Ticker

6/recent/ticker-posts

ច្បាប់នៃភាពជាអ្នកដឹកនាំ ២១ប្រការ



បើទោះបីបោះពុម្ពតាំងពីឆ្នាំ១៩៩៨ ក៏ដោយក៏សៀវភៅ​ «ច្បាប់នៃភាពជាអ្នកដឹកនាំ២១ប្រការ​ ដែលមិនអាចជំទាស់បាន» -- «The 21 Irrefutable Laws of Leadership» នៅតែជាសៀវភៅដ៏ល្អប្រព្រៃមួយសម្រាប់អ្នកចង់ស្វែងយល់អំពីភាពជាអ្នកដឹកនាំ។​ កាលពីពាក់កណ្ដាលឆ្នាំ២០០៤​ ក្រោយរៀនចប់ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តព្រៃឈើ និងចូលបម្រើការងារក្នុងអង្គការ Lutheran World Federation បានជាងមួយឆ្នាំ ខ្ញុំបានជួបគ្រូឥណ្ឌាម្នាក់ នៅក្នុងវគ្គបណ្ដុះបណ្ដាលមួយ​ស្ដីពីសហគមន៍អេកូទេសចរណ៍ ហើយគាត់បានណែនាំខ្ញុំឱ្យអានសៀវភៅរបស់​លោក John C. Maxwell គឺសៀវភៅដែលខ្ញុំបាននិយាយខាងលើ។​ ខ្ញុំអានសៀវភៅនេះ​ដោយជក់ចិត្ត ពីព្រោះរបៀបសរសេរងាយយល់ ហើយមានខ្លឹមសារល្អណាស់ សម្រាប់ការកសាងភាពជាអ្នកដឹកនាំនៅក្នុងខ្លួន និងកសាងទំនាក់ទំនងការងារជាមួយអ្នកដទៃ។ វាជាចំណេះដឹងមួយ ដែលខ្ញុំមិនធ្លាប់បានរៀនពីមុនមកសោះ បើទោះបីខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតក៏ដោយ។

ក្រោយអានចប់ ខ្ញុំយកខ្លឹមសារ និងគោលការណ៍មកប្រតិបត្តិក្នុងជីវិត និងការងារ ហើយសង្កេតឃើញថា ផ្ដល់ផលល្អណាស់​។​ ដោយចង់ចែករំលែកបន្ត​នូវចំណេះដឹងស្តីពីភាពជាអ្នកដឹកនាំដ៏មានសារសំខាន់នេះ ខ្ញុំបានធ្វើការប្រែសម្រួលនិងបកស្រាយជាសេចក្តីសង្ខេប អំពីខ្លឹមសារសំខាន់ៗនៃសៀវភៅនេះ ដើម្បីឱ្យយុវជនខ្មែរអាចក្រេបជញ្ជក់យកខ្លឹមសារល្អៗស្តីអំពីភាពជាអ្នកដឹកនាំ​ សម្រាប់ជាត្រីវិស័យដឹកនាំជីវិត និងការងារឱ្យទទួលបានជោគជ័យជាទីគាប់ចិត្ត។

១.​ ច្បាប់នៃគម្រប (The law of the lid)

ច្បាប់នេះចង់និយាយថា ​​បើអ្នកចង់ដើរឡើងទៅលើកាន់តែខ្ពស់ អ្នកចាំបាច់ត្រូវបង្កើនភាពជាអ្នកដឹកនាំ របស់អ្នកផងដែរ។​ កាលណាអ្នកចង់កសាងផលជះកាន់តែខ្លាំង កាន់តែធំ ទាល់តែអ្នកអាចកសាងឥទ្ធិពលលើអ្នកដទៃបានកាន់តែច្រើន និងកាន់តែប្រសើរ។​ និយាយមួយបែបផ្សេងទៀត គឺថាជោគជ័យដែលយើងសម្រេចបាន វាមិនអាចឡើងខ្ពស់ជាងសមត្ថភាពនៃភាពជាអ្នកដឹកនាំរបស់យើងទេ ដែលភាពជាអ្នកដឹកនាំប្រៀបដូចជាគម្របនៃភាពជោគជ័យដែលអ្នកចង់សម្រេចនោះ​។ មានន័យថា បើគម្របនៅទាប ជោគជ័យសម្រេចបាននឹងមានតិចដែរ។

ប្រសិនបើគម្របនៃភាពជោគជ័យរបស់ក្រុមហ៊ុន ឬស្ថាប័ន របស់អ្នកនៅមានកម្រិតទាបនៅឡើយ អ្នកគួរយកចិត្តទុកដាក់ធ្វើរឿងដូចខាងក្រោម៖
· រកដៃគូណាជាអ្នកដឹកនាំដែលអាចមកបំពេញចំណុចខ្វះខាតរបស់អ្នក។
· បញ្ឈប់អ្នកដឹកនាំ ដែលបង្កបញ្ហាក្នុងក្រុមហ៊ុន ឬស្ថាប័ន។
· ផ្ដល់ជូនវគ្គបណ្ដុះបណ្ដាលដល់ក្រុមការងារអំពីភាពជាអ្នកដឹកនាំ។
· វាយតម្លៃ និងបង្កើនភាពជាអ្នកដឹកនាំរបស់អ្នក។
· ទទួលព័ត៌មានត្រឡប់ពីអ្នកដទៃ អំពីទេពកោសល្យនៃការដឹកនាំរបស់អ្នក។
· ពង្រីកគោលដៅរបស់អ្នក។
· រៀបចំផែនការរយៈពេលមធ្យមនិងវែង ដើម្បីផ្តល់វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ។

២. ច្បាប់នៃឥទ្ធិពល (The law of influence)

ភាពជាអ្នកដឹកនាំ គឺជាឥទ្ធិពល មិនមានធ្វើផ្សេងពីនេះទេ។ កាលណាគេនិយាយ អំពីភាពជាអ្នកដឹកនាំ គឺសំដៅលើឥទ្ធិពលដែលបុគ្គលនោះមានលើអ្នកដទៃ មិនមែនសំដៅលើឋានៈតួនាទីដែលបុគ្គលនោះមានទេ។ ច្បាប់នេះចង់ប្រាប់អ្នកថា មនុស្សទាំងឡាយនឹងដើរតាមអ្នក ប្រសិនបើអ្នកចេះកសាងឥទ្ធិពលវិជ្ជមានទៅលើជីវិតអ្នកដទៃ។ គេមិនដើរតាមអ្នកដោយសារអ្នកមានឋានៈតួនាទីនោះទេ។

បើអ្នកចង់កសាងឥទ្ធិពលលើអ្នកដទៃ អ្នកត្រូវយកចិត្តទុកដាក់ធ្វើការលើរឿងទាំងនេះ ៖
1. កសាងអត្តចរិតរបស់អ្នកឱ្យបានល្អ។
2. កសាងទំនាក់ទំនងល្អជាមួយអ្នកដទៃ។
3. បង្កើនចំណេះដឹងរបស់អ្នក។
4. ចេះគ្រប់គ្រងអារម្មណ៍របស់អ្នក។
5. ចាប់យកបទពិសោធន៍ឱ្យបានច្រើនចេញពីជីវិតនិងការងាររបស់អ្នក។

៣. ច្បាប់នៃដំណើការ (The law of process)

ភាពជាអ្នកដឹកនាំមិនអាចកើតឡើងតាមរបៀបលេងឆ្នោត ដែលអ្នកមានសំណាង​ ដោយចាក់១លេខ ឬ២លេខ ស្រាប់តែត្រូវ​ ហើយឈ្នះលុយ១លាន ឬ២លានដុល្លារ ក្នុង១ថ្ងៃនោះទេ។

