Ticker

6/recent/ticker-posts

ផ្តោតលើរឿងដែលអ្នកអាចគ្រប់គ្រងបាន

 


“វាគ្មានប្រយោជន៍សោះឡើយក្នុងការខ្វល់ទៅលើរឿង ដែលអ្នកមិនអាចគ្រប់គ្រងបាន ពីព្រោះអ្នកមិនអាចធ្វើអ្វីបានសោះឡើយ, ចុះហេតុអ្វីបានអ្នកត្រូវខ្វល់?​ ភាពខ្វល់ខ្វាយរារាំងអ្នកមិនឱ្យធ្វើអ្វីទៀត។”​ – Wayne Dyer

ចូរឈប់ខ្វាយខ្វល់ទៅលើអ្វី ដែលអ្នកមិនអាចគ្រប់គ្រងបាន។ វាជាការចំណាយពេលនិងថាមពលឥតប្រយោជន៍ ដែលពេលវេលានិងថាមពលទាំងនោះ អ្នកអាចយកទៅប្រើប្រាស់លើរឿង​ ដែលអ្នកអាចមានឥទ្ធិពលបង្កការផ្លាស់ប្តូរបាន។ ខ្ញុំបានចំណាយពេលជាច្រើនក្នុងការងារប្រឹក្សារបស់ខ្ញុំ ដើម្បីជួយមនុស្សឱ្យងាកចេញពីបញ្ហាប្រឈមនិងក្តីបារម្ភរបស់គេ ជួយគេឱ្យចេះកត់សម្គាល់ថា តើអ្វីដែលគេអាចផ្លាស់ប្តូរបាន និងអ្វីដែលនៅហួសពីការគ្រប់គ្រងរបស់គេ។ ក្នុងកិច្ចពិគ្រោះយោបល់ ខ្ញុំតែងមានការភ្ញាក់ផ្អើល ដែលមនុស្សជាច្រើនបានចំណាយពេលជាច្រើនទៅលើរឿង ដែលគេមិនផ្លាស់ប្តូរបាន ហើយបន្ទាប់មក​ ចំណាយពេលបន្ថែមទៀត​ដើម្បី​រអ៊ូរទាំទៅលើរឿងទាំងនោះ។ ជម្រើសផ្សេងពីនេះ គឺមានប្រសិទ្ធភាពជាងច្រើន ដោយផ្តោតការយកចិត្តទុកដាក់របស់យើងទៅលើរឿង ដែលយើងអាចគ្រប់គ្រងបាន ឬបង្កើតឥទ្ធិពលបាន។

អ្វីដែលអ្នកកំពុងរអ៊ូរទាំក្នុងពេលនេះ​ តើវាជារឿងដែលនៅហួសពីការគ្រប់គ្រងចាត់ចែងរបស់អ្នកដែរទេ?

វាអាចជាកត្តាអាកាសធាតុត្រជាក់ពេក, តើអ្នកផ្សេងគិតយ៉ាងណាចំពោះអ្នក អាកប្បកិរិយាបើកបររបស់អ្នកដទៃ ឬមួយតម្លៃសាំងសម្រាប់ចាក់ឡានរបស់អ្នកឡើងថ្លៃខ្លាំងពេក។ នៅពេលដែលអ្នក​ស្វែងរកការងារ​ តើអ្នកអង្គុយរអ៊ូអំពីក្រុមហ៊ុន ឬអង្គការ ដែលមិនឆ្លើយតបមកវិញទៅលើ​ email របស់អ្នក ឬមួយអ្នកចំណាយពេលគិតនិងរៀនបន្ថែមថា​ តើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យការស្វែងរកការងាររបស់អ្នកមានភាពប្រសើរ​ មានឱកាសជាងមុន? បើអ្នកជួលក្រុមហ៊ុន​ website ឱ្យផ្សព្វផ្សាយស្វែងរកការងារ តែមិនទទួលបានការចាប់អារម្មណ៍ តើអ្នកត្រូវទៅប្តឹងទាលុយពីក្រុមហ៊ុនវិញ ឬអ្នកត្រូវទៅរកមិត្តឱ្យជួយកែសម្រួល កែលម្អការសរសេរប្រវត្តិរូបរបស់អ្នក?

ពិតហើយ ការគិតពិចារណាថា រឿងណាអាចស្ថិតក្នុងការគ្រប់គ្រងរបស់យើងបាន ហើយរឿងណានៅហួសពីការគ្រប់គ្រងរបស់យើង ជារឿងលំបាក។ ហើយវាកាន់តែលំបាកទៀត នៅពេលដែលយើងមានអារម្មណ៍មិនល្អចំពោះរឿងអាក្រក់​ ដែលកំពុងកើតឡើង។ ប៉ុន្តែ តើអ្នកចង់ចំណាយពេលនិងការប្រឹងប្រែងរបស់អ្នកផ្តោតលើរឿងមិនបានការ ឬយ៉ាងណា?

