ខ្ញុំចាប់អារម្មណ៍ទៅលើខ្លឹមសារដ៏ល្អនៃអត្ថបទនេះ ហើយចង់ប្រែសម្រួលចែករំលែកដល់លោកអ្នក ដោយសារ ខ្ញុំមានបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ទាក់ទងនឹងការហាត់ដើរនិងរត់ ដែលជួយព្យាបាលជំងឺ និងពង្រឹងចិត្តស្មារតីរបស់ខ្ញុំឡើងវិញ ក្រោយពីទទួលរងនូវការវាយលុកពីជំងឺធ្ងន់ធ្ងរមួយ។
នៅចុងឆ្នាំ២០១៨ ខ្ញុំទទួលរងការវាយលុកពីជំងឺធ្ងន់ធ្ងរមួយ គឺជំងឺ Myathenia gravis ដែលអាចប្រែជាភាសាខ្មែរថា ខ្សោយសាច់ដុំធ្ងន់ធ្ងរ។ ខ្ញុំត្រូវចូលបន្ទប់សង្រ្គោះបន្ទាន់រយៈពេល១៣ថ្ងៃ ដើម្បីសង្រ្គោះជីវិត ហើយមួយខែក្រោយមក ត្រូវធ្វើការវះកាត់ពុះទ្រូង ដើម្បីយកក្រពេញអ័រម៉ូនមួយចេញសម្រាប់ការព្យាបាលជំងឺនេះ។ ជំងឺប្រចាំកាយនេះបានធ្វើឱ្យកាយរបស់ខ្ញុំចុះខ្សោយជាងមុនច្រើន ហើយជាមួយនេះស្មារតីផ្លូវចិត្តក៏ស្រុតចុះជាមួយគ្នា។ ខ្ញុំបានខំប្រឹងព្យាយាមងើបឡើងវិញប្រឈមនឹងបញ្ហាចុះខ្សោយទាំងកាយទាងចិត្តនេះ ដោយវិធីផ្សេងៗ រួមទាំងការផ្លាស់ប្តូរគោលដៅជីវិត។ មួយរយៈចុងក្រោយនេះ ខ្ញុំបានសាកល្បងហាត់ដើរនិងរត់តិចៗ ដោយចាប់ផ្តើមពី ១គ.ម ទៅដល់ ៣គ.ម ពេលខ្លះដល់ ៥គ.ម។ ខ្ញុំចាប់សម្គាល់និងសង្កេតខ្លួនឯងឃើញថា ការហាត់ដើរនិងរត់ បានជួយខ្ញុំយ៉ាងច្រើន ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ក្រោយពេលដើរនិងរត់ពេលល្ងាចបានប្រមាណ ១ ទៅ ១ម៉ោងកន្លះ ឬ ៣ ទៅ ៥គ.ម ខ្ញុំបែកញើស និងមានអារម្មណ៍ស្រួលខ្លួន។ ការបំពេញការងារនៅថ្ងៃស្អែកមានប្រសិទ្ធភាពខ្ពស់។ ខ្ញុំមានអារម្មណ៍ហត់នឿយនៅពេលដើរនិងរត់ តែជាមួយនេះក៏មានក្តីរីករាយកើតឡើងជាមួយការបោះជំហានទៅមុខទៀត និងការសង្កេតមើលទេសភាពទាំងឡាយនៅជុំវិញ ដូចជា ដើមឈើ វាលស្មៅ និងថ្ងៃរៀបលិច ជាដើម។ បន្ថែមពីនេះ ខ្ញុំមានអារម្មណ៍ថា កាយខ្ញុំមានថាមពលជាងមុន ហើយចិត្តរបស់ខ្ញុំក៏បានប្រសើរជាងមុន ដោយលែងសូវមានស្រ្តេសកើតឡើង និងមានភាពធន់ជាងមុន។ បើទោះបីជាខ្ញុំមានបញ្ហាឈឺសន្លាក់ជង្គង់ក៏ដោយ ក៏ខ្ញុំព្យាយាមរកវិធីព្យាបាល ដោយជួបពិគ្រោះជាមួយគ្រូពេទ្យ ដោយផឹកថ្នាំខ្លះ និងហាត់ពង្រឹងសាច់ដុំជើងខ្លះ ដើម្បីអាចបន្តហាត់ប្រាណដោយដើរនិងរត់បាន ពីព្រោះខ្ញុំដឹងថា ការដើរនិងរត់ជួយព្យាបាលជំងឺ និងពង្រឹងកាយនិងចិត្តខ្ញុំឡើងវិញបានច្រើន។ ខ្ញុំបានដាក់គោលដៅដើរនិងរត់ឱ្យបាន១០គ.