“ការផ្តល់គុណសម្បត្តិដ៏សមស្របគឺជាការបង្កើតទម្លាប់ដ៏មានប្រសិទ្ធភាពមួយ។ ផលដែលបានមកវិញមិនអាចគណនាបាន។” – Loretta Young
ហេតុផលមួយក្នុងចំណោមហេតុផលចម្បងៗនៃការលែងនះ ឬការឈប់ពីការងារមិនមែនការផិតក្បត់ ឬអសមត្ថភាពទេ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការបែកបាក់ចំណងគ្រួសារ ឬចំណងការងារ ដោយសារគេមិនបានទទួលគុណសម្បត្តិ ឬការសរសើរ ឬការអរគុណ ដែលគេមានអារម្មណ៍ថាគេសមនឹងទទួល។ មនុស្សគ្រប់គ្នាចង់បានការទទួលស្គាល់។ វាកើតចេញពីតម្រូវការរបស់មនុស្ស ដែលត្រូវការសេចក្តីស្រឡាញ់ ការទទួលស្គាល់ និងការឱ្យតម្លៃ។ ផ្តល់ការអរគុណជាទៀងទាត់ និងការទទួលស្គាល់កិច្ចប្រឹងប្រែងគឺជារឿងសំខាន់ណាស់។
ការផ្តល់គុណសម្បត្តិអាចកើតឡើងក្នុងពីរទម្រង់ ជាលក្ខណៈផ្ទាល់ខ្លួន ឬជាសាធារណៈ។ បែបណាក៏ដោយ ការសំដែងពាក្យអរគុណតាមរយៈជំនួបមួយទល់មួយ ឬតាមអ៊ីម៉េល ឬក្នុងកិច្ចប្រជុំរួម គឺជារឿងដែលអ្នកចំាបាច់ត្រូវធ្វើ ដោយខានមិនបាន។ វាមានឥទ្ធិពលធំធេងណាស់នៅក្នុងពាក្យសាមញ្ញ២ម៉ាត់ គឺ “អរគុណ”។
មនុស្សខ្លះអាចត្រូវការច្រើនជាងអ្នកផ្សេង វាអាស្រ័យទៅនឹងបុគ្គលិកលក្ខណៈ និងការអប់រំតាំងពីក្មេងមក ប៉ុន្តែ មនុស្សគ្រប់គ្នា តែងត្រូវការការទទួលស្គាល់គុណសម្បត្តិ។ តើអ្នកជាបុគ្គលដែលត្រូវការការផ្តល់ជូននូវគុណសម្បត្តិ? តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលអ្នកមិនទទួលបានគុណសម្បត្តិចំពោះរឿងទាំងឡាយ ដែលអ្នកបានធ្វើ?
ដោយការពិត វាមានរឿងកាន់តែអាក្រក់ថែមទៀត នៅពេលដែលអ្នកមិនបានទទួលគុណសម្បត្តិ បែរជាអ្នកផ្សេងទៅវិញបានទទួលចំពោះរឿងដែលអ្នកបានខំប្រឹងធ្វើដោយជោគជ័យ។ ប្រសិនបើរឿងនេះកើតឡើងចំពោះអ្នក ចូរព្យាយាមប្រឈមជាមួយបុគ្គលដែលបានធ្វើរឿងនេះ ហើយពិនិត្យមើល តើគេសូមទោសអ្នក ឬបដិសេធចំពោះរឿងនេះ។
“វាមានឥទ្ធិពលធំធេងណាស់នៅក្នុងពាក្យសាមញ្ញ២ម៉ាត់ គឺ “អរគុណ”។
ប្រតិបត្តិជាក់ស្តែង
>> ចូរធ្វើវាឱ្យក្លាយជាទម្លាប់រាល់ថ្ងៃ
ចូរបើកចំហនិងត្រៀមខ្លួនផ្តល់ការទទួលស្គាល់ចំពោះមនុស្ស ដែលធ្វើការជាមួយអ្នក ឬនៅជាមួយអ្នក ឬក៏អ្នកផ្សេង ដែលសមនឹងទទួលគុណសម្បត្តិ។ ចូរប្រតិបត្តិឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកក្នុងការសរសើរ អរគុណ និងផ្តល់គុណសម្បត្តិដល់មនុស្សទាំងឡាយ ដែលនៅជុំវិញអ្នក។ អ្នកមិនគួររង់ចាំទាល់តែរឿងនោះជារឿងធំ និងសំខាន់ខ្លាំងនោះទេ។ ចូរផ្តល់ឱកាសឱ្យរឿងតូចៗទាំងឡាយប្រចាំថ្ងៃទទួលបានការចាប់អារម្មណ៍និងការផ្តល់គុណសម្បត្តិពីអ្នក។ចូរបង្ហាញការកោតសរសើរជាពាក្យពេចន៍ ឬជាសកម្មភាព។ ចូរសាកល្បងដូចខាងក្រោម ហើយសង្កេតមើល តើមានអ្វីកើតឡើង ៖
