Ticker

6/recent/ticker-posts

ជ្រោងទង់ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា


១. តើរបបប្រជាធិបតេយ្យសេរីពហុបក្សមានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់កម្ពុជា?

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១​ និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣ បានត្រួសត្រាយ និងកំណត់ផ្លូវឲ្យកម្ពុជាជ្រើសរើសយករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ជារបបគ្រប់គ្រងដឹកនាំរដ្ឋមួយបែបទំនើប ដែលប្រទេសជាច្រើនលើសកលលោក មានដូចជា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េ ។ល។ បានយកទៅប្រតិបត្តិ ហើយទទួលបានផលប្រយោជន៍ជាច្រើនសម្រាប់ការរីកលូតលាស់ រុងរឿង ថ្កុំថ្កើង ក្នុងសង្គមជាតិរបស់គេ។ របបនេះតម្រូវឲ្យមានគណបក្សនយោបាយច្រើនប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត ដោយស្មើភាព និងយុត្តិធម៌ ដើម្បីទទួលសិទ្ធិអំណាចពីប្រជាពលរដ្ឋទៅដឹកនាំគ្រប់គ្រងរដ្ឋ ធានាឲ្យមានសុខសន្តិភាព​ សេរីភាព និងសេចក្តីថ្លៃថ្នូរជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស និងម្ចាស់អំណាច។

ប្រទេសកម្ពុជាធ្លាប់មានប្រវត្តិហិង្សា ប្រទូសរ៉ាយ និងបង្ហូរឈាម រាល់ពេលមានការផ្លាស់ប្តូរការដឹកនាំគ្រប់គ្រងរដ្ឋម្តងៗ ដូចជានៅឆ្នាំ ១៩៧០ (ការផ្លាស់ប្តូរពីរបបសង្គមរាស្រ្តនិយមដឹកនាំដោយ សម្តេច នរោត្តម សីហនុ មករបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ សេនាប្រមុខ លន់ ណុល) ឆ្នាំ ១៩៧៥ (ការផ្លាស់ប្តូរពីរបបសាធារណរដ្ឋខ្មែរ មករបបកុម្មុយនីស្តខ្មែរក្រហម) ឆ្នាំ១៩៧៩ (ការផ្លាស់ប្តូរពីរបបខ្មែរក្រហម មកសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយមានការលូកដៃជ្រៀតជ្រែកពីប្រទេសវៀតណាម)។ ការប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនឹងជួយកម្ពុជាឲ្យបញ្ចៀសនូវអំពើហិង្សា និងការបង្ហូរឈាមគ្នាក្នុងការផ្លាស់ប្តូរការដឹកនាំគ្រប់គ្រងរដ្ឋ ដែលអាចនឹងកើតឡើងក្នុងរយៈពេល ៥ ឆ្នាំម្តង តាមរយៈការបោះឆ្នោត។ ការនេះនឹងធ្វើឲ្យការផ្លាស់ប្តូរការគ្រប់គ្រងអំណាចពីគណបក្សនយោបាយមួយ ទៅមួយផ្សេងទៀតដោយសន្តិវិធី និងធានានិរន្តរភាពនៃស្ថិរភាពនយោបាយ និងសង្គម។

ការអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនឹងជួយកម្ពុជាឲ្យមានការទទួលស្គាល់និងគាំទ្រពីប្រទេសប្រជាធិបតេយ្យជឿនលឿននានាលើសកលលោកក្នុងការអភិវឌ្ឍជាតិ ជាពិសេសការចូលទីផ្សារនៅអាមេរិក និងអឺរ៉ុប ដែលជួយជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ធ្វើឲ្យសេដ្ឋកិច្ចជាតិអាចរីកលូតលាស់បានល្អ។ ការទទួលស្គាល់ និងគាំទ្រពីប្រទេសលោកខាងលិចនឹងជួយកម្ពុជាផងដែរដល់ការស្វែងរកតុល្យភាពនយោបាយការបរទេស ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសវៀតណាម ថៃឡង់ និងចិន ដែលមានចេតនាចង់គ្រប់គ្រង និងប្រើប្រាស់កម្ពុជា ដើម្បីផលប្រយោជន៍របស់គេ។ ការនេះមានសារៈសំខាន់ខ្លាំងក្នុងការអនុវត្តនយោបាយការបរទេសដ៏ឈ្លាសវៃ ដើម្បីធានាអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលជាប្រទេសតូចនៅក្នុងតំបន់។

២. តើសេចក្តីសង្ឃឹមនៃការកសាងរបបប្រជាធិបតេយ្យសេរីពហុបក្សត្រូវរលាយជាមួយនឹងការរំលាយគណបក្សសង្រ្គោះជាតិ?

