ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរសម័យអង្គរ
សេចក្តីផ្តើម
ប្រជាជាតិខ្មែរធ្លាប់បានកសាងប្រទេសឲ្យរុងរឿង ថ្កុំថ្កើង និងថ្លៃថ្នូរប្រមាណ ៦០០ ឆ្នាំ ហើយបន្សល់ទុកស្នាដៃមរតកមកដល់បច្ចុប្បន្ន ដែលធ្វើឲ្យអ្នកជំនាន់ក្រោយ និងពិភពលោកបានដឹង គោរព និងកោតស្ញប់ស្ញែង។ ប្រវត្តិសាស្រ្តនៃមហានគរខ្មែរបានចាប់ផ្តើមជាមួយការរំដោះប្រជាជាតិចេញពីការឈ្លានពានរបស់នគរជ្វា នៅឆ្នាំ ៨០២ គ.ស និងការបង្រួបបង្រួមជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ ព្រះបាទ ជ័យវរ្ម័ន ទី២ ដោយព្រះអង្គបានប្រកាសជាឱឡារិកពីលើកំពូលភ្នំគូលែនថា អាណាចក្រខ្មែរជារដ្ឋឯករាជ្យ មិនស្ថិតក្រោមចំណុះនៃប្រទេសដទៃ ហើយព្រះអង្គជាស្តេច “ចក្រវាល” នៃអាណាចក្រខ្មែរ ដែលមិនអាចប្រទេសណាមករំលោភបំពានបានឡើយ។
[1]&[2] ក្នុងរយៈពេលប្រមាណ ៦០០ឆ្នាំ ព្រះមហាក្សត្រចំនួន ២៥អង្គបានបង្រួបបង្រួម កសាង ការពារ និងពង្រីកទឹកដីឲ្យក្លាយជាអាណាចក្រដ៏ខ្លាំងខ្លាមួយនៅក្នុងពិភពលោក ដែលក្នុងសតវត្សទី១២ រាជធានីអង្គរធំ ក្នុងរជ្ជកាលរបស់ ព្រះបាទ ជ័យវរ្ម័ន ទី៧(១១៨១–១២២០) ក្លាយជារាជធានីធំជាងគេបង្អស់នៅក្នុងពិភពលោក ដែលមានប្រជាជនរស់នៅប្រមាណ ១លាននាក់។ ក្រៅពីនេះ ប្រាង្គប្រាសាទជាង ២០០០ ត្រូវបានកសាងឡើង ដែលក្នុងនោះប្រាង្គប្រាសាទចំនួនប្រហែល ១០០០ នៅមានរូបរាងជាតឹកតាងនិងជាមរតកសម្រាប់មនុស្សជាតិទស្សនានិងសិក្សាស្វែងយល់អំពីអតីតកាល។ [1] ជាមួយនេះដែរ ប្រព័ន្ធគ្រប់គ្រងទឹកដ៏ធំមហិមានិងហេដ្ឋារចនាសម្ព័ន្ធធំៗដទៃទៀតក៏នៅមានដានដែលអាចសម្គាល់និងយល់ដឹងបានអំពីភាពរុងរឿង ថ្កុំថ្កើននៃសម័យអង្គរ។
1. កសាងនិងការពារជាតិជាកាតព្វកិច្ចរបស់អ្នកដឹកនាំ
រូបចម្លាក់នេះបង្ហាញអំពីការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រ ជាអ្នកដឹកនាំកំពូល លើការថែទាំនិងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ តាមរយៈនៃការសាងសង់មន្ទីរពេទ្យ។ តាមសៀវភៅប្រវត្តិសាស្រ្ត និងសិលាចារឹកបញ្ជាក់ថា ព្រះបាទ ជ័យវរ្ម័ន ទី៧ (១១៨១–១២២០) បានសាងសង់មន្ទីរពេទ្យចំនួន ១០២ និងសាកលវិទ្យាល័យចំនួន ១០០ ក្នុងរជ្ជកាលរបស់ព្រះអង្គ។ [2, p.37-38] ការនេះបង្ហាញអំពីគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់មួយរបស់អ្នកដឹកនាំខ្មែរសម័យអង្គរដែលយកចិត្តទុកដាក់ខ្ពស់លើការកសាងធនធានមនុស្សដោយចំណាយធនធានជាតិកសាងសាលារៀន សាកលវិទ្យាល័យ និងមន្ទីពេទ្យ។បន្ថែមពីនេះ សិលាចារឹកបានបញ្ជាក់អំពីគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់របស់ ព្រះបាទ ជ័យវរ្ម័ន ទី៧ដោយបានចែងថា “ទុក្ខរបស់រាស្រ្តគឺជាទុក្ខរបស់ក្សត្រ”។ គតិបណ្ឌិតនេះឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ជាពិសេសរបស់អ្នកដឹកនាំជាតិទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