ភាពជាអ្នកដឹកនាំ គឺជាដំណើការដែលអ្នកត្រូវកសាងជារៀងរាល់ថ្ងៃ ជាប្រចាំ ក្នុងរយៈកាលគួរសមមួយ។

ដើម្បីរៀបចំដំណើរកសាងភាពជាអ្នកដឹកនាំ អ្នកត្រូវយកចិត្តទុកដាក់ធ្វើរឿងដូចខាងក្រោមនេះ៖
. បង្កើតទស្សនវិស័យ ឬក្ដីស្រមៃយ៉ាងតិចមួយសម្រាប់ជីវិត។ តើអ្នកមានគោលដៅអ្វីខ្លះ ដើម្បីធ្វើឱ្យក្ដីស្រមៃនោះក្លាយជាការពិត។
. បំបែកគោលដៅទាំងនោះ ឱ្យទៅជាគោលដៅប្រចាំឆ្នាំ ប្រចាំត្រីមាស ប្រចាំខែ ប្រចាំសប្ភាហ៍ និងប្រចាំថ្ងៃ។ ធ្វើបែបនេះនឹងជួយអ្នកឱ្យចាប់ផ្ដើមកសាងទម្លាប់មានផែនការនិងមានវិន័យ។
. រៀបចំនិងចំណាយពេលជួបអ្នកដទៃ។ អ្នកធ្វើរឿងនេះ ដោយជួយបង្ហាត់បង្រៀនសហការី ឬរកអ្នកជំនាញមកពីខាងក្រៅបង្វឹកសហការី ឬបញ្ជូនសហការីឱ្យទៅរៀនបន្ថែមទៀត។
. ដាំបណ្ដុះវប្បធម៌នៃការរីកលូតលាស់។ អ្នកត្រូវបង្កើតបរិយាកាសឱ្យសហការីកសាងភាពជោគជ័យ ហើយឈានឡើងទៅខ្ពស់ទៀតបាន។

៤. ច្បាប់នៃការផ្ដល់ទិសដៅ​ (The law of navigation)

ជាទូទៅមនុស្សទាំងឡាយដើរតាមអ្នកដឹកនាំណាដែលផ្ដល់ទស្សនវិស័យ គោលដៅ ឬរូបភាពនៃអនាគត ដ៏ត្រចៈត្រចង់មួយ។ អ្នកដឹកនាំផ្ដល់ជូនទិសដៅមួយដល់មនុស្សទាំងឡាយថា តើគេអាចផ្លាស់ប្ដូរសង្គម ផ្លាស់ប្ដូរពិភពលោកឱ្យបានប្រសើរឡើងយ៉ាងណា។ បន្ទាប់មកគាត់អំពាវនាវឱ្យអ្នកដើរតាមចេញដំណើរសំដៅទៅទិសដៅនោះ។ ក្នុងន័យនេះ អ្នកដឹកនាំប្រៀបដូចជាកាពីទែននាវាមួយ ដែលដឹងទិសដៅត្រូវធ្វើដំណើរច្បាស់លាស់ ហើយបញ្ជាដល់ក្រុមនាវិកត្រៀមខ្លួន ចេញដំណើរទៅរកទិសដៅនោះ។

ដើម្បីដឹកនាំនាវាទៅរកគោលដៅមួយ អ្នកត្រូវរៀបផែនការជាមុន ដូចតទៅ ៖
1. កំណត់ទិសដៅនៃសកម្មភាពទាំងឡាយ។
2. ដាក់បង្ហាញគោលដៅទាំងឡាយត្រូវឆ្លងកាត់។
3. សម្របផ្លាស់ប្ដូរអាទិភាពរបស់អ្នក។
4. ប្រាប់សមាជិកសំខាន់ៗក្នុងក្រុមឱ្យបានដឹងជាមុន។
5. ផ្ដល់ជូនពេលវេលាសម្រាប់ការទទួលយករឿងថ្មី។
6. ត្រៀមចេញដំណើរ ឬធ្វើសកម្មភាព។
7. ត្រៀមប្រឈមបញ្ហា។
8. យកចិត្តទុកដាក់ចង្អុលបង្ហាញទៅលើជោគជ័យសម្រេចបាន។
9. ពិនិត្យមើលផែនការរបស់អ្នកឡើងវិញជាប្រចាំ។

៥. ច្បាប់នៃការបន្ថែមតម្លៃ​​ (The law of addition)

ក្លាយជាអ្នកដឹកនាំដ៏គួរឱ្យគោរពម្នាក់ ទាល់តែអ្នកអាចបន្ថែមតម្លៃដល់អ្នកដទៃតាមការជួយរបស់អ្នកដល់គេ។ អ្នកមិនអាចជំរុញទឹកចិត្តអ្នកដទៃបានទេ ប្រសិនបើអ្នកមិនផ្ដល់គុណសម្បត្តិចំពោះលទ្ធផលសម្រេចបានដល់អ្នកដទៃផង ឬអ្នកមិនព្រមទទួលយកកំហុសឆ្គងដែលកើតឡើងក្នុងក្រុមការងារ។

ភារកិច្ចនៃការដឹកនាំមិនមែនជាការបង្ហាញថាយើងពូកែគ្រប់រឿង ឬជាមេគ្រប់ពេល ឬមានអំណាចលើគេទាំងឡាយនោះទេ។ ធាតុដ៏សំខាន់មួយនៃភាពជាអ្នកដឹកនាំ គឺការជួយរុញជួយបន្ថែមតម្លៃដល់សមាជិកក្នុងក្រុម។

ដើម្បីបន្ថែមតម្លៃដល់អ្នកដទៃ អ្នកត្រូវយកចិត្តទុកដាក់លើរឿង ដូចខាងក្រោម ៖
1. ទទួលស្គាល់ភាពខ្លាំងរបស់មនុស្ស ហើយព្យាយាមផ្ដល់កិត្តិយស ឬតម្លៃលើភាពខ្លាំងរបស់គាត់។
2. ជួយអ្នកយល់ខុស ឬអ្នកមិនជឿជាក់លើខ្លួនឯង ដោយបង្រៀនគេបន្ថែម អំពីជំនាញ ការគិតគ្រប់ ជ្រុងជ្រោយ និងស៊ីជម្រៅ និងចំណាយពេលវេលាជួបពង្រឹងស្មារតីរបស់គេ។

៦. ច្បាប់នៃការកសាងគ្រឹះ (The law of solid ground)

ទំនុកចិត្តគឺជារឿងសំខាន់ចម្បងបំផុតនៃភាពជាអ្នកដឹកនាំ។ វាជាមូលដ្ឋានគ្រឹះនៃរាល់ទំនាក់ទំនងទាំងអស់ដែលបង្កើតឡើង។ នៅពេលដែលអ្នកធ្វើឱ្យនរណាម្នាក់បាត់ទំនុកចិត្តជាបន្តបន្ទាប់ ទំនាក់ទំនងរបស់អ្នកជាមួយគេនឹងឈានទៅរលាយបន្តិចម្តងៗ។ ស្ថាប័ន ឬអង្គការដែលសហការីខ្វះទំនុកចិត្តលើការដឹកនាំ គ្របដណ្តប់ដោយការខ្វែងគំនិតគ្នា ភាពច្របូកច្របល់ និងការលាឈប់។ ក្រុមហ៊ុន ឬស្ថាប័នដែលកសាងទំនុកចិត្តខ្ពស់ អាចបង្កផលជះ និងផ្លាស់ប្តូរពិភពលោកឱ្យប្រសើរឡើង។

