Ticker

6/recent/ticker-posts

វៀតណាមមិនផ្លាស់ប្តូរមហិច្ឆតា

 

១. ប្រវត្តិសាស្រ្តបង្រៀនខ្មែរ 

បើយើងសម្លឹងមើលប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាមកម្ពុជាឡើងវិញក្នុងរយៈពេល៣០០ឆ្នាំចុងក្រោយ យើងសង្កេតឃើញថា វៀតណាមមានការផ្លាស់ប្តូររបបនយោបាយនិងអ្នកដឹកនាំសំខាន់ៗជាបន្តបន្ទាប់ តែវៀតណាមមិនបានផ្លាស់ប្តូរមហិច្ឆតាក្នុងការលេបត្របាក់និងគ្រប់គ្រងកម្ពុជាទេ។ អ្នកដឹងទេ នៅឆ្នាំ១៦១៨ ស្តេចក្រាញ់អាណាមដែលគ្រប់គ្រងវៀតណាមខាងត្បូងឈ្មោះ ងឿនផុកងឿន (Nguyen Phuc Nguyen) បានសុខចិត្តថ្វាយបុត្រី ផុកងុកវ៉ាន់ ជាមហេសី ដល់ព្រះបាទ ជ័យជេដ្ឋាទី២ ជាក្សត្រខ្មែរដែលសោយរាជ្យនៅឧត្ដុងពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៦២៨។ ក្នុងប្រវត្តិសាស្រ្តខ្មែរគេស្គាល់មហេសីយួនរបស់ព្រះបាទ ជ័យជេដ្ឋាទី២ ជាអ្នកអង្គម្ចាស់ចូវ។ ដោយចង់ទប់ទល់ជាមួយឥទ្ធិពលរបស់សៀមដែលទើបនឹងបានវាយបំបែកបន្ទាយលង្វែកនៅឆ្នាំ១៥៩៣ ព្រះបាទ ជ័យជេដ្ឋាទី២ ក៏ព្រមទទួលយកទំនាក់ទំនងជាមួយអាណាមតាមរយៈការភ្ជាប់សាច់សាលោហិតនេះ។ បន្តិចក្រោយមក ស្តេចអាណាមក៏ស្នើសុំដាក់ស្នាក់ការគយនៅតំបន់ព្រៃនគរ និងការជួយសម្រួលឲ្យនិគមជន យួនមកតាំងទីលំនៅលើដីសណ្តកម្ពុជាក្រោម។ ចាប់ពីពេលនោះមក បន្តិចម្តងៗ អាណាមចេះតែពង្រីកប្រព័ន្ធរដ្ឋបាលរបស់ខ្លួន ហើយការតាំងទីលំនៅរបស់ជនជាតិយួននៅតំបន់កម្ពុជាក្រោម ក៏ចេះតែកើនឡើងជាលំដាប់។

