នយោបាយ និង ប្រជាធិបតេយ្យ

1,105
១) ប្រវត្តិនៃប្រព័ន្ធដឹកនាំប្រទេសជាតិ
         ប្រវត្តិនៃការដឹកនាំគ្រប់គ្រងរដ្ឋឆ្លងកាត់ដំណាក់កាលបីសំខាន់ៗ៖ រាជាធិបតេយ្យ អភិជនធិបតេយ្យ និង ប្រជាធិបតេយ្យ។​ រាជាធិបតេយ្យជារបៀបដឹកនាំគ្រប់គ្រងប្រទេស ដោយអំណាចទាំងស្រុងស្ថិតនៅលើបុគ្គលម្នាក់ដែលជា

មហាក្សត្យ ឬព្រះរាជា ដែលមានសិទ្ធិអំណាចសម្រេចបង្កើតច្បាប់ (អំណាចនីតិបញ្ញត្តិ) អនុវត្តច្បាប់ (នីតិប្រតិបត្តិ) និងកាត់ក្តីលើ    បណ្តឹង ឬវិវាទទាំងឡាយ (តុលាការ)។ ក្នុងរបប អភិជនធិបតេយ្យ  គឺអំណាចរដ្ឋស្ថិតក្នុងកណ្តាប់ដៃមនុស្សមួយក្រុមតូច ដែលជាអ្នកមានទ្រព្យធន និងឥទ្ធិពលក្នុងសង្គម ហើយប្រើប្រាស់អំណាចសម្រាប់បំរើផលប្រយោជន៍តែក្រុម និងបក្សពួកខ្លួន ដោយមិនសូវយកចិត្តទុកដាក់ទៅលើតម្រូវការរបស់ប្រជាពលរដ្ឋទេ។ ជាទូទៅ ការផ្លាស់ប្តូរអ្នកដឹកនាំនៅក្នុងរបប រាជាធិបតេយ្យ និង អភិជនធិបតេយ្យកើតឡើងតាមរយៈការដណ្តើមអំណាចដោយអំពើហិង្សា និង​ការបង្ហូរឈាមគ្នា។ របប ប្រជាធិបតេយ្យ ជារបបគ្រប់គ្រងដឹកនាំរដ្ឋមួយបែបថ្មីទំនើប ដែលប្រើប្រាស់យន្តការប្តូរអ្នកដឹកនាំតាមរយៈសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ដោយពុំមានការបង្ហូរឈាម និង ប្រើប្រាស់អំពើហិង្សា។ របប ប្រជាធិបតេយ្យ ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋមានឥទ្ធិពលទៅលើគោលនយោបាយគ្រប់គ្រងដឹកនាំប្រទេស និងអាចឈរឈ្មោះប្រកួតប្រជែងគ្នាក្លាយជាអ្នកដឹកនាំឃុំ/សង្កាត់ ឬ   ប្រទេសបាន។

ក្រោយពីសង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរអស់រយៈពេលជាង២០ឆ្នាំ ភាគីជម្លោះខ្មែរទាំងអស់បានឯកភាពគ្នា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ កសាងប្រទេសតាមគោលការណ៍ប្រជាធិបតេយ្យ។  មាត្រា៥១(ថ្មី)នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាពលរដ្ឋជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ប្រជាពលរដ្ឋក៏មានសិទ្ធិបង្កើតគណបក្សនយោបាយ និងចូលរួមក្នុងកិច្ចការនយោបាយដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាត្រូវមានការបោះឆ្នោតប្រាំឆ្នាំម្តង ដើម្បីជ្រើសរើសបន្ត ឬប្តូរតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តីតាមរយៈគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង។ ចាប់ពីឆ្នាំ២០០២មក ប្រជាពលរដ្ឋនៅតាមឃុំ/សង្កាត់មានសិទ្ធិបោះឆ្នោតជ្រើសរើស ឬប្តូរក្រុមប្រឹក្សាឃុំ/សង្កាត់សម្រាប់ដឹកនាំការងារអភិវឌ្ឍន៍ឃុំ/សង្កាត់របស់ខ្លួន។
         