ដើម្បីកសាងទំនុកចិត្តអ្នកត្រូវយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
- កសាងអត្តចរិតរបស់អ្នក។
- កសាងគុណតម្លៃនិងរស់នៅជាមួយគុណតម្លៃទាំងនោះ។
- ពង្រឹងសមត្ថភាពបន្ថែមដោយបង្កើនជំនាញរបស់អ្នក។ អ្នកដើរតាមចង់ដឹងថា តើគេអាចទុកចិត្តលើអ្នកក្នុងការបង្ហាញផ្លូវត្រូវដែរទេ។
- ផ្តល់ជូនយោបល់ដោយចំៗនិងស្មោះត្រង់។ ចង់មានន័យថា កុំទាត់ចោលសេចក្តីពិត បើទោះបីវាបង្កការឈឺចាប់ក៏ដោយ ក្នុងការនិយាយចេញមក។
- ចូរសុំទោសចំពោះមនុស្សដែលអ្នកធ្វើឱ្យអន់ចិត្ត រួចហើយធ្វើការ ដើម្បីទទួលបានទំនុកចិត្តមកវិញ។ បង្ហាញប្រាប់ថា វាជារឿងសំខាន់ក្នុងការកែប្រែស្ថានការណ៍ឱ្យត្រឹមត្រូវឡើងវិញ។ ដើម្បីកសាងទំនុកចិត្តពីអ្នកដទៃ អ្នកដឹកនាំត្រូវកសាងសមត្ថភាព ទំនាក់ទំនង​ និងអត្តចរិត។

. ច្បាប់នៃការគោរព  (The law of respect)

កាលណាគេនិយាយអំពីភាពជាអ្នកដឹកនាំវាដូចជាមានការរៀបចំតាមជាន់ថ្នាក់បែបធម្មជាតិដូច្នេះ។ ជាឧទាហរណ៍នៅពេលដែលគេដាក់ក្រុមអ្នកជំនាញ10នាក់នៅជាមួយគ្នា ដំណើរការរៀបចំដោយធម្មជាតិមួយនឹងកើតឡើង។ អ្នកដឹកនាំពូកែជាងគេនឹងងើបឡើងឈរនៅទីខ្ពស់ជាងគេ ហើយនឹងមានអ្នកពូកែបន្ទាប់ 2 ឬ 3នាក់ ស្ថិតនៅទីតាំងបន្ទាប់ រួចហើយអ្នកទាំងឡាយទៀតនឹងស្តាប់គោរព ហើយដើរតាមអ្នកដឹកនាំទាំងនេះ។

ជាលក្ខណៈធម្មជាតិមនុស្សទាំងឡាយនឹងដើរតាមនិងគោរពអ្នកដឹកនាំដែលខ្លាំងជាងខ្លួន។ ជាឧទាហរណ៍ អ្នកដឹកនាំដែលមានសមត្ថភាពកម្រិតទី7 មិនអាចដើរតាមអ្នកដឹកនាំដែលមានសមត្ថភាពកម្រិតទី2បានទេ បើទោះបីជាស្ថានការណ៍តម្រូវ ក៏ការដើរតាមនោះមានរយៈពេលខ្លីមួយប៉ុណ្ណោះ ។ ការវាស់វែងមួយនៃភាពជាអ្នកដឹកនាំគឺគេអាចដឹងបានតាមគុណសម្បត្តិមនុស្សដែលសម្រេចដើរតាមអ្នក។

ដើម្បីទទួលបានការគោរព អ្នកត្រូវយកចិត្តទុកដាក់លើរឿងដូចខាងក្រោម ៖
1. អ្នកដឹកនាំដែលមានគុណសម្បត្តិពីធម្មជាតិ គឺអាចចង្អុលបង្ហាញអំពីទស្សនវិស័យណាមួយ រស់នៅជាមួយភាពស្មោះត្រង់ ហើយមានជំនាញឬការយល់ដឹងខ្ពស់អំពីរឿងដែលគាត់ធ្វើ។
2. យកចិត្តទុកដាក់ជួយអ្នកដទៃ វិនិយោគពេលវេលាបង្វឹកអ្នកដទៃ ទទួលស្គាល់ភាពខ្លាំងក្នុងខ្លួនអ្នកដទៃ និងគោរពអ្នកដទៃ។
3. ខំប្រឹងរៀនសូត្រអភិវឌ្ឍខ្លួនជានិច្ច។
4. វិនិយោគពេលវេលាជួយបង្រៀន និងតម្រង់ទិសអ្នកដទៃរឿងការងារអាជីព និងគោលដៅជីវិត។

. ច្បាប់នៃវិចារណញ្ញាណ (The law of intuition)

ជាអ្នកដឹកនាំ អ្នកត្រូវចេះសង្កេតមើលស្ថានការណ៍ ហើយដឹងដោយវិចារណញ្ញាណពីក្នុងមកថា ត្រូវធ្វើអ្វីជាមួយស្ថានការណ៍នេះ។ គុណសម្បត្តិមួយដែលមិនអាចខ្វះបានស​ម្រាប់អ្នកដឹកនាំ សម្រេចជោគជ័យធំធេងទាំង​ឡាយ​​ គឺការចេះប្រើវិចារណញ្ញាណក្នុងការធ្វើសេចក្តីត្រឹមត្រូវ។ គាត់អាចធ្វើបែបនេះបានដោយសារមានសមត្ថភាពចេះសម្លឹងមើលថា តើសកម្មភាពទាំងឡាយនឹងកំណត់អនាគតបែបណា។ កត្តាផ្សេងទៀត ដែលជួយក្នុងការធ្វើសេចក្តីសម្រេចចិត្ត គឺការចេះសម្គាល់បរិស្ថានជុំវិញ លើកជាសំណួរល្អៗ និងមានភាពពត់ពេនក្នុងការគិត និងធ្វើសកម្មភាព។

ដើម្បីពង្រឹងវិចារណញ្ញាណឱ្យកាន់តែប្រសើរ ចូរយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
- ចេះពិនិត្យសង្កេតមើលបរិស្ថានទូទៅ។
- ចេះលើកសំណួរល្អៗ។
- មានភាពបត់បែនក្នុងការគិត និងធ្វើសកម្មភាព។
- ទុកចិត្តលើការវាយតម្លៃនៃវិចារណញ្ញាណរបស់អ្នកចេញពីខាងក្នុង ដោយចេះចាប់ផ្តើមសម្គាល់ពីគំរូ​ ដែលអ្នកធ្វើសេចក្តីសម្រចចិត្ត ដោយមិនពឹងលើព័ត៌មានច្រើន។ រៀនចេះសម្គាល់ផងដែរពេលណា ដែលវិចារណញ្ញាណរបស់អ្នករុញឱ្យធ្វើសេចក្តីសម្រេចចិត្តខុស។
- រៀនចេះពិនិត្យសង្កេតមើលអ្នកដទៃ។ ចេះមើលមនុស្សនិងរៀនរបៀបកសាងទំនាក់ទំនងឱ្យបានល្អ។

. ច្បាប់នៃការស្រូបទាញ  (The law of magnetism)

ច្បាប់នៃការស្រូបទាញពន្យល់ថា អ្នកជាមនុស្សប្រភេទណា​ អ្នកនឹងទាក់ទាញតែមនុស្សស្រដៀងនេះ មកដើរតាមអ្នកទេ។ ហើយអ្នកជាមនុស្សប្រភេទណា មិនកំណត់ដោយថា តើអ្នកមានគោលបំណងចង់បានអ្វីនោះទេ តែកំណត់ដោយថាតើអ្នកមានអត្តចរិត មានបុគ្គលភាពបែបណា អ្នកមានគុណតម្លៃអ្វីខ្លះ។ ចូរក្រឡេកមើលមនុស្សនៅជុំវិញអ្នក អ្នកធ្វើការក្នុងក្រុមការងារ មិត្តភក្តិនិងដៃគូធុរកិច្ចរបស់អ្នក តើគេជាមនុស្សមានគុណភាពខ្ពស់ មានក្តីស្រមៃធំ មានវិន័យ ឬជាមនុស្សខ្វះក្តីប្រាថ្នា គ្មានវិន័យនិងខ្សោយកម្លាំងចិត្ត។