រូបភាព១៖ ស្តេច បាយដាវ និងមន្រ្តីបារាំង

ស្តេចបាវដាយ ឡើយគ្រងរាជ្យនៅឆ្នាំ ១៩៣២ និងជាអង្គក្សត្រចុងក្រោយរបស់វៀតណាម បានរត់ភាសខ្លួនទៅក្រៅស្រុកជាញឹកញាប់ដោយសារវិបត្តិនយោបាយនៅក្នុងស្រុក។ ក្រោយបញ្ចប់សង្រ្គាមលើកទី២នៅឆ្នាំ១៩៤៥ សភាពការណ៍ពិភពលោកមានការប្រែប្រួលខ្លាំង។ ជប៉ុនចាញ់សង្គ្រាម ហើយបានដកខ្លួនចេញពីតំបន់ឥណ្ឌូចិន បារាំងបានចូលមកកាន់កាប់តំបន់អាណានិគមចាស់នៅឥណ្ឌូចិនឡើងវិញ ដែលក្នុងនោះមានវៀតណាមខាងត្បូង ឡាវ កម្ពុជា និងដែនដីកូសាំងសុីន(កម្ពុជាក្រោម) ដែលកាលនោះក្នុងផ្លូវច្បាប់មិនទាន់ជារបស់វៀតណាមនៅឡើយ។ ចលនាកុម្មុយនីស្តក្រហមនៅចិនបានវាយឈ្នះពួកជាតិនិយមគួរម៉ីងតាង ហើយឡើងក្តោបក្តាប់អំណាចក្នុងឆ្នាំ១៩៤៩។ ការនេះធ្វើឲ្យចលនាកុម្មុយនីស្តនៅវៀតណាមខាងជើងកាន់តែរីកធំរស់រវើកឡើង បង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់បារាំងក្នុងការរក្សាអាណានិគមរបស់ខ្លួន ក៏ដូចជាការសាយភាយនៃលទ្ធិកុម្មុយនីស្តនៅអាសុីអាគ្នេយ៍។ ដោយចង់ទប់ទល់នឹងចលនាកុម្មុយនីស្តនៅវៀតណាម បារាំងបានបញ្ចុះបញ្ចូលយាងស្តេចបាវដាយចូលស្រុកវិញ ដើម្បីជួយគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៤៩។ ស្តេចបាវដាយបានដាក់លក្ខខណ្ឌដល់បារាំងថា ខ្លួនសុខចិត្តចូលស្រុកជួយបារាំងប្រឆាំងនឹងចលនាកុម្មុយនីស្ត តែបារាំងត្រូវកាត់ដែនដីកូសាំងសុីន(កម្ពុជាក្រោម) ឲ្យស្ថិតក្នុងការគ្រប់គ្រងរបស់វៀតណាមខាងត្បូង តាមផ្លូវច្បាប់ឲ្យច្បាស់លាស់។ សភាបារាំងបានសម្រេចកាត់ដែនដីកូសាំងសុីនឱ្យទៅវៀតណាមនៅថ្ងៃទី ៤ មិថុនា ឆ្នាំ១៩៤៩ ជាផ្លូវការ។

រូបភាព២៖ សឺង ងុកមិញ និង ហូ ជីមិញ

នៅថ្ងៃទី ៣ កុម្ភះ ឆ្នាំ១៩៣០ ហូ​ ជីមិញ បានបង្កើតគណបក្សកុម្មុយនីស្តឥណ្ឌូចិន ជាមួយក្តីស្រមៃដ៏ធំធេងក្នុងការគ្រប់គ្រងកម្ពុជានិងឡាវទាំងមូលទៅថ្ងៃអនាគត។ ហូ ជីមិញ យល់ថាដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ចិនដែលតែងយាយីវៀតណាមរាប់ពាន់ឆ្នាំមកហើយ វៀតណាមត្រូវពង្រីកនិងពង្រឹងខ្លួន។​ ជាមួយផែនការគ្រប់គ្រងកម្ពុជានិងឡាវ វៀតណាមក៏អាចពង្រីកទឹកដីដើម្បីចិញ្ចឹមប្រជាជនវៀតណាមដែលកើនឡើងយ៉ាងលឿនផងដែរ។ ក្រោយចលនាកុម្មុយនីស្តវៀតមិញបានពង្រឹងខ្លួនខ្លាំងរឹងមាំនៅវៀតណាមខាងជើង ហូ ជីមិញ បានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធដឹកនាំនយោបាយនៅកម្ពុជា ដោយបញ្ជូន សុឹង ងុកមិញ នៅឆ្នាំ១៩៥១ មកដឹកនាំចលនាកុម្មុយនីស្តនៅស្រុកខ្មែរ។ ដោយសភាពការណ៍ពិភពលោកនិងតំបន់ប្រែប្រួល រួមផ្សំនិងជម្លោះផ្ទៃក្នុងនៃអ្នកនយោបាយខ្មែរផង ចលនាកុម្មុយនីស្តនៅស្រុកខ្មែរក៏បានឈ្នះសង្រ្គាមនិងដឹកនាំប្រទេសចាប់តាំងពីឆ្នាំ១៩៧៥មក។
តែក្រុមខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត មិនព្រមស្តាប់បង្គាប់វៀតណាម ហើយថែមទាំងបង្កជម្លោះតាមព្រំដែន។ អ្នកដឹកនាំវៀតណាម ឡេ ឌូអាន បានសម្រេចប្រើកម្លាំងយោធាចូលឈ្លានពានកម្ពុជាដោយជោគជ័យ នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ក្រោមលេសចូលរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហមដែលសាហាវឃោរឃៅព្រៃផ្សៃ។