២) តើអត្ថន័យពិតរបស់ពាក្យនយោបាយ និង ប្រជាធិបតេយ្យមានន័យដូចម្តេច?
          ប្រជាពលរដ្ឋខ្មែរយើងចូលចិត្តនិយាយលេងសើចថា “នយោបាយ” គឺជា នយោបោក” គឺជាសិល្ប៍វិធីនៃការបោកប្រាស់ ការបំភ័យ ការសម្លុត។ ចាស់ៗក៏និយាយតៗគ្នាថា ធ្វើនយោបាយមានតែ ជាប់គុក រត់ចោលស្រុក ឬ ស្លាប់ខ្លួន។ ការយល់ឃើញបែបនេះបានបណ្តាលឲ្យពលរដ្ឋមួយចំនួនធំ ជាពិសេសយុវជនភ័យខ្លាចនឹងនយោបាយ មិនហ៊ានគិត និយាយស្តី និងមិនហ៊ានចូលរួមក្នុងកិច្ចការនយោបាយ។
អត្ថន័យពិតប្រាកដនៃពាក្យ “នយោបាយ” គឺមានន័យថា ជារបៀប ឬ “សិល្ប៍វិធីនៃគ្រប់គ្រងដឹកនាំ” ដើម្បីឲ្យសម្រេចគោលដៅ។  នយោបាយជាតិ មានន័យថារបៀបគ្រប់គ្រងដឹកនាំជាតិឲ្យមានសន្តិសុខ រីកចម្រើន និងអភិវឌ្ឍជឿនលឿន។​ នយោបាយមូលដ្ឋាន មានន័យថាជារបៀបដឹកនាំភូមិឃុំ/សង្កាត់ឲ្យមានការអភិវឌ្ឍរីកចម្រើនដូចជាមានគ្រូបង្រៀនល្អ និង សាលារៀនគ្រប់គ្រាន់ គ្រូពេទ្យល្អ និងមណ្ឌលសុខភាពមានគុណភាព ផ្លូវជាប់ល្អ ប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ជាដើម។
ពាក្យ “ប្រជាធិបតេយ្យ” គឺជារបៀបមួយនៃការគ្រប់គ្រងដឹកនាំរដ្ឋ។ ពាក្យនេះជាពាក្យផ្គុំរវាង “ប្រជា” បូកនិង “អធិបតេយ្យ” ដែល “ប្រជា” មានន័យថាប្រជាជន​ ប្រជាពលរដ្ឋ ប្រជារាស្រ្ត ចំណែក “អធិបតេយ្យ” គឺមានន័យថា ជាធំ ជាអ្នកសម្រេច ជាអ្នកកាត់ក្តី។ ដូចនេះ “ប្រជាធិបតេយ្យ” គឺសំដៅលើការយក ប្រជាជនជាធំ ជាអ្នកសម្រេចចិត្តក្នុងកិច្ចការដឹកនាំគ្រប់គ្រងប្រទេស។ ដោយសារតែប្រជាពលរដ្ឋមានចំនួនច្រើន ហើយមិនអាចមានការយល់ឃើញ និងមានមតិដូចៗគ្នា ការសម្រេចចិត្តក្នុងប្រព័ន្ធប្រជាធិបតេយ្យត្រូវពឹងលើមតិភាគច្រើន តាមរយៈតំណាងរបស់ប្រជាពលរដ្ឋ។
                     
