អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ខ្ញុំខ្លាំង គឺវាមិនគ្រាន់តែជាសិល្បវិធីបរិយាយអំពីការប្រយុទ្ធនិងសង្រ្គាមទេ ប៉ុន្តែគោលការណ៍ក្នុងនោះមានសារប្រយោជន៍ផងដែរដល់រឿងផ្សេងនៅក្នុងជីវិត រាប់ទាំងការធ្វើធុរកិច្ច ការប្រកួតប្រជែង ភាពជាអ្នកដឹកនាំ និងការប្រឈមនឹងបញ្ហាផ្ទាល់ខ្លួន។ ស៊ុន ជឺ (Sun Tzu) មិនត្រឹមតែបង្រៀនអំពីការធ្វើសង្រ្គាម តែគាត់ក៏បង្រៀនផងដែរអំពីក្បួន វិន័យ និងការដឹកនាំខ្លួនឯងឈានឆ្ពោះទៅរកជីវិតជោគជ័យ។
ខាងក្រោមនេះជាមេរៀន ដែលកន្រ្តាក់អារម្មណ៍ខ្ញុំ ៖
១. ស្គាល់ពីខ្លួនឯង និងស្គាល់ពីសត្រូវ
មេរៀនដែលល្បីសុះសាយមួយចេញពីសៀវភៅ សិល្បៈនៃសង្រ្គាម “The Art of War” គឺនៅឃ្លាមួយ ដែលលើកឡើងថា “ប្រសិនបើអ្នកស្គាល់សត្រូវច្បាស់ និងខ្លួនឯងច្បាស់ អ្នកច្បាំង១០០ដង អ្នកនឹងឈ្នះ១០០ដង។ បើស្គាល់ពីខ្លួនឯង តែមិនស្គាល់ពីសត្រូវ គឺអាចមានចាញ់ និងមានឈ្នះ។”ឃ្លាខាងលើនេះធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ថា ពាក់កណ្តាលនៃការយកឈ្នះសមរភូមិប្រយុទ្ធ គឺការស្គាល់ច្បាស់ពីខ្លួនឯង។ មិនថានៅក្នុងធុរកិច្ច ទំនាក់ទំនងគ្រួសារ ឬការអភិវឌ្ឍខ្លួន ការយល់ដឹងអំពីភាពខ្លាំង និងភាពខ្សោយ របស់យើងផ្តល់ជូនយើងនូវការនាំមុខគូរប្រជែងដ៏ល្អមួយ។ ដូចគ្នាដែរ សម្រាប់ការយល់ដឹងអំពីអ្នកដទៃ ជាពិសេស នៅពេលដែលអ្នកដឹងថា បុព្វហេតុជំរុញចិត្តគេជាអ្វី អ្នកអាចទាយដឹងអំពីជំហាននិងយុទ្ធវិធីបន្ទាប់របស់គេ។
២. ដឹងថាឈ្នះសមរភូមិមុនការប្រយុទ្ធមកដល់
ស៊ុន ជឺ ចង្អុលបង្ហាញថា ជ័យជន្នះកើតចេញពីការត្រៀមរៀបចំ។ ទោះបីក្នុងការធ្វើសង្រ្គាម ឬក្នុងដំណើរជីវិត អ្នកដែលចេះរៀបចំផែនការជាមុន ឈ្វេងយល់អំពីបញ្ហា និងត្រៀមខ្លួនបានល្អ អាចយកឈ្នះមុននឹងបញ្ហាប្រឈមមកដល់ ឬក៏ឈានងើបឡើងកាន់តែខ្ពស់ទៀត ក្រោយដោះស្រាយបញ្ហារួច។ការនេះធ្វើឱ្យខ្ញុំនឹកគិតទៅដល់របៀបដែលខ្ញុំឈានទៅសម្រេចគោលដៅ។ ខ្ញុំមិនរង់ចាំតែប្រតិកម្មទៅលើបញ្ហាមកដល់ទេ តែខ្ញុំត្រៀមផែនការទប់ទល់ទុកជាមុន។
៣. បង្ហាញខ្លួនថាខ្លាំង ពេលដែលអ្នកខ្សោយ និងខ្សោយពេលដែលអ្នកខ្លាំង
មេរៀននេះបានដាស់ខ្ញុំឱ្យភ្ញាក់ខ្លួនឡើង។ ពេលខ្លះការបង្ហាញខ្លួនឱ្យគេដឹងអំពីភាពខ្លាំងរបស់អ្នក ធ្វើឱ្យអ្នកក្លាយជាផ្ទាំងស៊ីបរបស់គេ។ ពេលខ្លះ ការបង្ហាញខ្លួនខ្សោយ និងងាយរងគ្រោះ ធ្វើឱ្យគេមើលស្រាលមកលើយើង អាចឱ្យយើងដើរ ២ ឬ ៣ជំហានមុនទៅមុខក្នុងការប្រកួតប្រជែង ដូចជា ក្នុងផ្នែកធ្វើធុរកិច្ចជាដើម។ខ្ញុំបានប្រើឧបាយនេះនៅក្នុងការចរចា ការប្រកួតប្រជែង ឬនៅក្នុងស្ថានភាពផ្សេងៗ។ ពេលខ្លះ វិធីដែលល្អគឺឱ្យគេគិតថា គេបានទៅមុខលឿនហើយ នៅពេលដែលយើងកំពុងធ្វើការក្នុងភាពស្ងៀមស្ងាត់ ត្រៀមទុកឱ្យបានល្អនៅខាងក្នុងក្រុមយើង។
