ដូរសិន ឬ ទៅសន្សឹមៗ

ជម្រើស២សម្រាប់នយោបាយកម្ពុជា

0 595

ដោយឈរលើស្ថានភាពនយោបាយជាក់ស្តែងបច្ចុប្បន្ន កម្ពុជាមានជម្រើស២សម្រាប់ដំណើរការនយោបាយទៅថ្ងៃមុខ។ ជម្រើសទី១ សំដៅលើការចង់បានរបស់អ្នកដឹកនាំនយោបាយនិងប្រជាពលរដ្ឋមួយចំនួនគឺ “ដូរសិន” និងជម្រើសទី២ ដែលអ្នកដឹកនាំនយោបាយជំនាន់ថ្មីនិងប្រជាពលរដ្ឋមួយចំនួនតូចនៅឡើយចង់បានគឺ “ទៅសន្សឹមៗ”។ ពិតប្រាកដហើយ ដំណើរការនយោបាយនឹងប្រព្រឹត្តទៅមុខជាមួយពេលវេលា ហើយការផ្លាស់ប្តូរក៏នឹងកើតឡើងជាមួយដំណើរប្រព្រឹត្តនេះ។ ក៏ប៉ុន្តែ អ្នកដឹកនាំនយោបាយនិងប្រជាពលរដ្ឋអាចកាច់ចង្កូតទៅរកការផ្លាស់ប្តូរណាមួយដែលយើងចង់ឃើញ ចង់បាន។

1.           ដូរសិន

អ្នកដឹកនាំនយោបាយនៅកម្ពុជាមួយក្រុមដែលដឹកនាំដោយលោក សម រង្ស៊ី បានសម្រេចជ្រើសយកជម្រើសនេះ ហើយបានពន្យល់ទៅអ្នកគាំទ្ររបស់គាត់ឱ្យជឿជាក់ថា នេះជាជម្រើសដែលល្អត្រឹមត្រូវ អាចធ្វើបានសម្រាប់ដំណើរការនយោបាយនៅកម្ពុជា។ ហេតុអ្វីបានលោក សម រង្ស៊ី សម្រេចរើសយកជម្រើសនេះ?

លោក សម រង្ស៊ី ដែលមានត្រកូលជាអភិជននៅជំនាន់សម្តេច នរោត្ដម សីហនុ បានចូលរួមនយោបាយជាមួយចលនាហ្វ៊ុនស៊ីនបិច ដែលដឹកនាំដោយសម្តេចឱក្នុងកំឡុងឆ្នាំ១៩៨០។ គាត់ធា្លប់មានស្នាដៃល្អនៅពេលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីឆ្នាំ១៩៩៣ ដល់៩៤ ហើយធ្លាប់បានជួយអ្នកលក់ដូរនៅផ្សារអូឡាំពិកក្នុងការតវ៉ាជាមួយអ្នកវិនិយោគសង់ផ្សារ ដែលធ្វើឱ្យអ្នកលក់ដូរក្នុងផ្សារនៅរាជធានីភ្នំពេញចាប់អារម្មណ៍និងគាំទ្រគាត់។ ការគប់គ្រាប់បែកលើហ្វូងបាតុកម្មដែលដឹកនាំដោយលោក សម រង្ស៊ី នៅកណ្តាលទីក្រុងភ្នំពេញ នៅថ្ងៃទី៣០ មិនា ឆ្នាំ១៩៩៧ កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គាត់រីកសាយកាន់តែធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយការចាកចេញពីគណបក្សហ្វ៊ុនស៊ីនបិចនៅឆ្នាំ១៩៩៤ និងបង្កើតគណបក្សជាតិខ្មែរនៅឆ្នាំ១៩៩៥ លោក សម រង្ស៊ី បានខំប្រឹងកសាងកេរ្តិ៍ឈ្មោះនយោបាយ ដោយដឹកនាំបាតុកម្មផ្សេងៗ ក្នុងបុព្វហេតុកសាងប្រព័ន្ធយុត្តិធម៌ស្អាតស្អំ លើកម្ពស់សិទ្ធិកម្មករនិងសហជីព ប្រឆាំងជនជាតិវៀតណាមដែលរស់នៅស្រុកខ្មែរ និងបញ្ហាព្រំដែន។ ការតស៊ូរបស់លោក ជាមួយការធ្វើទុក្ខបុកម្នេញពីខាងរាជរដ្ឋាភិបាលដែលដឹកនាំដោយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ មើលឃើញលោក សម រង្ស៊ី ជាក្តីសង្ឃឹមនិងជាបិតាប្រជាធិបតេយ្យ ដែលអាចដឹកនាំការផ្លាស់ប្តូរនៅកម្ពុជាបាន។