ច្បាប់នៃការស្រូបទាញបញ្ជាក់ថា មនុស្សនៅជុំវិញអ្នក ដូចជាកញ្ចក់ឆ្លុះបញ្ជាំងអំពីអ្នកអ៊ីចឹង។

ដើម្បីទាក់ទាញមនុស្សមានសេចក្តីស្មោះត្រង់ មានវិន័យនិងមានសមត្ថភាព អ្នកត្រូវយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
- ​ធ្វើការកសាងគុណតម្លៃក្នុងខ្លួនអ្នក ក្លាយជាមនុស្សគួរឱ្យទុកចិត្តបាន មានវិន័យ និងរៀនសូត្រអភិវឌ្ឍខ្លួនជានិច្ច។
- ប្រសិនបើអ្នកដឹងខ្លួនថា តើអ្នកខ្វះខាតចំណុចណាមួយ ចូរយកចិត្តទុកដាក់ កសាងកែខៃ ចំណុចនោះ ឬបើខ្វះខាតផ្នែកសមត្ថភាពជំនាញ ត្រូវរកមនុស្សមកបំពេញបន្ថែមលើផ្នែកនេះក្នុងក្រុម។
- អ្នកអាចពិគ្រោះយោបល់ ឬធ្វើការជាមួយអ្នកជំនាញក្នុងការកំណត់ចំណុចខ្សោយ ឬខ្វះខាតរបស់អ្នក ហើយរៀបផែនការកែលម្អ។

១០. ច្បាប់នៃការភ្ជាប់ទំនាក់ទំនង (The law of connection)

ទំនាក់ទំនងជាមធ្យោបាយសំខាន់ណាស់សម្រាប់អ្នកដឹកនាំ។ ទំនាក់ទំនងកាន់តែរឹងមាំ ការតភ្ជាប់កាន់តែល្អរវាងអ្នកដឹកនាំនិងអ្នកដើរតាម នឹងជំរុញឱ្យអ្នកដើរតាមកាន់តែមានទឹកចិត្តចង់ជួយអ្នកដឹកនាំរបស់គេ។ អ្នកដើរតាមនឹងមិនចាប់ផ្តើមសកម្មភាពទេ ប្រសិនបើគេមានអារម្មណ៍ថា គេមិនមានទំនាក់ទំនងតភ្ជាប់ជាមួយអ្នកដឹកនាំ។

សម្រាប់អ្នកដឹកនាំដែលចង់តភ្ជាប់ទំនាក់ទំនងល្អជាមួយអ្នកដើរតាម ចូរយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
1. ត្រូវមានជំនឿជាក់លើគោលបំណងរបស់ខ្លួន និងបុគ្គលភាពរបស់ខ្លួន។
2. ចៀសវាងការកុហកបោកប្រាស់ដោយត្រូវនិយាយការពិតហើយបើសរសើរ សូមសរសើរដោយស្មោះត្រង់។
3. ភ្ជាប់ជាមួយអ្នកស្តាប់របស់អ្នក ដោយជជែកនូវរឿងដែលគេចង់ដឹង។
4. ចៀសវាងការមានពុតត្បុត ហើយមិនត្រូវធ្វើនូវអ្វីដែលផ្ទុយពីការទូន្មានរបស់អ្នក។
5. ចូរបំផ្លាញចោលនូវរនាំងទាំងឡាយក្នុងការធ្វើទំនាក់ទំនង។ ចូរទំនាក់ទំនងជាមួយមនុស្ស ជាមួយភាសានិយាយដែលគេអាចងាយយល់ ហើយអ្នកយល់គេពីគេបានល្អ ។ ចូររៀនអំពីវប្បធម៌ប្រពៃណីនិងប្រវត្តិរបស់គេ។
6. កុំផ្តោតការជជែកពិភាក្សាអំពីអ្នក តែត្រូវផ្តោតការជជែកលើរឿងមានប្រយោជន៍ដល់ដៃគូសន្ទនាររបស់​​ អ្នក។
7. ចូរបង្ហាញអំពីរូបភាពនៃអនាគតមួយដែលរុងរឿង និងបញ្ជាក់អំពីវិធីសាស្រ្តដែលអាចសម្រេចវាបាន។

១១. ច្បាប់នៃក្រុមស្នូល (The law of inner cycle)

មានមតិមួយធ្លាប់លើកឡើងថា អ្នកគឺជាផលបូកនៃមនុស្ស៥នាក់​ ដែលអ្នកចំណាយពេលច្រើនជាងគេជា​ មួយ។ សក្ដានុពលរបស់អ្នកដឹកនាំកំណត់ដោយមនុស្សដែលនៅជិត​ និងជួយការងារគាត់។​ នៅពេលដែលមនុស្សភាគច្រើន មិនយកចិត្តទុកដាក់ទៅលើមនុស្សដែលគេកសាងទំនាក់ទំនងជាមួយ អ្នកដឹកនាំតែងតែផ្ដល់សារសំខាន់ លើរឿងនេះ។ ​វាជាផ្នែកមួយនៃយុទ្ធសាស្រ្ដរបស់គាត់ក្នុងការឈានទៅពង្រីកសក្ដានុពលខ្ពស់បំផុត។

ដើម្បីពង្រីកសក្ដានុពលក្នុងការកសាងក្រុមស្នូល អ្នកត្រូវយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
1. ចេះសម្គាល់ និងជ្រើសរើសមនុស្សដែលត្រូវក្លាយជាសមាជិកក្រុមស្នូលរបស់អ្នក។
2. វិភាគអំពីតម្រូវការសមត្ថភាពផ្សេងៗនៃអ្នកនៅជុំវិញអ្នក។
3. ពិនិត្យមើលថា​​មនុស្សដែលអ្នករើសបានមក អាចដើរតួនាទីសំខាន់យ៉ាងណាក្នុងជីវិត ឬការងារអាជីពរបស់អ្នក។
4. ចូរកត់ត្រាទុកនូវគុណតម្លៃ ដែលសមាជិកក្រុមស្នូលបានបន្ថែមលើជីវិតអ្នក។
5. ពិនិត្យមើល តើអ្នកកសាងឥទ្ធិពលវិជ្ជមានលើជីវិតសមាជិកបានយ៉ាងណា។​ វាអាចជាការចំណាយពេលបង្រៀនគេ ជំរុញឱ្យគេមានការទទួលខុសត្រូវ ឬបង្ហាញការសរសើរដល់គេ។

១២. ច្បាប់នៃការពង្រឹងសិទ្ធិអំណាច (The law of empowerment)

ដឹកនាំល្អមិនមែនជាការងារតម្កើងខ្លួនឯងទេ តែជាការជួយលើកស្ទួយដល់អ្នកដទៃឱ្យខ្ពស់ឡើង។ នេះជាការពង្រឹងសិទ្ធិអំណាចដល់អ្នកដទៃ។ ច្បាប់នៃការពង្រឹងសិទ្ធិអំណាចចង់សំដៅថា អ្នកដឹកនាំមានកាតព្វកិច្ចស្វែងរកអ្នកដឹកនាំមានសក្តានុពលលូតលាស់ ហើយបង្វឹកគេឱ្យលូតលាស់កាន់តែខ្ពស់ និងប្រសើរជាងមុន ដោយផ្តល់ជូនគេនូវធនធាននិងសិទ្ធិអំណាច ហើយទុកផ្លូវឱ្យគេដើរសំដៅទៅបំពេញការងារឈានទៅរកភាពជោគជ័យ។

