ឧត្ដមគតិ កែម ឡី និយម

1,730

ប្រជាជាតិខ្មែរមានការសោកស្តាយយ៉ាងក្រៃលែងដោយបានបាត់បង់កុលបុត្រដ៏ឆ្នើមម្នាក់នៅឆ្នាំ ២០១៦។ ប្រជាពលរដ្ឋដែលគោរពស្រឡាញ់រូបលោកបានចាត់ទុក បណ្ឌិត កែម ឡី ជា​ “វីរបុរសក្នុងបេះដូងខ្មែរ “។ ចាត់ទុកខ្លូនឯងជាអ្នករ៉ូតវាំងននសង្គម លោកហ៊ាននិយាយការពិតអំពី​បញ្ហាសង្គមនិង​​នយោបាយ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាត់ទុករូបលោកជា “វីរជនសេរីភាពបញ្ចេញមតិ” និងជាបិតាស្ថាបនិករបស់គណបក្ស។ បណ្ឌិត កែម ឡី ធ្លាប់បំពេញការងារ​ជាអ្នកសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត ជាអ្នកវិភាគនិងអប់រំផ្នែកសង្គមនិងនយោបាយ​ដ៏មានទេពកោសល្យខ្ពស់ ជាអ្នកផ្តួចផ្តើមបង្កើតក្រុមអ្នកវិភាគឯករាជ្យ និងក្រុមអ្នកវិភាគវ័យក្មេង និងជាស្ថាបនិកដ៏សំខាន់ម្នាក់របស់បណ្តាញសង្គមខ្មែរដើម្បីខ្មែរនិងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ក្រុមការងារបណ្តាញសង្គមខ្មែរដើម្បីខ្មែរនិងគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលធ្លាប់​ធ្វើការជិតស្និទ្ធ និងមានបទពិសោធន៍ផ្ទាល់ជាមួយ បណ្ឌិត កែម ឡី ចងក្រងឯកសារ “ឧត្ដមគតិ កែម ឡី និយម” នេះឡើងដើម្បីរំឮកដឹងគុណដល់ស្នាដៃរបស់លោក និងបង្ហាញ​អំពីលក្ខណ​សម្បត្តិពិសេសឆ្លុះបញ្ចាំងអំពីទស្សនៈនយោបាយដែលក្រុមការងារយើងធ្លាប់ពិភាក្សារួមគ្នា។

ឧត្ដមគតិ កែម ឡី និយម ទាំង ១០ចំណុច ៖

១) សាមញ្ញនិយម ៖ ឆ្លុះបញ្ចាំងអំពីអត្តចរិតសាមញ្ញ ធម្មតា។ មិនចូលចិត្ត ឯកឧត្ដមនិយម ហែរ​​​ហម​​និយម មិនលើកតម្កើងមេជាធំ មេជាអាទិទេព។ បំពេញតួនាទីដោយមាន ការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។

២) សេរីភាពនិយម ៖ ស្រឡាញ់ចូលចិត្តនិងគោរពសេរីភាពបញ្ចេញមតិ សេរីភាពនយោបាយ​ មិនរើសអើងនិន្នាការនយោបាយផ្សេង។ អប់រំប្រជាពលរដ្ឋឲ្យយល់អំពីនយោបាយនិងប្រជាធិបតេយ្យ លើកទឹកចិត្តប្រជាពលរដ្ឋឲ្យតាមដានអ្នកនយោបាយ និងក្លាយជាអ្នកនយោបាយល្អ។

៣) មូលដ្ឋាននិយម វិមជ្ឈការនិយម ៖ ជំរុញនិងតស៊ូមតិឲ្យមានការផ្ទេរធនធាន និងសេរីភាពសម្រេចដល់រដ្ឋបាលមូលដ្ឋាន។ រដ្ឋបាលឃុំសង្កាត់អាចមានសមត្ថភាព គ្រប់គ្រងដោយតម្លាភាព និងប្រសិទ្ធិភាពលើកិច្ចការនិងគម្រោងអភិវឌ្ឍមូលដ្ឋានរហូតដល់ ១លានដុល្លារ ក្នុង ១ឆ្នាំ។ ក្រុមប្រឹក្សាឃុំសង្កាត់សម្របសម្រួលឲ្យប្រជាពលរដ្ឋតាមភូមិ បោះឆ្នោតជ្រើសរើសមេភូមិ។