រូបចម្លាក់បង្ហាញអំពីការចូលរួមរបស់ប្រជាពលរដ្ឋដោយយកទ្រព្យធនជាមាសប្រាក់ ឬរបស់របរផ្សេងៗទៅចូលរួមដល់កិច្ចការកសាងប្រាសាទ ឬធ្វើសឹកសង្គ្រាម។ នៅលើរូបចម្លាក់ឃើញមានតែស្រ្តីចូលរួមវិភាគទាន ដែលអាចឲ្យយើងសន្និដ្ឋានថា ប្រហែលជាកិច្ចការចលនាធនធានឲ្យមហាជនចូលរួមនេះដឹកនាំដោយព្រះមហេសី ឬក្សត្រីអង្គណាមួយរបស់ព្រះមហាក្សត្រ សូរិ្យវរ្ម័ន ទី២ (១១១២–១១៥០)។
ក្រៅពីកិច្ចការកសាងជាតិ កាតព្វកិច្ចដ៏ធំចម្បងមួយទៀតរបស់អ្នកដឹកនាំជាតិគឺកិច្ចការពារជាតិ។ កិច្ចការនេះតម្រូវឲ្យព្រះមហាក្សត្រត្រូវយកចិត្តទុកដាក់ក្នុងការកសាងកម្លាំងកងទ័ព ដែលកងទ័ពត្រូវមានការហ្វឹកហាត់ត្រឹមត្រូវ មានវិន័យ មានសណ្តាប់ធ្នាប់ បំពាក់អាវុធគ្រប់ដៃ និងមានស្បៀងគ្រប់គ្រាន់ដើម្បីត្រៀមប្រយុទ្ធការពារជាតិ។
រូបចម្លាក់បង្ហាញអំពីទ័ពសេះនិងទ័ពថ្មើរជើងដែលមានសំលៀកបំពាក់ ម៉ូតសក់ និងមុខមាត់ជាជនជាតិចិន កំពុងចូលរួមក្នុងយាត្រាកងទ័ពចេញប្រយុទ្ធក្នុងសមរភូមិ។ ចម្លាក់ផ្សេងទៀតបង្ហាញអំពីជនជាតិចិនមកធ្វើជំនួញនៅស្រុកខ្មែរ។ ក្រៅពីនេះ ក៏មានអ្នកការទូតចិនដូចជា លោក ជូ តាក្វាន់ ដែលមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រខ្មែរនៅឆ្នាំ១២៩៦–៩៧[1, P.13]ដោយបានសរសេរចងក្រងរៀបរាប់អំពីប្រាសាទនិងជីវិតរស់នៅរបស់ប្រជាជនខ្មែរនៅសម័យអង្គរ។
2. ជ្រើសរើសសមត្ថភាពដើម្បីបង្កើតសមិទ្ធផល
ប្រាសាទអង្គរវត្ត ដែលសាងសង់ក្នុងរជ្ជកាល ព្រះបាទ សូរិ្យវរ្ម័ន ទី២ (១១១២–១១៥០) ជាសំណង់សាសនាដ៏ធំនិងល្អប្រណិតអស្ចារ្យមួយក្នុងលោក។ សំណង់នេះឆ្លុះបញ្ចាំងនូវចំណេះដឹងនិងទេពកោសល្យផ្នែកស្ថាបត្យកម្ម វិស្វកម្ម តារាសាស្រ្ត និងសិល្បះដ៏ខ្ពង់ខ្ពស់នាសម័យនោះ។ អ្នកអាចធ្វើការស្រមៃមើលនៃកិច្ចការកសាងប្រាសាទមួយដែលត្រូវជញ្ជូនថ្មប្រមាណ ៦សែនដុំពីលើកំពូលភ្នំគូលែន ដែលថ្មនីមួយៗមានទម្ងន់ពី កន្លះតោន ទៅ ១០តោន ដោយពុំមានជំនួយនៃការប្រើគ្រឿងចក្រដូចបច្ចប្បន្ន។ [10] ដុំថ្មនីមួយៗត្រូវបានដុះខាត់ឲ្យស៊ីបញ្ចូលគ្នា និងភាគច្រើននៃដុំថ្មត្រូវបានឆ្លាក់រូបចម្លាក់ដ៏រស់រវើក ដើម្បីរៀបចំឲ្យចេញជាប្រាសាទដ៏ល្អប្រណិតមួយ ដែលអាចឈរយ៉ាងស្កឹមស្កៃរហូតមកដល់បច្ចប្បន្ន។ ការច្នៃនិងតំរៀបដុំថ្មជាដំបូលកុំឲ្យទឹកលិចចូលប្រាសាទអង្គរវត្តបញ្ជាក់អំពីទេព្យកោសល្យនៃធនធានមនុស្សឆ្នើមៗជាច្រើននាសម័យនោះ។
រូបចម្លាក់នេះឆ្លុះបញ្ចាំងថា អ្នកដឹកនាំសម័យអង្គរ យល់ដឹងអំពីសារៈសំខាន់នៃការផ្តល់ការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់សហការីពេលបំពេញភារកិច្ច ដើម្បីឲ្យសហការីមានទឹកចិត្តប្រយុទ្ធអង់អាចក្នុងការបំពេញកាតព្វកិច្ចការពារជាតិ មានស្មារតីលះបង់ខ្ពស់ចំពោះប្រទេសជាតិ។
3. រៀបចំយុត្តិធម៌ដើម្បីភាពសុខដុម