អ្នកដឹកនាំដែលពង្រឹងសិទ្ធិអំណាចជាជាងគ្រប់គ្រងលើគេ តែងទទួលបានការគោរព ការទុកចិត្តនិងការសរសើរពីអ្នកខាងក្រោម។

ដើម្បីក្លាយជាអ្នកពង្រឹងសិទ្វិអំណាចដ៏ពូកែ ចូរយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
- ​កសាងគុណតម្លៃផ្ទាល់ខ្លួន។ ស្គាល់អំពីចំណុចខ្លាំង គុណតម្លៃ និងអ្វីដែលអ្នកអាចផ្តល់ជូនអ្នកដទៃបាន។
- ធ្វើបញ្ជីរាយនាមសហការីជំនិតរបស់អ្នក។ គិតអំពីចំណុចខ្លាំងរបស់សហការី និងរកវិធីពង្រឹងគាត់បន្ថែម។
- មានជំនឿជាក់ក្នុងការផ្តល់ជូនអ្នកដទៃ ឱ្យទទួលខុសត្រូវកាន់តែច្រើន ដោយផ្តល់ការបណ្តុះបណ្តាល និងបង្វឹកឱ្យបំពេញការងារកាន់តែជោគជ័យ។ បែបនេះធ្វើឱ្យអ្នកមានអារម្មណ៏ងាយស្រួលក្នុងការផ្ទេរការងារ និងការទទួលខុសត្រូវ ហើយជាមួយគ្នានេះ បង្កើនឱកាសសម្រាប់ការលូតលាស់ ។

១៣.  ច្បាប់នៃរូបភាព  (The law of the picture)

អ្នកដើរតាមអាចសង្ស័យនៅពេលគេគ្រាន់តែស្តាប់ឮអ្នកដឹកនាំនិយាយ ប៉ុន្តែគេនឹងជឿនៅពេលគេឃើញអ្នកដឹកនាំធ្វើជាក់ស្តែង។ តួនាទីចម្បងមួយរបស់អ្នកដឹកនាំ គឺការបង្ហាញជាប់ជាប្រចាំនូវអនាគតមួយដ៏ល្អប្រសើរជាងមុន។ អ្នកដឹកនាំបង្ហាញអំពីបេសកកម្មដ៏សំខាន់ដើម្បីសម្រេចគោលដៅ ហើយបង្ហាញបុព្វហេតុដល់អ្នកដើរតាម ហេតុអ្វីត្រូវចូលរួមក្នុងបេសកម្មនេះ។ ចុងក្រោយ អ្នកដឹកនាំផ្តល់ជូននូវយុទ្ធសាស្រ្តនិងផែនការសកម្មភាព ដល់អ្នកដើរតាមឈានទៅសម្រេចគោលដៅ។ អ្នកដឹកនាំត្រូវផ្តល់ភាពជាគំរូល្អជាក់ស្តែងមិនមែនគ្រាន់តែទ្រឹស្តីទេ។

ដើម្បីបង្កើនសមត្ថភាពលើរឿងនេះ អ្នកដឹកនាំត្រូវយកចិត្តទុកដាក់លើរឿងដូ​ចតទៅ ៖
- កសាងអត្តចរិតល្អៗ ផ្តល់ជាគំរូដល់អ្នកដទៃ។ តើអ្នកមានគុណតម្លៃអ្វី ហើយហេតុអ្វីបានជាអ្នកឱ្យតម្លៃលើរឿងនេះ។
- នៅពេលដែលចង់ឱ្យអ្នកដទៃ មានឥរិយាបថបែបណា អ្នកត្រូវបង្ហាញជាគំរូ មិនគ្រាន់តែលើកឡើងជាទ្រឹស្តីទេ។
- ចូររៀបចំចំណាត់ថ្នាក់នៃភាពខ្លាំងនិង​ភាពខ្សោយនៅក្នុងក្រុមរបស់អ្នក រួចហើយវាស់វែងខ្លួនអ្នកនៅក្នុងចំណាត់ថ្នាក់នោះដែរ។ ប្រសិនបើអ្នកមានចំណាត់ថ្នាក់ខ្ពស់ជាងលើអត្តចរិតណាមួយ ចូរបង្ហាញឱ្យគេឃើញជាគំរូលើអត្តចរិតល្អនោះ។

១៤.​ ច្បាប់នៃការទាក់ទាញទំនុកចិត្ត (The law of buy-in)

ជាអ្នកដឹកនាំម្នាក់ ភាពជោគជ័យរបស់អ្នកត្រូវបានវាស់ដោយសមត្ថភាពក្នុងការនាំអ្នកដទៃឱ្យទៅកាន់ទីតាំងដែលគេត្រូវទៅ។ ប៉ុន្តែអ្នកអាចធ្វើរឿងនេះបានទាល់តែគេមានទំនុកចិត្តមកលើអ្នក។ ទស្សនវិស័យ បើទោះបីវាសំខាន់ក៏ដោយ ក៏វាមិនបង្កើតទំនុកចិត្តទេ។ អ្នកជាមនុស្សប្រភេទណា ក្នុងនាមជាអ្នកដឹកនាំម្នាក់ មានសារសំខាន់ក្នុងការកសាងទំនុកចិត្ត។ អ្នកត្រូវតែបង្ហាញប្រាប់មនុស្សទាំងឡាយថាជាមនុស្សប្រភេទណា ហើយអ្នកចង់នាំគេទៅណា មុននឹងគេចង់ដើរតាមអ្នក។ ទស្សនវិស័យនិងភាពជាអ្នកដឹកនាំល្អត្រូវតែដើរទៅជាមួយគ្នា។ បើមិនដូច្នេះទេអ្នកដើរតាមនឹងស្វែងរកអ្នកដឹកនាំថ្មី ឬស្វែងរកទស្សនវិស័យថ្មី។

ដើម្បីកសាងទំនុកចិត្តឱ្យបានកាន់តែល្អ អ្នកត្រូវយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
- ដឹងច្បាស់ថា ហេតុអ្វីបានជាអ្នកជ្រើសរើសផ្លូវក្លាយជាអ្នកដឹកនាំ។ តើបញ្ហាប្រឈមធំណាមួយដែលអ្នកចង់ដោះស្រាយនៅក្នុងសង្គម? ហេតុអ្វីក៏មនុស្សត្រូវយកចិត្តទុកដាក់លើរឿងនេះ? ប្រសិនបើអ្នកមិនមានគោលបំណងខ្លាំងគ្រប់គ្រាន់ទេ អ្នកនឹងមិនទទួលបានការទុកចិត្តក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរទេ។
- ចូរធ្វើបញ្ជីអំពីកម្រិតទំនុកចិត្តមកលើអ្នក ចំពោះសមាជិកនីមួយៗក្នុងក្រុមការងារ។ ស្វែងរកចម្លើយថា ហេតុអ្វីអ្នកខ្លះមានកម្រិតទាប រួចហើយរកវិធីដើម្បីដោះស្រាយ។​ វិធីសាស្រ្តដែលល្អគឺការកសាងទំនាក់ទំនងកាន់តែប្រសើរ ក្លាយជាបុគ្គលគំរូដ៏ល្អ ជួយសមាជិកឱ្យបំពេញការងារបានកាន់តែប្រសើរ ធ្វើការជាមួយសមាជិកក្នុងក្រុមឱ្យគេចេះស្គាល់គោលដៅជីវិតរបស់គេ និងបង្រៀនគេអំពីរបៀបដឹកនាំមនុស្ស។

