វិធី ៥ យ៉ាងក្នុងការបង្កើតភាពជឿជាក់

1,468

យើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់វ័យកុមារជាមួយក្តីស្រមៃធំធេង។ យើងធ្លាប់ចង់ក្លាយជាតួកុនល្បីល្បាញ ជាអ្នកអវកាស ជាកីឡាករឆ្នើម យើងចង់ក្លាយជាមនុស្សសំខាន់ណាមួយ។ ប៉ុន្តែ នៅពេលយើងចម្រើនពេញវ័យចូលដល់ពិភពជាក់ស្តែង រឿងរ៉ាវលំបាកៗជាច្រើនកើតឡើង ហើយយើងក៏ចាប់ផ្តើមចុះចាញ់នឹងភាពលំបាកទាំងនោះ លែងហ៊ានមានក្តីស្រមៃធំៗតទៅទៀត។ យើងឈានដល់ចំណុចមួយដែលលែងមានភាពជឿជាក់លើខ្លួនឯង។

ខ្ញុំតែងតែនិយាយប្រាប់មនុស្សទាំងឡាយថា ចូរចេះដាក់ខ្លួនឲ្យទន់ភ្លន់និងរាបសា ព្រោះខ្ញុំដឹងថាវាជារឿងល្អប្រពៃណាស់ ដែលយើងមានភាពខ្លាំងបែបទន់ភ្លន់ ជាជាងមានភាពអួតអាងបែបអាត្មានិយម។ រឿង២ប្រភេទនេះច្រើនបង្កឲ្យមានការលំបាកក្នុងការសម្គាល់នៃភាពខ្លាំង ដោយសារភាពទន់ភ្លន់អាចច្រឡំនឹងភាពអន់ខ្សោយ។ តែយ៉ាងណាក៏ដោយ អ្នកត្រូវស្វែងរកតុល្យភាពនៃការបង្ហាញភាពខ្លាំងរបស់អ្នក តែមិនអួតអាង។

ដើម្បីសម្រេចនូវអ្វីដែលអ្នកស្រមៃក្នុងជីវិត អ្នកត្រូវបង្កើតភាពជឿជាក់លើខ្លួនឯង។ ជាមួយគ្នានេះ ជារឿងសំខាន់ផងដែរ​ ដែលនៅពេលអ្នកទទួលជោគជ័យ អ្នកអាចនៅរក្សាភាពទន់ភ្លន់របស់អ្នក។ ខាងក្រោមនេះជាវិធី ៥ យ៉ាងសម្រាប់អ្នកប្រតិបត្តិ។

1. បង្កើតឥទ្ធិពលលើការគិតរបស់អ្នក

មានកត្តាធំពីរដែលបង្កឥទ្ធិពលលើការគិតរបស់អ្នក។ សូមគិតមើលថា តើអ្នកចំណាយពេលជាមួយនរណាខ្លះ? តើអ្នកនិយាយជាមួយនរណា? តើអ្នកស្តាប់នរណា? ភាគច្រើនយើងចូលចិត្តចំណាយពេលជាមួយមនុស្សដែលនិយាយរឿងមិនសូវមានប្រយោជន៍ ជាពិសេសមនុស្សគិតអវិជ្ជមាន មិនយកចិត្តទុកដាក់លើការអភិវឌ្ឍខ្លួន។ ពួកគេក៏បង្កើតសង្គមមួយដែលបំផ្លាញខ្លួនឯង។ ចូររាប់អានជាមួយមនុស្សដែលមានគំនិតវិជ្ជមាន ដែលជួយបង្កើនភាពខ្លាំងរបស់អ្នក ដែលជួយអ្នកឲ្យមានទំនុកចិត្តលើខ្លួនឯង។

ខ្ញុំធ្លាប់ជាក្មេងម្នាក់ដែលលូតលាស់នៅក្នុងសហគមន៍តូចមួយ។ ក៏ប៉ុន្តែ ឪពុកនិងម្តាយខ្ញុំតែងនិយាយប្រាប់ខ្ញុំថា កូនអាចធ្វើអ្វីក៏បាននៅក្នុងលោកនេះ។ ម្តាយខ្ញុំប្រាប់ថា កូនអាចក្លាយជាប្រធានាធិបតី ឬអ្នកដឹកនាំធុរកិច្ចជោគជ័យណាមួយ។ គាត់តែងផ្តល់ឲ្យខ្ញុំនូវភាពជឿជាក់លើខ្លួនឯងយ៉ាងខ្លាំងមួយ។ មិត្តភក្តិឪពុកម្តាយខ្ញុំក៏ចូលចិត្តផ្តល់កម្លាំងចិត្តដល់ខ្ញុំដែរ។ កុមារភាពរបស់ខ្ញុំមិនមានទ្រព្យធនហូរហៀរទេ តែព័ទ្ធជុំវិញដោយបុគ្គលដែលលើកទឹកចិត្ត គិតវិជ្ជមាន និងផ្តល់ភាពជឿជាក់។

ចូរចំណាយពេលជាមួយបុគ្គលដែលជួយអ្នកឲ្យលូតលាស់។ ឥទ្ធិពលនៃការរាប់អាន និងការដកខ្លួនចេញពីមនុស្សទាំងឡាយគឺសំខាន់ខ្លាំងណាស់ក្នុងដំណើរជីវិតជោគជ័យរបស់អ្នក។ ចូរនៅឆ្ងាយពីមនុស្សដែលចូលចិត្តរអ៊ូរទាំ ហើយគ្មានគោលដៅជីវិត។​ ចូរស្វែងរក និងចំណាយពេលជាមួយបុគ្គលដែលជួយអ្នកបង្កើនភាពជឿជាក់លើខ្លួនឯង។

កត្តាសំខាន់ទីពីរគឺជាអ្វីដែលអ្នកអាននិងសង្កេតមើល។ តើអ្នកអានអ្វីខ្លះ? តើវាទាក់ទងនឹងរឿងជោគជ័យ ឬសម្រេចស្នាដៃអ្វីមួយឬទេ? ខ្ញុំចូលចិត្តអានប្រវត្តិបុគ្គលដែលបានកសាងនិងបង្កើតស្នាដៃធំៗក្នុងជីវិត។ តាមរយៈសាច់រឿង ខ្ញុំបានដឹងថា បុគ្គលជោគជ័យសុទ្ធតែឆ្លងកាត់ការមន្ទិលសង្ស័យ ការលំបាក ការហៀបនឹងបោះបង់ ដូចដែលខ្ញុំកំពុងឆ្លងកាត់ ប៉ុន្តែបុគ្គលទាំងនោះស្វែងរកផ្លូវបន្ត ដោយភាពស្វិតស្វាញ ដើម្បីទៅដល់គោលដៅ។ ព័ត៌មានដែលមានឥទ្ធិពលលើការគិតរបស់អ្នក អាចមកតាមរយៈកុំព្យូទ័រ ទូរស័ព្ទ ឬទូរទស្សន៍ តែអ្វីដែលសំខាន់ តើសារអ្វីខ្លះដែលអ្នកចាប់យក ហើយបង្កើតឥទ្ធិពលលើការគិតរបស់អ្នក។

2. ចាប់ផ្តើមធ្វើរឿងតូចៗ

វាមិនចាំបាច់ទេ ថាទាល់តែរឿងវាធំ ទើបអ្នកត្រូវធ្វើវា។ អ្នកអាចចាប់ផ្តើមធ្វើរឿងតូចៗទាំងឡាយ ដែលអ្នកចូលចិត្ត និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ សូមក្លាយជាបុគ្គលដែលចេះកំណត់គោលដៅប្រចាំថ្ងៃ និងសម្រេចគោលដៅនោះឲ្យបាន។ អ្នកត្រូវដឹងថា អ្វីដែលអ្នកត្រូវធ្វើក្នុងថ្ងៃនេះ ហើយធ្វើវាឲ្យបាន។ ចូរត្រួតពិនិត្យរឿងនេះជាប្រចាំ។ ការនេះនឹងជួយអ្នកឲ្យមានអារម្មណ៍ធូរស្បើយ ព្រោះកិច្ចការជាច្រើនបានត្រូវបំពេញរួចរាល់ហើយ។ បុគ្គលមួយចំនួនទទួលព័ត៌មានជាច្រើនដែលគ្មានប្រយោជន៍ ហើយរុញឲ្យគេមានអារម្មណ៍ថាមានកិច្ចការច្រើនហួសហេតុសម្រាប់គេ ហើយគេក៏បោះបង់កិច្ចការសំខាន់ៗចោលទៅ។ គេមានអារម្មណ៍ធុញទ្រាន់ អង្គុយគិតតែនៅលើកៅអី ហើយមិនបានធ្វើសកម្មភាពអ្វីទេ។ ចូរពិនិត្យមើលបញ្ជីកិច្ចការដែលអ្នកបានធ្វើប្រចាំថ្ងៃ។​ សូមចងចាំថា ការធ្វើដំណើរមួយជំហានម្តងៗ នឹងជួយអ្នកឲ្យទៅដល់គោលដៅពេលណាមួយ។