ក៏ប៉ុន្តែ ស្មារតីប្រជាពលរដ្ឋខ្មែរនៅមានទឹកចិត្តតស៊ូប្រយុទ្ធ ដោយមិនព្រមចុះចាញ់។ បូកផ្សំនឹងភាពឈ្លាសវៃរបស់អ្នកនយោបាយខ្មែរនៅទស្សវត្សទី៨០ក្នុងសតវត្សទី២០ ហើយគាប់ជួនពេលនោះ មានការផ្លាស់ប្តូរនៃរបត់នយោបាយពិភពលោក ដោយលទ្ធិកម្មុយនីស្តសូវៀតបានដួលរលំផង សហគមន៍អន្តរជាតិក៏ជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ ដើម្បីបង្ខំឱ្យទ័ពវៀតណាមចាកចេញពីកម្ពុជា ជួយពន្លត់សង្រ្គាមសុីវិលនៅស្រុកខ្មែរ កសាងកម្ពុជាឡើងវិញ និងការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់កម្ពុជាពីការរំលោភបំពានពីបរទេសជិតខាង។ ពិតហើយ កិច្ចព្រមព្រៀងក្រុងប៉ារីស បានជួយការពារខ្មែរតាមផ្លូវច្បាប់អន្តរជាតិ តែមិនអាចការពារខ្មែរបានទាំងស្រុងទេ ជាពិសេស បើកូនខ្មែរមិនខំប្រឹងដោយខ្លួនឯង។

ប្រវត្តិសាស្រ្តបានបង្រៀនប្រាប់កូនខ្មែរថា របបនយោបាយនៅវៀតណាមបានផ្លាស់ប្តូរជាបន្តបន្ទាប់ តាមរបត់នៃការផ្លាស់ប្តូរនយោបាយរបស់ពិភពលោកនិងក្នុងតំបន់ ហើយអ្នកដឹកនាំវៀតណាមក៏មានការផ្លាស់ប្តូរតាមនោះដែរ តែមហិច្ឆតារបស់វៀតណាមក្នុងការគ្រប់គ្រងកម្ពុជាមិនបានផ្លាស់ប្តូរទេ មិនថាថ្ងៃមុន ថ្ងៃនេះ ឬថ្ងៃមុខទេ។ បើវៀតណាមប៉ុនប៉ងបែបនេះ តើកូនខ្មែរត្រូវធ្វើយ៉ាងណា?