១៥. ច្បាប់នៃភាពជោគជ័យ (The law of victory)

អ្នកដឹកនាំជោគជ័យមិនចូលចិត្តការចុះចាញ់ទេ។ ជម្រើសផ្សេងក្រៅពីជោគជ័យ គឺជារឿងពិបាកទទួលយកសម្រាប់គាត់។
ចូរអ្នកគិតមើលអំពីប្រវត្តិរបស់លោក Winston Churchill។ បើទោះបីប្រឈមនឹងលទ្ធភាពធំក្នុងការចាញ់សង្រ្គាមលោកលើកទី២ក៏ដោយ ក៏លោកបដិសេធមិនទទួលយកលទ្ធផលបែបនេះទេ។
មនុស្សទទួលជោគជ័យធំធេងតែងមានភាពស៊ូទ្រាំ និងមានភាពពេញចិត្តនូវអ្វីដែលគេធ្វើ ហេតុនេះហើយទើបគេក្លាយជាអ្នកឈ្នះ ។ គេធ្វើអ្វីគ្រប់យ៉ាង ដើម្បីកុំឱ្យបរាជ័យ។

ដើម្បីក្លាយជាអ្នកដឹកនាំដ៏ជោគជ័យ អ្នកចាំបាច់ដឹងនូវធាតុ៣​ប្រការនៃភាពជោគជ័យ ៖
1. ឯកភាពទៅលើទស្សនវិស័យ ៖ អ្នកដឹកនាំត្រូវធ្វើឱ្យសមាជិកក្នុងក្រុមធ្វើការរួមគ្នា ។ គ្មាននរណាម្នាក់បំពេញកិច្ចការក្នុងគោលដៅបម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
2. ភាពចម្រុះនៃជំនាញ ៖ សមាជិកម្នាក់ៗក្នុងក្រុមបំពេញការងារដោយជួយគ្នា ដោយសំយោគរវាងភាពខ្លាំងនីមួយៗចូលគ្នា ដើម្បីបង្កើតសមិទ្ធផលធំធេងរួមគ្នាឡើង។
3. កសាងកម្លាំងចិត្ត ៖ អ្នកដឹកនាំជោគជ័យរមែងផ្តល់ថាមពលផ្លូវចិត្តដល់សហការី ដោយបង្ហាញឱ្យដឹងអំពីបុព្វហេតុដ៍ធំធេងនៃការងារ ជំរុញទឹកចិត្តឱ្យប្រឹងប្រយុទ្ធយកឈ្នះ ឱ្យសហការីយល់ដឹងស៊ីជម្រៅអំពីការងារ និងចង្អុលបង្ហាញផ្លូវត្រឹមត្រូវក្នុងការធ្វើដំណើរទៅមុខ។

១៦.  ច្បាប់នៃកាលវេលាល្អ (The Law of the big momentum)

អ្នកមិនអាចដុតបំភ្លឺបេះដូងអ្នកដទៃ នៅពេលដែលក្នុងខ្លួនអ្នកពុំមានពន្លឺនៃក្តីពេញចិត្តកំពុងឆេះនោះទេ។
ជោគជ័យតូចៗបង្កើតនូវកាលវេលាល្អ ដើម្បីឈានទៅសម្រេចជោគជ័យធំៗ ។ ចូរសម្លឹងមើលការប្រកួតបាល់នៅតាមរដូវកាលប្រកួតនីមួយៗ ។ នៅពេលដែលក្រុមប្រកួតឈ្នះលើកទី1 ក្តីសប្បាយពេញចិត្តក៏ចាប់ផ្តើមកើតឡើង ភាពជឿជាក់កើនឡើងខ្ពស់ ហើយគេម្នាក់ៗមានអារម្មណ៏ថា គេអាចប្រឈមគ្រប់រឿងបាន។ ជោគជ័យនៃការប្រកួតកើតឡើងជាច្រើនដង ធ្វើឱ្យក្រុមឈ្នះការប្រកួតក្នុងរដូវ ហើយក្លាយជាជើងឯកនៃរដូវប្រកួតទាំងមូល។ ដូចគ្នាដែរ ការចាញ់ជាច្រើនដង​បង្កឱ្យមានឥទ្ធពលផ្ទុយពីនេះ ។ វាធ្វើឱ្យក្រុមកីឡាករបាក់ទឹកចិត្ត និងអស់សង្ឃឹម។ ក្រុមទាំងមូលចាប់ផ្តើមសួរខ្លួនឯងថា តើគេនឹងអាចសម្រេចជោគជ័យធំធេងយ៉ាងណាទៅ។
វាជាតួនាទីរបស់អ្នកដឹកនាំក្នុងការបង្កើតកាលវេលាល្អ និងរក្សាវាឱ្យហូរជាប់ជាលំដាប់។ គេអាចធ្វើបែបនេះបានដោយវាយតម្លៃអ្វីដែលដំណើរការល្អ អ្វីដែលត្រូវផ្លាស់ប្តូរ ហើយឱកាសណាដែលត្រូវចាប់យក។

ដើម្បីបង្កើតកាលវេលាល្អ អ្នកត្រូវយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
- កសាងភាពពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ បង្ហាញនូវសុទិដ្ឋិនិយម និងក្លាយជាកម្លាំងជំរុញចិត្ត។
- បង្ហាញទៅក្រុមអំពីអត្តចរិតជាអ្នកឈ្នះ ។ តើបុគ្គលជោគជ័យគិតនិងធ្វើបែបណា ដែលខុសពីមនុស្សធម្មតា។
- ដកចេញនូវឧបសគ្គទាំងឡាយក្នុងការបង្កើតកាលវេលាល្អ ។ តើអ្វីខ្លះធ្វើឱ្យមនុស្សខ្ជិលនិងបាក់ទឹកចិត្ត? ស្វែងរកកត្តាធ្វើឱ្យមនុស្សបាក់ទឹកចិត្ត ហើយបំផ្លាញវាចោល។
- បង្ហាញអំពីការអរគុណនិងការសរសើរនៅពេលសមាជិកក្រុមណាមួយ សម្រេចជោគជ័យទោះតូចក្តី ធំក្តី ។ បង្ហាញផ្លូវក្នុងការអបអរសាទរដល់សមាជិកក្រុមដែលបានរួមវិភាគទានជួយក្រុមការងារ។

១៧. ច្បាប់នៃអាទិភាព (​The law of priorities)

អ្នកដឹកនាំគឺជាមនុស្សដែលឡើងដើមឈើខ្ពស់ជាងគេ ប៉ាន់ប្រមាណស្ថានការណ៍ទូទៅរួចហើយស្រែកប្រាប់ថា យើងមកផ្លូវខុសហើយ។ -- Stephen Covey

អ្នកដឹកនាំដឹងថា ភាពរវល់ខ្លាំងមិននាំទៅរកការសម្រេចលទ្ធផលធំធេងទេ ក៏ប៉ុន្តែគឺជាការកំណត់អាទិភាពការងារទេដែលនាំទៅសម្រេចកិច្ចការធំ។

ដើម្បីរៀនកំណត់អាទិភាពការងារឱ្យបានល្អ ចូរផ្តោតលើរឿងដូចតទៅ ៖
- ដឹងច្បាស់ថា កិច្ចការណាទាមទារការចូលរួមចាំបាច់ពីអ្នក ហើយកិច្ចការណាដែលអ្នកអាចប្រគល់ឱ្យគេបាន។
- ចេះចាត់ថ្នាក់ថា កិច្ចការណាបន្ទាន់ សំខាន់ មិនបន្ទាន់ មិនសំខាន់ រួចហើយ ចាត់ចែងពេលវេលាអ្នកទៅតាមចំណាត់ថ្នាក់នេះ។
- ប្រើប្រាស់គោលការណ៏ Pareto ដែលគេស្គាល់ថាគោលការណ៏ 80/20 គឺមានន័យថា ចំណាយពេលវេលារបស់អ្នកទៅលើតែការងារអាទិភាព 20% ហើយអាចទទួលបានលទ្ធផល 80% ត្រឡប់មកវិញ។

