ជាទូទៅ យើងតែងស្តាប់ឮគេនិយាយជារឿយៗថា នយោបាយជារឿងអាក្រក់ ស្មោកគ្រោក ល្បិចកល បោកប្រាស់ និងជាទីកន្លែងគួរឱ្យខ្លាចរអារ។ តាមការពិត មិនដូច្នោះទាំងស្រុងទេ វាមានចំណុចមិនល្អ ចំណុចគួរឱ្យខ្លាច និងគួរឱ្យនៅឆ្ងាយ និងចំណុចល្អ ចំណុចគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យគោរព។ តាមរយៈនៃការចូលរួមក្នុងវិស័យនយោបាយនិងការសង្កេតផ្ទាល់ ក៏ដូចជាបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តមួយចំនួន ខ្ញុំយល់ឃើញថា មានទឹកចិត្ត ៣ដួង ដែលជំរុញមនុស្សឱ្យមនុស្សចូលរួមក្នុងវិស័យនយោបាយ។
១. ទឹកចិត្តចង់បម្រើប្រទេសជាតិ ចង់ជួយអ្នកដទៃ
បើយើងរៀនសូត្រអំពីប្រវត្តិសាស្រ្ត យើងនឹងដឹងថា មានបុគ្គលមួយចំនួនស្ម័គ្រចូលរួមក្នុងវិស័យនយោបាយ ដោយសារតែគាត់មានទឹកចិត្តចង់បម្រើប្រទេសជាតិ ចង់ជួយអ្នកដទៃ។ មហាត្មៈ គន្ធី បានលះបង់ការងារជាមេធាវី ហើយមកតស៊ូនយោបាយនៅប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ១៩១៥ ពីព្រោះគាត់ចង់ឱ្យប្រទេសរបស់គាត់បានរួចផុតពីអាណានិគមរបស់អង់គ្លេស ដែលដាក់នឹងត្រួតត្រា និងជិះជាន់ប្រជាជាតិឥណ្ឌាជិត ១០០ឆ្នាំមកហើយ។ លោក ណែលសិន ម៉ាន់ដេឡា បានលាចាកពីជីវិតយុវវ័យ ដែលត្រូវការសប្បាយ ទៅចូលរួមចលនាតស៊ូជាមួយចលនា ANC (African National Congress) ចាប់តាំងពីឆ្នាំ១៩៤៣ ដោយប្រឈមនឹងការលំបាកយ៉ាងច្រើន រួមទាំងការជាប់គុក ជាង២៧ឆ្នាំផង ដើម្បីរំដោះប្រជាជាតិស្បែកខ្មៅនៅអាព្រិកខាងត្បូង ចេញពីការជិះជាក់សង្កត់សង្កិនរបស់របបប្រកាន់ពូជសាសន៍ស្បែកសអាប៉ាថេត។ កាលសម័យអាណានិគមបារាំងត្រួតត្រាលើប្រទេសខ្មែរ (១៨៦៣-១៩៥៣) ក៏មានអ្នកប្រយុទ្ធតស៊ូខ្មែរមួយចំនួនបានស្ម័គ្រលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិជាតិមាតុភូមិចេញពីអាណានិគមបារាំង ដែលក្នុងនោះរួមមាន ឧកញ៉ា ក្រឡាហោមគង់ និងអាចារហែមចៀវ ជាដើម។ កាលសម័យទសវត្សរិ៍១៩៨០ ក៏មានអ្នកស្នេហាជាតិខ្មែរមួយចំនួនបានស្ម័គ្រចូលរួមបម្រើចលនាតស៊ូរបស់សម្តេច នរោត្ដម សីហនុ ដើម្បីបណ្តេញកងទ័ពវៀតណាមចេញពីស្រុកខ្មែរ។បច្ចុប្បន្នទៀតសោត ក៏នៅតែមានមនុស្សដែលមានទឹកចិត្តចង់បម្រើប្រទេសជាតិ ចង់បម្រើប្រជាជន ស្ម័គ្រចូលរួមក្នុងវិស័យនយោបាយ ដើម្បីបុព្វហេតុដ៏ថ្លាថ្លៃ ដូចជាលើកស្ទួយលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិកម្មករ ចង់ជួយកសិករ ទប់ស្កាត់ភាពវឹកវរចលាចលនយោបាយ លើកកម្ពស់សេរីភាពបញ្ចេញមតិ ការពារធនធានធម្មជាតិ។ល។ ជាឧទារហរណ៍ បណ្ឌិត កែម ឡី បានបូជាជីវិត នៅឆ្នាំ២០១៦ ដើម្បីលើកស្ទួយសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកមានទឹកចិត្តចង់ជួយអ្នកដទៃ ចង់បម្រើប្រទេសជាតិទាំងឡាយអាចឈរនៅទៅតាំងផ្សេងគ្នា នៅគណបក្សផ្សេងគ្នា មានទស្សននយោបាយខុសគ្នា តែគេចូលរួមក្នុងវិស័យនយោបាយ ពីព្រោះតែគេមានទឹកចិត្តចង់បម្រើប្រទេសជាតិ ចង់ជួយអ្នកដទៃ។ ទឹកចិត្តទាំងនេះ ជាទឹកចិត្តប្រកបដោយកុសលចិត្ត បើនិយាយនៅក្នុងភាសាធម៌។
២. ទឹកចិត្តលោភៈ
មានមនុស្សមិនតិចទេ ដែលសម្រេចចូលរួមក្នុងវិស័យនយោបាយ ដោយសារទឹកចិត្តលោភៈ លោភលន់ចង់បានយសស័ក្តិ លោភលន់ចង់បានលាភសក្ការៈ ចង់បានកេរិ៍្តឈ្មោះល្បីល្បាញ ឬចង់ឱ្យគេកើតសរសើរ តែមិនគិតខ្វល់អំពីរឿងវាសនាប្រទេស ឬចង់ជួយប្រជាពលរដ្ឋទេ។ បុគ្គលប្រភេទនេះមាននៅគ្រប់ទីកន្លែង មិនថា តែក្នុងស្ថាប័នរាជរដ្ឋាភិបាលទេ តែនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល ក៏មានមិនខ្វះដែរ រួមទាំងក្នុងក្រុមអ្នកវិភាគសង្គម និងនយោបាយ ផង។ ក្នុងករណី គេចង់បានកេរិ៍្តឈ្មោះល្បីល្បាញ គេធ្វើគ្រប់យ៉ាង ឱ្យតែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ដោយមិនខ្វល់អំពីផលប៉ះពាល់នៃសំដី ឬទង្វើរបស់គេទៅលើសង្គមជាតិឡើយ បើទោះបីទង្វើរបស់គេ ធ្វើឱ្យសង្គមបែកបាក់ ប្រេះឆា ក៏ដោយ។ បើអ្នកចង់បានលាភសក្ការៈវិញ គេមិនញញើតដៃនឹងប្រព្រឹត្តអំពើពុករលួយឡើយ នៅពេលគេទទួលបានសិទ្ធិអំណាច ឬប្រព្រឹត្តអំពើមិនគប្បីផ្សេងៗនៅក្នុងវិស័យនយោបាយ។
៣. ទឹកចិត្តទោសៈ ចងកំហឹង
មានមនុស្សមួយចំនួនធំដែរ ដែលចូលរួមសកម្មក្នុងវិស័យនយោបាយ ដោយសារតែគេចងកំហឹង គុំគួនជាមួយអ្នកមានអំណាច ជាពិសេស នៅក្នុងប្រទេសមួយ ដែលនៅមានអំពើអយុត្តិធម៌ច្រើន មានការរំលោភបំពានច្រើន។ ដោយសារទឹកចិត្តបែបនេះហើយ ទើបសកម្មភាពរបស់ក្រុមគាត់ មានលក្ខណៈហិង្សាច្រើន ជាពាក្យសំដី ឬសកម្មភាពនយោបាយផ្សេងៗ ហើយច្រើនបង្កឱ្យមានប្រតិកម្មតបពីអ្នកកាន់អំណាច ជាការចាប់ដាក់គុក ឬបង្ខំចិត្តរត់ចោលស្រុកទេស។ក្នុងចំណោមមនុស្សបីប្រភេទនេះ អ្នកមានដួងចិត្តទី១ កម្រទទួលបានជោគជ័យណាស់ ពីព្រោះគេមិនចេះនិយាយកុហកបោកប្រាស និងមិនសូវមានល្បិចកលច្រើនក្នុងវិស័យនយោបាយ។ បុគ្គលប្រភេទនេះ យូរម្តងៗ ទទួលបានជោគជ័យធំធេង ដូចជា មហាត្មៈ គន្ធី លោក ណែលសិន ម៉ាន់ដេឡា ជាដើម ដោយព្រោះតែ គាត់មានទឹកចិត្តអត់ធន់ខ្ពស់ មានស្មារតីប្រយុទ្ធស្វិតស្វាញខ្លាំង និងមានទឹកចិត្តអត់ឱនខ្ពស់ណាស់។ អ្នកមានទឹកចិត្តចង់បម្រើប្រទេសជាតិ និងចង់ជួយប្រជាពលរដ្ឋ ពេលទទួលបានជោគជ័យ មានសិទ្ធិអំណាចដឹកនាំរដ្ឋ ជាទូទៅ ច្រើនធ្វើឱ្យប្រទេសជាតិបានសុខ រីកចម្រើន សម្បូរសប្បាយ។
