អត្តចរិតអន់ថយ និងអត្តចរិតជឿនលឿននៃប្រជាជាតិមួយ

280,398

ប្រជាជាតិមួយដែលក្រីក្រ ឬរីកចម្រើន អន់ថយ ឬជឿនលឿន ថោកទាប ឬថ្លៃថ្នូរ អាចឆ្លុះបញ្ចាំងបានតាមរយៈការសង្កេតលើអត្តចរិតជាទូទៅរបស់ប្រជាពលរដ្ឋនៃជាតិនោះ។ ខ្ញុំធ្លាប់រស់នៅនិងរៀនសូត្រក្នុងប្រទេសអាល្លឺម៉ង់ ទៅលេងប្រទេសសឹង្ហបុរី និងធ្លាប់ជួបជជែកជាមួយជនជាតិជប៉ុន ខ្ញុំសន្និដ្ឋានបានថា ជនជាតិ ជប៉ុន អាល្លឺម៉ង់ និងសឹង្ហបុរី ជាជនជាតិដែលមានអត្តចរិត​ជឿន​លឿន។ ទន្ទឹមនឹងនោះ ខ្ញុំក៏ធ្លាប់រស់នៅក្នុង និងទៅទស្សនកិច្ចមើលប្រទេសក្រីក្រ ហើយក៏សង្កេតឃើញអត្តចរិតអន់ថយរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងនោះដែរ។ ខាងក្រោមនេះជាលក្ខណៈសម្គាល់អត្តចរិតអន់ថយ និងអត្តចរិត​ជឿនលឿននៃប្រជាជាតិមួយ។

ក) លក្ខណៈសម្គាល់ ៥ចំណុចនៃអត្តចរិតអន់ថយ
១. ពឹងលើគេ

នៅពេលសង្គមជួបប្រទះវិបត្តិ ឬបញ្ហាអ្វីមួយ អ្វីដែលពួកគេនឹកគិតជាដំបូងគឺ ការស្វែងរកជំនួយ អន្តរាគមន៍ ឬដំណោះស្រាយពីអ្នកដទៃ ប្រទេសដទៃ ឬសហគមន៍អន្តរជាតិ។ គេគ្មានជំនឿជាក់លើសមត្ថភាពខ្លួនឯង និងមិនទុកចិត្តលើជាតិសាសន៍ឯងក្នុងការដោះស្រាយបញ្ហាទេ។ ស្មារតីពឹងលើគេនេះច្រើនបង្កបញ្ហាតូចឲ្យទៅជាធំ បង្កើតជម្លោះផ្ទៃក្នុង និងរារាំងការសាមគ្គីជាតិ។

២. ខ្ជិលច្រអូស

ពលរដ្ឋមានអត្តចរិតអន់ថយច្រើនតែខ្ជិលច្រអូស មិនគោរពពេលវេលា ចូលចិត្តចំណាយពេលលើរឿងឥតប្រយោជន៍ដូចជា និយាយដើមគ្នា លេងល្បែង ឬអង្គុយរអ៊ូរទាំត្អូញត្អែរចំពោះបញ្ហាទាំងឡាយដែលកើតឡើងក្នុងសង្គម តែមិនធ្វើសកម្មភាពអ្វីទេ។ ទម្លាប់នេះធ្វើឲ្យជាតិមួយនៅក្រីក្រងើបមិនរួច ហើយពលរដ្ឋត្រូវបង្ខំចិត្តទៅធ្វើជាកម្មករឲ្យជាតិសាសន៍គេដើម្បីរស់ចម្អែតក្រពះ។

៣. គ្មានវិន័យ

អ្នកអាចដឹងអំពីជនជាតិមួយដែលគ្មានវិន័យតាមរយៈការសង្កេតលើការចោលសំរាមគ្មានរបៀប ការមិនចេះឈរតម្រង់ជួរ និងការបើកបរគ្មានសណ្តាប់ធ្នាប់។

៤. ខ្លៅ ខ្លាច ឃ្លាន

ប្រជាពលរដ្ឋអន់ថយមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រ អានសៀវភៅ ឬអានកាសែត ឬក៏ស្វែងយល់អំពីបញ្ហាសង្គម និងនយោបាយទេ។ ការមានចំណេះដឹងទាបធ្វើឲ្យពួកគាត់មិនអាចរកចំណូលបានច្រើន រស់នៅជាមួយសេចក្តីភ័យខ្លាចចំពោះការសម្លុតគំរាមផ្សេងៗ តែស្រេកឃ្លាននឹងអំណោយបន្តិចបន្តួច ដើម្បីចម្អែតក្រពះមួយគ្រាៗ។ ជាលទ្ធផល ប្រជាពលរដ្ឋមានអត្តចរិតអន់ថយងាយស្រួលគេគំរាម ទិញ ឬបញ្ឆោត ហើយជាលទ្ធផលមិនងាយទទួលបានអ្នកដឹកនាំល្អទេ ពីព្រោះពួកគាត់មិនដឹង មិនយល់ និងមិនខ្វល់។