១៨. ច្បាប់នៃការធ្វើពលិកម្ម (The law of sacrifice)

បេះដូងនៃភាពជាអ្នកដឹកនាំគឺការធ្វើពលិកម្ម ។ ជាញឹកញាប់មនុស្សទាំងឡាយតែងផ្តល់តម្លៃដល់ជីវិតជាអ្នកដឹកនាំ។ គេតែងគិតថា ជាអ្នកដឹកនាំកំពូល គឺមកជាមួយនូវអំណាច ភាពល្បីល្បាញ និងភាពមានបាន។ ក៏ប៉ុន្តែគេភ្លេចគិតថា ជាអ្នកដឹកនាំ អ្នកត្រូវលះបង់ដើម្បីអាចឡើងទៅខាងលើរួច។

លោក John C. Maxwell បានលើកឧទាហរណ៍អំពីលោក Martin Luther King, Jr.។ លោក Martin Luther King បានដឹងអំពីគ្រោះថ្នាក់ក្នុងការដឹកនាំចលនាសិទ្ធិស៊ីវិល។ បើទោះបីជាគាត់ត្រូវបានគេវាយដំ និងចាប់ដាក់គុកជាច្រើនដង ប៉ុន្តែនេះគឺជាអ្វីដែលគាត់បានដឹងនិងជ្រើសយក ដើម្បីសម្រេចក្តីស្រមៃរបស់គាត់ ឱ្យមានអនាគតដ៏ប្រសើរមួយ សម្រាប់ជនជាតិស្បែកខ្មៅនៅអាមេរិក។ គាត់អាចនឹងដកខ្លួនចេញគ្រប់ពេល ប៉ុន្តែគាត់ប្តេជ្ញាចិត្តថា បើទោះបីជាស្លាប់ក៏នៅតែធ្វើ ដើម្បីជួយផ្លាស់ប្តូរពិភពលោកនេះ។

លោក Maxwell បន្តថា បើមានទស្សនវិស័យ និងបេសកកម្មកាន់តែធំ អ្នកត្រូវធ្វើពលិកម្មកាន់តែខ្ពស់។ បើនិយាយបែបផ្សេងគឺមានន័យថា សិទ្ធិសេរីភាពរបស់អ្នកកាន់តែមានតិច ហើយការទទួលខុសត្រូវរបស់អ្នកកាន់តែកើនឡើង។ ដើម្បីដឹងថា តើអ្នកត្រៀមលះបង់អ្វីខ្លះ ចូរយកចិត្តទុកដាក់ លើរឿងដូចតទៅ ៖
- ចូរធ្វើបញ្ជីនូវរឿងទាំងឡាយ​ ដែលអ្នកអាចលះបង់បាន និងមិនបាន។
- ចូរពិចារណាអំពីគុណតម្លៃរបស់អ្នកក្នុងការងារ និងជីវិត។
- ចូរព្យាបាលជំងឺនៃការចង់ទៅដល់គោលដៅ ដោយផ្ទាល់ប្តូរការគិតរបស់អ្នកថា ការងារដឹកនាំគឺជាដំណើរការលូតលាស់មួយជីវិត។ ការនេះនឹងជួយអ្នកទៅរកអនាគតមួយ ដែលមានគោលដៅធំ ហើយវានឹងបង្កើនជំនាញនៃភាពជាអ្នកដឹកនាំរបស់អ្នកកាន់តែខ្ពស់។

១៩.  ច្បាប់នៃកាល:ទេស: (The law of timing)

ច្បាប់នៃកាល:ទេស: ឬកាលវេលា ចង់សំដៅលើរឿងថា ជាអ្នកដឹកនាំអ្នកត្រូវស្គាល់ ឬយល់ដឹងអំពីកាលវេលា ឬកាល:ទេស: ក្នុងការសម្រេចចិត្តធ្វើរឿងធំ និងសំខាន់។ កត្តាពេលវេលាមានសារសំខាន់ក្នុងការកំណត់ភាពជោគជ័យ ឬបរាជ័យ នៅក្នុងដំណើរជីវិត ឬការងាររបស់អ្នក។ ការធ្វើសកម្មភាពក្នុងកាលវេលាណាមួយ អាចផ្តល់ផលផ្សេងគ្នា ៖
- សកម្មភាពខុស + កាលវេលាខុស = មហន្តរាយ
- សកម្មភាពត្រូវ + កាលវេលាខុស = ការប្រឆាំងតបចេញពីក្រុម
- សកម្មភាពខុស + កាលវេលាត្រូវ = កំហុសឆ្គង
- សកម្មភាពត្រូវ + កាលវេលាត្រូវ = ជោគជ័យ

ក៏ប៉ុន្តែ ធ្វើយ៉ាងណាទើបដឹងថា ជាសកម្មភាពត្រឹមត្រូវ ហើយធ្វើក្នុងកាលវេលាត្រូវល្អ? ដើម្បីសម្រេចធ្វើសកម្មភាពត្រូវ ក្នុងកាលវេលាល្អ អ្នកត្រូវយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
1. យល់ដឹងឱ្យច្បាស់ពីស្ថានការណ៍ទូទៅ។
2. ចៀសវាងការយកបុព្វហេតុបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ ជាឧទាហរណ៍ អ្នកដឹកនាំដែលក្មេងខ្ចី ចូលចិត្តស្វែងរកអំណាច និងភាពល្បីល្បាញ ដែលធ្វើឱ្យគេសម្រេចចិត្តបែបឆ្កួតៗ នៅក្នុងកាលវេលាមិនត្រឹមត្រូវ។
3. មានភាពជឿជាក់ទៅលើសកម្មភាព ដែលគេធ្វើ និងជម្រើសដែលគេរើសយក។
4. ពិគ្រោះយោបល់ជាមួយអ្នកមានបទពិសោធន៍ ដែលធ្វើដំណើរលើផ្លូវនេះមុនដោយជោគជ័យ។
5. ចូរជឿជាក់លើសំឡេងចេញពីបេះដូងរបស់អ្នក។ ចូរអានអត្ថបទផ្សេងៗ ទាក់ទងនឹងការកសាងគុណតម្លៃ និងកត្តាកាល:ទេស:។
6. ចូរវាយតម្លៃមើលថា តើក្រុមការងាររបស់អ្នកបានត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការចាប់បំពេញសកម្មភាពដែលអ្នកសម្រេចជ្រើសយកហើយឬនៅ។

២០. ច្បាប់នៃកំណើនខ្ពស់ (The Law of explosive growth)