ដោយមានការមិនពេញចិត្តពីស្ថានភាពនយោបាយដែលមិនមានការផ្លាស់ប្តូរជាដុំកំភួន ក៏លេចចេញចលនានយោបាយថ្មីមួយទៀតនៅឆ្នាំ២០០៧ ដែលដឹកនាំដោយ លោក​ កឹម សុខា។ លោក កឹម សុខា ធ្លាប់ប្រឡូកក្នុងនយោបាយជាមួយគណបក្ស BLDP របស់លោកតា សឺន សាន។ គាត់បានកសាងកេរ្តិ៍ឈ្មោះក្នុងចំណោមមហាជនខ្មែរ ចាប់ពីពេលគាត់បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅឆ្នាំ២០០២។ គណបក្សសិទ្ធិមនុស្សរបស់លោក កឹម​ សុខា បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ដោយឈ្នះបាន ១៨ឃុំ នៅពេលគណបក្ស សម រង្ស៊ី ដែលបង្កើតតាំងពីឆ្នាំ១៩៩៥​ ឈ្នះបានតែ ២២ឃុំ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១,៦៣៣។

ដោយទឹកចិត្តមហាជនដែលប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់បានការផ្លាស់ប្តូរ​លឿនៗ ក្រោមពាក្យស្លោកថារួមគ្នា ”ដូរសិន” គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សក៏សម្រេចច្របាច់បញ្ចូលគ្នាជាគណបក្សរួមមួយដែលមានឈ្មោះថា គណបក្សសង្គ្រោះជាតិ នៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០១២ ដែលដឹកនាំដោយមនុស្សពីរក្រុម គឺក្រុមស្និទ្ធនឹងលោក សម រង្ស៊ី និងក្រុមស្និទ្ធនឹងលោក កឹម សុខា ដែលធ្លាប់មានវប្បធម៌នយោបាយដឹកនាំបក្សផ្សេងគ្នា។

ការរួមបញ្ចូលគ្នាតាមការចង់បានរបស់មហាជនដែលចង់ “ដូរសិន” បានបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ដោយគណបក្សសង្រ្គោះជាតិ CNRP ឈ្នះបាន ៥៥អាសនៈសភាជាតិ ក្នុងពេលដែលអាសនៈគណបក្សប្រជាជន CPP ធ្លាក់មកត្រឹម ៦៨។ ប្រៀបធៀបការបោះឆ្នោតជាតិ ៥ឆ្នាំមុន គណបក្សប្រជាជនបាន ៩១អាសនៈ គណបក្ស សម រង្ស៊ី ២៦អាសនៈ ហើយគណបក្សសិទ្ធិមនុស្ស ៣អាសនៈ។

ក្រោយភាពជោគជ័យដ៏ធំធេងនៃការរួមគ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី បានបង្កើតវប្បធម៌សន្ទនាមួយ ដែលមាន​​​​រយៈពេលយ៉ាងខ្លី រួចហើយជម្លោះនយោបាយរវាងអ្នកដឹកនាំនយោបាយចាស់វស្សាទាំង២ក៏ចាប់ផ្តើមផ្ទុះឡើងវិញយ៉ាងក្តៅគគុក។ លោក សម រង្ស៊ី បានភាសខ្លួនចេញពីស្រុកខ្មែរនៅចុងឆ្នាំ២០១៥ ដោយសារមានការគំរាមចាប់ខ្លួនតាមផ្លូវតុលាការ។

ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ បានបង្ហាញលទ្ធផលកាន់តែកើនខ្លាំងឡើងរបស់គណបក្សសង្រ្គោះជាតិ បើទោះបីពុំបានវត្តមានលោក សម រង្ស៊ី នៅក្នុងស្រុកក៏ដោយ។ CNRP ទទួលបានសំឡេងគាំទ្រ ៣លានជាងបន្តិច (៤៤%) គឺប្រកិតនឹង CPP ដែលបានសំឡេង ៣លានកន្លះ (៥១%)។ លទ្ធផលនេះផ្តល់ហានិភ័យកាន់តែធំដល់ការកាន់អំណាចរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាពិសេសសម្រាប់ការបោះឆ្នោតជាតិ ដែលនឹងមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

លោក កឹម សុខា ដែលជាប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទថាក្បត់ជាតិដោយបានឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ គណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូលនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ ការបោះឆ្នោតជាតិឆ្នាំ២០១៨ បានប្រព្រឹត្តទៅតាមកាលវេលាដោយពុំមានការចូលរួមពី CNRP ជាមួយនឹងយុទ្ធនាការប្រឆាំងនឹងការចូលរួមការបោះឆ្នោតដ៏ខ្លាំងក្លារបស់លោក សម រង្ស៊ី។ ជាលទ្ធផល CPP ឈ្នះអាសនៈទាំងអស់ក្នុងសភាជាតិចំនួន ១២៥ នៅពេលដែលគណបក្សតូចៗចំនួន១៩ដទៃទៀតដែលបានចូលរួមបោះឆ្នោតពុំបានទទួលអាសនៈទាល់តែសោះ។

ដោយសម្លឹងពុំឃើញលទ្ធភាពសម្របសម្រួលចរចានយោបាយណាមួយដែលអាចចូលមកធ្វើសកម្មភាពនយោបាយក្នុងស្រុកឡើងវិញ លោក សម រង្ស៊ី បានសម្រេចជ្រើសរើសផ្លូវក្រៅក្របខណ្ឌប្រជាធិបតេយ្យសេរីពហុបក្ស ដោយអំពាវនាវឱ្យមានការបះបោរពីកងកម្លាំងប្រដាប់អាវុធនិងមហាជនដើម្បីទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញពីអំណាច ហើយបើកយុទ្ធនាការសន្យាវិលចូលស្រុកដើម្បីបង្កភាពចលាចលសង្គមដើម្បីដណ្តើមអំណាច។ ជាមួយនឹងការកំណត់យកថ្ងៃ ៩វិច្ឆិកា ២០១៩ ក្នុងការយុទ្ធនាការវិលចូលស្រុក លោក សម រង្ស៊ី បានបង្កើនវោហារសាសន៍វាយប្រហារលោក ហ៊ុន សែន វាយប្រហារយួននិងចិន និងសន្យារឹបអូសទ្រព្យសម្បត្តិពីអ្នកមានទៅឱ្យអ្នកក្រ ដែលជាផ្នែកនៃនយោបាយហិង្សា រើសអើងជាតិសាសន៍ និងប្រជានិយម (នយោបាយផ្គាប់ផ្គន់ចិត្តរាស្រ្ត)។ នយោបាយនេះតាំងពីដើមមក មានប្រជាប្រិយភាពនិងការគាំទ្រខ្លាំងដែលជាប្រភពលុយពីខ្មែរដែលរស់នៅឯនាយសមុទ្រ ដែលបារម្ភនិងមានការភ័យខ្លាចបាត់បង់ទឹកដីទៅវៀតណាម ដរាបណាកម្ពុជាស្ថិតក្រោមការដឹកនាំដោយគណបក្សប្រជាជន ដែលវៀតណាមបានជួយឱ្យឡើងកាន់អំណាចចាប់តាំងពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ មក។