៣) គោលការណ៍ធ្វើនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន
          ប្រទេសកម្ពុជាមានក្របខណ្ឌច្បាប់សមល្មមក្នុងការលេងល្បែងប្រជាធិបតេយ្យ ដើម្បីជ្រើសរើស ឬប្តូរអ្នកដឹកនាំគ្រប់គ្រងប្រទេសជាតិ ឬ ឃុំ/សង្កាត់។ ដើម្បីឲ្យរបបប្រជាធិបតេយ្យ ផ្តល់ផលប្រយោជន៍សម្រាប់សង្គមជាតិយើង ប្រជាពលរដ្ឋត្រូវយល់ដឹងអំពីលក្ខណៈសម្បត្តិអ្នកដឹកនាំ គណបក្សនយោបាយ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការនយោបាយ។
          ដោយសារតែល្បែងប្រជាធិបតេយ្យនៅកម្ពុជាអនុញ្ញាតឲ្យបុគ្គលគ្រប់រូបចូលរួមប្រកួតប្រជែងគ្នាដើម្បីក្លាយជាអ្នកដឹកនាំប្រទេស(តំណាងរាស្រ្ត នាយករដ្ឋមន្រ្តី) ឬ ឃុំ/សង្កាត់(ក្រុមប្រឹក្សាឃុំ/សង្កាត់) ដូច្នេះហើយនៅក្នុងទីលានប្រកួតតែងមានអ្នកល្អ អ្នកមិនល្អ អ្នកខ្លាំង អ្នកអន់ អ្នកខូច អ្នកជា នៅលាយលំគ្នា។ ប្រសិនបើប្រជាពលរដ្ឋ ដែលមានសិទ្ធិជ្រើសរើសអ្នកដឹកនាំតាមរយៈសន្លឹកឆ្នោត មើលមិនឃើញ និងមិនយល់ដឹងអ្នកណាល្អ អ្នកណាមិនល្អ គាត់អាចនឹងធ្វើសេចក្តីសម្រេចចិត្តខុស ក្នុងការរើសអ្នកដឹកនាំរបស់គាត់។ បើគាត់រើសខុស ជាលទ្ធផល គាត់នឹងបានមេដឹកនាំដែលមិនគិតពីផលប្រយោជន៍ពួកគាត់ជាធំ តែបែរជាគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ និងបក្សពួកទៅវិញ។ ការជ្រើសរើសខុសក៏សំដៅផងដែរ ដល់ការរើសអ្នកដឹកនាំដែលពុំមានសមត្ថភាព គ្មានទស្សនវិស័យដឹកនាំ គ្មានបុគ្គលិកលក្ខណៈជាអ្នកប្រជាធិបតេយ្យ។​ ក្រៅពីការយល់ដឹងអំពីបេក្ខជនជាអ្នកដឹកនាំ ម្ចាស់ឆ្នោតត្រូវយល់ដឹងអំពីគណបក្សនយោបាយថា តើគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងមានគោលនយោបាយច្បាស់លាស់ដែរឬទេ? មានក្រុមការងារល្អមានសមត្ថភាពអាចដឹកនាំប្រទេស ឬឃុំ/សង្កាត់ហើយឬនៅ? មានយន្តការប្រកួតប្រជែងផ្ទៃក្នុងបក្ស(ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស)ដើម្បីជ្រើសរើសមនុស្សល្អៗឲ្យក្លាយជាបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់ សមាជិករដ្ឋសភា​ និងបេក្ខជននាយករដ្ឋមន្រ្តីដែរឬទេ?
          បន្ថែមពីនេះ ប្រជាពលរដ្ឋដែលមានសីលធម៌ល្អ មានសមត្ថភាពដឹកនាំត្រូវចូលរួមសកម្មក្នុងគណបក្សនយោបាយដើម្បីត្រៀមខ្លួនក្លាយជាបេក្ខជនសម្រាប់តួនាទីដឹកនាំគ្រប់គ្រងប្រទេស ឬឃុំ/សង្កាត់។ ប្រសិនបើមនុស្សល្អៗ មានសមត្ថភាពមិនចូលរួមក្នុងកិច្ចការនយោបាយទេ ប្រាកដណាស់ នៅក្នុងទីលាននយោបាយនឹងមានតែមនុស្សអន់ និង មនុស្សខូចសម្រាប់ឲ្យយើងជ្រើសរើស ហើយជាលទ្ធផល យើងនឹងទទួលបានមេដឹកនាំដែលខូច ឬ អន់សម្រាប់ដឹកនាំយើង។ ដល់ពេលនោះ យើងបានត្រឹមតែខកចិត្ត រអ៊ូរទាំ និងខឹងសម្បារតែប៉ុណ្ណោះ ហើយអ្វីៗនឹងពុំមានការផ្លាស់ប្តូរជាដុំកំភួនទេ។  
“ផលវិបាកដ៏ធំមួយនៃការបដិសេធមិនចូលរួមក្នុងនយោបាយគឺអ្នកនឹងត្រូវដឹកនាំដោយមនុស្សដែលអន់ជាងអ្នក។” ប្លាតូ
“បើយើងជាពលរដ្ឋមិនខ្វល់អំពីនយោបាយ អ្នកនយោបាយក៏មិនខ្វល់អំពីយើងដែរ។”
“​បើមនុស្សល្អមិនធ្វើនយោបាយ តើមនុស្សបែបណាក្លាយជាអ្នកនយោបាយ?”

 

រៀបរៀងដោយ បណ្ឌិត យ៉ង សាំងកុមារ និង បណ្ឌិត សាម អុីន, ខែឆ្នូ ឆ្នាំ២០១៦
 

Cheap Jerseys 90  Wholesale Jerseys Paypal