២. ជាតិខ្មែរត្រូវប្រឹង 

ជោគវាសនារបស់ជាតិខ្មែរគឺស្ថិតក្នុងកណ្តាប់ដៃនិងការសម្រេចចិត្តរបស់យើងជាខ្មែរ។ បើយើងខំប្រឹង និងចេះចាត់ចែងដឹកនាំប្រទេសបានល្អ យើងអាចរស់នៅជាជាតិមួយរឹងមាំ រុងរឿង និងថ្លៃថ្នូរ ព្រមទាំងអាចរក្សាអធិបតេយ្យភាពនិងបូរណភាពដែនដីបាន។ តែបើយើងរស់ជាអ្នករងគ្រោះ ពឹងតែលើគេឱ្យជួយ ហើយមិនជឿជាក់លើខ្លួនឯង នោះកូនចៅយើងជំនាន់ក្រោយនឹងក្លាយជាជនជាតិភាគតិចលើដីកំណើតរបស់ខ្លួន ហើយនឹងរស់ក្រោមការគ្រប់គ្រងពីជាតិសាសន៍ដទៃ។ បើយើងមិនចង់ឃើញវាសនាកូនចៅយើងទៅជាបែបនោះ តើយើងជាខ្មែរត្រូវខំប្រឹងធ្វើអ្វីខ្លះ?


២.១ ពង្រឹងប្រព័ន្ធប្រជាធិបតេយ្យ 


ជាតិខ្មែរត្រូវប្រឹងជាមួយភាពឈ្លាសវៃ។ យើងត្រូវប្រតិបត្តិនយោបាយអត់ឱនយោគយល់ឱ្យគ្នា ជាមួយស្មារតីបង្រួបបង្រួមជាតិ ក្នុងទិសដៅកសាងនិងពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យបានល្អ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ផ្តល់មូលដ្ឋានគ្រឹះផ្នែកច្បាប់ដ៏ល្អប្រពៃមួយក្នុងការកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ យើងមានសន្តិភាពនិងស្ថិរភាពនយោបាយក្រោយឆ្នាំ១៩៩៨។ អ្វីដែលយើងត្រូវធ្វើបន្ថែមក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យគឺ៖
  • ការរៀបចំប្រព័ន្ធតុលាការមួយដែលមានវិជ្ជាជីវៈខ្ពស់ ដែលទទួលបានការគោរពជឿជាក់ពីមហាជន។
  • យើងត្រូវខំប្រឹងរៀបប្រព័ន្ធរដ្ឋបាលសាធារណៈមួយឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្អាតស្អំ និងផ្តល់សេវាសាធារណៈរហ័សទាន់ចិត្តជូនដល់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេស ត្រូវមានវិធីលើកទឹកចិត្តទាក់ទាញកូនខ្មែរមានសមត្ថភាពខ្ពស់និងគុណធម៌ល្អមកធ្វើការគ្រប់គ្រងដឹកនាំស្ថាប័នរដ្ឋបាលសាធារណៈឱ្យនៅកៀកនិងបម្រើប្រជាជន ដែលមិនធ្វើឱ្យពលរដ្ឋស្អប់ខ្ពើមនិងខ្លាចរអា។ 
  • រៀបចំយន្តការសភាឱ្យដំណើរការតាមគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ជារដ្ឋសភាដែលមានអំណាចតាមដានសួរដេញដោលការងាររបស់រាជរដ្ឋាភិបាល និងចេះជជែកវែកញែកធ្វើឱ្យគំនិតល្អៗផុសឡើងសម្រាប់ការគ្រប់គ្រងប្រទេសជាតិឱ្យរីកលូតលាស់ល្អ។ 
  • អភិវឌ្ឍស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ឱ្យមានភាពឯករាជ្យនិងវិជ្ជាជីវៈខ្ពស់ ធ្វើឱ្យមហាជននិងអ្នកនយោបាយគ្រប់ភាគីទុកចិត្ត។ 
  • ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបើកទូលាយសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិ។
  • ជាមួយនេះ រដ្ឋត្រូវពង្រឹងយោធាឱ្យមានវិន័យ គុណភាព និងសមត្ថភាពខ្ពស់ក្នុងការការពារជាតិ។
តើការយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធប្រជាធិបតេយ្យគ្រប់គ្រាន់ហើយឬនៅ? ចម្លើយ! មិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវយកចិត្តទុកដាក់លើ៣ចំណុចបន្ថែមទៀត។