3. ផ្លាស់ប្តូររបៀបគិតរបស់អ្នក

សំឡេងចេញពីក្នុងខ្លួនយើងអាចមានលក្ខណៈអវិជ្ជមាន។ ហើយជាពិសេស សំឡេងអវិជ្ជមានទាំងនោះច្រើនបន្លឺឮយ៉ាងខ្លាំងក្នុងចិត្តរបស់យើង។​ សំឡេងទាំងនោះមានដូចជា “ខ្ញុំល្ងង់ណាស់” “ខ្ញុំមិនដែលសម្រេចអ្វីទេ” “ខ្ញុំនឹងបរាជ័យម្តងទៀត”។ ចូរបញ្ឈប់សំឡេងអវិជ្ជមានទាំងនេះ។ ចូរយកចិត្តទុកដាក់លើអ្វីដែលអ្នកបានគិត ហើយពិចារណាឡើងវិញថាអ្នកគួរគិតអំពីអ្វី។ សូមយកចិត្តទុកដាក់ដល់ការគិតរបស់អ្នក។ ប្រសិនបើអ្នកគិតថាខ្លួនឯងអន់ មិនបានការ ចូរផ្លាស់ប្តូរការគិតបែបនេះចេញ ដោយជំនួសមកវិញនូវការគិតបែបវិជ្ជមាន។ យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ការគិតបែបនេះ។ អ្នកត្រូវយល់ថា អ្វីដែលអ្នកគិតមានឥទ្ធិពលធំធេងណាស់ទៅលើលទ្ធផលដែលអ្នកទទួលបានក្នុងជីវិត។

4. ចូរធ្វើវាទៅ

ជីវិតយើងខ្លីណាស់។ ពេលវេលាដើរទៅមុខយ៉ាងលឿន។ តើអ្នកព្រួយអំពីអ្វី? ភាគច្រើននៃក្តីព្រួយបារម្ភរបស់យើងមិនសំខាន់ ហើយមិនពិតទេ។ ចូរធ្វើនូវអ្វីដែលត្រូវនឹងចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងាររបស់អ្នក ព្រោះអ្នកមិនចូលចិត្តការងារនេះទាល់តែសោះ ចូរធ្វើវាទៅ។ ចូរកុំចំណាយពេលនៃជីវិតអ្នកឲ្យជាប់ជំពាក់នឹងអ្វីដែលអ្នកមិនចូលចិត្តសោះ។ ចូរធ្វើអ្វីមួយដើម្បីដោះស្រាយរឿងនេះ។ សូមជឿជាក់លើខ្លួនឯង ហើយសម្រេចចិត្តធ្វើនូវអ្វីដែលសមនឹងទេពកោសល្យពីធម្មជាតិរបស់អ្នក។

5. គ្រប់គ្រងអារម្មណ៍ឲ្យនឹងល្អ

នៅពេលអ្នកទទួលភាពជោគជ័យធំធេង វាអាចរុញអ្នកឲ្យមានឥរិយាបថក្រអឺតក្រទម ដោយអ្នកគិតថា អ្នកជាមនុស្សអស្ចារ្យណាស់។ សូមកុំបណ្តោយឲ្យខ្លួនអ្នកទៅជាបែបនេះ។ សូមកុំក្លាយជាមនុស្សដែលដឹងអ្វីៗទាំងអស់ ដែលពិសេសជាងគេ។ ភាពជោគជ័យនិងភាពរីករាយកើតចេញពីការផ្គុំគ្នារវាងការបន្ទាបខ្លួនដ៏សមគួរនិងការដឹងអំពីតម្លៃខ្លួនខ្ពស់ ដោយមានការយល់ដឹងថា អ្នកមិនអស្ចារ្យហួសហេតុបែបមោទនភាពជ្រុល តែជាបុគ្គលមានតម្លៃក្នុងសង្គម។ អ្នកត្រូវដឹងថា ក្នុងលោកនេះគ្មានមនុស្សណាផ្សេងដូចអ្នកឡើយ ហើយអ្នកអាចបង្កើតប្រវត្តិសាស្រ្តមួយបាន។ ចូរប្រឹងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងនេះ តែចងចាំថា អ្នកមិនអស្ចារ្យណាស់ណាទេ ពេលអ្នកបានជោគជ័យធំធេង ហើយមិនអាក្រក់ណាស់ណាទេ ពេលអ្នកជួបបរាជ័យធ្ងន់ធ្ងរ។ ចូរស្វែងរកតុល្យភាពក្នុងចន្លោះនេះ ដោយចេះទប់អារម្មណ៍អ្នកឲ្យបាននឹងល្អ។

 

— ដកស្រង់ពីអត្ថបទរបស់ John Addison, in the Success Magazine (August 2017), “5 Positive Ways to Build Your Belief in Yourself”

 

— ប្រែសម្រួលដោយ សាម អ៊ីន, ខែឆ្នូ ឆ្នាំ២០១៧

— អត្ថបទទាក់ទង ៖

១) ការពិត ៧ ប្រការអំពីជីវិតដែលខ្ញុំគួរដឹងយូរហើយ

២) ៣ សំណួរដើម្បីលើកស្ទួយជីវិតអ្នក

៣) វិធី ៥ យ៉ាងក្នុងការងើបខ្ពស់ឡើងបន្ទាប់ពីខកចិត្តនិងឈឺចាប់

Comments are closed.