រូបចម្លាក់ទាំងនេះរៀបរាប់អំពីជីវិតនិងការប្រព្រឹត្តរបស់មនុស្សលោក ដែលអ្នកប្រព្រឹត្តល្អប្រពៃនឹងត្រូវទទួលផលបានទៅរស់នៅឋានលើ ដែលតំណាងឲ្យជីវិតរីករាយ មានសេចក្តីសុខ សម្បូរសប្បាយ រស់នៅដូចជីវិតទេវតា។ អ្នកប្រព្រឹត្តល្អល្មមសមរម្យត្រូវទទួលផលកម្មមករស់នៅឋានកណ្តាលដែលមនុស្សលោកទូទៅរស់នៅ មានសប្បាយ មានទុក្ខខ្លះៗ ប៉ុន្តែមិនរងទណ្ឌកម្មធ្ងន់ធ្ងរទេ។ ដោយឡែក អ្នកប្រព្រឹត្តអាក្រក់ ត្រូវទទួលផលកម្មសមនឹងទង្វើរបស់ខ្លួន ដោយទទួលទណ្ឌកម្មស្របនឹងកំហុសដែលបានប្រព្រឹត្ត។ ការទទួលទណ្ឌកម្មនេះត្រូវឆ្លងកាត់ការកាត់ក្តីត្រឹមត្រូវតាមកំហុសដែលបានប្រព្រឹត្ត ដោយមានតុលាការ តំណាងដោយ ស្តេចយមរាជ យ៉ាម៉ា និងសហការីរបស់គាត់ ដែលទទួលខុសត្រូវលើការកាត់ក្តីដោយយុត្តិធម៌ តាមរយៈការស្តាប់រឿងក្តីដែលកើតឡើង និងការកាត់ទោសសមនឹងអង្គហេតុ។ បន្ទាប់ពីការកាត់ទោស អ្នកប្រព្រឹត្តអាក្រក់ត្រូវបញ្ជូនទៅឋានក្រោម តាមរយៈទ្វារនរក ដើម្បីទទួលទណ្ឌកម្មផ្សេងៗ អាស្រ័យនឹងកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត។ ទណ្ឌកម្មទាំងនោះរួមមាន ការឲ្យសត្វតោ ឆ្កែ ខ្លា រមាស និងដំរី ខាំនិងជល់ ការចងខ្សែនឹងច្រមុះអូសដូចគោ ការឡើងដើមរការដែក ការស្រុះក្នុងទឹកក្តៅ ការដកអណ្តាត ការដាប់ធ្មេញ ដាប់ច្រមុះ ការបោះចូលក្នុងខ្ទះខ្ទុះ ការចងដៃចងជើងជាប់គ្នា ទុកឲ្យសត្វព្រៃខាំជាបំណែកៗ ការចងឆ្គាងដោយដាំជាប់នឹងជញ្ជាំងដោយដែកគោល។ល។
4. ស្តាប់ និងសំយោគយោបល់របស់សហការី
រូបចម្លាក់ទាំងនេះបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់ ព្រះមហាក្សត្រខ្មែរ ព្រះបាទ សូរិ្យវរ្ម័ន ទី២ដែលផ្តល់តម្លៃលើការពិគ្រោះយោបល់ជាមួយសហការី ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តធ្វើសឹកសង្គ្រាម ដោយព្រះអង្គស្តាប់ៈ
–យោបល់របស់អ្នកចេះដឹង អ្នកយុទ្ធសាស្រ្ត ជាក្រុមទីប្រឹក្សារបស់ព្រះអង្គ ដែលអាចផ្តល់យោបល់អំពី យុទ្ធសាស្រ្តវាយលុក ដកថយ បញ្ឆោតសត្រូវ គ្រប់គ្រងសមរភូមិ។ល។
–យោបល់របស់អ្នកចាត់ចែងកិច្ចការទូទៅ ជាគណៈរដ្ឋមន្រ្តី ក្នុងការផ្តល់យោបល់អំពីផែនការត្រៀមស្បៀង ការផ្គត់ផ្គង់សំភារៈសឹក ការដឹកជញ្ជូនស្បៀងនិងសំភារៈផ្សេងៗ។ល។
–យោបល់របស់មេទ័ពជាន់ខ្ពស់ ក្នុងការរៀបទ័ពប្រយុទ្ធ ការចាត់ចែងក្រុមនិងកងតាមទីលានសមរភូមិ វិធីសាស្រ្តវាយលុក ។ល។
ការផ្តល់តម្លៃដល់ការស្តាប់យោបល់ពីសហការីមានជំនាញផ្សេងគ្នា ក៏ឆ្លុះបញ្ចាំងផងដែរអំពីសមត្ថភាពរបស់ព្រះអង្គក្នុងការសំយោគយោបល់របស់ អ្នកយុទ្ធសាស្រ្ត អ្នកចាត់ចែងការងារទូទៅ និងអ្នកដឹកនាំប្រយុទ្ធផ្ទាល់ ដើម្បីកសាងផែនការយុទ្ធសាស្រ្តសង្រ្គាមមួយ ដែលមានការគិតគ្រប់ជុងជ្រោយ សម្រាប់ក្តោបក្តាប់នូវភាពជោគជ័យក្នុងសមរភូមិប្រយុទ្ធ។
==> ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរសម័យអង្គរគឺ “ការចេះស្តាប់ ប្រមូល និងសំយោគយោបល់ពីសហការី។”
5. អ្នកការពារត្រូវមានវិន័យ សមត្ថភាព និងសេចក្តីក្លាហាន
រូបចម្លាក់បង្ហាញ ព្រះបាទ សូរិ្យវរ្ម័ន ទី២ គង់លើដំរី (ទី១២) ដែលសម្គាល់ដោយការពាក់ម្កុដរាជនិងកងជើង កំពុងដឹកនាំក្បួនទ័ព ជាមួយមេទ័ពជាន់ខ្ពស់ ១៩នាក់ទៀត ដែលជិះដំរី។ មេទ័ពជាន់ខ្ពស់នីមួយៗដឹកនាំកងទ័ពតាមកងពលធំ ដែលមានមេទ័ពរងជិះសេះពី ៣ ទី ៧នាក់(ក្នុងរូបចម្លាក់) នាំមុខកងទ័ពថ្មើរជើងដែលមានបំពាក់អាវុធគ្រប់ដៃ ដោយមានខែលការពារខ្លួននិងលំពែងប្រយុទ្ធ។
រូបភាពទី២៣៖ ការហ្វឹកហាត់របស់កងទ័ពខ្មែរ
