អ្វីទៅជាការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាន?
ប្រវត្តិសាស្រ្តប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរច្រើនគួរសម ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ យើងបានផ្លាស់ប្តូរពីរបបរាជានិយមដឹកនាំដោយ សម្តេច នរោត្តម សីហនុ មករបបសាធារណរដ្ឋនិយម ដឹកនាំដោយ សេនាប្រមុខ លន់ ណុល នៅឆ្នាំ ១៩៧០។ បន្ទាប់មក ប្រជាពលរដ្ឋយើងក៏បានភ្លក់រសជាតិកុម្មុយនិស្តខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៨ និងការត្រួតត្រាពីបរទេសវៀតណាម ចាប់ពីឆ្នាំ ១៩៧៩ រហូតដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ១៩៩១។ សេចក្តីប្រាថ្នានៃការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋខ្មែរបានសំដែងចេញផងដែរនៅក្នុងការបោះឆ្នោតសាកលបែបប្រជាធិបតេយ្យនៅឆ្នាំ ១៩៩៣ និងការបន្លឺសំឡេងទាមទារដ៏ខ្លាំងមួយសម្រាប់ភាពប្រសើរឡើងនៅពេលបោះឆ្នោតជាតិនាឆ្នាំ ២០១៣។
ការផ្លាស់ប្តូរជាច្បាប់ធម្មជាតិ ដែលមិនអាចបដិសេធបាន ហើយសេចក្តីប្រាថ្នាចង់បានការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋខ្មែរមិនមែនជារឿងចម្លែក បើធៀបនឹងប្រជាពលរដ្ឋនៃប្រទេសផ្សេងទៀត។ អ្វីជារឿងសំខាន់សម្រាប់យើង គឺថា តើយើងបានរៀនសូត្រអ្វីខ្លះពីការផ្លាស់ប្តូរកន្លងមក និងអ្វីទៅជាសេចក្តីប្រាថ្នាពិតប្រាកដនៃការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាន?
យើងសង្កេតឃើញថា ការផ្លាស់ប្តូរកន្លងមកច្រើនកើតចេញពីការភ័យខ្លាច ការមិនពេញចិត្តនឹងមេដឹកនាំណាមួយ អំពើអយុត្តិធម៌ក្នុងសង្គមធ្ងន់ធ្ងរ អំពើពុករលួយរាលដាល និងការដឹកនាំប្រទេសបែបគ្រួសារនិយម បក្សពួកនិយម ដោយមិនសូវខ្វល់ខ្វាយអំពីតម្រូវការ និងការលំបាករបស់ប្រជាពលរដ្ឋទូទៅ។ ប្រវត្តិសាស្រ្តកន្លងមកបានបង្រៀនយើងថា ដោយសារភ័យខ្លាចនឹងការជ្រៀតចូលពីពួកវៀតកុង ក៏កើតមានចលនាបះបោរទម្លាក់ សម្តេច នរោត្តម សីហនុ នៅឆ្នាំ ១៩៧០។ ដោយមិនពេញចិត្តនឹងការដឹកនាំបែបយោធានិយម និងពុករលួយហួសហេតុ ធ្វើឲ្យចលនាខ្មែរក្រហមទទួលការគាំទ្រពីមហាជនកាន់តែច្រើន អាចវាយផ្តួលរំលំរបបសាធារណរដ្ឋ របស់លោក សេនាប្រមុខ លន់ ណុល បានសម្រេច នៅឆ្នាំ ១៩៧៥។ សេចក្តីភ័យខ្លាចពីយួនស៊ីរ៉ូងផ្ទៃក្នុង និងការសង្ស័យខ្មែរគ្នាឯងក្នុងរបបខ្មែរក្រហម ឈានទៅបង្កើតការធ្វើទារុណកម្ម និងការកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង ដែលផ្តល់លេសដ៏ល្អមួយសម្រាប់ការឈ្លានពាន និងការត្រួតត្រារបស់ប្រទេសវៀតណាមមកលើកម្ពុជា នៅឆ្នាំ ១៩៧៩។ ដោយមានកំហឹង និងការស្អប់ខ្ពើមលើអំពើអយុត្តិធម៌ក្នុងសង្គម អំពើពុករលួយ និងបក្សពួកនិយម គ្រួសារនិយម ដែលមិនថមថយ ប្រជាពលរដ្ឋបានបន្លឺសំឡេងកាន់តែឮឡើងៗ ដង្ហើយរកការផ្លាស់ប្តូរមួយថ្មីទៀត។
អ្វីដែលយើងបានរៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរ គឺការផ្លាស់ប្តូរមួយដែលកើតចេញពីសេចក្តីភ័យខ្លាច កំហឹងគុំគួន ការស្អប់ខ្ពើម និងពុំមានទស្សនវិស័យច្បាស់លាស់សម្រាប់អនាគតមួយដ៏ល្អប្រសើរ បង្កឲ្យមានការផ្លាស់ប្តូរបែបហិង្សា បង្ហូរឈាម ចលាចល និងដើរថយក្រោយ។
បើយើងចង់បានការផ្លាស់ប្តូរមួយដោយសន្តិភាព និងភាពប្រសើរឡើង ការផ្លាស់ប្តូរនោះត្រូវកើតចេញពី “សេចក្តីសង្ឃឹម” សម្រាប់អនាគត “សេចក្តីស្រឡាញ់” រវាងខ្មែរ និងខ្មែរ និង “ការអត់ឱន” ចំពោះកំហុសឆ្គងអតីតកាល ព្រមទាំងមាន ”ក្តីស្រមៃច្បាស់លាស់” ចំពោះអនាគតដ៏ប្រសើរមួយដែលយើងចង់បាន។
អ្វីទៅជាការផ្លាស់ប្តូរដែលប្រជាពលរដ្ឋខ្មែរចង់បាន?
