លទ្ធផលរបស់យើងគឺវាកើតឡើងអាស្រ័យនឹងផែនការរបស់យើង។
គ្រូបង្វឹករបស់ខ្ញុំ លោក អើល សុហ្វ (Earl Shoaff) តែងប្រាប់ខ្ញុំថា មិនមែនរឿងរ៉ាវទាំងឡាយ ដែលកើតឡើងចំពោះអ្នក ជាអ្នកកំណត់ជោគវាសនារបស់អ្នកទេ ពីព្រោះថា រឿងរ៉ាវទាំងឡាយ ច្រើនកើតឡើងចំពោះមនុស្សគ្រប់គ្នា។ ក៏ប៉ុន្តែ គាត់បន្ថែមថា ចំណុចគន្លឹះ គឺថា តើអ្នកឆ្លើយតបបែបណា ចំពោះរឿងរ៉ាវទាំងឡាយ ដែលកើតឡើងមកលើអ្នក។ នៅពេលដែលយើងចាប់ផ្តើមដំណើរការនៃការផ្លាស់ប្តូរ តាមរយៈនៃការបង្កើតផែនការមួយ ដោយត្រូវធ្វើអ្វីមួយ ដែលខុសពីឆ្នាំមុន បើទោះបីរឿងនោះ វាមិនធំដុំក៏ដោយ ក៏ជាការចាប់ផ្តើមដ៏ល្អដែរ។ ចូរចាប់ផ្តើមធ្វើអ្វីមួយផ្សេងខុសពីមុន ជាមួយស្ថានការណ៍ទូទៅដែលនៅដដែលដូចពីមុន ដែលមិនផ្លាស់ប្តូរ។ ក្រោយមក អ្នកនឹងដឹងថា រឿងប្លែកអស្ចារ្យទាំងឡាយនឹងកើតឡើង។ នៅពេលដែលយើងចាប់ផ្តើមដំណើរការផ្លាស់ប្តូរខ្លួនឯង នោះរឿងជាច្រើននឹងចាប់ផ្តើមផ្លាស់ប្តូរ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺភាពខុសគ្នារវាងបរាជ័យ និងជោគជ័យ គឺវាមិនស្ថិតនៅឆ្ងាយពីគ្នាប៉ុន្មានទេ។
អនុញ្ញាតិឱ្យខ្ញុំផ្តល់ជូនអ្នកនូវនិយមន័យ បរាជ័យ និង ជោគជ័យ ៖ បរាជ័យ គឺជាកំហុសឆ្គងនៃការវិនិច្ឆ័យ ដែលបានកើតឡើងដដែលៗ ម្តងហើយម្តងទៀត។ បុរសម្នាក់បាននិយាយថា “មិនទ្វីទេ! ខ្ញុំមិនបានសាកដើរផ្លូវផ្សេងទេ នៅថ្ងៃនេះ ហើយវាមិនបង្កគ្រោះថ្នាក់ដល់ខ្ញុំទេ ដូច្នេះ វាសមល្មមហើយសម្រាប់ខ្ញុំ។” ទេ! ទេ! នេះជាប្រភេទនៃការវិនិច្ឆ័យ ដែលរុញគាត់ឱ្យចំណាយពេល ៦ឆ្នាំ ដើរលើផ្លូវមួយ ពីកន្លែងចតឡាន មកការិយាល័យ ដោយហត់បែកញើស និងចំណាយពេលច្រើន ខ្សោះថាមពលពេលទៅដល់កន្លែងធ្វើការ នៅពេលដែលមានផ្លូវកាត់ផ្សេងងាយស្រួល និងទៅដល់ឆាប់ជាង ហើយអាចសន្សំថាមពលបានច្រើនសម្រាប់ការគិតកិច្ចការងារនៅពេលព្រឹកព្រលឹម។ អ្នកមិនអាចធ្វើកំហុសបែបនេះបានទេ ពីព្រោះវាធ្វើឱ្យអ្នកបង់ថ្លៃយ៉ាងខ្ពស់ ក្នុងរយៈពេលវែងមួយ។
ហើយនេះជា និយមន័យនៃពាក្យជោគជ័យ ដែលមានន័យដោយងាយថា គឺជាការគោរពវិន័យងាយៗមួយចំនួន ដែលត្រូវប្រតិបត្តិប្រចាំថ្ងៃ។ តើអ្នកមើលឃើញភាពខុសគ្នាដែរទេ? គឺវិន័យមួយចំនួន។ អ្នកប្រហែលជាធ្លាប់ឮឃ្លាមួយ ដែលគេចូលចិត្តនិយាយលេងទាក់ទងនឹងសុខភាពថា “ចូរហូបផ្លែប៉ោមមួយផ្លែ ជារៀងរាល់ថ្ងៃ ហើយអ្នកមិនចាំបាច់ចំណាយពេលជួបគ្រូពេទ្យទេ។” ហើយខ្ញុំមានសំណួរមួយទៅកាន់អ្នកថា ប្រសិនបើវាជាការពិត នេះជាផែនការដ៏ងាយស្រួលប្រតិបត្តិមួយ ក្នុងការថែរក្សាសុខភាពរបស់អ្នក។ មែនទេ?
