“គន្លឹះ ៤ យ៉ាងសម្រាប់កំណត់គោលដៅជីវិត ”

1,235

 

យើងមានជម្រើស២ក្នុងជីវិតយើង ៖ យើងធ្វើការដើម្បីរស់ ឬ យើងរស់ដើម្បីកែច្នៃជីវិតយើងឲ្យខ្ពង់ខ្ពស់។ ខាងក្រោមនេះមានការរៀបរាប់អំពីជម្រើសទី២ ៖
សារៈប្រយោជន៍ចម្បងនៃការកំណត់គោលដៅជីវិតគឺមិនមែនការសម្រេចគោលដៅនោះទេ ក៏ប៉ុន្តែ ​វាជាការបង្កើតទម្លាប់ខិតខំ​ប្រឹងប្រែង​​ប្រកបដោយ

ការយកចិត្តទុកដាក់ និងបណ្តុះអត្តចរិតល្អរឹងមាំ តាមរយៈការលត់ដំខ្លួន ក្នុងដំណើរឈានទៅសម្រេច​គោលដៅជីវិត គឺជាអ្វីដែលផ្តល់អត្ថប្រប្រយោជន៍ដ៏ពិតប្រាកដដល់អ្នក។

ការកំណត់គោលដៅជីវិតវាមានឥទ្ធិពលខ្លាំងណាស់ ព្រោះវានាំអ្នកឲ្យផ្តោតអារម្មណ៍លើទិសដៅនិងកិច្ចការពិតប្រាកដមួយ។ វាជួយអ្នកឲ្យចេះតម្រង់សកម្មភាព​របស់អ្នកឆ្ពោះទៅរកអ្វីដែលអ្នកប្រាថ្នាចង់បានក្នុងជីវិត។ គោលដៅជីវិតមានភាពអស្ចារ្យណាស់ ដោយសារវានឹងរុញអ្នកឲ្យរីកលូតលាស់ខ្ពស់ជាងមុន។ ដើម្បីសម្រេចគោលដៅរបស់យើង យើងត្រូវតែខ្លាំងនិងប្រសើរជាងមុន។

មាគ៌ានៃការកែច្នៃជីវិតគឺការចេះសម្លឹងឲ្យឆ្ងាយ និងរស់នៅជាមួយ​បច្ចុប្បន្ន ក្នុងភាពពិតជាក់ស្តែង។ ជាធម្មតា ពេលបច្ចុប្បន្ន​តែងមាន​ឧបសគ្គរារាំង ប៉ុន្តែការកំណត់គោលដៅជីវិតនឹងជួយអ្នកឲ្យចេះសម្លឹង​មើលអ្វីដែលនៅហួសពីឧបសគ្គ។ យើងត្រូវការ​គោលដៅ​ដើម្បីជួយយើងដើរឆ្លងកាត់ឧបសគ្គទំាងនោះ។ ជាបទពិសោធន៍ គោលដៅយើងកាន់តែធំនិងខ្ពស់ វានឹងជួយយើងឲ្យឆ្លងឧបសគ្គបានកាន់តែច្រើន។

តើទិដ្ឋភាពគន្លឹះអ្វីទៅដែលយើងត្រូវរៀននិង​ចងចាំ ដើម្បីកំណត់​គោលដៅជីវិតយើងឲ្យមានថាមពលខ្លាំងនិងជាក់ស្តែង?

១) វាយតម្លៃនិងឆ្លុះបញ្ចាំង (Evaluate and reflect)

ផ្លូវតែមួយគត់ដែលអាចឲ្យយើងសម្រេចចិត្តត្រឹមត្រូវថា យើងចង់បានអ្វីនាពេលអនាគត ហើយយើងធ្វើដំណើរទៅទីនោះដោយ​របៀបណា គឺការដឹងថាយើងកំពុងនៅទីណានាពេលបច្ចុប្បន្ន ហើយយើងពេញចិត្ត​ស្ថានការណ៍ថ្ងៃនេះកម្រិតណា។ ដូចនេះ ជាដំបូង ចូរចំណាយពេលវេលា​សម្រាប់ពិចារណា និងសរសេរលើក្រដាសអំពីស្ថានការណ៍បច្ចុប្បន្ន​របស់អ្នក។ បន្ទាប់មក ត្រូវលើកសំណួរលើ ចំណុចនីមួយៗថា តើវាត្រឹមត្រូវដែរឬទេ?