>> អនុវត្តជាក់ស្តែង

> យល់ដឹងអំពីភាពខុសគ្នា
“សូមផ្តល់ជូនខ្ញុំនូវភាពខ្លាំង ក្នុងការទទួលយកនូវរឿងទាំងឡាយ ដែលខ្ញុំមិនអាចផ្លាស់ប្តូរបាន និងសេចក្តីក្លាហានក្នុងការផ្លាស់ប្តូរនូវរឿងទាំងឡាយ ដែលខ្ញុំអាចធ្វើបាន និងគតិបណ្ឌិតក្នុងការសម្គាល់ដឹងនូវភាពខុសគ្នានៃរឿងទាំងពីរ។” នេះជាពាក្យសំដីរបស់លោកគ្រូអាចារ្យ Saint Francis of Assisi ដែលបានពោលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ នៅមានភាពត្រឹមត្រូវយកទៅប្រើបាននៅឡើយ។ បើអ្នកស្តាប់និងធ្វើតាមដំបូន្មានរបស់គាត់ អ្នកកំពុងធ្វើដំណើរលើផ្លូវជីវិតមួយ ដែលពោរពេញដោយសេចក្តីសុខនិងការពេញចិត្តច្រើន។

សូមយល់ដឹងថា តើអ្វីកំពុងកើតឡើង ហើយកត់សម្គាល់ឱ្យច្បាស់ថា​ តើអ្វីនៅហួសពីការគ្រប់គ្រងរបស់អ្នក ហើយផ្តោតទៅលើអ្វីដែលអ្នកអាចធ្វើបាន។ តាមពិត អ្នកមានជំនាញនិងឧបករណ៍ចាំបាច់សម្រាប់កត់សម្គាល់ គឺសតិគិតពិចារណា សេរីភាពនៃការជ្រើសរើស សិទ្ធិក្នុងការឆ្លើយតប មានអារម្មណ៍ មានផ្នត់គំនិត មានឆន្ទៈ និងមានជំនឿ។ ប្រសិនបើអ្នកចេះប្រើប្រាស់ឧបករណ៍និងជំនាញទាំងនេះដោយឆ្លាតវៃ អ្នកអាចឆ្លើយតបទៅបញ្ហាប្រឈមទាំងឡាយដោយសមរម្យនិងប្រកបដោយប្រសិទ្ធភាព ធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ និងមានទំនាក់ទំនងសមស្របជាមួយអ្នកដទៃ។

ចូរចាប់ផ្តើមរៀនប្រើប្រាស់ភាពសមហេតុផល ក្នុងសម្បជញ្ញៈ ឬការគិតពិចារណារបស់អ្នក​ ក្នុងការសម្គាល់ដឹងថា ពេលណា រឿងខ្លះ ដែលមិនអាចផ្លាស់ប្តូរបាន ក្នុងរយៈពេលខ្លី ឬវែង ឧទាហរណ៍ ដូចជា ៖
. ការជ្រើសរើសរបស់អ្នកដទៃ ការសម្រេចចិត្ត និងប្រតិកម្មតបរបស់អ្នកដទៃ
. បញ្ហាសកល​ ឬសង្គម ដូចជាទីផ្សារប្រេងពិភពលោកឡើងថ្លៃ ឬគោលនយោបាយរដ្ឋាភិបាលផ្លាស់ប្តូរ
. គ្រោះមហន្តរាយទឹកជំនន់ ឡើងកម្តៅផែនដី ឬគ្រោះរាំងស្ងួត
. ព្រឹត្តិការណ៍ដែលកើតឡើងដោយមិនរំពឹងទុក ដូចជាជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍។

> កុំលេងល្បែងបន្ទោសគ្នា
នៅពេលមានរឿងមិនល្អ រឿងខុសឆ្គងកើតឡើង មនុស្សភាគច្រើនចូលចិត្តងាកទៅដាក់កំហុសអ្នកផ្សេង ដោយមិនបានយកចិត្តទុកដាក់ផ្តោតថា តើរឿងនេះខ្ញុំអាចធ្វើអ្វីបាន និងមិនអាចធ្វើបាន។ ចូរចៀសវាងការងាកទៅបន្ទោសអ្នកដទៃ ដូចជា ៖
. វាមិនមែនជាកំហុសខ្ញុំទេ ដែលខ្ញុំប្រតិកម្មជ្រុល ដោយសារ គេធ្វើជ្រុលពេកមកលើខ្ញុំ។
. នាងបានភ្លេចថ្ងៃកំណើតរបស់ខ្ញុំ ហេតុអ្វី​ ខ្ញុំត្រូវយកចិត្តទុកដាក់អំពីថ្ងៃកំណើតរបស់នាង។
.​ គ្មាននរណាមួយមកទាន់ពេលទេ ហេតុអ្វី ខ្ញុំត្រូវទៅដល់មុនពេល។
. ក្រុមការងារមិនខំប្រឹងសម្រេចគោលដៅទេ ហេតុអ្វី ខ្ញុំត្រូវខំប្រឹងតែឯង។

វាជាកិច្ចការដែលលំបាក ក្នុងការងាកចេញពីល្បែងបន្ទោសគ្នា ហើយងាកមកផ្តោតលើរឿងដែលអ្នកអាចគ្រប់គ្រងបាន ប៉ុន្តែចូរចងចាំថា អ្នកគឺជាអ្នកគ្រប់គ្រងលើទង្វើនិងជម្រើសរបស់អ្នក ហើយទង្វើនិងជម្រើសរបស់អ្នកនឹងកំណត់លទ្ធផលនិងជោគវាសនារបស់អ្នក។


=== ^^^ ===

> ប្រែសម្រួលដោយ សាម អ៊ីន​ -- មករា ២០២៥

ដកស្រង់ពីអត្ថបទ “Focus on things you can control” in the book of Nigel Cumberland (2016): 100 things successful people do. Little exercises for successful living.

>> អត្ថបទទាក់ទង ៖

Post a Comment

0 Comments

Ad Code