ប្រវត្តិនៃការកសាងលទ្ធិប្រជាធិបតេយ្យ ងាកចេញពីរបបសក្តិភូមិ កុម្មុយនីស្តនិយម ឬអំណាចផ្តាច់ការតែងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ហើយរឿងបែបនេះក៏គ្មានករណីលើកលែងដែរសម្រាប់ដំណើរការកសាងប្រជាធិបតេយ្យនៅកម្ពុជា។ គណបក្សសង្រ្គោះជាតិជាគណបក្សប្រឆាំងដ៏ធំមួយដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរប្រមាណ ៣ លាននាក់ ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧។ តុលាការកំពូលបានសម្រេចប្រកាសរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ និងបានបិទសិទ្ធិសមាជិកជាន់ខ្ពស់ ១១៨ នាក់មិនឲ្យធ្វើនយោបាយក្នុងរយៈពេល ៥ ឆ្នាំ បើទោះបីជាហេតុផលនៃការរំលាយនេះមានភាពចម្រូងចម្រាសខ្លាំងក្នុងចំណោមមតិជាតិ និងអន្តរជាតិក៏ដោយ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលមានក្តីប្រាថ្នាចង់ឃើញការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យសេរីពហុបក្សមានការខកចិត្ត និងអស់សង្ឃឹមជាខ្លាំងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ។ តើនេះជាវគ្គចុងក្រោយនៃដំណើរការកសាងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឬ?

ដើម្បីឆ្លើយសំណួរខាងលើ យើងគួរនាំគ្នាត្រលប់មើលដំណើរការកសាងប្រជាធិបតេយ្យចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។ ក្រោយសង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរជិត ៣ ទសវត្សរ៍ កម្ពុជាអាចរៀបចំការបោះឆ្នោតមួយបានទៀងទាត់រាល់ ៥ ឆ្នាំម្តង ចាប់តាំងពីឆ្នាំ​ ១៩៩៣ ដល់បច្ចុប្បន្ន ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយជាច្រើន និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមតាមដានសង្កេតការណ៍ ហើយបរិយាកាសនយោបាយប្រកួតប្រជែង និងដំណើរការបោះឆ្នោតមានភាពប្រសើរឡើងពី ១ អាណត្តិ ទៅ ១ អាណត្តិ។ ប្រជាពលរដ្ឋខ្មែរបានចូលរួមសកម្មក្នុងដំណើរការបោះឆ្នោត ដោយអាត្រាអ្នកចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតមានកម្រិតខ្ពស់ជាង ៨០%។ ការប្រកួតប្រជែងនយោបាយរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ តាមរយៈការបោះឆ្នោត បានធ្វើឲ្យមានភាពប្រសើរឡើងមួយចំនួនដូចជាៈ ការផ្លាស់ប្តូរថ្នាក់ដឹកនាំនិងប្រសិទ្ធភាពដឹកនាំក្រសួងអប់រំ ពាណិជ្ជកម្ម គមនាគមន៍ នគររូបនីយកម្មនិងសំណង់ និងក្រសួងបរិស្ថាន ការបញ្ចុះតម្លៃអគ្គិសនី ការតម្លើងប្រាក់ខែមន្រ្តីរាជការនិងកម្មករ និងការដោះស្រាយវិបត្តិដីធ្លី។

អ្នកដឹកនាំនយោបាយសំខាន់ៗដែលនៅមានឥទ្ធិពលមកលើនយោបាយខ្មែរបច្ចុប្បន្នមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកដឹកនាំគណបក្សប្រជាជន គឺជាសហស្ថាបនិកដ៏សំខាន់ម្នាក់ជាមួយ សម្តេច នរោត្តម សីហនុ ក្នុងការកសាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកធ្លាប់មានស្នាដៃក្នុងការរំលាយរចនាសម្ព័ន្ធដឹកនាំខ្មែរក្រហម និងពន្លត់សង្គ្រាមស៊ីវិលនៅកម្ពុជាដោយជោគជ័យ។ លោក សម រង្ស៊ី និងលោក​ កឹម សុខា ជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានបំពេញភារកិច្ចយ៉ាងលំបាកយូរឆ្នាំ ប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការអប់រំ និងបំផុសប្រជាពលរដ្ឋឲ្យយល់ដឹងអំពីនិងប្រើប្រាស់សិទ្ធិសេរីភាពពលរដ្ឋ ក្នុងការសម្ដែងមតិ ការជួបជុំតវ៉ាដោយសន្តិវិធី និងការបោះឆ្នោត ដែលជាធាតុដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គួរឲ្យសោកស្តាយសម្រាប់កម្ពុជា អ្នកដឹកនាំនយោបាយដែលមានឥទ្ធិពលទាំង ៣ រូបគ្មានសមត្ថភាពធ្វើការរួមគ្នា គ្មានទំនុកចិត្តលើគ្នាទៅវិញទៅមក និងខកខានក្នុងការកសាងមរតកនៃការរៀបចំប្រព័ន្ធប្រជាធិបតេយ្យដ៏ល្អមួយសម្រាប់អ្នកជំនាន់ក្រោយ។ ពួកគាត់ទាំង ៣ រូបបានបង្កើតនយោបាយប្រឈមមុខគ្នាបែបអវិជ្ជមាន បង្កទំនាស់ស្រួចស្រាវ ឈានទៅរំលាយគណបក្សសង្រ្គោះជាតិ ដែលធ្វើឲ្យដំណើរកសាងលទ្ធិប្រជាធិបតេយ្យធាក់ថយក្រោយ និងប្រជាពលរដ្ឋអស់សង្ឃឹម។