៥. មានជំនឿមិនសមហេតុផល

ដោយសារតែភាពទន់ខ្សោយនៃចិត្ត និងសេចក្តីល្ងង់ខ្លៅ ប្រជាពលរដ្ឋដែលមានអត្តចរិតអន់ថយចូលចិត្តជឿលើរឿងមិនសមហេតុផល ដូចជាការជឿលើគ្រូទាយ ជឿលើមនុស្ស ឬព្រះសង្ឃមានមន្តអាគមគាថា ឬការឆបោកផ្សេងៗ រួមទាំងការបោកបញ្ឆោតក្នុងល្បែងនយោបាយផងដែរ។

ខ) លក្ខណៈសម្គាល់ ៥ចំណុចនៃអត្តចរិតជឿនលឿន
១. ឧស្សាហ៍ព្យាយាម

ប្រជាពលរដ្ឋដែលមានអត្តចរិតជឿនលឿនគឺជាពលរដ្ឋដែលឧស្សហ៍ព្យាយាម ខំប្រឹងបំពេញកិច្ចការ មិនថាការងារក្រុមហ៊ុន ការងារស្ថាប័ន ឬការងារផ្ទះទេ។ ភាពឧស្សាហ៍បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់គេ។ ក្នុងការបំពេញកិច្ចការ គេយកចិត្តទុកដាក់ ហើយមានភាពហ្មត់ចត់នឹងការងារ។ លទ្ធផលនៃការងាររបស់គេតែងមានគុណភាពខ្ពស់ ដូចជាឡានផលិតនៅជប៉ុន គ្រឿងម៉ាស៊ីនផលិតនៅអាល្លឺម៉ង់ ឬនាឡិកាផលិតនៅប្រទេសស្វីសជាដើម។

២. មានវិន័យ

លក្ខណៈសម្គាល់មួយនៃអត្តចរិតជឿនលឿនគឺការគោរពវិន័យ។ បើអ្នកបានទៅប្រទេសសឹង្ហបុរី អ្នកនឹងចាប់អារម្មណ៍អំពីសណ្តាប់ធ្នាប់ដ៏ល្អប្រពៃនៃការរៀបចំចាត់ចែងចាប់តាំងពីក្នុងព្រលានយន្តហោះទៅ។ អ្នកនឹងឃើញការចេះតម្រង់ជួររបស់ប្រជាពលរដ្ឋ ពេលចូលទិញសំបុត្រ ឡើងរថភ្លើង ឬឡានក្រុង។ បើអ្នកក្រឡេកមើលអំពីការបើកបរយានយន្ត អ្នកនឹងឃើញអំពីសណ្តាប់ធ្នាប់នៃការបើកបរ និងការគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន។ បើអ្នកដើរលេងតាមផ្លូវ ហើយសង្កេតមើលដោយយកចិត្តទុកដាក់ អ្នកនឹងមិនឃើញនរណាម្នាក់ចោលសំរាមតាមផ្លូវដោយអត់របៀបឡើយ។ បើអ្នកបានស្គាល់អំពីប្រទេសអាល្លឺម៉ង់ អ្នកនឹងចាប់អារម្មណ៍ថា ប្រជាពលរដ្ឋប្រទេសនេះគោរពពេលវេលាបានល្អប្រសើរណាស់។

៣. ពឹងលើខ្លួនឯង

កាលពីឆ្នាំ ២០១១ ប្រទេសជប៉ុនបានទទួលរងការបំផ្លាញយ៉ាងដំណំពីការរញ្ជួយផែនដីដ៏ធំ និងរលកយក្សស៊ូណាមី ដែលសម្លាប់ជីវិតមនុស្សរហូតដល់ជាង ១៦,០០០នាក់ និងបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើន។ សហរដ្ឋអាមេរិក និងប្រទេសដទៃប្រកាសចង់ផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះបន្ទាន់ដល់ប្រទេសជប៉ុនសម្រាប់គ្រាដ៏លំបាកនោះ។ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុនបានតបវិញថា គេអរគុណហើយចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះ ក៏ប៉ុន្តែ ជប៉ុនមិនទាន់ត្រូវការជំនួយនៅឡើយទេ គេនៅអាចជួយខ្លួនឯងបាន ចំពោះស្ថានការណ៍នេះ។ នេះហើយជាអត្តចរិតនៃពលរដ្ឋដែលជឿនលឿន គឺគេតែងខំប្រឹងពឹងលើខ្លួនគេជាចម្បង នៅពេលមានវិបត្តិ ឬបញ្ហាប្រឈមកើតឡើងក្នុងសង្គមរបស់គេ ពីព្រោះគេចង់រក្សា និងបង្កើនភាពខ្លាំងរបស់គេ។

