Ticker

6/recent/ticker-posts

យកអតីតកាលជាមិត្តរបស់អ្នក

“អ្នកខ្លះគិតថា​ ចាប់ឱ្យជាប់ធ្វើឱ្យយើងខ្លាំង តែពេលខ្លះ ការព្រលែងទៅវិញទេ ដែលជួយដល់យើង។”​ – Herman Hesse

អ្នកមិនអាចកែប្រែអតីតកាលបានទេ អ្វីដែលអ្នកអាចធ្វើបាន គឺការគិត​ និងមានអារម្មណ៍ចំពោះអតីតកាល។ នៅពេលដែលអ្នកងាកមើលក្រោយទៅរកអតីតកាល តើអ្នកនឹកឃើញអ្វី ដែលធ្វើឱ្យអ្នកខកចិត្ត​ សោកស្តាយ ឬរំខានដល់អារម្មណ៍របស់អ្នក? តើអ្នកសោកស្តាយចំពោះឱកាសដែលមិនបានចាប់យក ទំនាក់ទំនងដែលបែកបាក់ ឬបុគ្គលដែលអ្នកបានធ្វើឱ្យឈឺចាប់? តើអ្នកនៅមានអារម្មណ៍ជាប់ជំពាក់ជាមួយរឿង ដែលអ្នកបានប្រព្រឹត្តខុស ជាមួយសេចក្តីសម្រេចចិត្តមិនត្រឹមត្រូវ ឬជាមួយការប្រកាន់គុំកួនដែលមនុស្សមួយចំនួនបានប្រព្រឹត្តអំពើមិនគប្បីចំពោះអ្នកដែរទេ?

អ្នកមិនមែនជាមនុស្សតែម្នាក់ទេលើលោកនេះ ដែលប្រឈមនឹងបញ្ហាពីអតីតកាល។ យើងគ្រប់គ្នាសុទ្ធតែជាប់ជំពាក់ជាមួយការគិតនិងអារម្មណ៍បែបនេះ។​ តើរឿងពីអតីតកាលកំពុងតែលងអាម្មណ៍អ្នកដែរទេ​​ ក្នុងពេលបច្ចុប្បន្ន?​ តើវាកំពុងតែទាញអ្នកចាកចេញពីក្តីរីករាយ​ ចាកចេញពីវិថីឆ្ពោះទៅភាពជោគជ័យក្នុងផ្នែកខ្លះនៃជីវិតអ្នកដែរទេ?​ តើអ្នកនៅភ័យខ្លាច ឬព្រួយបារម្ភអំពីកំហុសឆ្គងកាលពីអតីតនឹងកើតឡើងវិញដែរទេ?

អ្នកអាចនឹងនិយាយថា​ ទេ! ខ្ញុំពុំមានអារម្មណ៍បែបនេះទេ​ អតីតកាលមិនបានមកលងបន្លាចខ្ញុំទេ។​ ប៉ុន្តែ​ នៅក្នុងទីជម្រៅនៃចិត្តរបស់អ្នក​ រឿងរ៉ាវពីអតីតកាលតែងមកលងរំខានអ្នកជារឿយៗ ទោះបីពេលខ្លះអ្នកដឹង ឬក៏មិនបានចាប់ភ្លឹកក៏ដោយ។​ នៅក្នុងកាលវេលា ដែលខ្ញុំធ្វើការងារអប់រំមនុស្សជាច្រើន​ គ្មាននរណាម្នាក់គេចផុតពីការប្រឈមនឹងបញ្ហា​ ដែលកើតឡើងពីអតីតកាលសោះឡើយ។​

ចូរប្រយ័ត្នប្រយែង​ជាមួយការចងចាំរបស់អ្នកអំពីរឿងរ៉ាវពីអតីតកាល ជាពិសេស​ នឹកគិតតែរឿងអវិជ្ជមាន និងបំភ្លេចចោលរឿងវិជ្ជមាន។ វាងាយស្រួលណាស់ក្នុងការគិតអំពីការខកចិត្ត ឬឈឺចាប់ដែលកើតចេញពីរឿងរ៉ាវក្នុងអតីតកាល​ ដោយក្នុងភាពពិតនៃរឿងរ៉ាវទាំងនោះ អ្នកបានដឹងតែផ្នែកខ្លះប៉ុណ្ណោះ​ ដោយមិនបានដឹងនូវរឿងទាំងស្រុងទេ ដូចជា ​៖