ដោយការពិត នៅពេលដែលអ្នកសម្លឹងមើលបុគ្គលជោគជ័យទាំងឡាយ អ្នកនឹងដឹងថា នៅពីក្រោយជោគជ័យរបស់គាត់វាតែងមានផែនការនៅជាប់ជាមួយ។ គាត់ដឹងនូវអ្វីដែលគាត់ប្រាថ្នា ហើយគាត់រៀបចំផែនការធ្វើដំណើរសំដៅទៅគោលដៅនោះ និងបន្ទាប់មកគាត់ចាប់ផ្តើមអនុវត្តផែនការរបស់គាត់។ នេះហើយជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។
កើតមកជាមនុស្ស ធម្មជាតិផ្តល់ឱ្យយើង ខុសពីសត្វដទៃ នូវសមត្ថភាពពិសេស ក្នុងការផ្លាស់ប្តូរស្ថានភាពជីវិតរបស់យើងបាន។ វាអាចធ្វើបានតាមរយៈនៃការជ្រើសរើសរបស់យើង ជាពិសេស នៅពេលដែលយើងចេះអភិវឌ្ឍខ្លួន ធ្វើឱ្យយើងមានសមត្ថភាពអាចផ្លាស់ប្តូរស្ថានការណ៍ និងជីវិតរបស់យើងបាន។
ខ្ញុំចង់ឱ្យឆ្នាំនេះក្លាយជាឆ្នាំជោគជ័យសម្រាប់អ្នក ជោគជ័យដ៏ចម្បងមួយ។ ប៉ុន្តែ ដើម្បីឱ្យរឿងនេះកើតឡើងបាន អ្នកត្រូវតែមានផែនការខ្លួនឯង និងខំប្រឹងអនុវត្តលើផែនការនោះ។ ការរួមផ្សំរវាងធនធាន ឥរិយាបថបើកចំហក្នុងការរៀនសូត្រ និងកិច្ចប្រឹងប្រែងអនុវត្តផែនការ ដែលវាត្រូវសមស្របសម្រាប់អ្នក នឹងធ្វើឱ្យឆ្នាំនេះក្លាយជាឆ្នាំប្រកបដោយជោគជ័យមួយសម្រាប់អ្នក។ ខ្ញុំចង់ជំរុញអ្នកឱ្យមានភាពស្មោះត្រង់នឹងខ្លួនឯង ឱ្យមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបោះជំហានទៅមុខតាមក្តីប្រាថ្នារបស់អ្នក ដោយរៀបចំផែនការ រៀនចំសំពៅ កំណត់គោលដៅ និងចេញដំណើរ។ ហើយខាងក្រោមនេះជាគំនិតល្អៗមួយចំនួន ក្នុងការជួយអ្នករៀបចំផែនការសម្រេចជោគជ័យក្នុងជីវិត។
១. កសាងផែនការសមស្របសម្រាប់អ្នក
មនុស្សល្អខ្លះចូលចិត្តភាពលម្អិតខ្លាំងនៅក្នុងការរៀបចំផែនការ ហើយអ្នកខ្លះទៀតមិនផ្តោតលើភាពលម្អិតខ្លាំងទេ ប៉ុន្តែ មិនទ្វីទេ មួយណាក៏បានដែរ។បើអ៊ីចឹង តើផែនការបែបណាជាផែនការសមស្រប និងត្រឹមត្រូវ? គឺផែនការណាដែលត្រូវ សមស្របនឹងស្ថានភាពរបស់អ្នក។ យើងម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ហើយត្រូវបានជំរុញចិត្តដោយកត្តាផ្សេងគ្នា ដូច្នេះ អ្នកត្រូវរៀបចំកសាងផែនការណា ដែលសមស្រប ដែលត្រូវជាមួយនឹងស្ថានភាពរបស់អ្នក។ ផែនការមួយចំនួនវាមានលក្ខណៈងាយ ហើយមួយចំនួនទៀតវាស្មុគស្មាញ ប៉ុន្តែ យើងត្រូវតែមានផែនការ និងមានគោលបំណងក្នុងផែនការនោះ ដើម្បីរុញយើងឱ្យធ្វើដំណើរទៅមុខក្នុងទិសដៅត្រឹមត្រូវ។ ប្រសិនបើអ្នកជាមនុស្សមានសេរីភាពជ្រើសរើស កុំបង្ខំខ្លួនឯងថា អ្នកត្រូវតែចំណាយពេល ២ម៉ោងក្នុង១ថ្ងៃ ដើម្បីអានសៀវភៅ និងកត់ត្រាផ្សេងៗ។ ផែនការនេះប្រហែលជាមិនអាចអនុវត្តបានទេ ហើយវានឹងធ្វើឱ្យអ្នកបាក់ទឹកចិត្ត។ ចូរស្គាល់អំពីខ្លួនឯងឱ្យបានច្បាស់ តើអ្នកមានបុគ្គលភាពបែបណា មានភាពខ្លាំងលើអ្វី មានភាពខ្សោយលើរឿងអ្វី មានធនធានកម្រិតណា មានបណ្តាញបែបណា បន្ទាប់មក ចូរកសាងផែនការ ដែលស្របនឹងស្ថានភាពពិតជាក់ស្តែងរបស់អ្នក។ វាពុំមានផែនការណា ដែលត្រូវសមស្របនឹងមនុស្សគ្រប់រូបទេ។
២. បង្កើតពេលវេលា ក្នុងការសម្រេចផែនការរបស់អ្នក
វាអាចជាពេលយប់នាចុងសប្តាហ៍ ឬយកពេល២០នាទី នាពេលព្រឹកព្រលឹម ថ្ងៃត្រង់ ឬក៏មុនចូលគេង។ វាក៏អាចយកពេលស្តាប់ YouTube វីដេអូនៅក្នុងឡាន រាល់ព្រឹកថ្ងៃចន្ទ ពុធ និងសុក្រ ក៏បាន។ ធ្វើបែបណាក៏ដោយ ចូរកំណត់ពេលឱ្យច្បាស់លាស់ និងអនុវត្តឱ្យបានល្អ។ នៅក្នុងផែនការជាជំហានៗ ចូរដាក់ចំណុច ដែលអ្នកអាចសម្រេចប្រចាំសប្តាហ៍។ វាត្រូវតែច្បាស់លាស់ និងអាចសម្រេចបាន។ ចូរខំប្រឹងកសាងវិន័យក្នុងការប្រតិបត្តិ និងអនុវត្តវាជាជំហានៗ ដែលជួយរុញអ្នកខិតទៅជិតគោលដៅរបស់អ្នក។៣. ធ្វើការកត់ត្រា