២.២ កសាងសេដ្ឋកិច្ចជាតិ


ជាតិមួយដែលខ្លាំងពូកែបាន គឺត្រូវមានខឿនសេដ្ឋកិច្ចរឹងមាំនិងមានកំណើនទៅមុខជាប់។ ក្នុងនោះការធានាសន្តិភាពនិងស្ថិរភាពនយោបាយជារឿងសំខាន់ចម្បង។ បន្ថែមពីនេះ រដ្ឋត្រូវយកចិត្តទុកដាក់លើរឿងសំខាន់ៗដូចតទៅ៖
  • ធានាការពារកម្មសិទ្ធិឯកជនឱ្យច្បាស់លាស់ ដើម្បីឱ្យវិស័យឯកជនមានទំនុកចិត្តក្នុងការធ្វើធុរកិច្ចនៅស្រុកខ្មែរ។
  • បង្កបរិយាកាសអំណោយផល និងមានគោលនយោបាយលើកទឹកចិត្តដល់សហគ្រិននិងអ្នកវិនិយោគក្នុងការបោះទុនរកសុី។ 
  • វិស័យឯកជនត្រូវការប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលងាយស្រួល មិនពុករលួយ និងជួយដោះស្រាយទំនាស់ដោយយុត្តិធម៌និងអាចជឿជាក់បាន។ 
  • ការជំរុញកំណើនសេដ្ឋកិច្ចត្រូវការការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ ផ្លូវដែក កំពុងផែ និងអាកាសយានដ្ឋានដែលមានគុណភាពខ្ពស់ ដើម្បីសម្រួលនិងកាត់បន្ថយតម្លៃនៃការដោះដូរទំនិញ ។ 
  • រដ្ឋត្រូវមានគោលនយោបាយអភិវឌ្ឃធនធានមនុស្ស ឱ្យស្របនឹងតម្រូវការសេដ្ឋកិច្ចនិងទីផ្សារដែលវិវត្តទៅមុខ។

២.៣ ស្គាល់ខ្លួនឯងនិងស្គាល់ពិភពលោក


កម្ពុជាជាប្រទេសតូចមួយក្នុងតំបន់និងពិភពលោក។ ដើម្បីការពារខ្លួនបាន កម្ពុជាត្រូវស្គាល់ពីខ្លួនឯង និងយល់ដឹងអំពីនយោបាយតំបន់និងពិភពលោក ហើយត្រូវខំប្រឹងកសាងខ្លួនឱ្យមានប្រយោជន៍ដល់ពិភពលោក។ យើងត្រូវខំប្រឹងបំពេញការងារ ដើម្បីឱ្យគេស្គាល់និងមានទំនាក់ទំនងល្អជាមួយខ្មែរ។ កិច្ចការទាំងនោះរួមមាន៖
  • ចាត់ចែងរៀបចំតំបន់ទេសចរណ៍ឱ្យល្អប្រណិត ដើម្បីទាក់ទាញទេសចរមកស្រុកខ្មែរ។
  • ចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងភេរវកម្មដោយសមស្របជាមួយប្រទេសមហាអំណាច។
  • ចូលរួមបំពេញបេសកកម្មសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដោយសកម្ម។
កម្ពុជាមិនត្រូវយកមហាអំណាចណាជាសត្រូវទេ តែត្រូវចេះចងមិត្តឱ្យបានល្អជាមួយមហាអំណាចក្នុងពិភពលោក ដូចជាអាមេរិក អង់គ្លេស បារាំង រុស្សុី និងក្នុងតំបន់ ដូចជា ជប៉ុន និងឥណ្ឌា។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសជាមូលដ្ឋានច្បាប់អន្តរជាតិដ៏ល្អ ដែលជួយផ្សារភ្ជាប់កម្ពុជាកសាងទំនាក់ទំនងល្អជាមួយលោកខាងលិច ដើម្បីជួយការពារអធិបតេយ្យភាពជាតិ និងនាំផលិតផលខ្មែរចូលទៅទីផ្សារក្នុងប្រទេសអ្នកមានទាំងនោះ។ អ្វីដែលលោកខាងលិចចង់ឃើញនិងចង់ជួយ គឺប្រទេសតូចមួយដែលធ្លាប់ឆ្លងកាត់សង្រ្គាមបង្ហូរឈាម តែកម្ពុជាអាចកសាងសង្គមប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អបានជោគជ័យ ដែលនឹងផ្តល់ជាគំរូល្អសម្រាប់ប្រទេសតូចៗដទៃទៀតក្នុងពិភពលោក។ បើមានទំនាក់ទំនងល្អជាមួយអាមេរិកនិងអឺរ៉ុបហើយ តើកម្ពុជាត្រូវការចិនដែរឬទេ?
កម្ពុជាត្រូវបន្តកសាងទំនាក់ទំនងល្អរឹងមាំជាមួយមហាមិត្តចិន ដើម្បីទទួលបានទុនបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និងការបោះទុនរកសុីជួយជំរុញសេដ្ឋកិច្ច។ ក្នុងផ្លូវយុទ្ធសាស្រ្តនិងផលប្រយោជន៍នយោបាយ ចិនមិនចង់ឃើញវៀតណាមគ្រប់គ្រងកម្ពុជាទេ ហើយនេះជារឿងល្អប្រពៃសម្រាប់នយោបាយការបរទេសខ្មែរក្នុងការរក្សាការពារអធិបតេយ្យភាពរបស់ខ្លួនទប់ទល់នឹងការចង់ឈ្លានពានគ្រប់គ្រងពីវៀតណាម។
 