ដោយឡែក ក្រុមស្និទ្ធនឹងលោក កឹម​ សុខា មិនបានចូលរួមជម្រើសនេះទេ ដោយសារក្រុមនេះនៅជឿថា ជម្រើសដូរសិន តាមរយៈការបោះឆ្នោតនៅមានឱកាសនៅឡើយ។ ការខ្វែងគំនិតគ្នានេះចេះតែរីកធំទៅៗ ដោយមានការជេរប្រមាថ និងលាបពណ៌គ្នាក្នុងចំណោមអ្នកគាំទ្រទាំងសងខាង។ ដោយសារ លោក កឹម សុខា ​ជាប់ឃុំឃាំង មិនអាចនិយាយស្តីនិងធ្វើសកម្មភាពបាន ក្រុម លោក សម រង្ស៊ី ហាក់មានប្រៀបជាងលើក្រុមលោក កឹម សុខា។

ជម្រើសរួមគ្នា “ដូរសិន” តាមការបោះឆ្នោតដែលក្រុមប្រឆាំងចង់បានលឿននេះ នឺងមិនអាចទៅរួចទេ ដោយសារគណបក្សប្រជាជន ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទុកចិត្តចំពោះការផ្លាស់ប្តូរមួយដែលប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពខ្លួនលោក និងក្រុមគ្រួសារ។ ជម្រើសដូរសិនតាមបែបហិង្សា ឬអំណាចមហាជនដែលក្រុមលោក​ សម រង្ស៊ី ចង់បាននោះអាចមានលទ្ធភាពតិចតួចប៉ុណ្ណោះ។ រឿងបែបនេះអាចកើតឡើងបានដរាបណាទាល់តែមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភាគច្រើនភ្លាមៗ។ ប្រសិនបើរឿងនេះកើតឡើងមែនវាក៏ផ្តល់គ្រោះថ្នាក់ដល់ជាតិនិងការកសាងលទ្ធិប្រជាធិបតេយ្យទៅមុខផងដែរ។ ហេតុអ្វី?

ពីព្រោះថា នៅពេលមានចលាចលសង្គមធ្ងន់ធ្ងរកើតឡើងចេញពិវិបត្តិសេដ្ឋកិច្ច ឬរឿងរ៉ាវដែលភាសាអង់គ្លេសហៅថា power vacuum ភាគច្រើនលើសលុប អំណាចនឹងធ្លាក់ដល់ដៃក្រុមមួយដែលគ្រប់គ្រងកម្លាំងយោធា ដោយរួមផ្សំនឹងការគាំទ្រពីក្រុមឧកញ៉ាមានលុយ ដែលជាលទ្ធផលនឹងកើតឡើងនូវរដ្ឋាភិបាលមួយបែបយោធានិយម ហើយបម្រើឱ្យផលប្រយោជន៍ជាចម្បងដល់ពួកឧកញ៉ាដែលជួយលុយ និងក្រុមកាន់អំណាច។ ការបង្ហូរឈាមក្នុងរយៈពេលខ្លី ឬវែង ទ្រង់ទ្រាយតូច ឬធំ អាចនឹងកើតឡើងជាយថាហេតុ។ ប្រទេសវៀតណាមនឹងមានឱកាសកាន់តែធំក្នុងការបង្កើនឥទ្ធិពលមកលើនយោបាយកម្ពុជា។ ដោយសារនៅមានឥទ្ធិពលខ្លាំងលើកម្ពុជា ប្រទេសវៀតណាមនឹងមិនអាចទទួលយកបាននូលការផ្លាស់ប្តូរនយោបាយណាមួយនៅកម្ពុជាដែលយកវៀតណាមជាសត្រូវ និងជាពិសេសដែលគំរាមកំហែងដល់សុខសុវត្តិភាពប្រជាជនវៀតណាមដែលកំពុងរស់នៅស្រុកខ្មែរ។ មានលទ្ធភាពតិចតួចដែរ ដែលអំណាចអាចធ្លាក់ក្នុងដៃលោក សម រង្ស៊ី ហើយក៏មានហានិភ័យខ្ពស់នៃការកកើតមហន្តរាយកម្រិតជាតិជាថ្មី ដែលជាផលវិបាកនៃនយោបាយគុំគួនសងសឹក រើសអើងជាតិសាសន៍ និងប្រជានិយមដែលគាត់ធ្លាប់សន្យាជាញឹកញាប់ជាមួយអ្នកគាំទ្រគាត់។