លោក Shoaff បានបង្រៀនខ្ញុំថា កុំជឿពេកលើសមត្ថភាពចងចាំរបស់អ្នក។ ចូរកត់ត្រាទុកនូវព័ត៌មានទាំងឡាយ ដែលអាចមានឥទ្ធិពលលើការផ្លាស់ប្តូរខ្លួនអ្នក។ ហើយដំបូន្មាននេះបានជួយខ្ញុំយ៉ាងច្រើន រាប់ឆ្នាំមកហើយ។ កត់ត្រាទុកនូវគំនិត និងរឿងជំរុញទឹកចិត្តទាំងឡាយ ដែលអាចជួយរុញអ្នកពីទីតាំងមួយ ទៅទីតាំងមួយទៀត ដែលអ្នកចង់បាន។ ចូរប្រមូលគំនិត តាមរយៈសំណួរសួរខ្លួនឯងថា តើអ្នកចង់ទៅទីណា និងអ្នកចង់ក្លាយជាអ្វីនៅថ្ងៃក្រោយ។ ចូរកត់ត្រាទុក នូវក្តីស្រមៃ និងមហិច្ឆតារបស់អ្នក។ កំណត់ត្រារបស់អ្នកត្រូវជាទីកន្លែងប្រមូលព័ត៌មានសំខាន់ៗ ដែលអ្នកអាចត្រូវការ និងចូលទៅរកឃើញនៅពេលក្រោយ។ ប្រសិនបើអ្នក មានក្តីស្រមៃចង់ក្លាយជាអ្នកមានទ្រធ្យធនស្តុកស្តម្ភ មានអំណាច មានសុខភាពល្អ មានភាពស៊ីវិល័យ និងមានភាពខុសប្លែកគេ ហើយអ្នកគិតថា វាសំខាន់សម្រាប់ជីវិតអ្នក ចូរកត់ត្រាទុក។ មនុស្ស២នាក់នឹងស្តាប់ ឬអានកំណត់ត្រារបស់អ្នក ហើយអាចផ្តល់គំនិតផ្សេងបន្ថែម។ ចូរប្រើប្រាស់ព័ត៌មានបន្ថែម សម្រាប់ឆ្លុះបញ្ចាំង ពិភាក្សាអំពីទិសដៅនិងផែនការអនាគត និងផ្ទៀងផ្ទាត់ភាពសំខាន់របស់វា សម្រាប់ខ្លួនអ្នកទៅអនាគត។៤. ឆ្លុះបញ្ចាំង
ចូរកំណត់ពេលវេលាសម្រាប់ការឆ្លុះបញ្ចាំង ពេលវេលាសម្រាប់ងាកមើលក្រោយ តើរឿងអ្វីខ្លះ ដែលអ្នកបានធ្វើ និងអ្នកបានរៀនកន្លងមក។ ខ្ញុំអាចហៅវាថា ជាការខាកាសែតម៉ាញេ ឬការចាក់សំឡេងស្តាប់ឡើងវិញ ដើម្បីបង្កើនការចងចាំរបស់អ្នក និងប្រើវាជាឧបករណ៍ជំនួយ។ នៅពេលអ្នកដើរឆ្លងកាត់សំដៅទៅសម្រេចផែនការ អ្នកអាចចំណាយពេលឆ្លុះបញ្ចាំងអំពីដំណាក់កាលសំខាន់ចម្បងសម្រាប់អ្នក។ ចូរចំណាយពេល ៥ ទៅ ១០នាទី រៀងរាល់ថ្ងៃ ដើម្បីឆ្លុះបញ្ចាំងមើល កិច្ចការងារប្រចាំថ្ងៃរបស់អ្នក តើអ្នកបានជួបជជែកជាមួយនរណា ជជែកអំពីអ្វី មានរឿងអ្វីខ្លះកើតឡើង ហើយអ្នកមានអារម្មណ៍យ៉ាងម៉េចខ្លះ។ រាល់ថ្ងៃនីមួយៗ គឺកាលវេលាដែលផ្គុំចូលគ្នាបង្កើតបានពេលវេលានៃជីវិតរបស់អ្នកទាំងមូល។បន្តមកទៀត ចូរកំណត់រកពេលវេលា១ម៉ោង នៅចុងសប្តាហ៍ ដើម្បីឆ្លុះបញ្ចាំងទៅលើសកម្មភាពរបស់អ្នកក្នុង១សប្តាហ៍។ ហើយនៅក្នុងពេលនោះដែរ ចូរចំណាយពេល ៤ ទៅ ៥នាទី