គោលបំណងនៃការវាយតម្លៃមានពីរចំណុចសំខាន់ ៖ ទី១) វាជួយអ្នកក្នុងការក្រឡេកមើលសមិទ្ធផលរបស់អ្នកកន្លងមក និងការសម្លឹងមើលគោលដៅអនាគតរបស់អ្នកឲ្យបានល្អិតល្អន់។ ទី២) វាប្រាប់អ្នកថាអ្នកនៅទីណា ហើយអ្នកត្រូវធ្វើដំណើរចម្ងាយប៉ុន្មាន។ ការវាយតម្លៃប្រាប់អ្នកអំពីចំណុចត្រូវចាប់ផ្តើម។

ចូរចំណាយពេលពីរបីម៉ោងក្នុងសប្តាហ៍នេះ ដើម្បីវាយតម្លៃនិងឆ្លុះបញ្ចាំង។ ចូរសរសេរលើក្រដាសថាអ្នកនៅទីណាពេលនេះ ហើយក្រោយ​ពេលវេលា កន្លងផុតទៅបានច្រើនខែ អ្នកត្រូវចាប់ផ្តើមវាយតម្លៃឡើងវិញ អ្នកនឹងដឹងថាអ្នកបាន ធ្វើដំណើរបានចម្ងាយណាហើយ។ ធ្វើរបៀបនេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ។

២) កំណត់ក្តីសុបិននិងគោលដៅជីវិតអ្នក (Define your dreams and goals)

ក្នុងភាពជាមនុស្ស ធម្មជាតិបានផ្តល់ភាពអស្ចារ្យមួយឲ្យ គឺការចេះគិត មានសេចក្តីប្រាថ្នានិងក្តីសុបិនសម្រាប់ជីវិតមួយឲ្យ​ប្រសើរឡើង ព្រមទាំងសមត្ថភាពបំពេញការងារដើម្បីសម្រេចក្តីសុបិននោះ។ យើងអាចសុបិនចង់បានជីវិតមួយដែលប្រសើរ​ផ្នែកហិរញ្ញវត្ថុ ផ្នែករាងកាយ ផ្នែកអារម្មណ៍ និងផ្នែកស្មារតី។ យើងក៏ត្រូវបានបំពាក់ដោយសមត្ថភាព​ក្នុងការគិតដើម្បីដេញតាមក្តីសុបិន​ ហើយបន្ថែមពីនោះ ក៏មាន​សមត្ថភាពអាចរៀបចំផែនការនិងយុទ្ធសាស្រ្ត ដើម្បីធ្វើដំណើរឆ្ពោះទៅរក​ក្តីសុបិនផងដែរ។ ទំាងនេះជារឿង​ដ៏ល្អ​ប្រពៃណាស់ ដែលកើតមកជាមនុស្ស។

អ្វីទៅជាក្តីសុបិននិងគោលដៅជីវិត? វាមិនមែនជាអ្វីដែលអ្នកមានហើយ ឬអ្នកបានធ្វើហើយទេ តែជាអ្វីមួយដែល​អ្នកចង់បាន។ តើអ្នកមានដែលបានអង្គុយគិតពិចារណាឲ្យបានស៊ីជម្រៅថា អ្វីជាគុណតម្លៃនៃជីវិតអ្នក ហើយអ្នកចង់ក្លាយជាអ្វីដែរឬទេ? តើអ្នកមានដែលចំណាយពេលវេលាឆ្លុះបញ្ចាំងដោយស្មោះត្រង់ ស្តាប់សំឡេងបេះដូងអ្នក ថាអ្វីទៅជាក្តីសុបិនធំសម្រាប់ជីវិតអ្នកឬទេ? ក្តីសុបិនរបស់អ្នកគឺនៅទីនោះ យើងគ្រប់គ្នាសុទ្ធតែមានក្តីសុបិននៅក្នុងខ្លួន អ្នកអាចរកឃើញក្តីសុបិន ដោយងាយស្រួល ឬវាអាច​លាក់ទុក​ក្នុងទីដ៏សែនជ្រៅក្នុងខ្លួនអ្នក។

