Ticker

6/recent/ticker-posts

តើអ្នកចង់បានស្ថាប័នរាជការខ្មែរបែបណា?

 


សង្គមវិទូអាល្លឺម៉​​ង់ ​លោក Max Weber បានធ្វើការសិក្សាលើការកសាងស្ថាប័នរដ្ឋ ជាពិសេស​ ស្ថាប័នមន្រ្តីរាជការ ឬហៅខ្លីថា ស្ថាប័នរាជការ តាំងពីដើមសតវត្សរិ៍ទី២០​ ហើយ​លោក​ Francis Fukuyama សិក្សាបន្ថែមលើដំណើរការវិវឌ្ឍនៃការកសាងស្ថាប័នរដ្ឋនៅប្រទេសជឿនលឿននិងក្រីក្រនៅដើមសតវត្សរិ៍ទី២១​។​ លោកទាំងពីរបានផ្តល់សារសំខាន់ចម្បងដូចគ្នា​ថា​ ការកសាងស្ថាប័នរាជការ ជាកត្តាគន្លឹះធ្វើឱ្យជាតិមួយរុងរឿង​ ថ្លៃថ្នូរ ឬអន់ថយ​ និងក្រីក្រ។​ តាមរយៈការសិក្សា​ទៅលើប្រទេសនានាក្នុងពិភពលោក គេបែងចែកស្ថាប័នរាជការជាបីប្រភេទសំខាន់ៗ៖

១.​ ស្ថាប័នរាជការបែបគ្រួសារនិងបក្សពួកនិយម​ ​​(patrimonial)

ស្ថាប័នរាជការបែបនេះគឺថ្នាក់ដឹកនាំមន្រ្តីរាជការ​គ្របដណ្តប់ដោយក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នកដឹកនាំនយោបាយ ហើយគេប្រើស្ថាប័នរាជការដើម្បីទាញយកប្រយោជន៍ជាចម្បងសម្រាប់ក្រុមគ្រួសារនិងមិត្តភក្តិ​ និងដើម្បីពង្រឹងអំណាច។​ ការនេះធ្វើឱ្យមានការកកើតអំពើពុករលួយរីករាលដាលក្នុងសង្គម ហើយគេប្រើប្រាស់ទ្រព្យសម្បត្តិជាតិ ដូចជា​ រ៉ែមាស ប្រេងកាត ដីព្រៃឈើ ឆ្នេរសមុទ្រ បឹងធម្មជាតិ ជាដើម​ សម្រាប់តែផលប្រយោជន៍មនុស្សមួយក្រុមតូចនៅក្នុងសង្គម។

របៀបកសាងនិងគ្រប់គ្រងស្ថាប័នរាជការបែបនេះបង្កើតនូវភាពអយុត្តិធម៌ ភាពក្រីក្រតោកយ៉ាក ការរំលោភសិទ្ធិមនុស្សជាច្រើនក្នុងសង្គម ហើយជាផលវិបាកនឹងរុញឱ្យមានការធ្វើបដិវត្តន៍ផ្សេងៗ ភាពចលាចលក្នុងសង្គម​ ឬរុញឱ្យមានសង្រ្គាមសុីវិលកើតឡើង។

២. ស្ថាប័នរាជការបែបទំនើប (impersonal or modern state)

ស្ថាប័នមន្រ្តីរាជការបែបទំនើបបានកកើតឡើងមុនគេនៅទ្វីបអឺរ៉ុប ក្រោយសម័យរីកចម្រើននៃវិស័យឧស្សាហកម្ម​ ដោយសារមានកម្លាំងរុញពីក្រុមវណ្ណៈកណ្តាល​ (middle class) ដែលកកើតឡើងតាមរយៈកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់វិស័យអប់រំ។ វណ្ណៈកណ្តាលមានដូចជាក្រុមបញ្ញវន្តសម័យថ្មី សហគ្រិនក្មេងៗ និងអ្នកដឹកនាំសហជីព ទាមទារឱ្យមានការចូលរួមក្នុងវិស័យនយោបាយ​ និងទាមទារឱ្យស្ថាប័នរដ្ឋប្រើប្រាស់យន្តការសមត្ថភាពធិបតេយ្យ គឺយកសមត្ថភាព គុណធម៌​ និងភាពជាអ្នកដឹកនាំ​ ក្នុងការជ្រើសរើសនិងដំឡើងតំណែងអ្នកដឹកនាំក្នុងស្ថាប័នរាជការ​ ដោយលុបបំបាត់ចោលនូវប្រព័ន្ធគ្រួសារនិងបក្សពួកនិយម។

ស្ថាប័នរាជការបែបទំនើបផ្តល់សេវាសាធារណៈបានលឿនល្អ រៀបចំគោលនយោបាយប្រើប្រាស់ធនធានធម្មជាតិបានត្រឹមត្រូវ​ ផ្តល់​ជាប្រយោជន៍ដល់មហាជនទូទៅ រៀបចំច្បាប់ធានាកម្មសិទ្ធិឯកជននិងបង្កបរិយាកាសងាយស្រួលសម្រាប់ការវិនិយោគ​ គ្មានអំពើពុករលួយរាលដាល សហគ្រិនចង់បោះទុករកសុី សេដ្ឋកិច្ចជាតិរីកចម្រើន ប្រជាពលរដ្ឋសម្បូរការងារធ្វើនិងមានជីវភាពសម្បូរសប្បាយ​ ហើយរស់នៅក្នុងសេចក្តីថ្លៃថ្នូរ។