ខ្ញុំធ្លាប់បានសាកសួរមីងម្នាក់ពេលគាត់កំពុងជិះរថយន្តក្រុងទៅព្យាបាលនៅស្រុកយួន ថាតើមីងចង់បានការផ្លាស់ប្តូរបែបណានៅស្រុកខ្មែរ។ គាត់ឆ្លើយថា គាត់ចង់ឃើញស្រុកខ្មែរមានមន្ទីរពេទ្យល្អ មានគ្រូពេទ្យល្អ សម្រាប់ព្យាបាល និងពិគ្រោះយោបល់ប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យ ដោយមិនចាំបាច់រត់ទៅរកពេទ្យស្រុកគេ ពេលឈឺម្តងៗ ពិបាកណាស់ក្មួយអើយ!។
ពេលជួបសម្ភាសន៍ជាមួយកសិករមួយក្រុមនៅក្រោមផ្ទះ នាភូមិដាច់ស្រយាលមួយក្នុងខេត្តឧត្ដរមានជ័យ ពួកគាត់បាននិយាយថា សម្រាប់កសិករដូចគាត់ អ្វីដែលគាត់ចង់ឃើញសម្រាប់ការផ្លាស់ប្តូរនៅកម្ពុជា គឺមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ អាចខ្ចីទុនមានការប្រាក់ទាបសមរម្យសម្រាប់ទិញជី និងគ្រាប់ពូជ ហើយអាចលក់ស្រូវ និងកសិផលផ្សេងៗបានថ្លៃល្អពេលរដូវច្រូតកាត់។ ពូម្នាក់បន្តថា រាល់ថ្ងៃលំបាកណាស់ក្មួយ ធ្វើស្រែពឹងមេឃ ទិញជី ទិញប្រេងថ្លៃ ដល់ពេលប្រមូលផលលក់ស្រូវបានថោក។ មិនដឹងថា ពេលណាទើបជីវភាពកសិករដូចខ្ញុំបានធូរធារនឹងគេ រាល់ថ្ងៃកុំតែបានកូនធ្វើការរោងចក្រជួយខ្លះ មិនដឹងជាយ៉ាងណាទេ។ បើរាជរដ្ឋាភិបាលចង់ជួយកសិករពិតមែន ដោះស្រាយតែបញ្ហា ទឹក ទុន ទីផ្សារ និងបង្រៀនបច្ចេកទេសកសិកម្ម ទៅបានហើយ។
ពេលសួរទៅប្អូនស្រីម្នាក់ដែលកំពុងពរកូនស្រីតូចមួយនៅក្នុងដៃ ថាតើប្អូនស្រីចង់ឃើញអនាគតសម្រាប់កូនស្រីប្អូនបែបណា? គាត់ឆ្លើយថា ខ្ញុំចង់ឲ្យកូនស្រីខ្ញុំរៀនចេះដឹងនឹងគេ ចង់បានភូមិយើងមាន សាលាមត្តេយ្យល្អ ដើម្បីខ្ញុំអាចយកកូនទៅផ្ញើរបាន។ បើបានកូនខ្ញុំរៀនចប់ថ្នាក់ទី ១២ និងក្លាយជាពេទ្យមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ! ខ្ញុំ។ ប៉ុន្តែ មិនដឹងថាកូនស្រីខ្ញុំមានវាសនា ឬអត់ បើសាលារៀននៅឆ្ងាយពីផ្ទះ ហើយឬគេថា គ្រូមិនសូវមកបង្រៀនទៀងទាត់ទៀត។
ពេលបានជួបជាមួយអ្នកដឹកនាំសហជីពមួយចំនួន គាត់និយាយថាធ្វីដែលកម្មករ កម្មការិនីចង់បាន គឺកន្លែងការងារមានបរិស្ថានល្អ មានប្រាក់ខែសមរម្យ និងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជួបជុំ និងជជែកតវ៉ាជាមួយម្ខាស់រោងចក្រ ដើម្បីកែលម្អលក្ខខណ្ឌការងារ។