ក៏ប៉ុន្តែ ការរំលាយគណបក្សសង្គ្រោះជាតិមិនគួរនិងមិនត្រូវជាវគ្គចុងក្រោយនៃដំណើរកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាទេ។ បើយើងប្រៀបធៀបកិច្ចការនេះទៅនឹងការធ្វើស្រែ យើងអាចសន្និដ្ឋានបានថា យើងបានកាប់ឆ្ការព្រៃ បោចស្មៅ ភ្ជួររាស់រៀបចំដីធ្លីបានរួចរាល់ល្អហើយ គ្រាប់ពូជប្រជាធិបតេយ្យត្រូវបានសាបព្រោះ ហើយពន្លកស្រូវក៏លូតលាស់ចេញពណ៌ខៀវស្រងាត់ជាបណ្តើរៗដែរ ស្រាប់តែមួយរំពេចនោះ មានព្យុះកំណាចមួយបោកបក់យ៉ាងខ្លាំង ហើយនាំទឹកជំនន់ដ៏ធំមួយមកបំផ្លាញសំណាបទាំងស្រុង។ តើយើងត្រូវអស់សង្ឃឹម ហើយសម្រេចចិត្តឈប់ធ្វើស្រែបន្តទៀត? ឬត្រូវសម្រេចចិត្តចាប់ផ្តើមសាបព្រោះឡើងវិញ ជាមួយក្តីសង្ឃឹមថានឹងបានទទួលផលស្រូវដ៏គាប់ប្រសើរមួយនៅពេលក្រោយ?

៣. យើងត្រូវជ្រោងទង់ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា

បើយើងតាំងចិត្តជាអ្នកបន្តវេនបុព្វបុរសខ្មែរសម័យអង្គរ យើងមិនត្រូវអស់សង្ឃឹមទេ។ យើងត្រូវបន្តដំណើរទៅមុខទៀត។ យើងត្រូវចាត់ទុកថា ការកសាងរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាប្រៀបដូចជាកីឡារត់បណ្តាក់។ យើងត្រូវត្រៀមខ្លួនចាំយកភ្លើងគប់ពីដៃអ្នកដឹកនាំនយោបាយទាំង ៣ រូប រួចរត់បន្តទៅមុខទៀត សំដៅទៅឲ្យដល់គោលដៅរបស់យើងគឺការកសាងសង្គមកម្ពុជាមួយដែលមានប្រជាធិបតេយ្យពិតប្រាកដ ដែលប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ ដែលប្រទេសកម្ពុជាមានអធិបតេយ្យពេញលេញ។ សុភាសិតបុរាណជប៉ុនមួយនិយាយថា “បើដួល ៧ ដង យើងត្រូវងើបឈរឡើងវិញឲ្យបាន ៨ ដង”។ យើងមានកាតព្វកិច្ចជ្រោងទង់ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងបញ្ចប់កិច្ចការកសាងប្រព័ន្ធប្រជាធិបតេយ្យដ៏ល្អប្រពៃមួយនៅក្នុងជំនាន់នេះ សម្រាប់ទុកឲ្យកូនចៅខ្មែរយើងដែលមានសមត្ថភាព និងចំណាប់អារម្មណ៍រឿងនយោបាយប្រកួតប្រជែងគ្នាដោយស្មើភាព និងយុត្តិធម៌ ដើម្បីអាចដឹកនាំប្រទេសកម្ពុជាមួយឲ្យរុងរឿង ថ្កុំថ្កើង និងថ្លៃថ្នូរនៅលើឆាកអន្តរជាតិ។