ជាលទ្ធផលនៃការផ្លាស់ប្តូរដោយហិង្សា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែលំបាកនិងដើរថយក្រោយថែមទៀត។ បើផ្លូវនេះមិនល្អសម្រាប់កម្ពុជា តើមានផ្លូវផ្សេងទេ?

2.          ទៅសន្សឹមៗ

សុភាសិតខ្មែរធ្លាប់ពោលថា “សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”។

ចាប់ពីចុងឆ្នាំ២០១៤ ដោយឈ្វេងយល់អំពីការមិនអាចទៅរួចនៃជម្រើស “ដូរសិន” និងគ្រោះថ្នាក់នៃការផ្លាស់ប្តូរដោយហិង្សា ក្រុមបញ្ញវន្តនិងថ្នាក់ដឹកនាំមូលដ្ឋាន មានដូចជាលោក​ បណ្ឌិត កែម ឡី លោកបណ្ឌិត យ៉ង សាំង កុមារ លោក យ៉េង វីរៈ លោក បណ្ឌិត សាម អ៊ីន ជាដើម បានសម្រេចចូលរួមក្នុងកិច្ចការនយោបាយដើម្បីជួយរុញដំណើរវិវត្តនយោបាយកម្ពុជាទៅរកការផ្លាស់ប្តូរជាមួយជម្រើស ”ទៅសន្សឹមៗ”។ តើអ្វីជាជម្រើស ”ទៅសន្សឹមៗ”?

សង្គមកម្ពុជាជាសង្គមមួយដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរពីសង្រ្គាមស៊ីវិលនិងរបបសាហាវព្រៃផ្សៃខ្មែរក្រហមក្នុងកំឡុងឆ្នាំ១៩៧០ និង១៩៨០។ ជាផលវិបាក មានខ្មែរជាច្រើនក្រុមធ្លាប់បានប្រយុទ្ធគ្នាដោយអាវុធ ដើម្បីដណ្តើមអំណាចនៅកម្ពុជា ហើយក៏មានការលូកដៃយ៉ាងជ្រៅពីបរទេសផងក្នុងនយោបាយកម្ពុជា។ ដោយមានការអាណិតអាសូរដល់ប្រជាពលរដ្ឋខ្មែរ សហគមន៍អន្តរជាតិបានជួយរៀបចំកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដើម្បីឱ្យអ្នកនយោបាយខ្មែរផ្លាស់ប្តូរពីការប្រយុទ្ធគ្នាដោយអាវុធ មកប្រយុទ្ធគ្នាតាមការបោះឆ្នោត។ កិច្ចព្រមព្រៀងក្រុងប៉ារីសក៏មានបំណងចង់ទប់ស្កាត់ ឬយ៉ាងហោចណាស់ចង់កាត់បន្ថយការលូកដៃជ្រៀតជ្រែកពីបរទេសមកលើនយោបាយកម្ពុជា។ រដ្ឋធម្មនុញ្ញដែលប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សក៍ចាប់កំណើតឡើងពីឆ្នាំ១៩៩៣ មក។