. មានអារម្មណ៍ថាគេមិនយកចិត្តទុកដាក់ ឬបំភ្លេចចោល នៅពេលដែលឪពុកម្តាយរបស់អ្នកចង់ទុកឱកាសឱ្យអ្នកក្នុងការចេះរៀនធ្វើការសម្រេចចិត្តដោយខ្លួនឯង។

. មានអារម្មណ៍ថា បានប្រព្រឹត្តខុស ដែលសម្រេចលាឈប់ពីការងារដំបូងរបស់អ្នក ដោយសារទ្រំាមិនបាននឹងមេដ៏លំបាករបស់អ្នក នៅពេលដែលការពិត មេប្រភេទនោះគួរត្រូវលាឈប់ឱ្យបានលឿនជាងនេះ។


>> អនុវត្តជាក់ស្តែង

  •  ទទួលយកថាបញ្ហាមានពិត
ចូរព្យាយាមស្វែងរក និងពិភាក្សាអំពីបញ្ហាអតីតកាលដែលរំខានដល់ចិត្តរបស់អ្នក។ ចូរកុំព្យាយាមលាក់បាំងថា អ្វីៗគ្រប់យ៉ាងវាមិនអីទេ វាមិនមានបញ្ហាទេ។ ខ្ញុំមានមិត្តម្នាក់ ដែលធ្លាប់បានលែងលះគ្នាជាមួយភរិយា ហើយមិនដែលបានឃើញកូនរបស់គាត់ជាង២០ឆ្នាំហើយ។ ខ្ញុំអាចមើលឃើញថា រឿងនេះបានប៉ះពាល់ផ្លូវចិត្តគាត់ជាខ្លាំង គាត់បានក្លាយជាបុគ្គលម្នាក់ ដែលមើលឃើញជីវិតក្នុងផ្លូវអវិជ្ជមាន និងរស់នៅជាមួយក្តីមួម៉ៅនិងសោកសៅជាប្រចាំ។ ប៉ុន្តែ គាត់ខំប្រឹងលាក់បាំង ដោយនិយាយថា​ “បើកូនៗគាត់មិនចង់ជួបមុខគាត់ មិនជាបញ្ហាអ្វីទេ។” ក្រោយមកគាត់បានសម្រេចប្រាប់រឿងពិតដល់ខ្ញុំអំពីអារម្មណ៍បាត់បង់និងឈឺចាប់។ តាំងពីពេលនោះមក គាត់បានភ្ជាប់ទំនាក់ទំនងជាមួយកូនៗរបស់គាត់វិញ។
  •  ចូរព្យាយាមស្វែងយល់រឿងពិតពីអតីតកាល
តើអ្នកមានដែលនឹកគិតដល់ពេលកន្លងមក ឬព្រឹត្តិការណ៍ពីអតីតកាល ដែលធ្វើឱ្យអ្នកឈឺចាប់ តែអ្នកមិនច្បាស់អំពីរឿងរ៉ាវដែលកើតឡើង? បើបែបនេះ ចូរព្យាយាមស្វែងយល់ឱ្យបានច្បាស់អំពីរឿងរ៉ាវដែលកើតឡើង។ ចូរនិយាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ដើម្បីស្វែងយល់អំពីរឿងទាំងនោះ។ ក្នុងករណីចាំបាច់ អ្នកអាចទៅប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ ដើម្បីទទួលការព្យាបាល។ ជាញឹកញាប់ អ្វីដែលអ្នកបានរកឃើញនិងយល់ដឹងអំពីរឿងរ៉ាវទាំងឡាយ វាមិនអាក្រក់ពេក​ ដូចអ្នកបានគិត ដែលធ្វើឱ្យអ្នកឈឺចាប់ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកបានដឹងរឿងពិត វាប្រសើរជាង ការរស់នៅជាមួយក្តីឈឺចាប់ក្នុងភាពសង្ស័យដែលដិតជាប់ក្នុងចិត្តរបស់អ្នក។