រូបចម្លាក់ក៏បង្ហាញអំពីការហ្វឹកហាត់ទ័ពដូចជាបោកចំបាប់ ការប្រយុទ្ធដោយលំពែង ដើម្បីបង្វឹកកងទ័ពខ្មែរឲ្យមានទេពកោសល្យប្រយុទ្ធក្នុងសង្គ្រាមនិងមានទឹកចិត្តអង់អាចក្លាហាន។ រូបចម្លាក់ក៏បង្ហាញផងដែរអំពីការឈ្លានពានរបស់កងទ័ពចាមមកលើទីក្រុងអង្គរ ដែលឯកសារប្រវត្តិសាស្រ្តបានសរសេរថា ទីក្រុងអង្គរត្រូវបានឈ្លានពានដោយទ័ពជើងទឹកនគរចម្ប៉ានៅឆ្នាំ ១១៧៧។ តាមរយៈរូបចម្លាក់ បុព្វបុរសខ្មែរចង់អប់រំអ្នកដឹកនាំជំនាន់ក្រោយថា បើកងទ័ពយើងខ្សោយ គ្មានការហ្វឹកហាត់ត្រឹមត្រូវ គ្មានវិន័យ និងសណ្តាប់ធ្នាប់ ប្រទេសជាតិនឹងទទួលរងការឈ្លានពានពីខាងក្រៅជាក់ជាមិនខាន។ ដូច្នេះ ដើម្បីឲ្យកងទ័ពបំពេញកាតព្វកិច្ចការពារជាតិបានរឹងមាំល្អ អ្នកដឹកនាំត្រូវយកចិត្តទុកដាក់ជាសំខាន់លើការហ្វឹកហាត់ទៀងទាត់ ដោយមានកម្មវិធីនិងគ្រូបង្វឹកត្រឹមត្រូវ ដើម្បីបណ្តុះនិងបង្កើនសមត្ថភាពប្រយុទ្ធ របៀបធ្វើសមយុទ្ធ និងបណ្តុះទឹកចិត្តប្រយុទ្ធអង់អាចក្លាហាន។
6. យកគំរូតាមព្រះរាម ស្តាប់ដំបូន្មានព្រះសិវៈ
រូបចម្លាក់នៅថែវខាងលិចនៃប្រាសាទអង្គរវត្តមានការរៀបរាប់ជាច្រើនវគ្គនៃទេវកថាហិណ្ឌូ រឿងរាមកេរ្តិ៍។ ព្រះរាម ជាតំណាងសភាវៈល្អ ប្រយុទ្ធជាមួយសភាវៈអាក្រក់។ នៅក្នុងសាច់រឿង “រាមកេរ្តិ៍” ព្រះរាម ត្រូវប្រឈមនឹងបញ្ហាជាច្រើន មានដូចជា៖ ការបង្ខំឲ្យទៅរស់នៅក្នុងព្រៃ ដោយត្រូវលះបង់រាជបល័្លង្ក។ ភរិយាជាទីស្រឡាញ់គឺនាងសីតាត្រូវបានចាប់ពង្រាត់ដោយយក្សក្រុងរាពណ៍។ ព្រះអង្គត្រូវធ្វើដំណើរទៅក្រុងលង្កាដើម្បីប្រយុទ្ធជាមួយយក្សក្រុងរាពណ៍ក្នុងគោលបំណងរំដោះនាងសីតាជាភរិយាមកវិញ។ ពេលខ្លះ ព្រះអង្គត្រូវច្បាំងជាមួយកូនខ្លួនឯង ។ល។ នៅក្នុងសាច់រឿង ព្រះរាមជាតួអង្គគំរូបង្ហាញគុណសម្បត្តិល្អៗសម្រាប់ការរៀនសូត្រនិងយកតម្រាប់តាម។
— មិនថាមានអ្វីជាបញ្ហាប្រឈមកើតឡើងចំពោះព្រះរាម គាត់ទទួលយកបញ្ហាទាំងនោះ ហើយរិះរកវិធីដើម្បីដោះស្រាយ ប្រកបដោយភាពឈ្លាសវៃ អង់អាច មោះមុត និងស្វិតស្វាញ។ គាត់មិនប្រតិកម្មដោយភាពសោកសង្រេង ខឹងសម្បារ និងគុំគួនទេ។ គាត់មិនតាំងខ្លួនជាជនរងគ្រោះទេ តែជាអ្នកប្រយុទ្ធដើម្បីភាពជោគជ័យ។ នេះជាគុណសម្បត្តិឆ្នើមរបស់ព្រះរាម ដែលអាចដឹកនាំសភាវៈល្អ យកឈ្នះសភាវៈអាក្រក់បាន។
រូបចម្លាក់បង្ហាញ អំពីឈុតមួយនៃទេវកថារបស់សាសនាហិណ្ឌូ ដែលគ្រឹស្ណៈ ជាតំណាងសភាវៈល្អ ដឹកនាំក្រុមប្រយុទ្ធតទល់និងកម្ចាត់ក្រុមសភាវៈអាក្រក់ ដែលដឹកនាំដោយយក្សបាណា។ គ្រឹស្ណៈបានប្រើកងចក្រជាអាវុធ ដោយបានកាត់ដៃយក្សបាណា ហើយទទួលជ័យជំនះ។ បន្ទាប់មក គ្រឹស្ណៈ បានជួបថ្វាយបង្គំនិងស្តាប់ការប្រៀនប្រដៅពីព្រះសិវៈ ហើយក៏ទទួលយកធម៌អត់ឱននិងមេត្តាករុណា ដោយមិនសម្លាប់យក្សបាណាជាគូសត្រូវ។
7. បង្ការកលិយុគ បញ្ចៀសទុក្ខដល់រាស្រ្ត
@ខ្ញុំសន្និដ្ឋានថា រូបចម្លាក់ក្នុងរូបភាពទី៣២នេះគឺ ព្រះបាទ ជ័យវរ្ម័ន ទី៧ ព្រះមហាក្សត្រដ៏មហិមារបស់ខ្មែរ ពីព្រោះមានការបង្ហាញពីបុគ្គលជិះលើដំរីពាក់ម្កុដ មានកាយវិការកំពុងបញ្ជាទ័ពក្នុងសឹកសង្រ្គាម។