៤. ចូលចិត្តអាន និងស្វែងយល់អំពីបញ្ហាសង្គម និងនយោបាយ

អ្នកនឹងចាប់អារម្មណ៍អំពីភាពខុសគ្នា នៅពេលអ្នកជិះយន្តហោះទៅស្រុកគេ។ អ្នកនឹងសង្កេតឃើញយុវជនមកពីប្រទេសជឿនលឿនកាន់សៀវភៅអាននៅក្នុងយន្តហោះ ឬពេលសម្រាកក្នុងព្រលាន នៅពេលយុវជនមកពីប្រទេសក្រីក្រអង្គុយលេងហ្គេម ឬដើរទិញទំនិញ។ ការអានដើម្បីបង្កើនចំណេះដឹង និងស្វែងយល់អំពីសង្គមនិងនយោបាយ គឺជាទម្លាប់របស់ប្រជាពលរដ្ឋដែលមានអត្តចរិតជឿនលឿន ហេតុនេះហើយទើបប្រជាពលរដ្ឋនៅប្រទេសជឿនលឿនមានការយល់ដឹងខ្ពស់ មានសីលធម៌ និងសេចក្តីថ្លៃថ្នូរ។ ជាលទ្ធផល គេទទួលបានអ្នកដឹកនាំល្អ មានសង្គមដែលមានសណ្តាប់ធ្នាប់ ពីព្រោះគេយល់ គេដឹង និងគេខ្វល់អំពីសង្គមរបស់គេ។

៥. សន្សំ វិនិយោគ និងមានគំនិតច្នៃប្រឌិត

នៅប្រទេសជឿនលឿន អ្នកដឹកនាំបណ្តុះ និងគាំទ្រប្រជាពលរដ្ឋឲ្យចេះសន្សំ វិនិយោគ និងបង្កើតគំនិតច្នៃប្រឌិតផ្សេងៗ។ នៅក្នុងកម្មវិធីសិក្សា មានការយកចិត្តទុកដាក់បង្រៀនអំពីការវិនិយោគ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។ រដ្ឋាភិបាល និងសហគ្រាសធំៗមានកម្មវិធីគាំទ្រការសិក្សាស្រាវជ្រាវ ដើម្បីបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។ ហេតុដូចនេះហើយ ទើបយើងឃើញបច្ចេកវិទ្យាថ្មីៗ ផលិតផលថ្មីៗ ត្រូវបានផលិតឡើងនៅប្រទេសជឿនលឿន។ តាមរយៈការខំប្រឹង​បណ្តុះ និងផ្តល់គំរូល្អពីអ្នកដឹកនាំ និងមានកម្មវិធីគាំទ្រពីរដ្ឋាភិបាល ប្រជាពលរដ្ឋបានបង្កើតទម្លាប់សន្សំ​ វិនិយោគ និងបង្កើតគំនិតច្នៃប្រឌិត ដែលរុញឲ្យប្រទេសជាតិមានការរីកលូតលាស់ជាលំដាប់។

គួរកត់សម្គាល់ថា ពលរដ្ឋដែលមានអត្តចរិតជឿនលឿនបច្ចុប្បន្ន ក៏ធ្លាប់មានអត្តចរិតអន់ថយពីអតីតកាលដែរ ហើយប្រជាជាតិដែលមានអត្តចរិតអន់ថយបច្ចុប្បន្ន ក៏ធ្លាប់មានអត្តចរិតជឿនលឿនកាលពីអតីតកាលដែរ។ នៅពេលដែលប្រជាពលរដ្ឋខ្មែរមានអត្តចរិតជឿនលឿនអាចសាងសង់ប្រាង្គប្រាសាទរាប់ពាន់បាន កាលពីជាង ១០០០ឆ្នាំមុន ពេលនោះ ប្រជាពលរដ្ឋអាល្លឺម៉ង់រស់នៅបែបជាកុលសម្ព័ន្ធនៅឡើយទេ។

តើអ្វីជាកត្តាចម្បងដែលធ្វើឲ្យជាតិមួយមានប្រជាពលរដ្ឋមានអត្តចរិតអន់ថយ ឬមានអត្តចរិតជឿនលឿន? លោក John Maxwell អ្នកជំនាញអំពីភាពជាអ្នកដឹកនាំកំរិតពិភពលោកបានកត់សម្គាល់ថា “អ្វីៗគ្រប់យ៉ាងងើបឡើង ឬធ្លាក់ចុះ ដោយសារតែភាពជាអ្នកដឹកនាំ”។ ទស្សនវិស័យ និងឥទ្ធិពលរបស់អ្នកដឹកនាំក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងសិល្បៈមានសារសំខាន់ខ្លាំងណាស់ទៅលើការកសាងអត្តចរិតរបស់ប្រជាជាតិមួយ។

— រៀបរៀងដោយ សាម អ៊ីន ខែ កញ្ញា ២០១៨

— អត្ថបទទាក់ទង ៖

១. ស្អប់យួន ខឹងសៀម ឈាមខ្មែរមិនថ្លៃថ្នូរទេ
២. តើអ្នកកើតមកជាកូនខ្មែរដើម្បីអ្វី?
៣. តើសង្គមខ្មែរពិតជាស្អប់ខ្ពើមអំពើពុករលួយមែនឬទេ?
Cheap Jerseys 90  Wholesale Jerseys Paypal