ម ក្នុង១ថ្ងៃ ក្នុងរយៈពេល១ឆ្នាំទៀត បើសន្លាក់ជង្គង់ខ្ញុំអនុញ្ញាតឱ្យខ្ញុំជំនៈបាន។
សូមអានអត្ថបទប្រែសម្រួលខាងក្រោម វានឹងអាចជួយជំរុញចិត្តអ្នក ឱ្យសាកល្បងហាត់រត់ ចូលចិត្តរត់ និងក្លាយជាអ្នករត់ចម្ងាយជាប់លាប់ក្នុងជីវិត ដើម្បីសុខភាព ដើម្បីកសាងភាពខ្លាំង និងដើម្បីភ្លក់រសជាតិជីវិតរីករាយ។
តើខ្ញុំនិយាយអ្វីខ្លះ នៅពេលដែលខ្ញុំនិយាយអំពីការរត់ចម្ងាយ។ ការរត់ចម្ងាយមិនត្រឹមតែជារឿងរត់ប៉ុណ្ណោះទេ តែវាទាក់ទងនឹងរឿងជីវិត វិន័យ ភាពធន់ និងការស្គាល់អំពីខ្លួនឯង។ នៅក្នុងកំណត់ត្រាចងចាំរបស់គាត់ លោក Murakami បានចែករំលែកអំពីដំណើរជីវិតផ្ទាល់ខ្លួនរបស់គាត់ ជាអ្នករត់ចម្ងាយឆ្ងាយ បូកផ្សំនឹងដំណើរជីវិតជាអ្នកនិពន្ធ។ មេរៀន ដែលគាត់ទាញចេញពីបទពិសោធន៍នៃការរត់ បង្កប់នូវទស្សនវិជ្ជាដ៏ស៊ីជម្រៅ ហើយវាផ្តល់នូវគតិដ៏មានតម្លៃ ក្នុងការឈានទៅសម្រេចគោលដៅ ប្រឈមនឹងបញ្ហា និងស្វែងរកអត្ថន័យនៃការប្រតិបត្តិប្រចាំថ្ងៃ។ ប្រសិនបើអ្នកចង់ស្វែងយល់អំពីអំណាចនៃភាពតស៊ូ កសាងវិន័យផ្ទាល់ខ្លួន និងការពង្រឹងស្មារតីរឹងមាំ មេរៀនទាំងនេះនឹងជំរុញចិត្តអ្នក ធ្វើការឆ្លុះបញ្ចាំងក្នុងដំណើរឈានឆ្ពោះទៅរកគោលដៅជីវិតអ្នក និងប្រឈមនឹងបញ្ហាទាំងឡាយក្នុងការធ្វើដំណើរជីវិតលើលោកនេះ។
១. ចាប់យកអំណាចនៃភាពតស៊ូ
Murakami បានលើកបង្ហាញថា ការរត់គឺជាភាពតស៊ូ មិនមែនសំខាន់រឿងល្បឿនលឿន ឬកម្លាំងខ្លាំងទេ។ ការប្រឹងរត់ជារៀងរាល់ថ្ងៃ បើទោះបីអ្នកមានអារម្មណ៍មិនល្អក៏ដោយ គឺជាការកសាងភាពស៊ូទ្រាំ។ វាដូចគ្នាដែរ សម្រាប់ការសរសេរនិពន្ធ។ បើទោះបីអ្នកធ្វើការលើគម្រោងណាមួយ ដើម្បីគោលដៅណាមួយ ឬកសាងទម្លាប់ណាមួយក៏ដោយ ភាពតស៊ូជាប់លាប់គឺជាគន្លឹះ។ ការប្តេជ្ញាចិត្តធ្វើវារាល់ថ្ងៃ បើទោះបីអ្នកមានអារម្មណ៍មិនល្អ ឬមិនចូលចិត្តក្នុងថ្ងៃណាមួយក៏ដោយ អ្នកកំពុងកសាងមូលដ្ឋានគ្រឹះនៃភាពជោគជ័យយូរអង្វែង។ ចូរចាប់ផ្តើមជាមួយការងារតូចៗ កិច្ចការដែលអាចធ្វើបាន ហើយធ្វើវាឱ្យជាប់ជាប្រចាំ។![]() |