ចូរចំណាយពេលវេលានៅកន្លែងស្ងប់ស្ងាត់។ នេះជាអ្វីដែលយើង​មិនបានធ្វើគ្រប់គ្រាន់ នៅពេលដែលយើងកំពុងរស់​នៅក្នុងពិភពលោកមួយ​​ដែលមមាញឹកខ្លាំង។ យើងប្រញាប់ ប្រញាប់ និងប្រញាប់ និងតែងស្តាប់ឮជាប្រចាំនូវ​សំឡេងទាំងឡាយ​នៅខាងក្រៅខ្លួនយើង។ បេះដូងមនុស្សត្រូវការភាពស្ងប់ស្ងាត់ ដើម្បីស្តាប់សំឡេងចេញពីខាងក្នុង។ មានតែធ្វើបែបនេះទេ​ទើបបេះដូង​យើងបើកទ្វាចំហ ដើម្បីឲ្យយើងអាចឮ​សំឡេងនៅខាងក្នុងខ្លួនយើង។ ចូររៀបចំពេលវេលារកកន្លែង​ស្ងប់ស្ងាត់​ក្នុងសប្តាហ៍នេះ ដោយពុំមាន​មនុស្សម្នា​ទំាងឡាយ គ្មានទូរស័ព្ទ គ្មានកុំព្យូទ័រ នៅក្បែរខ្លួន។ មានតែប៉ិក ក្រដាស និងការគិតរបស់អ្នក។

គិតអំពីអ្វីមួយដែលធ្វើឲ្យអ្នករំភើប។ នៅពេលអ្នកនៅ​ទីស្ងាត់ ចូរគិតអំពីរឿងដែល​ជំរុញចិត្តអ្នក។ គិតអំពីអ្វីដែលអ្នកចូលចិត្ត​ធ្វើបំផុត ដើម្បីក្តីសប្បាយ ឬដើម្បីចិញ្ចឹមជីវិត។ អ្វីដែលអ្នកចង់​សម្រេចខ្លាំងជាងគេ​ក្នុងជីវិតនេះ? តើអ្នកហ៊ាន​សាកល្បងឬទេ បើអ្នកដឹងថា​វាជោគជ័យ? តើការគិតរឿងណាមួយ​ដែលធ្វើឲ្យបេះដូង​អ្នករំភើបនិងរីករាយ? នៅពេលអ្នកឆ្លើយសំណួរទាំងនេះ អ្នកនឹងមានអារម្មណ៍អស្ចារ្យ នៅពេលនោះ​អ្នកកំពុងស្ថិតនៅ​ក្នុងតំបន់នៃ​ក្តីសុបិនហើយ។ ទាល់តែយើងទៅដល់​​ចំណុចនោះ ទើបយើងមានបទពិសោធន៍ពិត​​នៃក្តីសុបិន​ក្នុងជីវិតយើង។

ចូរសរសេរក្តីសុបិនទាំងឡាយ​ដែលអ្នកមាន។ ចូរកុំគិតថា វាចម្លែកជ្រុល ឬភ្លីភ្លើខ្លាំង នេះគ្រាន់តែជាក្តីសុបិន​របស់អ្នក។ ទុកឲ្យក្តីសុបិនវាហោះហើរ​តាមចិត្តចុះ រួចហើយកត់ត្រាវាទុក។
ឥឡូវនេះ ចូរដាក់អាទិភាព​ដល់ក្តីសុបិនទាំងនោះ។ មួយណាវាសំខាន់ខ្លាំង? មួយណាវាទំនង? មួយណាដែលអ្នក​ចូលចិត្ត​ជាងគេបំផុត។ ចូររៀបវាតាមលំដាប់ ដែលអ្នកចង់សម្រេចវា។ ចូរចងចាំជានិច្ចថា យើងត្រូវតែធ្វើសកម្មភាព មិនមែនគ្រាន់តែសុបិនទេ។

៣) គោលដៅត្រូវតែអាចវាស់បាន (Make your goals S.M.A.R.T.)

ពាក្យកាត់ជាភាសាអង់គ្លេសថា S.M.A.R.T. មានន័យថា (Specific ): ច្បាស់លាស់ (Measurable): វាស់បាន (Attainable): ធ្វើបាន (Realistic): ប្រាកដនិយម (Time): មានកាលកំណត់។

ច្បាស់លាស់: គោលដៅល្អត្រូវឲ្យច្បាស់លាស់ មិនត្រូវស្រពិកស្រពិលទេ។ គោលដៅមិនច្បាស់លាស់នឹងបង្កើត​លទ្ធផលមិនជាក់លាក់។ គោលដៅមិនពេញលេញនឹងបង្កើត​លទ្ធផលមិនពេញលេញ។