  •  ដោះស្រាយរឿងឱ្យចប់សព្វគ្រប់
ដើម្បីបញ្ចប់នូវក្តីហ្មងសៅក្នុងចិត្ត​ អ្នកគួរដោះស្រាយរឿងរ៉ាវពីអតីតកាលឱ្យចប់សព្វគ្រប់។ ដូចជារឿង ដែលអ្នកចង់និយាយប្រាប់នរណាម្នាក់ តែមិនហ៊ាននិយាយ ឬចង់ជួបប្រឈមនឹងនរណាម្នាក់ តែមិនហ៊ានជួប។ រឿងរ៉ាវដែលកើតឡើងអាចជារឿងធំ បង្កការឈឺចាប់ខ្លាំង ដែលអ្នកពិបាកទ្រាំនិងអត់ឱន។ វាត្រូវការសេចក្តីក្លាហាន ក្នុងការដោះស្រាយ ជាពិសេស នៅពេលដែលបុគ្គលនោះនៅតែមិនព្រមទទួលនូវកំហុស ដែលគេបានប្រព្រឹត្ត។ ប៉ុន្តែ វាសំខាន់ខ្លាំងណាស់សម្រាប់សុខុមាលភាពរបស់អ្នក ក្នុងការជំរះរឿងរ៉ាវទាំងឡាយ ដែលនៅរំខានដល់ចិត្តរបស់អ្នក។
  •  ទុកឱ្យអតីតកាលជួយរុញអ្នកបន្តដំណើរទៅមុខទៀត
តើគតិបណ្ឌិត និងមេរៀននៃបទពិសោធន៍អតីតកាលបានជួយអ្នកអ្វីខ្លះនៅថ្ងៃនេះ? ប្រហែលជាអ្នកអាចកត់សម្គាល់ឃើញផលជះនៃអតីតកាលនៅក្នុងអាកប្បកិរិយារាល់ថ្ងៃរបស់អ្នក។ តើអ្នករត់ចេញពីការបេ្តជ្ញាចិត្តរបស់អ្នក? តើអ្នកដើរចៀសចេញពីការហ៊ានឡើងបញ្ចេញមតិរបស់អ្នក? តើអ្នកទាក់ទាញមនុស្សមិនល្អចូលមកក្នុងជីវិតរបស់អ្នក ហើយបង្កការរំខានដល់អ្នក? ចូរស្វែងរកចម្លើយទៅលើសំណួរទាំងឡាយ ដែលឆ្លុះបញ្ចាំងនៃចំណុចអវិជ្ជមានក្នុងអាកប្បកិរិយារបស់អ្នក ដែលអាចបណ្តាលមកពីរឿងរ៉ាវ ឬទម្លាប់ពីអតីតកាល ហើយព្យាយាមជំនះដោះស្រាយវា តាមរយៈនៃការបង្កើតទម្លាប់ថ្មី ទម្លាប់វិជ្ជមាន ទម្លាប់បុរេសកម្ម មួយជំហ៊ានម្តងៗ ដើម្បីបន្តដំណើរជីវិតទៅមុខទៀត។

=== ^^^ ===

> ប្រែសម្រួលដោយ សាម អ៊ីន​ -- ធ្នូ ២០២៤

ដកស្រង់ពីអត្ថបទ “Make friends with your past” in the book of Nigel Cumberland (2016): 100 things successful people do. Little exercises for successful living.

>> អត្ថបទទាក់ទង ៖

១.​ កុំចង់ក្លាយជាមនុស្សល្អពេក
២. គ្រឿងផ្សំ៧មុខសម្រាប់ជីវិតរីករាយ

៣. អត់ឱនដល់អ្នកដទៃ

Post a Comment

0 Comments

Ad Code