អត្តពលិក ប៊ូ សំណាង តស៊ូរត់ឱ្យដល់គោលដៅ ទោះបីដឹងថាមិនអាចឈ្នះក៏ដោយ @ការប្រកួតរត់ចម្ងាយ៥គ.ម កីឡា SEA GAMES 2023 នៅកម្ពុជា |
២. ស្វែងរកក្តីរីករាយក្នុងការតស៊ូ
Murakami បានបរិយាយអំពីការលំបាក និងភាពអស់កម្លាំង ដែលនៅជាមួយការរត់ផ្លូវឆ្ងាយ ប៉ុន្តែជាមួយនោះ គាត់បានរកឃើញក្តីរីករាយដ៏ចម្លែកមួយ នៅក្នុងការខំប្រឹងបោះជើងទៅមុខបន្តទៀត ប្រឈមនឹងក្តីឈឺចាប់នោះ។ ជីវិតក៏ដូចគ្នាដែរ គឺវាមានពេលប្រឈមនឹងបញ្ហានិងការប្រយុទ្ធតស៊ូស្វិតស្វាញ ប៉ុន្តែវាផ្តល់ការពេញចិត្តដ៏ចម្លែក នៅពេលដែលយើងឆ្លងកាត់បញ្ហានីមួយៗ។ ចូរកុំងាកចេញពីបញ្ហា ដោយព្យាយាមប្រឈមនឹងវា និងចាប់យកវាជាឱកាសសម្រាប់ការលូតលាស់។ ក្តីពេញចិត្តមិនមែនកើតឡើងតែក្នុងពេលទៅដល់ទីទេ តែគឺនៅជាមួយដំណើរឆ្ពោះសំដៅទៅរកទីគោលដៅនោះ។៣. ទៅឱហួសពីព្រំដែនរបស់អ្នក
សម្រាប់ Murakami ការរត់ផ្លូវឆ្ងាយមិនមែនគ្រាន់តែជាភាពតស៊ូផ្នែករាងកាយប៉ុណ្ណោះទេ តែជាការបង្វឹកផ្នែកចិត្តផងដែរ។ ជាមួយនឹងការប្រឈមនឹងខ្លួនឯង ដោយទៅឱ្យផុតពីចំណុចសុខស្រួល អ្នកនឹងរកឃើញសក្តានុពលពិតរបស់អ្នក។ នៅពេលដែលអ្នកខំរត់ទ្រាំប្រឈមនឹងការលំបាកទាំងឡាយ ឬមួយផ្នែករាងកាយ ឬមួយផ្នែកចិត្ត គឺនៅពេលនោះហើយ ដែលការលូតលាស់របស់អ្នកចាប់ផ្តើមឡើង។ ចូរសាកល្បងទៅឱ្យដល់ព្រំដែនរបស់អ្នក ដោយរុញខ្លួនឯងឱ្យទៅហួសពីព្រំដែនដែលធ្លាប់ស្គាល់ ហើយសង្កេតមើល តើអ្នកមានសមត្ថភាពពិតកម្រិតណា។៤. ការស្ងប់ស្ងៀមគឺជាមាសប្រាក់
Murakami បានពន្យល់ប្រាប់ថា ការរត់ចម្ងាយឆ្ងាយផ្តល់ជូនអ្នកនូវការស្គាល់ពីខ្លួនឯង និងមានស្មារតីគំនិតភ្លឺស្វាង។ គឺនៅពេលនៃការរត់ជាមួយភាពស្ងប់ស្ងាត់នេះហើយ ដែលគាត់រកឃើញក្តីសុខផ្លូវចិត្ត និងការស្គាល់ពីខ្លួនឯង ដោយស៊ីជម្រៅ។ នៅក្នុងពិភពលោកមួយ ដែលពោរពេញដោយការរំខានពីបញ្ហានិងមជ្ឈដ្ឋានផ្សេងៗ វាសំខាន់ណាស់ក្នុងការរកពេលវេលាស្ងប់ស្ងាត់ម្នាក់ឯង ដើម្បីឆ្លុះបញ្ចាំង។ ភាពស្ងប់ស្ងាត់ក្នុងពេលរត់ផ្តល់ជូនអ្នកនូវលំហនិងកាលវេលាដ៏ល្អប្រពៃក្នុងការភ្ជាប់ទៅរកការបំផុសគំនិតច្នៃប្រឌិត ការស្រូបថាមពលពីបរិស្ថានជុំវិញចូលក្នុងខ្លួន និងការបង្កើនភាពខ្លាំងជាងមុន។៥. ទំនាក់ទំនងរវាងចិត្តនិងកាយ
Murakami បានបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងចិត្តនិងកាយនៅក្នុងពេលរត់ចម្ងាយឆ្ងាយ ដោយបង្ហាញថា តើសកម្មភាពផ្លូវកាយអាចជួយផាត់ចេញនូវពពកខ្មៅងងឹតនៅក្នុងចិត្តបានបែបណា។ ក៏ដូចគ្នាដែរ របៀបដែលយើងថែទាំកាយរបស់យើង មានឥទ្ធិពលផ្ទាល់ទៅដល់ស្ថានភាពចិត្តនិងអារម្មណ៍របស់យើង។ ដូច្នេះ វាសំខាន់ណាស់ក្នុងការស្វែងរកតុល្យភាពរវាងកាយនិងចិត្ត និងចេះស្តាប់ ចេះស្គាល់នូវតម្រូវការកាយ និងស្ថានភាពចិត្តរបស់យើង ដោយសារតែវាមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ការហាត់ប្រាណដោយទៀងទាត់ វាមិនត្រឹមតែជួយសុខភាពផ្លូវកាយប៉ុណ្ណោះទេ តែវាសំខាន់ខ្លាំងផងដែរដល់សុខភាពផ្លូវចិត្តរបស់យើង។
៦. វាមិនសំខាន់រឿងចាញ់ឈ្នះទេ តែវាសំខាន់រឿងធ្វើសកម្មភាព
Murakami បានបញ្ជាក់ច្បាស់ថា គាត់រត់មិនមែនដើម្បីឈ្នះគេទេ ប៉ុន្តែគឺដើម្បីទៅឱ្យដល់ទី និងទទួលបទពិសោធន៍នៃការរត់ផ្លូវឆ្ងាយ។ វាក៏ដូចគ្នាដែរ សម្រាប់កិច្ចប្រឹងប្រែងលើការងារដទៃទៀត ឬសម្រាប់សម្រេចគោលដៅផ្ទាល់ខ្លួន។ វាមិនមែនសម្រាប់ក្លាយជាអ្នកពូកែជាងគេទេ ហើយក៏មិនមែនសម្រាប់បង្ហាញបង្អួតគេឯងដែរ ប៉ុន្តែ វាជាការធ្វើសកម្មភាព និងស្វែងរកអត្ថន័យចេញពីទង្វើណាមួយនោះ។ វឌ្ឍនភាពកើតចេញពីការផ្តោតលើការធ្វើសកម្មភាព មិនមែនកើតចេញពីការប្រៀបធៀបលទ្ធផលជាមួយអ្នកដទៃទេ។
៧. ដាក់គោលដៅ ប៉ុន្តែ កុំបិទច្រកសម្រាប់ការផ្លាស់ប្តូរ