វាស់បាន: ចូរកំណត់គោលដៅទាំងឡាយណាដែលអាចវាស់បាន។ ខ្ញុំចង់និយាយថា “វាស់បានដោយច្បាស់លាស់” ដើម្បីផ្គុំជាមួយ​គោលការណ៍ច្បាស់លាស់។
ធ្វើបាន: រឿងមួយក្នុងចំណោមរឿងឥតប្រយោជន៍ជាច្រើន ដែលមនុស្សចូលចិត្តធ្វើ គឺការកំណត់គោលដៅដែលនៅហួសពីការ​ពិតជាក់ស្តែង ដែលមិនអាចសម្រេចបានសោះឡើយ។
ប្រាកដនិយម: ពាក្យប្រាកដនិយមវាចេញមកពីពាក្យ “ប្រាកដ”។ គោលដៅវាត្រូវតែជាអ្វីមួយ​ដែលប្រាកដ​ជាអាចធ្វើបាន ​នៅក្នុងជីវិតរបស់យើង។ វាមានគោលដៅជាច្រើនដែលគ្មានភាព​ប្រាកដនិយម ដែលនៅហួសពីការពិត​ជាក់ស្តែង។ ភាពប្រាកដនិយម​អាចឲ្យអ្នកស្មានបានថា បើអ្នកធ្វើសកម្មភាព ក, ខ, គ អ្នកនឹងបានលទ្ធផល ឃ, ង រួចហើយអ្នកនឹងទៅដល់គោលដៅមួយ។ វាមិនមានន័យថា កុំកំណត់គោលដៅឲ្យធំពេកទេ។ គោលដៅជីវិតកាន់តែធំ កាន់តែប្រសើរ តែត្រូវឲ្យមានភាពប្រាកដថា​អាចសម្រេចបាន​ជាមួយ​ស្ថានការណ៍ជាក់ស្តែង។

មានកាលកំណត់: រាល់គោលដៅទាំងឡាយត្រូវមានពេលវេលាកំណត់ច្បាស់លាស់។ ទិដ្ឋភាពសំខាន់មួយ​នៃគោលដៅ​អស្ចារ្យទំាងឡាយគឺការមានកាលកំណត់​ចុងបញ្ចប់មួយថា អ្នកអាចធ្វើដំណើរទៅ​ដល់​នៅពេលមួយនោះ។ នៅពេលអ្នកធ្វើការ អ្នកប្រឹងដើរសំដៅទៅ​ដោយយល់ដឹង​អំពីពេលវេលា អ្នកប្រឹងធ្វើការដោយរួសរាន់ ​ព្រោះអ្នកមិនចង់ឲ្យដំណើររបស់អ្នក​ហួសពេលកំណត់។ អ្នកអាចបែងចែកគោលដៅធំៗ ជាចំណែកតូចៗ ឬជាកង់ៗ សម្រាប់ងាយស្រួលវាស់និងកំណត់ពេលវាលា។ ចូរកំណត់​គោលដៅតូចៗទាំងនោះជាមួយពេលវេលា​ច្បាស់លាស់។ គោលដៅមួយដ៏ល្អគឺការមានកាលកំណត់ច្បាស់លាស់។

៤) មានគណនីភាព (Have accountability)

នៅពេលនរណាម្នាក់ដឹងអំពីគោលដៅរបស់អ្នក គេនឹងជួយអ្នកឲ្យមានគណនីភាព​ដោយលើកសំណួរថា អ្នកមាន​ការ​ទទួលខុសត្រូវ​អ្វីខ្លះក្នុងការធ្វើដំណើរ​សម្រេចគោលដៅ។ គណនីភាពជាកម្លាំងរុញអ្នក​ក្នុងដំណើរការឆ្ពោះទៅគោលដៅ។ ប្រសិនបើគោលដៅ​ត្រូវបានកំណត់ ហើយមានតែអ្នកតែម្នាក់គត់ដឹង វានឹងពុំមានថាមពលខ្លាំងទេ។ គោលដៅនឹងមាន​កម្លាំង​រុញកាន់តែខ្លាំង​បើមានមនុស្សជាច្រើនជំរុញអ្នកឲ្យមានការទទួលខុសត្រូវខ្ពស់។


— ដកស្រង់ពីអត្ថបទរបស់ Jim Rohn, in the Success Magazine, “4 Tips for Setting Powerful Goals”

— ប្រែសម្រួលដោយ សាម អ៊ីន, ឧសភា ២០១៦

Cheap Jerseys 90  Wholesale Jerseys Paypal