២.៤ កសាងខ្លួនជាពលរដ្ឋល្អ


អ្វីដែលរៀបរាប់ខាងលើ គឺជាកិច្ចការនិងការសម្រេចចិត្តរបស់អ្នកដឹកនាំនិងអ្នកនយោបាយ។ អ្នកអាចនឹងឆ្ងល់ថា បើអ្នកជាពលរដ្ឋសាមញ្ញ តើអ្នកអាចជួយអ្វីបាន?
ខ្ញុំធ្លាប់ឮពាក្យគេនិយាយលេងសើចថា ចង់ឱ្យប្រទេសជាតិរុងរឿងថ្លៃថ្នូរ តែខ្លួនឯងបែរជាចោលសំរាមពាសវាលពាសកាល ខ្ជិលធ្វើការ ហើយបើកបរមិនគោរពច្បាប់ចរាចរណ៍។ ការពិត ពាក្យលេងសើចនេះបានន័យល្អណាស់។ ជាតិមួយមិនអាចខ្លាំងរឹងមាំបានទេ បើពលរដ្ឋនៃជាតិនោះមានមារយាទអន់ថយ។ ជាតិខ្មែរអាចរីកលូតលាស់រុងរឿងបាន ទាល់តែពលរដ្ឋមានវិន័យ គោរពម៉ោងធ្វើការ ឧស្សាហ៍ព្យាយាម មានគំនិតច្នៃប្រឌិត ខំប្រឹងធ្វើការ ខំប្រឹងអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋល្អ អ្នកដឹកនាំគំរូ និងក្លាយជាសហគ្រិនជោគជ័យឱ្យបានច្រើនគ្នា។

"ពលរដ្ឋល្អនឹងបង្កើតអ្នកដឹកនាំដែលមានសមត្ថភាព។ អ្នកដឹកនាំដែលមានទស្សនវិស័យនឹងធ្វើឱ្យជាតិខ្លាំងរឹងមាំ។ ជាតិមួយដែលរុងរឿងនិងថ្លៃថ្នូរគ្មាននរណាហ៊ានរំលោភបំពានទេ"៕

--- ^^^ ---
---
រៀបរៀងដោយ សាម អុីន -- ឧសភា ២០២០
---


Post a Comment

0 Comments

Ad Code