រូបចម្លាក់បង្ហាញអំពីវិវាទផ្ទៃក្នុង ដោយចាប់ផ្តើមជាមួយការជជែកគ្នាឆ្ការដៃឆ្ការជើងរវាងកងទ័ព បន្ទាប់មកមានការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរនិងកងទ័ពខ្មែរ។ ប្រជារាស្រ្តត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ស្រុកភូមិ ដោយមានការទូលរែកអីវ៉ាន់ ពរកូន និងពិគ្រោះគ្នាតាមផ្លូវ។ យោងតាមឯកសារ [1, P.91-92] មានការបះបោរមួយកើតឡើងនៅឆ្នាំ ១១៨២ នៅតំបន់ម៉ាលីយ៉ាង (ខាងត្បូងខេត្តបាត់ដំបងបច្ចុប្បន្ន) គឺមួយឆ្នាំក្រោយព្រះបាទ ជ័យវរ្ម័ន ទី៧ រំដោះអាណាចក្រខ្មែរពីការត្រួតត្រារបស់នគរចម្ប៉ា។ ព្រះអង្គបានដឹកនាំកងទ័ពទៅបង្រ្កាបផ្ទាល់នៅទីនោះ ហើយក្រោយមកក៏រៀបចំពិធីឡើងគ្រងរាជ។ ឯកសារក៏បានបញ្ជាក់បន្ថែមថា រូបចម្លាក់នៅថែវខាងលិច ចំហៀងខាងជើងនេះរៀបរាប់អំពីសង្រ្គាមស៊ីវិល។
ជាទូទៅ ការបះបោរក្នុងសង្គមអាចកើតឡើងដោយសារមូលហេតុចម្បងពីរ៖ ទី១) ដោយសារអ្នកដឹកនាំប្រទេសបំពេញកាតព្វកិច្ចរបស់ខ្លួនមិនបានល្អក្នុងការកសាងនិងការពារជាតិ ជាពិសេសបណ្តែតបណ្តោយឲ្យមានអំពើអយុត្តិធម៌ធ្ងន់ធ្ងរកើតឡើងច្រើនក្នុងសង្គម។ និង ទី២) មានក្រុមមនុស្សខិលខូចចង់ដណ្តើមអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពេលឱកាសហុចឲ្យ។
— តាមរយៈរូបចម្លាក់វគ្គនេះ បុព្វបុរសខ្មែរចង់ផ្តាំដល់អ្នកដឹកនាំជំនាន់ក្រោយ ជាពិសេសអ្នកដឹកនាំនយោបាយ សូមគិតពិចារណាឲ្យបានវែងឆ្ងាយមុននឹងបង្ករជម្លោះបែបហិង្សា ពីព្រោះវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រូបចម្លាក់វគ្គនេះក៏ចង់ណែនាំផងដែរដល់អ្នកដឹកនាំជំនាន់ក្រោយ ឲ្យចេះឆ្លុះបញ្ចាំងនូវការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការកសាង ការពារ និងបង្កើតយុត្តិធម៌ និងត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបក្រុមខិលខូច ដើម្បីបង្ការកុំឲ្យមានកលិយុគកើតឡើងក្នុងសង្គម។
==> ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរសម័យអង្គរគឺ “បង្ការកលិយុគ ដើម្បីបញ្ចៀសទុក្ខដល់រាស្រ្ត។”
សេចក្តីសន្និដ្ឋាន
តាមរយៈការសិក្សា និងឆ្លុះបញ្ចាំងរូបចម្លាក់នៅប្រាសាទអង្គរវត្ត និងបាយ័ន បូកផ្សំនឹងការសិក្សាឯកសារប្រវត្តិសាស្រ្តខ្មែរសម័យអង្គរ យើងអាចសន្និដ្ឋានបានថា ភាពរុងរឿង ថ្កុំថ្កើង និងថ្លៃថ្នូររបស់ជាតិខ្មែរនាសម័យអង្គរបានកកើតឡើងដោយសារបុព្វបុរសខ្មែរ ដែលទទួលខុសត្រូវដឹកនាំប្រទេសជាតិ បានគោរពប្រតិបត្តិគោលការណ៍នៃភាពជាអ្នកដឹកនាំល្អ ៧ ប្រការដូចរៀបរាប់សង្ខេបខាងក្រោម៖
១) កសាង និងការពារជាតិជាកាតព្វកិច្ចរបស់អ្នកដឹកនាំ
អ្នកដឹកនាំជាតិត្រូវបំពេញកាតព្វកិច្ចចំបងរបស់ខ្លួនក្នុងការកសាងជាតិ ប្រកបដោយគតិបណ្ឌិតខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការវិនិយោគសាធារណៈលើវិស័យអប់រំ និងសុខាភិ បាល។ ទ្រព្យធនរបស់ជាតិកកើតឡើងដោយការអនុវត្តគោលនយោបាយសេដ្ឋកិច្ចដ៏ត្រឹមត្រូវ ដោយឈរលើទស្សនវិស័យនៃការកសាងប្រព័ន្ធធារាស្រ្តសម្រាប់បង្កើនការផលិតប្រកបដោយប្រសិទ្ធភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សម្រាប់ការដោះដូរពាណិជ្ជកម្ម។ ជាមួយនេះដែរ អ្នកដឹកនាំជាតិត្រូវយកចិត្តទុកដាក់ខ្ពស់លើនយោបាយការពារជាតិ តាមរយៈការកសាង ផ្គត់ផ្គង់ ហ្វឹកហាត់ និងពង្រឹងកងទ័ព ដើម្បីទប់ទល់នឹងការយាយី និងការឈ្លានពានពីខាងក្រៅ។