ឆ្លុះបញ្ចាំងមើល តើរឿងរ៉ាវទាំងឡាយក្នុងសប្តាហ៍កន្លងមកនេះ មានសារសំខាន់យ៉ាងណាសម្រាប់ជីវិត និងស្ថានការណ៍របស់អ្នក។ ចូររកពេលកន្លះថ្ងៃ នាចុងខែនីមួយៗ និង ១សប្តាហ៍នៃចុងឆ្នាំនីមួយៗ សម្រាប់ការឆ្លុះបញ្ចាំងសកម្មភាព និងរឿងរ៉ាវទាំងឡាយក្នុង១ខែ និង១ឆ្នាំ ដើម្បីធានាថា រឿងសំខាន់ទាំងឡាយមិនត្រូវបានបំភ្លេចចោល ហើយអាចជាឧបករណ៍ជួយអ្នកសម្រាប់តម្រង់អនាគតឱ្យបានកាន់តែប្រសើរ។
៥. ដាក់គោលដៅ
ចូរចងចាំថា ផែនការរបស់អ្នកគឺជាផែនទីបង្ហាញផ្លូវសម្រាប់អ្នកក្នុងការធ្វើដំណើរសំដៅទៅគោលដៅរបស់អ្នក ដូច្នេះអ្នកត្រូវតែមានគោលដៅសម្រាប់ជីវិតអ្នក។ ក្នុងចំណោមរឿងជាច្រើន ដែលបានផ្លាស់ប្តូរជីវិតខ្ញុំឱ្យប្រសើរឡើង ហើយលឿនជាងគេ គឺមានរឿងសំខាន់ចម្បងមួយ នោះគឺការរៀនកំណត់គោលដៅ។ ចូររៀនអំពីដំណើរការនេះឱ្យបានល្អ ព្រោះវាអាចបង្កឥទ្ធិពលយ៉ាងធំធេងសម្រាប់ជីវិតអ្នក។ ខ្ញុំបានចងចាំថា ពេលខ្ញុំជួបលោក Shoaff ដែលជាគ្រូរបស់ខ្ញុំ គាត់បានសួរខ្ញុំថា “តើអ្នកមានគោលដៅអ្វីខ្លះ?” ហើយពេលនោះ ខ្ញុំឆ្លើយមិនចេញទេ ពីព្រោះខ្ញុំពុំមានគោលដៅអ្វីឡើយ។ គាត់បាននិយាយបន្តថា “ខ្ញុំអាចប៉ាន់ប្រមាណបានថា ដោយសារអ្នកពុំមានគោលដៅក្នុងជីវិត នៅក្នុងគណនីធនាគាររបស់អ្នកមានលុយមិនលើសពី ១០០ដុល្លារឡើយ។” គាត់ទាយត្រូវណាស់។ លោក Shoaff បានចាប់ផ្តើមបង្រៀនខ្ញុំភ្លាមអំពីការសម្លឹងមើលទៅអនាគត អំពីការបង្កើតក្តីស្រមៃ។ គាត់បានបង្រៀនខ្ញុំអំពីការកំណត់គោលដៅ ពីព្រោះវាមានឥទ្ធិពលយ៉ាងខ្លាំងមកលើអនាគតរបស់យើង ហើយវាក៏ជាកម្លាំងទាញដ៏មានឥទ្ធិពល ដែលទាញអ្នកទៅរកទិសដៅ ដែលអ្នកចង់ទៅ។ អនាគតរបស់អ្នកមិនត្រូវកំណត់ដោយព្រហ្មលិខិតទេ ត្រូវតែកំណត់ដោយអ្នក តាមរយៈការកំណត់គោលដៅ និងរៀបចំផែនការ ដែលវានឹងក្លាយជាកម្លាំងទាញអ្នកទៅរកទីតាំង ដែលអ្នកប្រាថ្នា។៦. អនុវត្តផែនការរបស់អ្នក
