បច្ចុប្បន្ន គាត់បានប្រើប្រាស់បទពិសោធន៍នៃភាពសោកសៅរបស់គាត់ក្នុងការជួយអ្នកដទៃដែលពើបប្រទះនឹងរឿងសោកសង្រេងក្នុងជីវិត។ គាត់បានមកចូលរួមក្នុងកម្មវិធីអប់រំ ដើម្បីជជែកអំពីរបៀបក្លាយជាវាគ្មិននិយាយជំរុញចិត្ត និងការបង្កើតខ្លឹមសារមានប្រយោជន៍សម្រាប់អ្នកស្តាប់។ គាត់មានអារម្មណ៍ថា កិច្ចការទាំងនេះគឺជាការដង្ហើយហៅសម្រាប់ជីវិតគាត់ ប៉ុន្តែ នៅមានចម្ងល់ថា តើធ្វើយ៉ាងណា ដើម្បីបម្លែងការដង្ហោយហៅឱ្យទៅជាធុរកិច្ចអាជីព?
ប្រសិនបើសំណួរនេះក៏ជាអ្វីដែលអ្នកមានចម្ងល់ចង់ដឹងដែរសម្រាប់អ្នក ចូរអានចំណុចចង្អុលបង្ហាញគន្លឹះ៣ប្រការ ក្នុងការរៀបចំអាជីពរបស់អ្នកឱ្យស្របនឹងការដង្ហើយហៅក្នុងជីវិតអ្នក។
១. សម្លឹងរកបញ្ហាដែលអ្នកអាចដោះស្រាយ
នៅពេលចង់បង្កើតធុរកិច្ចអ្វីមួយ អ្នកចាំបាច់ត្រូវស្វែងយល់មើលថា តើបញ្ហាអ្វីដែលអ្នកអាចដោះស្រាយ ហើយអ្នកត្រូវកំណត់វាឱ្យច្បាស់ជាមួយពាក្យមួយ។ នេះជាជំហានដំបូងដែលយើងធ្វើការជាមួយអតិថិជនក្នុងក្រុមអ្នកបង្កើតម៉ាកយីហោ ហើយនេះក៏ជាជំហានសំខាន់បំផុតដែរ។ខ្ញុំសូមនិយាយត្រង់ទៅចុះ! សហគ្រិនជាច្រើនតែងខ្ជិលច្រអូសចំពោះកិច្ចការនេះ។ គេមិនចង់ធ្វើការងារសម្លឹងរកមើលលើបញ្ហាអ្វីដែលគេនឹងដោះស្រាយ។ វាជារឿងងាយស្រួលណាស់ក្នុងការបញ្ចេញលក់អីវ៉ាន់ ឬសេវាកម្មមួយចំនួន ហើយសង្ឃឹមថា អ្វីៗនឹងដំណើរការល្អ។ ក៏ប៉ុន្តែ មួយរយៈខ្លីក្រោយមក សហគ្រិនទាំងនោះនឹងរកឃើញថា ការពុំមានភាពច្បាស់លាស់ ធុរកិច្ចរបស់គេនឹងមិនលូតលាស់ទៅណាឡើយ។
ចូរសាកល្បងធ្វើលំហាត់នេះ ជាមួយការផ្តើមគិតធ្វើធុរកិច្ចរបស់អ្នក។ ជាបឋម ចូរកំណត់និងសរសេរទុកបញ្ហាដែលអ្នកចង់ដោះស្រាយជាមួយនឹងពាក្យមួយ។ រួចហើយ កត់ត្រាអំពីរបៀបដែលអ្នកចង់ដោះស្រាយជាមួយឃ្លាមួយ។ ប្រសិនបើអ្នកមិនអាចសរសេរពាក្យណាចេញទេ អ្នកត្រូវបញ្ឈប់ការងារទាំងអស់សិនជាមួយនឹងធុរកិច្ចរបស់អ្នក ហើយរិះគិតរកចម្លើយឱ្យឃើញសិន។ បើពុំមានភាពច្បាស់លាស់ទៅលើបញ្ហាដែលអ្នកអាចដោះស្រាយ អ្នកនឹងប្រឈមនឹងបញ្ហាមួយ ដែលធុរកិច្ចរបស់អ្នកមានតែផលិតផលដែលអតិថិជនមិនត្រូវការ។
២. ទទួលយករដូវកាលនៃភាពអាប់អួ
វាអាចកើតឡើងញឹកញាប់ក្នុងការធ្វើរឿងដែលត្រឹមត្រូវនៅក្នុងកាលវេលាដែលខុសឆ្គង។ សហគ្រិនជាច្រើនជ្រើសរើសផ្លូវកាត់ សំដៅទៅរកគោលដៅចុងក្រោយនៃដំណើរការទាំងមូល ដែលគេអាចទៅដល់ឆាប់ ដូចជាការសំដែងលើឆាកដ៏ធំមានមនុស្សច្រើនកុះករ ឬការចុះកិច្ចព្រមព្រៀងធុរកិច្ចបោះពុម្ពសៀវភៅដ៏ទាក់ទាញមួយ។ ក៏ប៉ុន្តែ វាតែងត្រូវការដំណើរការដ៏ច្បាស់លាស់មួយ ដែលយើងត្រូវដើរឆ្លងកាត់ មុននឹងយើងទៅដល់គោលដៅនោះ ដើម្បីធានាថា ផលិតផល ឬសេវាកម្មដែលយើងដាក់លក់នោះ វារួចរាល់ល្អត្រឹមត្រូវពិតប្រាកដមែន។ ប្រសិនបើអ្នកចង់លឿន ដោយមិនឆ្លងកាត់ដំណើរការត្រឹមត្រូវ អ្នកនឹងសម្រេចបានលទ្ធផលមួយដែលមិនគត់មត់ល្អ ប្រៀបដូចជាទូកដែលទ្រេតទ្រោតមិនអាចធន់នឹងសម្ពាធខ្យល់និងរលកបាន។ វាពុំមានជណ្តើរយន្ត ដែលយោងអ្នកឡើងត្រង់ទៅទីខ្ពស់ទេ អ្នកចាំបាច់ត្រូវឡើងកាំជណ្តើរមួយកាំម្តងៗ។
វាជាការរំឭកខ្ញុំនូវភាសិតមួយរបស់វាគ្មិនដ៏ល្បីក្នុង YouTube លោក Sean Cannel ដែលពោលថា “ចូរប្រើប្រាស់រដូវកាលនៃភាពអាប់អួរបស់អ្នក ដើម្បីត្រៀមរៀបចំសម្រាប់រដូវកាលដ៏មានប្រជាប្រិយរបស់អ្នក”។
អ្នកមិនអាចមានឈ្មោះល្បីល្បាយភ្លាមៗទេ។ អ្នកត្រូវជឿជាក់លើដំណើរការកសាងកេរិ៍្តឈ្មោះ។ ចូរយកចិត្តទុកដាក់ក្នុងការជួយមនុស្សនិងច្នៃបង្កើតអ្វីមួយឱ្យបានល្អ។ ចំណាយពេលកសាងផលិតផល ឬសេវាកម្មរបស់អ្នក ហើយវិវឌ្ឍខ្លួនលូតលាស់ទៅមុខនិងឱ្យកាន់តែប្រសើរឡើងជានិច្ច។ បើអ្នកអាចធ្វើបាន ហើយអ្នកមានភាពរីករាយប្រចាំថ្ងៃក្នុងការធ្វើវា នោះរដូវកាលដ៏មានប្រជាប្រិយភាពនឹងមកដល់ចំពោះអ្នក។
៣. ការឈឺចាប់បង្វឹកយើង
ខ្ញុំមានការស្ងើចសរសើរនូវរឿងរបស់លោក Philip ដែលខំព្យាយាមជម្នះលើការបាត់បង់និងភាពសោកសង្រេង។ សមត្ថភាពរបស់គាត់ក្នុងការប្រើប្រាស់បទពិសោធន៍ដើម្បីជួយអ្នកដទៃគឺជាការក្រើនរំឭកដ៏មានឥទ្ធិពលមួយចំពោះយើងទាំងអស់គ្នា។ការឈឺចាប់ដែលយើងឆ្លងកាត់បានបង្វឹកយើងឱ្យក្លាយជាបុគ្គលម្នាក់ដែលអាចជួយអ្នកដទៃបាននៅថ្ងៃណាមួយ។ ការសម្លឹងមើលបែបនេះអាចជួយយើងឱ្យប្រឈមនូវការលំបាកទាំងឡាយដែលយើងជួបប្រទះក្នុងដំណើរជីវិត។ វាមិនមែនជារឿងផ្ទាល់ខ្លួនទេ ហើយវាមិនមែនជាកំហុសរបស់អ្នកដែរ។ ការពិត អ្នកត្រូវបានពង្រឹងលត់ដំឱ្យរឹងមាំ និងត្រូវបានកែច្នៃឱ្យខ្លាំងពូកែ តាមរយៈការលំបាកទាំងឡាយដែលអ្នកជួបហើយប្រឈម។
ចូរជឿជាក់ថា នឹងមាននរណាម្នាក់ដែលនឹងត្រូវការអ្នក ជាមួយបទពិសោធន៍ពិសេសផ្ទាល់ខ្លួន ហើយភាពជឿជាក់នេះនឹងជួយអ្នកឱ្យប្រឈមនឹងការឈឺចាប់បាន។ បើអ្នកឆ្លងកាត់បាន ហើយអ្នកស្តាប់ឮសំឡេងចេញពីក្នុងបេះដូង ដង្ហោយហៅអ្នកឱ្យផ្តល់ការបម្រើ សូមស្តាប់ឱ្យច្បាស់លាស់។ ការដង្ហោយហៅដែលអ្នកឮ គឺជាសញ្ញាដែលបញ្ជូនចេញពីនរណាម្នាក់ ពីទីណាមួយ ដែលត្រូវការជំនួយរបស់អ្នក៕
===^^^===
---
ប្រែសម្រួលដោយ សាម អុីន -- កក្កដា ២០២១
---
-- អត្ថបទដើម Rory Vaden (Success Magazine, June 2021): How to turn your calling into your career.
-- អត្ថបទទាក់ទង៖
0 Comments