៤. បញ្ចៀសសមរភូមិដែលមិនចាំបាច់
ឧត្តមសេនីយ៍ដែលល្ងង់ខ្លៅចូលចិត្តប្រយុទ្ធគ្រប់សមរភូមិ។ ឧត្តមសេនីយ៍ដែលមានបញ្ញាជ្រើសយកការប្រយុទ្ធណា ដែលគាត់អាចឈ្នះប៉ុណ្ណោះ។មេរៀននេះបានបង្រៀនខ្ញុំថា រាល់គ្រប់ការជជែកយកឈ្នះចាញ់ រាល់បញ្ហាប្រឈម ឬរាល់ការប្រកួតប្រជែង វាតែងស៊ីថាមពលរបស់យើង។ ពេលខ្លះ ការគេចចេញពីការប្រយុទ្ធវាជួយសន្សំធនធាន និងថាមពលទុកសម្រាប់សមរភូមិ ដែលសំខាន់ចាំបាច់។
៥. ល្បឿននិងការចេះសម្របខ្លួននាំទៅឈ្នះសង្រ្គាម
ស៊ុន ជឺ (Sun Tzu) បានលើកឡើងជារឿយៗថា អ្នកណាដែលមិនចេះបត់បែន និងប្រតិកម្មយឺត នឹងឈានទៅចាញ់សង្រ្គាម។ សមត្ថភាពក្នុងការសម្របខ្លួនទៅនឹងសភាពការណ៍ ចេះរុលទៅមុខ និងវាយលុកក្នុងកាលៈទេសៈត្រឹមត្រូវ គឺជាអ្វីដែលនឹងនាំទៅរកភាពជោគជ័យ។ខ្ញុំបានចាប់ផ្តើមប្រើប្រាស់មេរៀននេះនៅក្នុងជីវិត ជាពិសេស ក្នុងការចាប់យកឱកាសដែលមកដល់ដោយមិនរំពឹងទុក ឬក៏ផ្លាស់ប្តូរផែនការ នៅពេលដែលអ្វីៗប្រព្រឹត្តទៅខុសពីការរំពឹងទុក។ ការចេះសម្របខ្លួនទៅនឹងសភាពការណ៍បានក្លាយជាចំណុចខ្លាំងមួយរបស់ខ្ញុំ។
៦. ការបញ្ឆោតគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព
ស៊ុន ជឺ បានបង្រៀនថា ការបញ្ឆោតសត្រូវរបស់អ្នក តាមរយៈការផ្តល់សញ្ញាខុស ផ្តល់ទិសដៅខុស ឬទុកឱ្យគេស្មានមិនត្រូវ គឺជាកូនសោឈានទៅរកភាពជោគជ័យ។នៅក្នុងជីវិតជាក់ស្តែងប្រចាំថ្ងៃ វាមិនមែនជារឿងកុហកបោកប្រាសទេ ប៉ុន្តែ ត្រូវមានយុទ្ធវិធីក្នុងការប្រើប្រាស់ព័ត៌មាន។ ខ្ញុំបានចាប់ផ្តើមយល់ដឹងថា ខ្ញុំមិនចាំបាច់លើកដៃបង្ហាញថា ខ្ញុំចេះអ្វីខ្លះទេ ពេលខ្លះ ការរក្សាភាពស្ងៀមស្ងាត់ ហើយទុកឱ្យអ្នកដទៃអួតបង្ហាញ ផ្តល់ជូនយើងនូវពេលវេលាត្រៀមបានល្អសម្រាប់ការនាំមុខ។
៧. វិន័យ និងភាពជាអ្នកដឹកនាំជាកត្តាកំណត់ជោគជ័យ
មេរៀនដ៏សំខាន់ចម្បងមួយ ដែលខ្ញុំរៀនចេញពីសៀវភៅ “សិល្បៈនៃសង្រ្គាម” គឺសារប្រយោជន៍ដ៏ធំធេងនៃភាពជាអ្នកដឹកនាំ និងវិន័យ។ ទោះបីមានទាហានប្រយុទ្ធអស្ចារ្យយ៉ាងណាក៏ដោយ គេនឹងចាញ់សង្រ្គាមនៅពេលដែលមានអ្នកដឹកនាំអន់ខ្សោយ និងគ្មានយុទ្ធសាស្រ្ត។មិនថាដឹកនាំក្រុមការងារ ឬគ្រប់គ្រងជីវិតខ្លួនឯង ខ្ញុំបានយល់ដឹងច្បាស់ថា ជោគជ័យមិនមែនគ្រាន់តែជារឿងមានជំនាញប៉ិនប្រសប់ទេ ប៉ុន្តែ ត្រូវមានវិន័យបំពេញការងារជាប់លាប់ និងចេះដឹកនាំអ្នកដទៃឱ្យដឹងអំពីបុព្វហេតុ និងមានកម្លាំងចិត្តឈានឆ្ពោះទៅសម្រេចគោលដៅផងដែរ៕
=== ^^^ ===
> ប្រែសម្រួលដោយ សាម អ៊ីន -- មេសា ២០២៥
> ដកស្រង់ពីប្រភព Facebook បរិយាយសង្ខេបខ្លឹមសារសៀវភៅរបស់លោក Sun Tzu “The art of war”.
>> អត្ថបទទាក់ទង ៖
0 Comments