៣. ស្ថាប័នរាជការមើលទៅទំនើប​ តែបង្កប់នូវគ្រួសារនិងបក្សពួកនិយម (neopatrimonial)    

ស្ថាប័នរាជការបែបប្រភេទទី៣នេះ ច្រើនកកើតឡើងនៅប្រទេសកំពុងអភិវឌ្ឍ តែមិនរីកចម្រើនទៅមុខក្លាយជាប្រទេសអ្នកមាននឹងគេ។ វាជាការវិវឌ្ឍខ្លួនពីប្រភេទទី១​ ដែលមើលពីក្រៅទៅ ឃើញមានច្បាប់ទម្លាប់ត្រឹមត្រូវល្អ​ មានការបោះឆ្នោតជាប្រចាំ​ មានប្រព័ន្ធតុលាការ មានរដ្ឋសភាត្រឹមត្រូវ​ តែនៅខាងក្នុង គ្របដណ្តប់ដោយប្រព័ន្ធបក្សពួកគ្រួសារនិយមដដែល។ ក្នុងប្រព័ន្ធបែបនេះ តុលាការពុំមានសិទ្ធិអំណាច សមត្ថភាព និងវិជ្ជាជីវៈ ដើម្បីធានានិងស្វែងរកយុត្តិធម៌ តែជាឧបករណ៍របស់អ្នកដឹកនាំនយោបាយ សម្រាប់ពង្រឹងអំណាចនិងទាញផលប្រយោជន៍។ រដ្ឋសភាពុំមានសិទ្ធិអំណាចបង្ខំឱ្យរដ្ឋាភិបាលទទួលខុសត្រូវ​ចំពោះប្រជាពលរដ្ឋ តែគ្រាន់ជាឧបករណ៍ប្រថាប់ត្រា។

ស្ថាប័នរដ្ឋគ្របដណ្តប់ដោយអំពើពុករលួយ សេដ្ឋកិច្ចគ្មានការរីកចម្រើន ឬរីកចម្រើនតិចតួច ជាពិសេសកំណើនសេដ្ឋកិច្ចបម្រើតែផលប្រយោជន៍ក្រុមមនុស្សមួយក្តាប់តូច។ ធនធានធម្មជាតិមានការបំផ្លាញច្រើន ប៉ុន្តែភោគផលមិនបានបែងចែកទៅប្រជាពលរដ្ឋទូទៅ ហើយបំណុលបរទេសចេះតែកើនឡើង រហូតដល់ពេលមួយរដ្ឋលែងមានលទ្ធភាពសងបំណុល។

តើលោកអ្នកចង់ឱ្យស្ថាប័នរាជការរបស់ប្រទេសកម្ពុជាវិវឌ្ឍទៅរកប្រភេទណាមួយ?

អ្នកអាចនឹងឆ្លើយថា ចង់ឱ្យវិវឌ្ឍទៅរកប្រភេទទី២។ ពិតហើយ ខ្ញុំក៏ចង់បានដូច្នេះដែរ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថា​ រឿងនេះមិនវិវឌ្ឍទៅដោយងាយស្រួលនិងដោយស្វ័យប្រវត្តិទេ។ វាទាមទារឱ្យមានការខំប្រឹងប្រែងខ្លាំងមែនទែន​​ និងមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រជាជាតិទាំងមូល ហើយថែមទាំងត្រូវការពេលវេលាច្រើនផង។ វាទាមទារឱ្យមានក្រុមអ្នកដឹកនាំនយោបាយដែលមានទស្សនវិស័យមើលឃើញនិងចង់បានរឿងនេះ ហើយមានសេចក្តីក្លាហានហ៊ានធ្វើការកែទម្រង់។ ក្រុមវណ្ណៈកណ្តាលត្រូវកកើតឡើង ហើយចេះធ្វើការទាមទារតស៊ូមតិចំពោះរឿងនេះ និងប្រជាពលរដ្ឋត្រូវយល់ដឹងនិងចេះចូលរួមដោយឈ្លាសវៃ តាមរយៈសន្លឹកឆ្នោត។

តើប្រជាជាតិខ្មែរអាចធ្វើបានទេ?​   


​​=== ^^^ ===


រៀបរៀងដោយ​ សាម​​ អ៊ីន​ – កក្កដា ២០២២

– ឯកសារយោង៖

  1. Francis Fukuyama (2015): Political order and political decay.

  2. Max Weber (1978): Economy and society.

  3. Alfred Kieser (2002): Organisationstheorien.

–  អត្ថបទទាក់ទង៖ 

១. កម្ពុជាដែលខ្ញុំចង់ឃើញ

២. រងើកភ្លើងបដិវត្តន៍នៅកម្ពុជា

Post a Comment

0 Comments

Ad Code