហុសឆ្គងនោះ។
ចូរកំណត់បញ្ហាឲ្យច្បាស់លាស់។ វិភាគលើស្ថានការណ៍ឲ្យហ្មត់ចត់ កំណត់អ្វីដែលអ្នកចង់សម្រេច អ្វីជាវិធីសាស្រ្តត្រឹមត្រូវ ហើយអ្វីដែលមិនដំណើរការល្អ។ តើអ្នកបានវិភាគលើបញ្ហាត្រឹមត្រូវឬទេ? អ្នកត្រូវយល់ថាអ្នកមានវីធិសាស្រ្តច្រើនក្នុងការសម្រេចគោលដៅ។ ប្រសិនបើអ្នកត្រូវការលុយ អ្នកអាចមានជម្រើសផ្សេងក្រៅពីបង្កើនចំណូល អ្នកអាចកាត់បន្ថយចំណាយ។ ចូរគិតមើលលើវិធីផ្សេងៗដែលអ្នកអាចធ្វើបាន។
៥. កង្វះខាតវិន័យ (Lack of Discipline)
រាល់បុគ្គលដែលសម្រេចជោគជ័យធំធេងតែងមានវិន័យក្នុងខ្លួន។ វិន័យធ្វើឲ្យអ្នកអាចគ្រប់គ្រងខ្លួនបាន ហ៊ានធ្វើការលះបង់ និងជួយបញ្ចៀសរឿងបែកអារម្មណ៍ទាំងឡាយ ព្រមទាំងអាចដើរចៀសឆ្ងាយពីចំណង់ខុសឆ្គងផង។ មានន័យថា វិន័យជួយអ្នកឲ្យផ្តោតអារម្មណ៍លើកិច្ចការរបស់អ្នក។
សូមកុំក្លាយជាអ្នកចង់បានភាពល្អឥតខ្ចោះឲ្យសោះ។ អ្នកអាចមានទស្សនវិស័យដ៏ល្អប្រពៃមួយនៃភាពជោគជ័យរបស់អ្នក ហើយវាអាចជាគ្រឿងលើកទឹកចិត្តដ៏ធំសម្រាប់អ្នក ប៉ុន្តែសូមកុំទន្ទឹងរង់ចាំនូវភាពល្អឥតខ្ចោះនៃការធ្វើដំណើរសំដៅទៅរកក្តីស្រមៃនោះ។ អ្នកត្រូវដឹងថា ការសម្រេចគោលដៅមួយវានឹងមិនលុបបំបាត់បញ្ហាបានទាំងអស់ទេ។ ចូរគិតឲ្យច្បាស់ថា អ្វីដែលជាការពេញចិត្តក្នុងដំណើរសម្រេចគោលបំណងរបស់អ្នក តែកុំជាប់ជំពាក់នឹងភាពល្អឥតខ្ចោះនៃរបៀបសម្រេចគោលបំណងនោះ។
៦. មាក់ងាយខ្លួនឯង (Poor Self-Esteem)
ការមាក់ងាយខ្លួនឯងគឺជាកង្វះខាតនៃការគោរពខ្លួនឯង
និងផ្តល់តម្លៃដល់ខ្លួនឯង។ បុគ្គលដែលមានភាពជឿជាក់ទាបតែងចូលចិត្តនិយាយការពារខ្លួនឯង
ដោយមិនប្រឹងប្រែងយកចិត្តទុកដាក់អភិវឌ្ឍខ្លួនទេ។
៧. ឥរិយាបថជឿលើព្រេងវាសនា (Fatalistic Attitude)
ឥរិយាបថជឿលើព្រេងវាសនារារាំងមនុស្សមិនឲ្យអើពើទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនទេ។ ពួកគេចាត់ទុកភាពជោគជ័យ ឬបរាជ័យអាស្រ័យលើសំណាង។ គេចុះចាញ់ខ្លួនឯងក្នុងការកំណត់វាសនារបស់គេ ដោយមិនប្រឹងប្រែង ហើយបណ្តោយឲ្យអ្វីៗកើតឡើងតាមយថាកម្មក្នុងដំណើរជីវិតគេ។
ចូរឆ្លុះកញ្ចក់រៀងរាល់ថ្ងៃ ហើយនិយាយថា “ខ្ញុំជាអ្នកកំណត់ជោគវាសនារបស់ខ្ញុំ”។ អ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងក្នុងជីវិតអ្នកទេ ក៏ប៉ុន្តែ អ្នកអាចគ្រប់គ្រងរឿងជាច្រើនក្នុងដំណើរជីវិតអ្នក ដែលអ្នកនឹកស្មានមិនដល់។ អ្នកជាអ្នកទទួលខុសត្រូវទាំងស្រុងអំពីភាពរីករាយ និងជោគជ័យរបស់អ្នក។ ឥរិយាបថរបស់អ្នកជាអ្នកកំណត់កម្ពស់ដែលអ្នកអាចឡើងទៅដល់នៅក្នុងសង្គម។ អ្នកអាចប្តូរទិសជីវិតរបស់អ្នកពីក្រោមទៅលើបាន បើអ្នកចាប់យកការទទួលខុសត្រូវសម្រាប់ជោគវាសនាជីវិតរបស់អ្នក។ ចូរកុំបណ្តោយឲ្យព្រេងវាសនាកំណត់ជីវិតរបស់អ្នក៕
===^^^===
---
ប្រែសម្រួលដោយ សាម អ៊ីន -- កញ្ញា ២០១៧
---
-- ដកស្រង់ពីអត្តបទរបស់ Harvey Mackey, in the Success Magazine (June 2017): “The 7 reasons we fail”
-- អត្ថបទទាក់ទង ៖
0 Comments