ខ្ញុំធ្លាប់បានជួបជជែក និយាយលេងជាមួយយុវជនមួយចំនួនដែលចង់ក្លាយជាសហគ្រិន និងខ្លះបានចាប់ផ្តើមធុរកិច្ចខ្នាតតូច។ យុវជនឆ្នើមយើងចង់ឃើញ រាជរដ្ឋាភិបាលខ្មែរមួយដែលយល់អំពីសារសំខាន់នៃការបង្កើតបរិយាកាសអំណោយផលសម្រាប់ការលូតលាស់វិស័យឯកជន ជាពិសេសជួយជ្រោមជ្រែងសហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុក តាមរយៈគោលនយោបាយពន្ធដារ ដូចជាកុំយកពន្ធសម្រាប់ការផ្តួចផ្តើមបង្កើតធុរកិច្ចរយៈពេល ៥ ឆ្នាំដំបូង។ ក្រៅពីនេះ យើងជាយុវសហគ្រិនចង់បានឱកាសទទួលបានទុនកម្ចីដែលមានការប្រាក់ទាបសម្រាប់ការចាប់ផ្តើមអាជីវកម្ម និងលុបបំបាត់ការិយាល័យធិបតេយ្យច្រើនហួសហេតុ ហើយជាពិសេសអំពើពុករលួយ។ យើងមិនសប្បាយចិត្តដែលឃើញកូនអ្នកធំ រកស៊ីស្រួល រូចពន្ធ ទទួលបានគម្រោងដេញថ្លៃពីរដ្ឋងាយៗ រីឯកូនអ្នកតូច តែមានគំនិតច្នៃប្រឌិត មិនអាចប្រកួតប្រជែងបាន ដោយសារតែការលំបាករឿងសុំសំបុត្រស្នាមផ្សេងៗ ដោយបង់ថ្លៃរត់ការខ្ពស់ និងត្រូវបង់ពន្ធថ្លៃទៀត។
ពេលបានជួបជាមួយក្រុមបញ្ញវន្តជាអ្នកវិភាគសង្គម និងអ្នកជំនាញខាងអភិបាលកិច្ចល្អ ខ្ញុំបានលើកសំណួរទៅគាត់ថា តើស្រុកខ្មែរត្រូវរៀបចំយ៉ាងណាដើម្បីឲ្យបានរីកចម្រើនលូតលាស់ ដូចប្រទេសជឿនលឿនដទៃទៀត? តើអ្វីទៅជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា? ចំលើយពីក្រុមបញ្ញវន្ត គឺឲ្យអ្នកដឹកនាំប្រទេសត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតលើការកសាង ប្រព័ន្ធអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យមាន តុលាការឯករាជ្យ និងអាចជឿជាក់បាន រដ្ឋសភាដែលមានអំណាច និងសមត្ថភាព ត្រួតពិនិត្យកិច្ចការរបស់រាជរដ្ឋាភិបាល ស្ថាប័នជាតិសំខាន់ៗ មានដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ យោធា ប៉ូលីស អាចបំពេញការងារតាមក្រមវិជ្ជាជីវៈ ដោយមិនស្ថិតក្រោមឥទ្ធិពលអ្នកដឹកនាំនយោបាយ។ បន្ថែមពីនេះ ដើម្បីរុញឲ្យការផ្តល់សេវារដ្ឋបាលសាធារណៈល្អរហ័សទាន់ចិត្តជូនប្រជាពលរដ្ឋ គេត្រូវផ្តល់អំណាច និងធនធាន (វិមជ្ឈការ) ដល់ថ្នាក់ក្រោមជាតិ។ ខ្ញុំក៏សួរបន្តថា ហេតុអ្វីក៏អ្នកដឹកនាំបច្ចុប្បន្នមិននាំគ្នាធ្វើរឿងទាំងនេះ បើស្តាប់ទៅដូចជាមិនពិបាកធ្វើទេ ហើយថែមទាំងមានគំរូប្រទេសដទៃទៀតផង រីឯពេលវេលា និងស្ថានការណ៍ស្រុកទេសដូចជាសមល្មមធ្វើហើយ ព្រោះចប់សង្គ្រាមយូរដែរហើយ? ខ្ញុំបានទទួលចំលើយថា គេមិនចង់ធ្វើរឿងទាំងនេះទេ ព្រោះធ្វើទៅគេនឹងបាត់បង់អំណាចសម្រេចស្រេចនឹងចិត្ត ព្រមទាំងផលប្រយោជន៍ទាំងឡាយដែលនៅជាប់ជាមួយអំណាចសម្រេចទាំងនេះផង។ ម្យ៉ាងវិញទៀត បើគិតតាមផ្លូវធម៌ សេចក្តីលោភៈ និងមោហៈ បានរារាំងអ្នកដឹកនាំយើងមិនឲ្យមើលឃើញទស្សនវិស័យកសាងជាតិដ៏ល្អនេះផងមើលទៅ។