ក៏ប៉ុន្តែ ការផ្លាស់ប្តូរសង្គមមួយពីរបៀបគ្រប់គ្រងបែបផ្តាច់ការមកប្រជាធិបតេយ្យ វាខុសពីការផ្លាស់ប្តូរសំលៀកបំពាក់ ដែលងាយស្រួលនិងរហ័ស។ ការផ្លាស់ប្តូររបៀបគ្រប់គ្រងសង្គមវាទាក់ទងនឹងការផ្លាស់ប្តូរទម្លាប់របស់អ្នកដឹកនាំនយោបាយ និងការយល់ដឹងរបស់ប្រជាពលរដ្ឋទូទៅ ដែលត្រូវការពេលវែងជាងឆ្ងាយណាស់ បើប្រៀបនឹងការផ្លាស់ប្តូរខោអាវ។ ក្រៅពីត្រូវការពេលវែង ការផ្លាស់ប្តូរ​សង្គមក៏ប្រឈមនឹងហានិភ័យផ្សេងៗ ដូចជាភាពចលាចល ការបង្ហូរឈាម និងការដើរថយក្រោយ ដូចដែលសង្គមកម្ពុជាធ្លាប់ហែលឆ្លងរួចមកហើយ នូវសង្រ្គាមបង្ហូរឈាមនិងការកាប់សម្លាប់គ្នានៅកំឡុងឆ្នាំ១៩៧០ និងសង្គ្រាមស៊ីវិលក្នុងកំឡុងឆ្នាំ១៩៨០។

ការផ្លាស់ប្តូរសង្គមតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដោយ “ទៅសន្សឹមៗ” តម្រូវឱ្យអ្នកនយោបាយមកពីគណបក្សផ្សេងគ្នា ចេះរៀនជជែកដេញដោលគ្នា(ឈ្លោះគ្នា)ក្នុងរដ្ឋសភា ហើយប្រជាពលរដ្ឋជាម្ខាស់ឆ្នោត ម្ខាស់អំណាច មានការយល់ដឹង ចេះតាមដាន និងចូលរួម។ ដោយសារមានទម្លាប់ប្រយុទ្ធគ្នាដោយអាវុធនិងការដឹកនាំបែបផ្តាច់ការ គូបដិបក្សរវាងគណបក្សផ្សេងគ្នាតែងមិនទុកចិត្តគ្នា ពីព្រោះធ្លាប់ឃើញនិងជួបផ្ទាល់អំពីការសងសឹកគ្នាពេលក្រុមម្ខាងអស់អំណាចទៅ។ ការ មិនទុកចិត្តគ្នា នេះជាកត្តារាំងស្ទះធំណាស់សម្រាប់ការផ្លាស់ប្តូរអំណាចតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ ចំណែកពលរដ្ឋដែលពុំទាន់មានទម្លាប់ជាមួយគោលការណ៍ប្រជាធិបតេយ្យ ក៏មិនទាន់ចេះអត់ឱនគ្នាចំពោះមតិគំនិតផ្សេងគ្នាទេដែរ។ ការមិនទាន់យល់ដឹងនេះ គួបផ្សំនិងការអប់រំខុសពីអ្នកដឹកនាំនយោបាយមួយចំនួនផង បានរុញឱ្យមានវប្បធម៌ជេរប្រមាថ ចោទប្រកាន់ និងលាបពណ៌គ្នាទៅវិញទៅមក នៅពេលមានការយល់ឃើញ ឬមានមតិផ្សេងគ្នាចំពោះបញ្ហាអ្វីមួយ ដែលរឿងនេះកាន់តែធ្វើឱ្យអ្នកដឹកនាំនយោបាយកំពុងកាន់អំណាចកាន់តែមិនទុកចិត្តនិងភ័យខ្លាចចំពោះការផ្លាស់ប្តូរអំណាចពីក្រុមមួយទៅក្រុមមួយទៀត។