២) ជ្រើសរើសសមត្ថភាព ដើម្បីបង្កើតសមិទ្ធផល
ក្រៅពីកាតព្វកិច្ចអភិវឌ្ឍធនធានមនុស្ស អ្នកដឹកនាំប្រទេសមានការទទួលខុសត្រូវក្នុងការជ្រើសរើសមនុស្សល្អៗ មានសមត្ថភាព មានចំណេះដឹងពិតប្រាកដ ដោយមិននិយមបក្សពួក តែយកគុណវុឌ្ឍិជាធំ ហើយបង្កបរិយាកាសល្អ លើកទឹកចិត្តឲ្យមនុស្សមានសមត្ថភាពជាច្រើនក្រុមចេះធ្វើការរួមគ្នា ដើម្បីបង្កើតសមិទ្ធផលជូនជាតិដោយជោគជ័យ។
៣) រៀបចំយុត្តិធម៌ដើម្បីភាពសុខដុម
សង្គមជាតិមួយអាចរីកលូតលាស់រុងរឿងបានទាល់តែសមាជិកក្នុងសង្គមនោះរស់នៅមិនបៀតបៀនគ្នា មានវិន័យ មានសណ្តាប់ធ្នាប់ មានសុខសុវត្ថិភាព។ អ្នកដឹកនាំជាតិមានកាតព្វកិច្ចរៀបចំប្រព័ន្ធយុត្តិធម៌ ដើម្បីរារាំង ការកកើត និងរីកដាលនៃអំពើអាក្រក់ ផ្តន្ទាទោសអ្នកប្រព្រឹត្តខុសនឹងច្បាប់ និងការពារអ្នកប្រព្រឹត្តល្អ។ អ្នកដឹកនាំក៏ត្រូវយកចិត្តទុកដាក់ផងដែរដល់ការអប់រំប្រជាពលរដ្ឋឲ្យខ្លាច និងស្អប់អំពើអាក្រក់ ហើយស្រឡាញ់ និងផ្តល់តម្លៃដល់អំពើល្អ ដើម្បីធានាភាពសុខដុមក្នុងសង្គម។
៤) ស្តាប់ និងសំយោគយោបល់របស់សហការី
ការចេះស្តាប់យោបល់អ្នកដទៃ គឺជាលក្ខណសម្បត្តិដ៏ល្អចំបាច់មួយរបស់អ្នកដឹកនាំ។ ការចេះស្តាប់អ្នកដទៃនឹងទទួលបានគំនិតជាច្រើនទៀតបូកបន្ថែមលើការគិតរបស់ខ្លួន ធ្វើឲ្យសហការីមានចំណែកជាម្ចាស់លើកិច្ចការទាំងឡាយ និងមានទឹកចិត្តប្តេជ្ញាខ្ពស់ក្នុងការអនុវត្តដើម្បីឲ្យកិច្ចការទាំងនោះទទួលបានជោគជ័យធំធេង។
៥) អ្នកការពារត្រូវមានវិន័យ សមត្ថភាព និងសេចក្តីក្លាហាន
អ្នកដឹកនាំជាតិត្រូវប្រឈមនឹងបញ្ហាទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដូចជាការឈ្លានពាន យាយី និងរុកគួនពីប្រទេសដទៃ ឬការបះបោរផ្ទៃក្នុង។ ដើម្បីធានាឲ្យជាតិមួយមានសុខសន្តិភាព អ្នកដឹកនាំជាតិមានកាតព្វកិច្ចកសាងកងទ័ពដែលមានវិន័យខ្ពស់ មានសមត្ថភាព និងមានសេចក្តីក្លាហាន តាមរយៈការហ្វឹកហាត់លត់ដំត្រឹមត្រូវ និងច្បាស់លាស់ និងផ្តល់ភាពជាគំរូនៃសេចក្តីក្លាហានក្នុងនាមជាអ្នកដឹកនាំ។
៦) យកគំរូតាមព្រះរាម ស្តាប់ដំបូន្មានព្រះសិវៈ
អ្នកដឹកនាំជាតិតែងប្រឈមនឹងបញ្ហាលំបាកធំៗជាច្រើន ហើយក៏មានគូប្រកួតប្រជែងដណ្តើមអំណាចច្រើនផងដែរ។ ព្រះរាម ជាតួអង្គដឹកនាំជាតិគំរូ ក្នុងទេវកថាឥណ្ឌារឿង “រាមកេរិ៍្ត” ដែលមានឥទ្ធិពលលើសង្គមខ្មែរតាំងពីសម័យអង្គរ។ មិនថាមានអ្វីជាបញ្ហាប្រឈមកើតឡើងចំពោះព្រះរាម គាត់ទទួលយកបញ្ហាទាំងនោះ ហើយរិះរកវិធីដើម្បីដោះស្រាយ ប្រកបដោយភាពឈ្លាសវៃ អង់អាច មោះមុត និងស្វិតស្វាញ។ ចំណែកព្រះសិវៈ ជាតួអង្គគំរូមួយទៀតក្នុង ព្រហ្មញ្ញសាសនា ដែលអប់រំមនុស្សឲ្យចេះអត់ឱនឲ្យសត្រូវ ដោយមិនចងគំនុំគុំគួន ប្រកបដោយ ទឹកចិត្តមេត្តាករុណា ជាពិសេសពេលទទួលជោគជ័យលើគូប្រយុទ្ធ។