ការអភិវឌ្ឍភាពជាអ្នកដឹកនាំនិងផ្តល់ភោគផលច្រើន។ បើអ្នកវិនិយោគកាន់តែច្រើនទៅលើមនុស្ស ហើយធ្វើវាក្នុងរយៈពេលយូរ កំណើននឹងរីកចម្រើនខ្ពស់ ហើយផ្តល់ផលមកវិញបានច្រើនណាស់។ លោក Maxwell មានប្រសាសន៍ថា គន្លឹះទៅរកកំណើនខ្ពស់ គឺមិនមែនដឹកនាំអ្នកដើរតាមទេ តែគឺដឹកនាំអ្នកដឹកនាំ។ ភាពជាអ្នកដឹកនាំដ៏ខ្លាំងពូកែគឺការបង្កើតឥទ្ធិពលបានកាន់តែធំនិងខ្ពស់ ពីព្រោះគាត់ដឹងថា តួនាទីចម្បងរបស់គាត់គឺ ការកសាងអ្នកដឹកនាំឱ្យបានកាន់តែច្រើន ហើយអ្នកដឹកនាំទាំងនោះបន្តបណ្តុះអ្នកដឹកនាំបន្តទៀត។ ធ្វើបែបនេះឥទ្ធិពលរបស់អ្នកនិងរីកសាយ ហើយផលជះរបស់អ្នកនិងកើនឡើងខ្លាំង។

ដើម្បីបង្កើនឥទ្ធិពលនៃការដឹកនាំរបស់អ្នក ចូរយកចិត្តទុកដាក់លើរឿងដូចតទៅ ៖
1. សម្លឹងរកអ្នកដឹកនាំដែលមានសក្តានុពលឱ្យធ្វើការជាមួយអ្នក។
2. ប្រាប់គេអំពីទស្សនវិស័យរបស់អ្នក និងបង្ហាញគេអំពីផែនការយុទ្ធសាស្រ្តក្នុងការសម្រេចទស្សនវិស័យ កសាងអនាគតមួយ ដែលប្រសើរឡើង។
3. ធ្វើឱ្យប្រាកដឱ្យគេដឹងថា អ្នកបានបង្កើតបរិយាកាសការងារមួយដែលមានភាពទាក់ទាញ រីករាយ និងច្នៃប្រឌិតពត់ពេនសម្រាប់ការបំពេញការងារប្រចាំថ្ងៃ។
4. បន្តបង្កើនសមត្ថភាពដឹកនាំរបស់អ្នក ដើម្បីអាចបន្ថែមតម្លៃលើជីវិតអ្នកដទៃបាន។ នេះជាអ្វីដែលជំរុញអ្នកឱ្យស្ថិតនៅជាអ្នកដឹកនាំរបស់គេ។

២១. ​ច្បាប់នៃការបន្សល់ទុកមរតក ​(The law of legacy)

នៅវគ្គចុងក្រោយ​ លោក Maxwell បានលើកសំណួរមួយដល់អ្នកអានទាំងឡាយថា ​តើលោកអ្នកចង់ឱ្យគេនិយាយអ្វីខ្លះអំពីលោកអ្នកនៅកំឡុងពេលបុណ្យសពរបស់លោកអ្នក។​ គាត់ចង់និយាយអំពីការបង្កើតមរតកពេលអ្នកនៅរស់ ហើយបន្សល់មរតកនោះពេលអ្នកស្លាប់ទៅ។​ បើអ្នកយល់រឿងនេះ នោះកង់ជីវិតរបស់អ្នកនឹងវិលទៅមុខជាមួយនឹងបេសកកម្មជីវិតមួយច្បាស់លាស់។

អ្នករស់នៅរាល់ថ្ងៃនេះបែបណា អ្នកនឹងបន្សល់មរតកបែបនោះ ពេលអ្នកត្រឡប់ទៅវិញ។ ជាឧទាហរណ៍ អ្នកបានចំណាយពេលជាច្រើនក្នុងជីវិត ដើម្បីដាំបណ្ដុះអ្នកដឹកនាំ ដូចអ្វីដែលលោក Maxwell បានធ្វើដោយចេតនា អ្នកដទៃនឹងនិយាយគ្នាថា អ្នកបានបន្ថែមតម្លៃដល់ជីវិតមនុស្សរាប់លាននាក់។

ដើម្បីកសាងមរតកនៃភាពជាអ្នកដឹកនាំរបស់អ្នក ចូរយកចិត្តទុកដាក់ លើរឿងដូចតទៅ ៖
1. ដឹងអំពីគោលបំណងនៃជីវិតរបស់អ្នក ដោយស្វែងយល់អំពីខ្លួនឯងថា តើអ្នកមានទេពកោសល្យ និងជំនាញអ្វីដែលធម្មជាតិផ្ដល់ឱ្យ ហើយទីណាដែលអ្នកអាចបង្កផលជះបានច្រើន។​ ការនេះវាត្រូវស្របនឹងមរតកដែលអ្នកចង់បន្សល់ទុក។
2. កុំរង់ចាំពេលក្រោយក្នុងការចាប់ផ្ដើមកសាងមរតក។ ចូលចាប់ផ្ដើមពីឥឡូវនេះទៅ។
3. ចូរចំណាយពេលជាមួយអ្នកដឹកនាំ ដែលបន្តមរតករបស់អ្នក។​ ប្រសិនបើអ្នកបង្ហាត់បង្វឹកអ្នកដទៃឱ្យធ្វើដូចអ្នក នោះឥទ្ធិពលរបស់អ្នកនឹងសាយភាយបានខ្លាំង។
4. ចូរបង្កើតផែនការបន្តវេន ដើម្បីអនុញ្ញាតឱ្យអ្នក ប្រគល់ដំបងបន្តទៅអ្នកដទៃឱ្យរលូន។ រឿងនេះអាចត្រូវការពេលដល់ទសវត្សរ៍ ដូច្នេះចូលចាប់ផ្ដើមធ្វើការចាប់ពីថ្ងៃនេះទៅ។


ដំណឹងដ៏ល្អមួយគឺថា បើអ្នកចង់ក្លាយជាអ្នកដឹកនាំ អ្នកអាចធ្វើរឿងនេះបាន។ យើងទាំងអស់គ្នា សុទ្ធតែ មានសក្ដានុពលក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ ប៉ុន្តែ វានឹងមិនកើតឡើងក្នុងរយៈពេល១ថ្ងៃ ឬ២ថ្ងៃទេ វាត្រូវការការខំប្រឹងអត់ធ្មត់ និងពេលវេលាយូរ។

បើអ្នកមានអារម្មណ៍ថា វាដូចជាមានរឿងច្រើនពេក ដែលត្រូវធ្វើ ចូរចាប់ផ្ដើមជាមួយនឹងរឿងសំខាន់ៗ ខាងក្រោមដូចតទៅ ៖
· ចាប់ផ្ដើមគិត និងកំណត់អំពីអនាគតដ៏ប្រសើរនៃជីវិតអ្នក ហើយចែករំលែកឱ្យគេដឹង។
· បម្រើសហការីដែលអ្នកដឹកនាំ។
· ជឿជាក់លើសតិសម្បជ្ជញ្ញៈរបស់អ្នក។
· ចេះបន្ទាបខ្លួន និងបត់បែន។
· ចេះចាត់អាទិភាពនូវអ្វីដែលធ្វើឱ្យអ្នករីករាយ និងធ្វើឱ្យអ្នករីកលូតលាស់។
· បណ្ដុះ និងកសាងអ្នកដឹកនាំនៅក្បែរអ្នកឱ្យបានច្រើន៕

សូមជូនពរលោកអ្នកឱ្យមានជីវិតរីករាយ និងជោគជ័យ!

---^^^---

> ប្រែសម្រួលដោយ សាម​ អ៊ីន -- កក្កដា ២០២៣
> ត្រួតពិនិត្យអក្ខរាវិរុទ្ធដោយ​ សែម​ ហាក់
>> អត្ថបទទាក់ទង​ ៖

១. ភាពជាអ្នកដឹកនាំ ៥កម្រិត

២. អ្នកដឹកនាំ ៣៦០ដឺក្រេ

៣. គុណសម្បត្តិ​ ២១ប្រការរបស់អ្នកដឹកនាំ

Post a Comment

0 Comments

Ad Code