- ហៅសហការីមកជួប រួចហើយអរគុណគាត់ចំពោះរឿងមួយ ដែលគាត់បានខំប្រឹងធ្វើឱ្យសម្រេចកាលពីសប្តាហ៍មុន។
- ផ្ញើរដៃគូជីវិតរបស់អ្នកនូវបាច់ផ្កា ឬនំសូកូឡា ដើម្បីអរគុណដល់គេសម្រាប់ចុងសប្តាហ៍ដ៍រីករាយមួយ។
- ទិញផ្ញើរសហការីរបស់អ្នកនូវកាហ្វេ១ពែង ដើម្បីបង្ហាញថាអ្នកកោតសរសើរនិងអរគុណគេ ដែលបានខំប្រឹងបំពេញការងារបានល្អ។
- ផ្ញើរអុីម៉េលក្នុងក្រុម ដើម្បីបង្ហាញការទទួលស្គាល់សមាជិកថ្មីម្នាក់ក្នុងក្រុមការងារ ដែលបានផ្តល់គំនិតថ្មីដ៏ល្អមួយ។
ការទទួលស្គាល់ស្នាដៃប្រៀបដូចជាជំងឺឆ្លង។ វាជាផ្លូវមួយដ៏ត្រឹមត្រូវក្នុងការធ្វើឱ្យសហការីនៅជុំវិញអ្នកមានអារម្មណ៍វិជ្ជមានចំពោះខ្លួនឯង និងមានអារម្មណ៍វិជ្ជមានចំពោះអ្នក។ អ្នកនឹងទទួលបានកេរ្តិ៍ឈ្មោះជាអ្នកដឹកនាំដែលចេះយកចិត្តទុកដាក់ ចេះសង្កេត ចេះអរគុណ និងចេះសរសើរ ជាគុណសម្បត្តិ ដែលអ្នកគ្រប់គ្រងភាគច្រើនពុំមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងជីវិតរបស់គេ។
>> បើទោះបីអ្នកជាប្រភេទមនុស្សមិនត្រូវការការសរសើរ ចូរយល់ថា អ្នកផ្សេងត្រូវការ
មនុស្សជាច្រើនស្រឡាញ់ចង់បានការសរសើរ ការអរគុណ និងការទទួលស្គាល់។ គេមានអារម្មណ៍ថាមានកម្លាំងចិត្ត មានថាមពល តាមរយៈការលើកទឹកចិត្ត។ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមនេះ អ្នកនឹងយល់អំពីអត្ថប្រយោជន៍នៃការផ្តល់គុណសម្បត្តិ។ប្រសិនបើអ្នកមិនស្ថិតនៅក្នុងចំណោមមនុស្សប្រភេទនេះ អ្នកត្រូវប្រឹងប្រែងបន្ថែមធ្វើឱ្យប្រាកដថា អ្នកមិនត្រូវមើលរំលង ក្នុងការផ្តល់គុណសម្បត្តិដល់សហការីនៅជុំវិញខ្លួនអ្នក។ ប្រសិនបើអ្នកបានភ្លេច ចូរសូមទោស ហើយធ្វើវាឱ្យបានលឿនល្អ។ ធ្វើយឺតប្រសើរជាងមិនបានធ្វើ ក្នុងការផ្តល់គុណសម្បត្តិ។
> ប្រែសម្រួលដោយ សាម អ៊ីន -- មីនា ២០២៥
> ដកស្រង់ពីអត្ថបទ “Give credit where it’s due” in the book of Nigel Cumberland (2016): 100 things successful people do. Little exercises for successful living.>> អត្ថបទទាក់ទង ៖
0 Comments