ដោយមានការចាប់អារម្មណ៍នឹងចំឡើយរបស់ក្រុមបញ្ញវន្តយើង ខ្ញុំក៏សួរបន្តទៀតថា បើអញ្ចឹងត្រូវធ្វើយ៉ាងម៉េចទៅដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរដូចដែលប្រជាពលរដ្ឋ និងក្រុមបញ្ញវន្តប្រាថ្នាចង់បាន? ក្រុមបញ្ញវន្តយើងឆ្លើយថា មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែក៏មិនមែនជារឿងដែលមិនអាចធ្វើបានដែរ។ វាត្រូវមានចលនានយោបាយមួយដែលមានសមត្ថភាពពន្យល់អប់រំប្រជាពលរដ្ឋខ្មែរឲ្យចេះពិចារណា និងយល់ដឹងអំពីការផ្លាស់ប្តូរដែលខ្លួនចង់បាន ស្រឡាញ់គាំទ្រផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា។ កិច្ចការនេះវាមិនងាយស្រួលទេ ពីព្រោះចលនានយោបាយនេះត្រូវប្រឈមនឹងសមរភូមិធំពីរ ៖ សមរភូមិទី ១) គឺនយោបាយលាបពណ៌ និងប្រជាភិថុត របស់ចលនានយោបាយមួយដែលតាំងខ្លួនជាក្រុមប្រឆាំង និងស្នេហាជាតិផ្តាច់មុខ និងបន្ទាប់មក សមរភូមិទី ២) គឺ នយោបាយគំរាម ទិញ និងបំបែក របស់ចលនានយោបាយសំខាន់មួយទៀតនៅកម្ពុជា។ ក្រុមបញ្ញវន្តយើងបន្តថា មុននឹងឈានទៅកសាងប្រព័ន្ធអភិបាលកិច្ចល្អបាន ជំហានទី ១ គឺត្រូវបង្កើតឲ្យមានការផ្លាស់ប្តូរមួយដោយសន្តិភាព ដែលទាមទារនូវភាពជាអ្នកដឹកនាំដែលត្រូវមាន ស្មារតីប្រយុទ្ធស្វិតស្វាញ ចំពោះឧបសគ្គគ្រប់យ៉ាង ស្មារតីអហិង្សា នៅគ្រប់ស្ថានការណ៍ទាំងអស់ និង ការអត់ឱនខ្ពស់ ចំពោះអតីតកាល។
បន្ទាប់ពីសូរដេញដោលមួយសន្ទុះមក បញ្ញវន្តម្នាក់បានសួរត្រលប់មកខ្ញុំវិញថា តើបងសួរដេញដោលរឿងទាំងនេះដើម្បីអ្វីដែរ ក្រែងបងយល់ដឹងរឿងទាំងនេះដែរតើអ្ហេ? ខ្ញុំញញឹមរួចតបថា ខ្ញុំចង់ដឹងស៊ីជម្រៅបន្ថែមទៀត ហើយជាពិសេសខ្ញុំចង់ឲ្យក្រុមបញ្ញវន្តឆ្លុះបញ្ចាំងខ្លួនឯងថា បើដឹងរឿងទាំងនេះថាសំខាន់សម្រាប់អនាគតកម្ពុជាហើយ តើបញ្ញវន្តត្រូវធ្វើអ្វី? ក្រុមគាត់រាងទ្រឹងបន្តិច រួចងាកមើលមុខគ្នា! ខ្ញុំក៏ជំរាបលាក្រុមគាត់ចេញទៅ។
–រៀបរៀងដោយ សាម អ៊ីន, មិថុនា ២០១៧
— អត្ថបទទាក់ទង ៖
១) ហេតុអ្វីកសិករនៅតែក្រ?
២) ស្អប់យួន ខឹងសៀម ឈាមខ្មែរមិនថ្លៃថ្នូរទេ
៣) តើធ្វើយ៉ាងណាឲ្យមានរាជរដ្ឋាភិបាលល្អបម្រើពលរដ្ឋ?