ដូច្នេះ ដើម្បីបំពេញកាតព្វកិច្ចជាអ្នកដឹកនាំជាតិឲ្យបានជោគជ័យ យកឈ្នះបញ្ហា និងបង្កើតភាពសុខដុមក្នុងសង្គម អ្នកដឹកនាំត្រូវយកគំរូតាមព្រះរាម ស្តាប់ដំបូន្មានព្រះសិវៈ។
៧) បង្ការកលិយុគ បញ្ចៀសទុក្ខដល់រាស្រ្ត
អ្នកដឹកនាំជាតិត្រូវគិតពិចារណាឲ្យបានវែងឆ្ងាយ មុននឹងបង្កជម្លោះបែបហិង្សា ពីព្រោះវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ្នកដឹកនាំត្រូវការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការកសាង ការពារ និងបង្កើតយុត្តិធម៌ និងត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបក្រុមខិលខូច ដើម្បីបង្ការកុំឲ្យមានកលិយុគកើតឡើងក្នុងសង្គម។
អ្នកដឹកនាំជាតិដែលមិនបានយល់ដឹង និងរំលោភបំពានគោលការណ៍នៃភាពជាអ្នកដឹកនាំល្អទាំង ៧ ប្រការរបស់បុព្វបុរសខ្មែរសម័យអង្គរនឹងបង្កទុក្ខកង្វល់ និងមហន្តរាយដល់ប្រជារាស្រ្ត និងប្រទេសជាតិ ជាក់ជាពុំខាន។ យើងអាចសន្និដ្ឋានបានថា ភាពអន់ថយ និងការធ្លាក់ចុះនៃអាណាចក្រខ្មែរក្រោយសម័យអង្គរ បណ្តាលមកពីមូលហេតុធំចំបងមួយគឺ អ្នកដឹកនាំនយោបាយខ្មែរមិនគោរពប្រតិបត្តិគោលការណ៍គ្រឹះទាំង ៧ ប្រការនៃភាពជាអ្នកដឹកនាំល្អ។
“អ្វីៗទាំងឡាយងើបឡើង ឬធ្លាក់ចុះ ដោយសារតែភាពជាអ្នកដឹកនាំ” — យ៉ន ម៉ាក្សវែល
មូលវាចា៖
សៀវភៅ “ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរសម័យអង្គរ” ដែលជាស្នាដៃស្រាវជ្រាវរបស់ លោក បណ្ឌិត សាម អ៊ីន បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ភាពជាអ្នកដឹកនាំដែលមាន ៧ ចំណុចសំខាន់ៗគឺជាកត្តាសំខាន់បំផុតនាំមកនូវភាពរុងរឿងនាសម័យអង្គរ។
ខ្ញុំយល់ថា គុណភាពនៃភាពជាអ្នកដឹកនាំកាលពីសម័យនោះ ក៏នៅមានសារៈសំខាន់សម្រាប់ការដឹកនាំប្រទេសខ្មែរនាសម័យបច្ចុប្បន្នដែរ ជាពិសេស ការកសាងជាតិ ការការពារជាតិ និងការធានានូវឯកភាពជាតិ ជាកាតព្វកិច្ចរបស់អ្នកដឹកនាំប្រទេស។ ទាក់ទងនឹងការកសាងជាតិ អ្វីដែលអ្នកដឹកនាំជំនាន់អង្គរយកចិត្តទុកដាក់បំផុត គឺការកសាងសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តនូវគោលនយោបាយកសិកម្មនិងទឹក ដូចមានពាក្យពោលថា “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ក៏ដូចជាការកសាងផ្លូវ ស្ពាន និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការសាងសង់មន្ទីរពេទ្យ សាលារៀន និងបណ្ណាល័យជាដើម។ សៀវភៅនេះពិតជាចូលរួមចំណែកផ្តល់ចំណេះដឹងបន្ថែមទាក់ទងនឹងប្រវត្តិសាស្រ្តនិងការដឹកនាំអាណាចក្រខ្មែរនាសម័យអង្គរ។ — បណ្ឌិត យ៉ង សាំងកុមារ
ខ្ញុំបានអានរួចហើយនូវអត្ថបទអំពី “ភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរសម័យអង្គរ”។ ខ្ញុំសូមកោតសរសើរចំពោះស្នាដៃដ៏ល្អប្រពៃមួយនេះដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីមួយ។ លោកបានធ្វើការសិក្សាលើប្រធានបទមួយដែល ប្រហែលជា អ្នកជំនាញទាំងឡាយពុំទាន់បានសិក្សានៅឡើយ។ លោកបានសម្រេចក្នុងការកំណត់អំពីភាពជាអ្នកដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ តាមរយៈការសិក្សានិងបកស្រាយរូបចម្លាក់នៅតាមប្រាសាទ។ អ្នកទាំងឡាយដែលមានក្តីប្រាថ្នាចង់ក្លាយជាអ្នកដឹកនាំជាតិខ្មែរគួរអានអត្ថបទដ៏ពិសេសនេះ ដើម្បីទទួលបានចំណេះដឹងអំពីភាពជាអ្នកដឹកនាំរបស់អ្នកកសាងអាណាចក្រដ៏មហិមាមួយកាលពីប្រមាណ ៧០០ ឆ្នាំមុន។ ការសិក្សាដែលមានលក្ខណៈត្រួសត្រាយផ្លូវនេះអាចនឹងជំរុញការស្រាវជ្រាវបន្ថែមទៀតអំពីប្រធានបទដ៏មានសារៈសំខាន់នេះ។ ខ្ញុំពុំមានអ្វីត្រូវបន្ថែមទៀតទេ តែសូមផ្តល់យោបល់ចំពោះលោកក្នុងការធ្វើបទបង្ហាញអំពីអត្ថបទរបស់លោកក្នុងសិក្ខាសាលាណាមួយ ដើម្បីទទួលការពិនិត្យនិងផ្តល់យោបល់បន្ថែមពីអ្នកជំនាញទាំងឡាយមុននឹងបោះពុម្ភផ្សាយ។ ខ្ញុំរីករាយនឹងចូលរួមក្នុងសិក្ខាសាលានោះ។ — បណ្ឌិត ឡៅ ម៉ុងហៃ
អារម្មកថា៖
អត្ថបទនេះជាលទ្ធផលនៃការសិក្សាស្រាវជ្រាវខ្លីមួយ ដើម្បីបរិយាយអំពីភាពជាអ្នកដឹកនាំរបស់បុព្វបុរសខ្មែរសម័យអង្គរ តាមរយៈការសិក្សានិងឆ្លុះបញ្ចាំងរូបចម្លាក់នៅលើប្រាង្គប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន បូកផ្សំនឹងការសិក្សាឯកសារប្រវត្តិសាស្រ្តមួយចំនួន(សូមមើលឯកសារយោងខាងក្រោម) ក្នុងគោលបំណងដើម្បីឲ្យកូនខ្មែរជំនាន់នេះបានយល់ដឹងអំពីភាពជាអ្នកដឹកនាំគំរូរបស់បុព្វបុរសសម័យអង្គរ ហើយមានមោទនភាពដែលខ្លួនបានកើតមកជាកូនខ្មែរ និងបណ្តុះស្មារតីក្នុងការបំពេញកាតព្វកិច្ចកសាងនិងការពារប្រទេសជាតិក្នុងនាមជាអ្នកស្នងបុព្វបុរសឆ្នើមសម័យអង្គរ។ ការចងក្រងអត្ថបទនេះក៏ចង់ឧទ្ទិសផងដែរដល់បុព្វបុរសខ្មែរឆ្នើមទាំងឡាយដែលបានបន្សល់ទុកស្នាដៃមរតកគួរឲ្យគោរពស្ញប់ស្ញែង ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងនិងយល់អំពីសមត្ថភាពដ៏ខ្លាំងពូកែនៃដូនតារបស់ខ្លួន។
ក្នុងការសិក្សានេះ ខ្ញុំបានចំណាយពេលពីថ្ងៃទី ២ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដើម្បីសិក្សានិងឆ្លុះបញ្ចាំងផ្ទាល់លើរូបចម្លាក់នៅលើថែវនៃប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន។ ខ្ញុំសូមអរគុណដល់លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែលបានផ្តល់ប្រឹក្សាមួយចំនួនចំពោះការសិក្សានេះ និងលោក បណ្ឌិត យ៉ង សាំងកុមារ ដែលបានផ្តល់យោបល់កែសម្រួលខ្លឹមសារមួយចំនួនក្នុងអត្ថបទ។
ឯកសារយោង៖
[1]: Michael Freeman and Claude Jacques (2003): Ancient Angkor
(History of Suryavarman II)
(Sadhguru (2016): Why Rama is worshipped).
[7]: https://upload.wikimedia.org/wikipedia/commons/4/4c/Map-of-southeast-asia_900_CE_km.PNG
[8]: https://www.youtube.com/watch?v=gskysDR7BYw
(Angkor Wat by National Geographic)
[9]: https://www.youtube.com/watch?v=YO_BeDh72ko
(History of Angkor Cambodia published by Vichey Anuraks)
[10]: https://www.youtube.com/watch?v=E2Zt30_bVIk
(Angkor Wat – Unexplained structures published by Ancient-Astronaut Arguments)
[11]: https://en.wikipedia.org/wiki/Angkor_Thom
[12]: https://en.wikipedia.org/wiki/West_Baray
អត្ថបទទាក់ទង៖