នៅក្នុងសៀវភៅរបស់គាត់ Murakami ក៏បានរៀបរាប់ផងដែរអំពីទំនាក់ទំនងដែលកកើតឡើងរវាងការរត់ និងការកំណត់គោលដៅ ព្រមទាំងការសម្របខ្លួនផ្លាស់ប្តូរគោលដៅ នៅពេលដែលអ្វីៗប្រព្រឹត្តទៅមិនដូចផែនការគ្រោងទុក។ ជីវិតមិនអាចទស្សន៍ទាយអំពីអនាគតទាំងស្រុងបានទេ ដូច្នេះ គោលដៅអាចនឹងប្រែប្រួល អាស្រ័យនឹងស្ថានការណ៍ជាក់ស្តែង។ ចូរមានភាពពត់ពេនបានជាមួយការទន្ទឹងចង់បានរបស់អ្នក ប៉ុន្តែ ត្រូវប្តេជ្ញាចិត្តទម្រង់ឆ្ពោះទៅទិសដៅរបស់អ្នក។ ការសម្របខ្លួនផ្លាស់ប្តូរជាមួយស្ថានការណ៍ជាក់ស្តែងគឺជាភាពខ្លាំង មិនមែនភាពខ្សោយទេ។
៨. សារៈសំខាន់នៃការសម្រាក និងការងើបឡើងវិញ
បើទោះបីជា Murakami រត់ស្ទើររៀងរាល់ថ្ងៃ ក៏គាត់ទទួលស្គាល់សារប្រយោជន៍នៃការសម្រាកផងដែរ។ គាត់ដឹងច្បាស់ថា ការខំប្រឹងហួសពីកម្លាំង ដោយពុំមានការសម្រាកសម្រាប់ស្តារថាមពលឡើងវិញ អាចឈានទៅភាពទ្រុឌទ្រោមស្តារលែងឡើង។ ទាំងក្នុងការរត់ ក៏ដូចជាដំណើរជីវិត ការរក្សាតុល្យភាពជាកត្តាគន្លឹះ។ ចូររៀបពេលសម្រាប់ការសម្រាក ការបញ្ចូលថាមពលឡើងវិញ និងទុកឱ្យកាយនិងចិត្តរបស់អ្នកងើបឡើងវិញ បន្ទាប់ពីថមថយកម្លាំង ឬចុះទ្រុឌទ្រោម ដើម្បីអ្នកអាចបន្តទៅមុខទៀតបានជាមួយថាមពលថ្មី។
៩. កោតសរសើរអរគុណដល់រឿងតូចៗ
Murakami បានឆ្លុះបញ្ចាំងអំពី ការរត់ចម្ងាយអាចឱ្យគាត់ចេះកោតសរសើរអរគុណដល់រឿងតូចៗស្រស់ស្អាតក្នុងជីវិត ដូចជា ការស្តាប់សំឡេងនៃដង្ហើមរបស់គាត់ សង្វាក់នៃជំហានរបស់គាត់ ព្រមទាំងទេសភាពនិងភាពរស់រវើកទាំងឡាយនៅតាមដងផ្លូវ។ វាជាការរម្លឹកដល់យើងឱ្យចេះបន្ថយល្បឿន ហើយផ្តោតយកចិត្តទុកដាក់ដល់រឿងតូចៗ ដែលធ្វើឱ្យជីវិតមានន័យ និងរីករាយ។ បើទោះបីជាអ្នកកំពុងរត់លើផ្លូវឆ្ងាយ ឬកំពុងធ្វើកិច្ចការអ្វីផ្សេងក៏ដោយ ចូរចេះចំណាយពេលសង្កេតមើលភាពស្រស់ស្អាតទាំងឡាយដែលនៅជុំវិញអ្នក និងអរគុណចំពោះកាលវេលានិងឱកាស ដែលអ្នកអាចធ្វើការសង្កេតមើលអ្វីៗជាមួយក្តីរីករាយបាន។ 
=== ^^^ ===
> ប្រែសម្រួលដោយ សាម អ៊ីន -- កុម្ភៈ ២០២៥
> ដកស្រង់ពីប្រភព Facebook page “The Book Therapist” បរិយាយសង្ខេបខ្លឹមសារសៀវភៅរបស់លោក Haruki MURAKAMI (2014): What I talk about when I talk about running.
>> អត្ថបទទាក់ទង ៖
0 Comments