អ្នកមានដួងចិត្តលោភៈ ធ្វើនយោបាយកម្រទទួលបានជោគជ័យណាស់ ដែលជោគជ័យក្នុងទីនេះ គឺសំដៅលើការទទួលបានអំណាចរដ្ឋមកដឹកនាំ ពីព្រោះប្រជាពលរដ្ឋងាយនឹងសម្គាល់ឃើញអំពីទឹកចិត្តលោភលន់របស់គាត់ តាមរយៈទង្វើ ឬពាក្យសំដីរបស់គាត់។
ដោយឡែក អ្នកធ្វើនយោបាយជាមួយទឹកចិត្តទោសៈ ភាគច្រើនទទួលបានជោគជ័យនៅក្នុងសង្គមមួយ ដែលនៅមានបញ្ហា និងអំពើអយុត្តិធម៌ច្រើន ដោយសារសំដី និងទង្វើរបស់គាត់ត្រូវនឹងចិត្តមហាជន ដែលក្រលំបាក ឬទទួលរងអំពើអយុត្តិធម៌ផ្សេងៗ ហើយតែងជះកំហឹងទាំងនោះទៅលើអ្នកកាន់អំណាច។ ជាពិសេស នៅពេលប្រទេសជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ផលប៉ះពាល់ជះលើមនុស្សកាន់តែច្រើនក្នុងសង្គម ពាក្យសំដីដុតកំហឹងមហាជនរបស់អ្នកដឹកនាំនយោបាយប្រភេទនេះ កាន់តែពិរោះចូលត្រចៀកមហាជន ហើយអាចឈានឱ្យគេទទួលបានអំណាចរដ្ឋមកដឹកនាំ តាមរយៈការបង្កភាពវឹកវរក្នុងសង្គម។ ក៏ប៉ុន្តែ នៅពេលដែលអ្នកនយោបាយប្រភេទនេះទទួលបានអំណាចរដ្ឋមកដឹកនាំ ភាគច្រើន គឺប្រទេសជាតិ ជួបមហន្តរាយ ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ដោយសារតែគេយកកំហឹង គំនុំ និងសេចក្តីស្អប់ខ្ពើមទៅដឹកនាំប្រទេស ដូចដែលប្រវត្តិសាស្រ្តបានជួបប្រទះ នូវភាពព្រៃផ្សៃរបស់ពួក ប៉ុល ពត និងពួកផាស៊ីស ហ៊ីត្លែរិ៍ ជាដើម។
រឿងសំខាន់មួយទៀត ដែលគួរឱ្យកត់សម្គាល់ គឺថា មនុស្សល្អៗ មានសមត្ថភាព មានគុណធម៌ ច្រើនតែខ្លាចក្នុងការចូលរួមក្នុងវិស័យនយោបាយ ដោយសារតែគេគិតថា នយោបាយជារឿងស្មោកគ្រោក គួរឱ្យស្អប់ខ្ពើម គួរឱ្យខ្លាចរអារ។ ពិតប្រាកដហើយ នយោបាយមានរឿងគួរឱ្យស្អប់ខ្ពើម និងខ្លាចរអារ ជាពិសេស នៅពេលអំណាចស្ថិតនៅក្នុងដៃមនុស្សប្រភេទទី២ និងទី៣។ ក៏ប៉ុន្តែ នយោបាយ ក៏មានចំណុចល្អប្រពៃរបស់វាដែរ ជាពិសេស នៅពេលអំណាចរដ្ឋស្ថិតក្នុងដៃបុគ្គលប្រភេទទី១ ដែលគេយកអំណាចទៅកសាងជាតិឲ្យរីកចម្រើន រុងរឿង ថ្លៃថ្នូរ។ អ្នកដឹងទេ ទីលាននយោបាយ ជាកន្លែងដែលអ្នកដឹកនាំទទួលបានសិទ្ធិអំណាចទៅចាត់ចែងធនធានរបស់ជាតិទាំងមូល រួមទាំងលុយបង់ពន្ធរបស់អ្នក និងតែងតាំងធនធានមនុស្សដឹកនាំស្ថាប័នមន្រ្តីរាជការផង។ បើអ្នកជាមនុស្សល្អ មានសមត្ថភាព មានទឹកចិត្តបម្រើ មិនចូលទៅលេងក្នុងទីលាននេះ តើអ្នកទុកឱ្យទីលាននេះសម្រាប់មនុស្សប្រភេទណាទៅវិញ?
=== ^^^ ===
– រៀបរៀងដោយ សាម អ៊ីន – មករា ២០២៣
– អត្ថបទទាក់ទង៖
0 Comments