កត្តាធំជាងគេដែលបែងចែកអ្នកជោគជ័យ និងអ្នកមិនជោគជ័យ គឺអ្នកជោគជ័យជាអ្នកធ្វើ ជាអ្នកអនុវត្តន៍។ គេមិនចាំបាច់មានភាពឈ្លាសវៃជាងអ្នកផ្សេង គេគ្រាន់តែអនុវត្តផែនការរបស់គេប៉ុណ្ណោះ។ ពេលវេលាល្អនៃការប្រតិបត្តិ គឺនៅពេលដែលអ្នកមានអារម្មណ៍ល្អខ្លាំងរឹងមាំ។ នេះជាអ្វីនឹងកើតឡើងនៅពេលអ្នកមិនអនុវត្ត គឺច្បាប់់នៃការរលត់រលាយចេតនា។ យើងមានចេតនាចង់ធ្វើ នៅពេលមានគំនិតណាមួយផុសឡើង ធ្វើឱ្យយើងមានអារម្មណ៍ចង់ខ្លាំង ហើយនៅពេលយើងពន្យាពេល យើងមិនបានប្រែក្លាយគំនិតនោះទៅជាសកម្មភាពភ្លាមៗ ចេតនារបស់យើងក៏ចាប់ផ្តើមខ្សោយ និងឈានទៅសាបរលាប និងរលាយបាត់ទៅបន្តិចម្តងៗ ពីមួយខែទៅ វាក៏ចាប់ផ្តើមកកលែងម្រើក ហើយពីមួយឆ្នាំទៅ យើងក៏ឈប់នឹកនាដល់វា។ ចូរបង្កើតវិន័យក្នុងការធ្វើសកម្មភាព នៅពេលអ្នកមានគំនិតច្បាស់ល្អត្រឹមត្រូវ និងប្រកបដោយថាមពល ក្នុងការសម្រេចគោលដៅរបស់អ្នក នោះហើយជាពេលវេលាល្អក្នុងការប្រតិបត្តិផែនការរបស់អ្នក។ អ្នកចាំបាច់ត្រូវចេះប្រើប្រាស់កំសួលអារម្មណ៍របស់អ្នក និងរុញវាឱ្យក្លាយជាសកម្មភាពដែលមានរបៀប និងវិន័យ។ ហើយនេះជារឿង ដែលអ្នកត្រូវយល់ដឹង គឺរាល់សកម្មភាពជាមួយវិន័យទាំងឡាយ វាតែងមានឥទ្ធិពលលើគ្នាទៅវិញទៅមក វារងអំពើគ្នាពីមួយទៅមួយ។ ហេតុនេះហើយ ទើបសកម្មភាពខ្លះ មើលទៅដូចតូច តែវាសំខាន់ ពីព្រោះតម្លៃ និងអត្ថប្រយោជន៍របស់វាធំធេង វាអាចជួយជំរុញចិត្តអ្នកឱ្យធ្វើសកម្មភាពជាបន្តបន្ទាប់ប្រកបដោយថាមពល។ ដូច្នេះ ចូរក្រោកឡើង និងធ្វើសកម្មភាពទៅលើផែនការរបស់អ្នក ពីព្រោះ បើផែនការនោះល្អត្រឹមត្រូវ អ្នកនឹងទទួលបានលទ្ធផលអស្ចារ្យស្មានមិនដល់។ === ^^^ ===
>> ប្រែសម្រួលដោយ សាម អ៊ីន -- កុម្ភៈ ២០២៤
. ដកស្រង់ពីអត្ថបទ Jim Rohn (December 2017): It only takes 6 steps to plan your success.
. Source: www.jimrohn.com
===
>> អត្ថបទទាក់ទង ៖
>> អត្ថបទទាក់ទង ៖
0 Comments