ការផ្លាស់ប្តូរបែប “ទៅសន្សឹមៗ” ត្រូវការឱ្យមានគណបក្សនយោបាយយ៉ាងហោចណាស់២ យកល្អចាប់ពី៣ ទៅ៥ មានតំណាងក្នុងរដ្ឋសភា (ដូចមានគំរូនៅប្រទេសអាល្លឺម៉ង់ ឬអង់គ្លេស) ហើយចេះជជែកដេញដោលគ្នាតាមបែបប្រជាធិបតេយ្យអំពីគោលនយោបាយដឹកនាំជាតិ។ ការចេះធ្វើការជាមួយគ្នាក្នុងរដ្ឋសភារវាងអ្នកនយោបាយមកពីគណបក្សផ្សេងៗ បន្តិចម្តងៗ ក្នុងរយៈពេលវែងមួយនឹងបង្កើតការស្គាល់ចិត្តគ្នានិងមានទំនុកចិត្តលើគ្នាទៅវិញទៅមក ដែលជាកត្តាសំខាន់ចាំបាច់សម្រាប់ការផ្លាស់ប្តូរដោយសន្តិវិធី តាមគោលការណ៍ប្រជាធិបតេយ្យ។ ប្រព័ន្ធសារព័ត៌មាននិងអ្នកដឹកនាំក្នុងវិស័យផ្សេងៗត្រូវចូលរួមអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងអំពីរបៀបឈ្លោះគ្នាតាមការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីឱ្យប្រជាពលរដ្ឋដែលគាំទ្រទស្សននយោបាយផ្សេងគ្នា មានមតិផ្សេងគ្នា ចេះយោគយល់និងអត់ឱនឱ្យគ្នា ហើយចេះគោរពនិងឱ្យតម្លៃលើភាពខុសគ្នានៃគំនិត។

ពិតហើយ ដំណើរការនេះត្រូវការរយៈពេលវែង ត្រូវការភាពអត់ធ្មត់ច្រើន។ នៅពេលអ្នកដឹកនាំនយោបាយមានទំនុកចិត្តលើគ្នា នៅពេលប្រជាពលរដ្ឋយល់ដឹងនិងចេះយោគយល់ចំពោះមតិផ្សេងគ្នា ពេលនោះការផ្លាស់ប្តូរអំណាចដោយសន្តិភាពតាមគោលការណ៍ប្រជាធិបតេយ្យនឹងកើតឡើងនៅកម្ពុជា ហើយគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យបានចាក់ឫសរួចខ្លះហើយ ដែលជាកត្តាងាយស្រួលសម្រាប់ការផ្លាស់ប្តូរអំណាចក្រោយៗទៀតតាមបែបប្រជាធិបតេយ្យ។

អ្នកអាចនឹងសួរថា តើត្រូវការពេលប៉ុន្មាន?

អាស្រ័យលើភាពចាស់ទុំរបស់អ្នកនយោបាយខ្មែរ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរដោយ “ទៅសន្សឹមៗ” នេះអាចត្រូវការពេលពី​២០ ទៅ ៣០ឆ្នាំ ឬច្រើនជាងនេះ។ នេះជាការផ្លាស់ប្តូរមួយដែលអាចទៅរួច ពីព្រោះតួអង្គសំខាន់ៗនៃនយោបាយកម្ពុជា​ រួមទាំងប្រទេសជិតខាងផង អាចទទួលយកបាន ពីព្រោះពុំបង្កការភ័យខ្លាចដល់សុខសុវត្ថិភាពដល់អ្នកពាក់ព័ន្ធទាំងឡាយ ផ្តល់អត្តប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ហើយសហគមន៍អន្តរជាតិសាទរ។

“សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”។

រៀបរៀងដោយ សាម​ អ៊ីន  — ខែវិច្ឆិកា ឆ្នាំ២០១៩


 

អត្ថបទទាក់ទង៖

១. រងើកភ្លើងបដិវត្តន៍នៅកម្ពុជា

២. ជ្រោងទង់ប្រជាធិបតេយ្យសេរីពហុបក្ស

Leave A Reply

Your email address will not be published.