ការកសាងរបបប្រជាធិបតេយ្យសេរីពហុបក្សត្រូវការរៀបចំដំណើរការបោះឆ្នោតមួយដែលអាចទទួលយកបាន។ ចំណុចសំខាន់ៗនៃដំណើរការបោះឆ្នោតមួយដែលអាចជឿជាក់បានរួមមានការចុះឈ្មោះបោះឆ្នោតដែលមានតម្លាភាព និងត្រឹមត្រូវ ធានាឲ្យពលរដ្ឋខ្មែរគ្រប់រូបទទួលបានសិទ្ធិទៅបោះឆ្នោត សកម្មភាពឃោសនាដោយស្មើភាពនិងយុត្តិធម៌សម្រាប់គ្រប់គណបក្សនយោបាយចូលរួមប្រកួតប្រជែង មានការចូលរួមសង្កេតការណ៍ដោយប្រសិទ្ធភាពពីតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍អន្តរជាតិ ការរាប់សន្លឹកឆ្នោតដោយតម្លាភាពនិងត្រឹមត្រូវ និងការដោះស្រាយពាក្យបណ្តឹងដោយយុត្តិធម៌។

របបប្រជាធិបតេយ្យសេរីពហុបក្សមិនអាចកើតឡើងបានដោយពុំមានការប្រឹងប្រែងចូលរួមពីប្រជាពលរដ្ឋក្នុងប្រទេសនោះទេ។ ប្រជាពលរដ្ឋត្រូវរៀនស្វែងយល់អំពីគណបក្សនយោបាយ អ្នកដឹកនាំនយោបាយ និងបេក្ខជនតំណាងរាស្រ្តដែលគាត់ត្រូវសម្រេចចិត្តឲ្យក្លាយជាតំណាងរបស់គាត់ និងត្រូវទៅបោះឆ្នោត។ គណបក្សនយោបាយជាស្ថាប័នសំខាន់បំផុតមួយក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ពីព្រោះគណបក្សដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេនឹងត្រូវទទួលបានសិទ្ធិបង្កើតរដ្ឋាភិបាលទៅដឹកនាំគ្រប់គ្រងកិច្ចការរដ្ឋ។ គណបក្សនយោបាយដែលល្អប្រសើរត្រូវមាន គ៤ គឺ គុណតម្លៃ គោលដៅវែងឆ្ងាយ គោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង និងគោលនយោបាយច្បាស់លាស់។ នៅប្រទេសប្រជាធិបតេយ្យជឿនលឿន គេឲ្យតម្លៃលើស្ថាប័នគណបក្ស ជាងបុគ្គលដឹកនាំគណបក្ស។ ប្រជាពលរដ្ឋខ្មែរគួរជម្រុះចោលនូវផ្នត់គំនិតសម្លឹងមើលអ្នកដឹកនាំនយោបាយជាន់ខ្ពស់ជាបុគ្គលសក្ការៈ ដែលត្រូវជឿផ្កាប់មុខ និងមិនអាចតិះទៀនបាន តែត្រូវប្រឹងតាមដាន រិះគន់ និងដាក់សម្ពាធឲ្យពួកគាត់ចេះកសាងគណបក្សឲ្យមាន គ៤ បង្កើតក្រុមការងារល្អ និងបណ្តុះអ្នកដឹកនាំបន្តវេនឲ្យបានច្រើន ដើម្បីនិរន្តរភាពការដឹកនាំគណបក្ស និងការចូលរួមដឹកនាំប្រទេសកម្ពុជាឲ្យរុងរឿង ថ្កុំថ្កើង និងថ្លៃថ្នូរជានិរន្តរ៍។ របបប្រជាធិបតេយ្យសេរីពហុបក្សនឹងកើតមាននៅកម្ពុជាដោយពិតប្រាកដ នៅពេលយើងមានប្រជាពលរដ្ឋសកម្មចូលរួម គណបក្សនយោបាយល្អៗ តំណាងរាស្រ្តល្អ និងរាជរដ្ឋាភិបាលដែលមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាពលរដ្ឋ។

“ការកសាងសង្គមប្រជាធិបតេយ្យជាដំណើរដ៏វែងឆ្ងាយ។ បើប្រជាពលរដ្ឋចង់បានរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា យើងត្រូវរួមគ្នាជ្រោងទង់ប្រជាធិបតេយ្យ។”

“ប្រសិនបើអ្នកកើតមកក្នុងសង្គមមួយដែលគ្មានប្រជាធិបតេយ្យ នេះមិនមែនជាកំហុសរបស់អ្នកទេ។ ក៏ប៉ុន្តែ បើអ្នកស្លាប់ទៅវិញ ហើយសង្គមរបស់អ្នកនៅតែគ្មានសិទ្ធិសេរីភាព អ្នកមានកំហុសចំពោះកូនចៅរបស់អ្នក។”

-- រៀបរៀង ដោយ យ៉ង សាំងកុមារ និង សាម អ៊ីន, កុម្ភះ ២០១៨

-- អត្ថបទទាក់ទង៖

១) ឧត្តមគតិ កែម ឡី និយម

២) នយោបាយ និង ប្រជាធិបតេយ្យ

៣) លក្ខណសម្បត្តិអ្នកដឹកនាំល្អបែបប្រជាធិបតេយ្យ

Post a Comment

0 Comments

Ad Code