៤) វិទ្យាសាស្រ្តនិងស្រាវជ្រាវនិយម ៖ ការរៀបចំគោលនយោបាយអភិវឌ្ឍជាតិត្រូវផ្អែកលើស្ថិតិ ទិន្នន័យ និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត។ រដ្ឋត្រូវបង្កើតក្រុមស្រាវជ្រាវជាតិ​ដែលមានធនធានមនុស្ស ថវិកា និងបរិក្ខារគ្រប់គ្រាន់ដើម្បីសិក្សាស្រាវជ្រាវលើវិស័យសំខាន់ៗ និងផ្តល់ជាអនុសាសន៍សម្រាប់ការរៀបចំនិងកែលម្អគោលនយោបាយអភិវឌ្ឍជាតិ។

៥) វិស័យឯកជននិយម ៖ រដ្ឋត្រូវរៀបចំបរិយាកាសអំណោយផល និងមានគោលនយោបាយ​គាំទ្រដល់ការរីកលូតលាស់នៃសហគ្រាសខ្នាតតូចនិងមធ្យមក្នុងស្រុក (SMEs) រួមទាំង​សហគ្រាសសង្គម ដើម្បីបង្កើតការងារក្នុងស្រុក។ ការផ្តល់ការគាំទ្រអាចធ្វើបានតាមរយៈ​គោលនយោបាយលើកលែងពន្ធ និងទុនកម្ចីការប្រាក់ទាបសម្រាប់ការចាប់ផ្តើម​អាជីវកម្មដំបូង។

៦) សុខាភិបាលនិយម ៖ ជំរុញឲ្យមានកំណែទម្រង់វិស័យសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋ​គ្រប់រូបទទួលបានសេវាពិគ្រោះយោបល់ និងព្យាបាលល្អសមរម្យ តាមរយៈការបង្កើតប្រព័ន្ធ​ធានារ៉ាប់រងសុខភាព និងចាប់ផ្តើមជាមួយការបង្កើតមន្ទីរពេទ្យស្តង់ដាជាតិយ៉ាងតិច ១០កន្លែង ទូទាំងប្រទេស។

៧) អង្គការសង្គមស៊ីវិលនិយម ៖ រដ្ឋត្រូវផ្តល់សេរីភាពនិងធនធាន ដល់អង្គការ​សង្គមស៊ីវិលដើម្បីចូលរួមលើកស្ទួយការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងធ្វើកិច្ចការ​សង្គម ដោយមានការបែងចែកថវិកាជាតិមួយចំនួនដល់អង្គការសង្គមស៊ីវិល។

៨) យុវជននិយម ៖ រដ្ឋត្រូវមានគោលនយោបាយ និងកម្មវិធីអភិវឌ្ឍយុវជន ដើម្បីអប់រំ និងលើកទឹកចិត្តយុវជនឲ្យចូលរួមសកម្មក្នុងនយោបាយ ក្លាយជាអ្នកដឹកនាំនយោបាយវ័យក្មេង​ចាប់ផ្តើមពីក្រុមប្រឹក្សាឃុំសង្កាត់ ដល់សមាជិករដ្ឋសភា ព្រឹទ្ធសភា ដោយផ្តល់ឱកាសស្មើភាពនិងយុត្តិធម៌ដល់យុវជនគ្រប់រូប។

៩) បៃតងនិយម ៖ យកចិត្តទុកដាក់ដល់ការការពារបរិស្ថាន ព្រៃឈើ និងមច្ឆាជាតិ។ ជំរុញឲ្យ​មានការប្រើប្រាស់ថាមពលកើតឡើងវិញ កសិកម្មសរីរាង្គ និងការគ្រប់គ្រងធនធានធម្មជាតិ ដោយសហគមន៍។

១០) មតិភាគតិចនិយម ៖ ស្តាប់ គោរព និងផ្តល់តម្លៃដល់មតិភាគតិចក្នុងចំណោមហាជន និងគាំទ្រសមត្ថភាពដល់ក្រុមងាយរងគ្រោះ ដូចជាស្រ្តី ជនជាតិដើមភាគតិច អ្នកបាត់បង់សិទ្ធិដីធ្លី អ្នកផ្ទុកជំងឺអេដស៍ និងក្រុមភេទទី ៣ ។ល។

»»» សូមបញ្ជាក់ថា “ឧត្ដមគតិ កែម ឡី និយម” ទាំង ១០ នេះត្រូវបានដាក់បញ្ចូលក្នុងគោលការណ៍ និងគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

— ចងក្រងដោយ ៖
បណ្ឌិត យ៉ង សាំងកុមារ លោក យ៉េង វីរៈ និង បណ្ឌិត សាម អ៊ីន

— អត្ថបទទាក់ទង ៖

១) វីរបុរសទី ១ របស់កម្ពុជាក្នុងសតវត្សទី ២១

២) អ្វីទៅជាការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាន?

Cheap Jerseys 90  Wholesale Jerseys Paypal