ក្តីស្រមៃនឹងជំរុញអ្នកទៅរកភាពជោគជ័យ។ បើពុំមានវាទេ ជីវិតអ្នករស់នៅដោយគ្មានន័យនិងមិនស្គាល់ភាពជោគជ័យសោះឡើយ។ វាប្រៀបដូចជាម៉ាសុីនឡានដ៏ល្អមួយដែលចាក់សាំងគ្មានគុណភាព អ្នកនឹងរស់នៅជាមួយជីវិតមួយ ដែលមិនអាចបញ្ឆេះទៅមុខបានឡើយ។
ស្ថិតនៅពីក្រោយបុគ្គលជោគជ័យទាំងឡាយគឺតែងមានក្តីស្រមៃមួយដែលគេបានបំពេញ។ ខ្ញុំបានបង្រៀនបុគ្គលជោគជ័យជាច្រើន ហើយគេទាំងនោះបានឈានឆ្ពោះទៅរកភាពជោគជ័យតាមរយៈការសម្រេចក្តីស្រមៃណាមួយក្នុងជីវិត។ វាអាចជាក្តីស្រមៃតាំងពីកុមារភាព ឬក្តីស្រមៃដែលទើបនឹងកើតមានក្នុងដំណាក់កាលណាមួយនៃជីវិត។ ពិតប្រាកដណាស់ វាតែងមានក្តីស្រមៃណាមួយ ដែលឱ្យគេខំប្រឹងសម្រេច ដែលជាអ្វីមួយជំរុញចិត្តគេ ទាញទឹកចិត្តគេ នឹងធ្វើឱ្យគេស្វាហាប់។ ក្តីស្រមៃក្នុងជីវិតនឹងក្លាយជាគោលដៅរុញអ្នកឱ្យជម្នះលើរឿងលំបាកទាំងឡាយ ធ្វើឱ្យជីវិតអ្នកផ្លាស់ប្តូរ ធ្វើឱ្យអ្នកហ៊ានចាកចេញពីតំបន់ទាបមានសុវត្ថិភាព ហើយចាប់យកដំណើរទៅទីខ្ពស់ ដែលត្រូវការភាពប្រថុយច្រើន។
ពេលធំដឹងក្តីឡើង យើងច្រើនជ្រើសយកផ្លូវជីវិតមួយ ដែលទាត់ចោល ឬបំភ្លេចចោលនូវអ្វី ដែលយើងធ្លាប់ស្រឡាញ់ចូលចិត្តតាំងពីក្មេង។ យើងសុខចិត្តឱ្យខ្លួនយើងត្រូវបានអូសទាញដោយអ្នកដទៃ ឬក្តីប្រាថ្នារបស់អ្នកដទៃ។ ខ្ញុំអាចចែករំលែកបទពិសោធន៍ដ៏ឈឺចាប់មួយ ដែលកាលនៅរៀននៅសាលា ខ្ញុំស្រឡាញ់ចូលចិត្តភូមិវិទ្យាណាស់ ប៉ុន្តែដោយស្តាប់យោបល់អ្នកដទៃ ខ្ញុំបានជ្រើសយកមុខវិទ្យាសេដ្ឋកិច្ចក្នុងការចូលសិក្សានៅសាកលវិទ្យាល័យ។ ខ្ញុំបានក្លាយជាគណនេយ្យករ ដោយមិនបានធ្វើការតាមជំនាញដែលខ្ញុំចូលចិត្តក្នុងក្តីស្រមៃ។ តើអ្នកធ្លាប់បានធ្វើការសម្រេចជ្រើសរើសដូចខ្ញុំដែរទេក្នុងជីវិតអ្នក? ពេលខ្លះ ក្រោយពីមានបទពិសោធន៍ហើយ ទើបយើងដឹងថា យើងមិនបានដើរតាមផ្លូវក្នុងក្តីស្រមៃរបស់យើងទេ។
បុគ្គលជោគជ័យមិនភ្លេចសោះឡើយក្នុងការធ្វើនូវអ្វីដែលគេចូលចិត្ត ហើយគេតែងពេញចិត្តធ្វើរឿងនោះ។ គេរៀនបានលឿនក្នុងការដើរតាមក្តីស្រមៃរបស់គេ ពីព្រោះនោះជាអ្វីដែលគេចូលចិត្ត ហើយហ៊ានសម្រេចជ្រើសរើសធ្វើសកម្មភាពទាំងឡាយ បើទោះបីរឿងនោះមើលទៅដូចជាឆ្កួតៗ ឬអ្នកដទៃមិនចូលចិត្តក៏ដោយ។ ចូរក្រលេកមើលលោក Steve Jobs ស្ថាបនិកក្រុមហ៊ុន APPLE ដែលធ្លាប់បោះបង់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ ដើម្បីតាមប្រមាញ់ក្តីស្រមៃរបស់គាត់។
បំប្លែងគំនិតជាសកម្មភាព
ដឹងអំពីក្តីស្រមៃរបស់អ្នក
តើក្តីស្រមៃរបស់អ្នកជាអ្វី? តើអ្នកចង់សម្រេចអ្វីឱ្យពិតប្រាកដ? តើក្តីស្រមៃអ្វីដែលអ្នកត្រូវតាមប្រមាញ់?
ចូរសរសេរលើក្រដាសសៀវភៅ ដោយប្រើវិធីចម្រុះជាមួយពាក្យ ការគូរវាស និងគូររូបភាព។ បែបនេះអាចជួយអ្នកឱ្យមើលឃើញការភ្ជាប់គ្នានៃគំនិតទាំងឡាយរបស់អ្នក និងរកឃើញក្តីប្រាថ្នានិងគោលដៅជីវិតរបស់អ្នក ដែលបានភ្លេចចោលជាយូរមកហើយ។ សំណួរដូចតទៅនេះនឹងជួយអ្នកបានច្រើនក្នុងរឿងនេះ៖
កាលនៅពីកុមារ តើអ្វីដែលអ្នកប្រាថ្នាចង់ធ្វើបំផុត ឬអ្នកចង់ក្លាយជានរណា?
ប្រសិនបើរឿងលុយកាក់មិនមែនជាបញ្ហា តើជីវិតបែបណានិងការងារបែបណាដែលអ្នកនឹងជ្រើសរើសយក?
តើផ្នែកណាមួយនៃជីវិតអ្នកបច្ចុប្បន្ន ដែលអ្នកស្រឡាញ់ចូលចិត្តជាងគេ ហើយអ្នកចង់បានវាឱ្យច្រើនជាងនេះ?
តើអ្វីដែលអ្នកចូលចិត្តធ្វើបំផុតនៅពេលទំនេរ?
តើទិដ្ឋភាពអ្វីនៃជីវិតមិត្តភក្តិ ឬសហការីរបស់អ្នក ដែលអ្នកសម្លឹងមើលទៅច្រណែនចង់បានដែរ?
មានជំនឿជាក់ប្រកបដោយសុទិដ្ឋិនិយមលើក្តីស្រមៃរបស់អ្នក
បង្កើតដំណោះស្រាយ ដើម្បីសម្រេចក្តីស្រមៃរបស់អ្នក
===^^^===
---
ប្រែសម្រួលដោយ សាម អុីន -- សីហា ២០២១
---
-- ដកស្រង់ពីអត្ថបទដើម Nigel Cumberland (2016): 100 things successful people do. Chapter “Follow your dreams”.-- អត្ថបទទាក់ទង ៖
1 Comments